សៀមរាប៖ ចាយ៉ស្នូលអង្ក្រង ប្រហិតត្រាវលាយដឹកដឿ និងបឺហ្គើស្នូលសាច់សត្វល្អិត ជាម្ហូបក្នុងបញ្ជីរាយនាមអាហារ នៅភោជនីយដ្ឋានសត្វល្អិតឯទឹកដីសៀមរាបអង្គរ ដែលច្របាច់បញ្ចូលវប្បធម៌ស្រាក្រឡុក និងគ្រឿងផ្សំពីសត្វល្អិតរស់រវើក។
ស្ថិតនៅវិថីដ៏មមាញឹក ចុងភៅ សឿន សីហា កំពុងស្ថិតក្នុងផ្ទះបាយនៃហាង Bugs Cafe ទាំងដៃមមាញឹកកាន់វែកត្រឡប់ចង្រិត កណ្ដូប អាពីង និងខ្យាដំរីនៅក្នុងខ្ទះក្ដៅ។
ពពួកសត្វល្អិតដែលធ្លាប់តែលក់តាមចិញ្ចើមផ្លូវ និងពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេសថតរូបបង្ហោះតាមអ៊ីនស្តាក្រាមនោះ មិនមែនជាអាហារអ្វីថ្មីប្លែកសម្រាប់ប្រជាជនកម្ពុជាទេ។
ជាទូទៅសត្វល្អិតលក់តាមចិញ្ចើមផ្លូវ ច្រើនតែចម្អិនតែមួយបែប គឺប្រឡាក់គ្រឿង ឬទឹកជ្រលក់ រួចយកទៅចៀន ឬបំពង សម្រាប់ក្លែមជាមួយស្រាបៀរត្រជាក់ៗ។
ដោយឡែកនៅផ្ទះបាយ Bugs Cafe ចុងភៅ សីហា បានលើកពីវិធីចម្អិនប្លែកពីនេះថា៖ «យើងមានមុខម្ហូបដ៏សម្បូរបែប ដូចជាបឺហ្គើសត្វល្អិត មានស្នូលសាច់ចម្រុះលាយពីអង្ក្រង ដឹកដឿ និងចង្រិត ដោយបន្ថែមឈីស និងត្រសក់ជ្រក់»។
នាល្ងាចថ្មីៗកន្លងទៅនេះ សហស្ថាបនិកភោជនីយដ្ឋានលោក ដាវី ប្លូហ្សាត ជាជនជាតិបារាំង បានផ្ដល់ការសំណេះសំណាល និងពន្យល់ដល់ភ្ញៀវដែលកំពុងងឿងឆ្ងល់នឹងអាហារចម្អិនពីសត្វល្អិត។
លោកបានប្រាប់ឲ្យដឹងថា៖ «យើងចង់បង្ហាញអ្នកទាំងអស់គ្នាថា យើងអាចច្នៃម្ហូបប្រកបដោយគុណភាពខ្ពស់ ពីសត្វល្អិតទាំងនេះ»។
ក្រៅពីម្ហូបម្ហា នៅមានបង្អែមក្រែមដំឡូងជ្វា ជាមួយកូនឃ្មុំ ដឹកដឿ ចំណិតស្វាយ និងនំឈីសចង្រិតជាដើម។
យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) មនុស្សប្រមាណជា ២ ពាន់លាននាក់ទូទាំងពិភពលោក ជាអ្នកទទួលទានសត្វល្អិត។
ខណៈសត្វល្អិតតម្លៃថោក ជាប្រភពអាហារប្រូតេអ៊ីនក៏ដោយ ម្ហូបចម្អិនពីពពួកសត្វទាំងនេះក៏ជាដំណោះស្រាយនូវកង្វល់ពីកង្វះការផ្គត់ផ្គង់សាច់សត្វចិញ្ចឹម ដោយសារកត្តាជះឥទ្ធិពលដល់បរិស្ថានផងដែរ។
នៅ Bugs Cafe ការកុម្ម៉ង់អាហារមានកំណើន ជាមួយវត្តមានភ្ញៀវជាទេសចរហោះមកពី អង់គ្លេស ប៉ូឡូញ ម៉ាឡេស៊ី។ ទោះបីជាគេរាងញញើតបន្តិច ប៉ុន្តែក្រោយពីទំពារួច ម្នាក់ៗក៏រំលេចស្នាមញញឹម និងសំណើចយ៉ាងរីករាយ។
នៅក្នុងផ្ទះបាយឯណោះវិញ បុគ្គលិកមានពាក់អាវយឺតជាមួយសំណេរថា «I HATE INSECTS» ដោយឆូតចោលអក្សរ H ដែលមានន័យថា ខ្ញុំស្អប់សត្វល្អិត ប្រែទៅជា ខ្ញុំញ៉ាំសត្វល្អិត។
អ្នកទេសចរសម្ពាយ ចូស្វ័រ ប៊ីន និយាយថា លោកប៉ងមកភ្លក្សអាហារដ៏ចម្លែកនៅទីនេះ ក្រោយពីឃើញការផ្សព្វផ្សាយនៅផ្ទះស្នាក់របស់លោក។
ដោយឥតរារែកក្នុងការខាំដឹកដឿ និងសត្វល្អិតដទៃទៀតនៅលើចានម្ហូបរបស់លោក ជនជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះបានបន្លឺថា៖ «ម្ហូបអ៊ីចឹង រកញ៉ាំមិនបានទេនៅស្រុកខ្ញុំ»៕ AFP