ខេត្តកណ្តាលៈ ទោះបី​ជា​កុមារ​តូចៗ​ក៏​អាច​រៀន​ធ្វើ​ជាមួយ​ជីដូន​ជីតា ឬ​ឪពុកម្តាយ​ពួកគេ​បាន​ដែរ​សម្រាប់​ការងារ​ឆ្លៀតពេល​ទំនេរ​សល់​ក្រៅពី​ការងារ​ស្នូល​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​គឺ​របរ​ត្បាញ​អង្រឹង​ស្លឹក​ជ្រែ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​កំពង់​កុង ខណៈ​នេះ​ជា​របរ​បន្ទាប់បន្សំ​ងាយស្រួល​រកប្រាក់​បន្ថែម​បាន​។

សហគមន៍​កំពង់កុង​ដែល​មាន​ច្រើន​ភូមិ​គឺជា​ចំណុះ​នោះ មាន​​ទីតាំង​នៅ​ឃុំ​កំពង់កុង ស្រុក​កោះធំ ខេត្ត​កណ្តាល ឬ​មាន​ចម្ងាយ​ជាង ១០ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​នៃ​ស្រុក​កោះធំ ខណៈ​បច្ចុប្បន្ន​នេះ​របរ​បន្ទាប់បន្សំ​ត្បាញ​អង្រឹង ឬ​កន្ទេល ស្លឹក​ជ្រែ​មួយ​នេះ​ហាក់​ដូច​នៅ​សល់​តិច​ជាង​មុន​ណាស់ ដោយសារ​តែ​មិន​សូវ​ជា​សម្បូរ​ទីផ្សារ​លក់ដូរ​នោះឯង​។

លោក វ៉ាត រត្ន វ័យ ២៤ ឆ្នាំ​ដែល​ជា​តំណាង​របស់​សហគមន៍​កំពង់កុង​ក៏​កំពុង​ស្វះស្វែង​រក​ទីផ្សារ​សម្រាប់​លក់​អង្រឹង​ស្លឹកជ្រែ​ផង​ដែរ​ក្រោយពី​បាន​សង្កេត​ឃើញ​ថា ការប្រកបរបរ​នេះ​កំពុងតែ​មាន​ការ​ថយចុះ​ចំនួន​ពលរដ្ឋ​នៅក្នុង​សហគមន៍​នោះ​។

ស្លឹកជ្រែ​ (​និយម​យក​ស្លឹក​កំពូល​) ពុះ​ជ្រៀក​យក​ទៅ​ហាល​ឲ្យ​ស្ងួត មុន​យក​ទៅ​ត្បាញ​អង្រឹង​។ រូបថត សហការី

លោក​បាន​បង្ហើប​ថា​៖ «​សព្វ​ថ្ងៃនេះ​យើង​កំពុងតែ​ស្រាវជ្រាវ និង​ចងក្រង​ពី​រុក្ខជាតិ​ជ្រែ​ផង និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍​កំពង់កុង​ឲ្យ​បន្ត​ប្រកប​របរ​ត្បាញ​អង្រឹង ឬ​កន្ទេល​ស្លឹក​ជ្រែ​នេះ​ផង​ដែរ ខណៈ​ពួក​ខ្ញុំ​ក៏​ខិតខំ​រក​ទីផ្សារ​លក់​ផលិតផល​របស់​ពួកគាត់​។ ម្យ៉ាងទៀត​របរ​នេះ​ក៏​ជា​មរតក​វប្បធម៌​បន្ត​ពី​ដូនតា​ពួកគាត់​ផង​ដែរ គឺ​រឹតតែ​មិន​គួរ​ឲ្យ​បាត់បង់​នៅ​ជំនាន់​ក្រោយ​»​។

បើ​តាម​ការរៀបរាប់​ពី​តំណាង​សហគមន៍​កំពង់កុង​ថា​សព្វថ្ងៃ​រុក្ខជាតិ​ជ្រែ​សម្បូរ​ណាស់​នៅក្នុង​តំបន់​សហគមន៍​កំពង់កុង​គឺ​មាន​ចំនួន​ប្រមាណ​រាប់ម៉ឺន​ដើម ខណៈ​រុក្ខជាតិ​នេះ​វា​ក៏​មាន​ភាព​ងាយស្រួល​នៅក្នុង​ការដាំដុះ​ផង​ដែរ ព្រោះ​ជា​រុក្ខជាតិ​ដែល​ធន់​នឹង​អាកាសធាតុ​គ្រប់​រដូវកាល​។

លោក វ៉ាត រត្ន ជា​តំណាង​សហគមន៍​កំពង់កុង និង​មាន​ក្រុម​ការងារ​ម្នាក់​ទៀត​ឈ្មោះ​លោក ថន ស៊ុយគ្រី ដែល​មាន​ភារកិច្ច​មួយ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​អំពី​របរ​សិប្បកម្ម​នានា​នៅ​ក្នុង​តំបន់​សហគមន៍​កំពង់កុង​នោះ​ក៏​បាន​បន្ត​ឲ្យ​ដឹងថា​៖ «​សម្រាប់​ឪពុកម្តាយ​ខ្ញុំ​ក៏​មាន​ចម្ការ​ដាំ​ដើម​ជ្រែ​នេះ​ដែរ​គឺ​មាន​ចំនួន​ប្រមាណ​ជិត ៣០០ ដើម​នៅ​កោះធំ​។ ខណៈ​ចំនួន​ដើម​ជ្រែ​ទាំងអស់​នៅក្នុង​សហគមន៍​កំពង់កុង​ប្រហែល​ជា​មាន​រាប់ម៉ឺន​ឯណោះ​។ ដោយសារ​តែ​បងប្អូន​ពលរដ្ឋ​យើង​ក៏​លោក​នៅ​តែ​បន្ត​ដាំ និង​ថែរក្សា​វា ដើម្បី​ទុក​ធ្វើ​ជា​វត្ថុធាតុ​ដើម​នៃ​ការផលិត​ជា​សម្ភារ​ប្រើប្រាស់​ជាច្រើន​ទៀតផង​ដែរ គឺ​មិនមែន​សម្រាប់​តែ​យក​មក​ត្បាញ​ជា​អង្រឹង ឬ​ជា​កន្ទេល​នោះ​ឡើយ​។ សម្រាប់​អង្រឹង​ស្លឹក​ជ្រែ​វិញ ១ អាច​លក់​ក្នុង​តម្លៃ ៤ ម៉ឺន​រៀល ឬ ៥ ម៉ឺន​រៀល ខណៈ​ការធ្វើ​វា​ក៏​ត្រូវ​ប្រើពេល​វេលា​យូរ​គួរសម​គឺ​អាច ២-៣ ថ្ងៃ​ឯណោះ បើ​ទោះបី​ជា​ការងារ​នេះ​មិន​តម្រូវ​ឲ្យ​ធ្វើ​ជាប់លាប់​ក្តី​។ ជាទូទៅ​អង្រឹង​ស្លឹក​ជ្រែ​មាន​ប្រវែង​ប្រមាណ ២ ឬ ២,៥ ម៉ែត្រ​ដែល​គេ​អាច​យក​ទៅ​ចង​គេង​លេង​បាន​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​»​។

អង្រឹង​ស្លឹកជ្រែ​ដែល​គេ​បាន​ប្រើ​ស្លឹក​ជ្រែ​ស្ងួត​ក្រង ឬ​ត្បាញ​ជា​អង្រឹង​ចង​គេង​។ រូបថត សហការី

គួរបញ្ជាក់​ផង​ដែរ​ថា ជ្រែ​គឺជា​រុក្ខជាតិ​ព្រៃ​ដែល​មាន​ដុះ​នៅ​តាម​តំបន់​ត្រូពិច វា​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅថា «Sago palm» និង​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា «Metroxylon Sagu»​។ រុក្ខជាតិ​ជ្រែ​មាន​ពូជ​ទីទៃ​ពី​គ្នា ខណៈ​ពូជជ្រែ​នៅ​ស្រុក​ខ្មែរ ទាល់តែ​មាន​អាយុ ២០ ទៅ ៣០ ឆ្នាំ​ទើប​វា​ឡើង​ម្សៅ​ពេញ​ដើម​។

លោក វ៉ាត រត្ន ក៏​បាន​ឲ្យ​ដឹង​ត្រួសៗ​ដែរ​ពី​អត្ថប្រយោជន៍​នៃ​រុក្ខជាតិ​ជ្រែ​នេះ​ថា​៖ «​ម្សៅជ្រែ​គេ​ក៏​យក​ទៅ​ធ្វើ​ម្សៅ​នំ​ទៀត​ផង​ដោយ​ម្សៅជ្រែ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដែល​អាច​ចិញ្ចឹម​មនុស្ស​បាន​។ រីឯ​ដើម​ជ្រែ​នៅ​ស្រុក​ខ្មែរ​យើង​រូបរាង​ស្រដៀង​ដើមត្នោត ឬ​ដើម​ដូង​ដែរ សង្កេត​ឃើញ​ថា​ពលរដ្ឋ​ខ្មែរ​ច្រើន​យក​ទៅ​ច្នៃ​ធ្វើ​ជា​ខ្នៀរ​ឧបករណ៍​សម្រាប់​កើប​លាមក​គោ ក្របី ហើយ​ស្លឹក​យក​មក​ក្រង ឬ​ត្បាញ​ជា​កន្ទេល និង​អង្រឹង​ជាដើម​»​។

ប្រសិន​បើ​លោកអ្នក​ចង់​បាន​អង្រឹង​ស្លឹក​ជ្រែ​ដែល​ជា​ផលិតផល​សិប្បកម្ម​របស់​សហគមន៍​កំពង់កុង​អាច​ទំនាក់ទំនង​ជាមួយ​លេខ​ទូរសព្ទ081 933 722 / 017 84 00 83 /0976 360 306 ឬ អាច​ចូល​តាម​គេហទំព័រ​មាន​ឈ្មោះ​ថា «​វប្បធម៌​សហគមន៍​កំពង់កុង​»៕

ដើមជ្រែ​ដែល​សម្បូរ​ដុះ​នៅ​ក្នុង​តំបន់​សហគមន៍​កំពង់កុង​។ រូប សហការី