ភ្នំពេញ៖ ធ្លាប់ជាអ្នកហាត់យោគៈ ៣ ថ្ងៃជារៀងរាល់សប្ដាហ៍ អ្នកនាង តាំងម៉េង បានស្វែងរកទិញកម្រាលហាត់ប្រាណរំពឹងថា អាចបន្តអនុវត្តលំហាត់ប្រាណនេះនៅផ្ទះ ក្រោយពីឮដំណឹងថា កន្លែងអង្គការដែលអ្នកនាងធ្លាប់ទៅហាត់ បានប្រកាសពីវគ្គបង្រៀនអនឡាញ។
អ្នកហាត់យោគៈ ជាបុគ្គលិកក្រុមហ៊ុនឯកជនវ័យ ៣០ ប្លាយរូបនេះ បាននិយាយថា៖ «ខ្ញុំតែងទៅហាត់ជាប់រហូត ៣ ថ្ងៃ ក្នុង ១ អាទិត្យ គឺថ្ងៃចន្ទ អង្គារ និងសុក្រ។ តែក្រោយមកក៏ផ្អាក ព្រោះឮថាក្រសួងយើងគេឲ្យបិទកន្លែងហាត់ប្រាណការពារខ្លាចឆ្លងជំងឺ»។
អ្នកនាងបន្តថា៖ «ខ្ញុំឆ្លៀតទៅទិញឧបករណ៍ហាត់នៅផ្ទះ ហើយក៏ឮគេថា កន្លែងខ្ញុំធ្លាប់ហាត់ហ្នឹងគេមានគ្រូបង្រៀនតាមអនឡាញឲ្យយើងហាត់នៅផ្ទះអ៊ីចឹងទៅ ចាប់អារម្មណ៍ចង់សាកដែរ»។
ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីអនុញ្ញាតឲ្យមនុស្សប្រាស្រ័យទាក់ទងគ្នា ហើយដើម្បីកាត់បន្ថយភាពស្មុគស្មាញដល់អ្នកកំពុងនៅផ្ទះ Krama Yoga ដែលជាកន្លែងអ្នកនាង តាំងម៉េង ធ្លាប់ទៅហាត់ជាប្រចាំនោះ បានបង្កើតវគ្គហាត់យោគៈថ្មីតាមអនឡាញពីខែមេសា នេះ ដែលផ្តល់ភាពងាយស្រួលដល់អ្នកហាត់អាចអនុវត្តនៅផ្ទះរៀងៗខ្លួន។
លោក លន់ ពិសិដ្ឋ ជានាយកគ្រប់គ្រង និងអ្នកជំនាញយោគៈនៅក្រមាយោគៈ Krama បានឲ្យដឹងថា៖ «នេះជាលើកទីមួយហើយដែលយើងបើកបង្រៀនវគ្គអនឡាញ បន្ទាប់ពីបើកដំណើរការការបង្ហាត់ចាប់តាំងពីឆ្នាំ ២០០៤ មក។ គោលដៅនៃការបើកវគ្គពិសេសនេះ គឺដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ ១៩ និងជួយឲ្យប្រជាជនយើងមានស្មារតីរឹងមាំ និងមានសុខភាពបរិបូរណ៍»។
ស្របពេលប្រជាជនគ្រប់រូបមានក្តីកង្វល់អំពីសុខភាពដោយសារនៅផ្ទះយូរមិនបានធ្វើចលនា ឆ្លើយតបទៅនឹងតម្រូវការនេះ អ្នកជំនាញផ្នែកយោគៈ ដែលមានបទពិសោធយូរឆ្នាំរូបនេះបញ្ជាក់ថា ការបង្រៀនយោគៈតាមអនឡាញនឹងធ្វើឡើងពីសំណាក់គ្រូជនជាតិខ្មែរ និងជនជាតិជប៉ុន អង់គ្លេស និងអាមេរិក។
លោកបន្ថែមថា៖ «ការបាត់បង់សេរីភាពចេញទៅខាងក្រៅធ្វើសកម្មភាពផ្សេងៗ ហើយបង្ខំចិត្តសំងំនៅក្នុងផ្ទះ នឹងធ្វើឲ្យរាងកាយចាប់ផ្តើមអសកម្ម សុខភាពចាប់ផ្តើមចុះខ្សោយ រីឯស្មារតីមិននឹងធឹង ការប្រែប្រួលល្បឿននៃចិត្តលឿនទៅតាមអ្វីដែលកើតឡើងជុំវិញខ្លួន ធ្វើឲ្យចិត្តឆាប់វង្វេង តក់ស្លុត គិតតែឆាប់ភ័យជាមួយព័ត៌មានដែលខ្លួនកំពុងទទួលបាន»។
អ្នកជំនាញរូបនេះមានបំណងឲ្យមនុស្សម្នាចេះសម្រួលចិត្ត កាត់បន្ថយភាពភ័យខ្លាចតាមរយៈការហាត់យោគៈដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយពង្រឹងស្មារតី ចិត្ត និងកាយ។
លោកលើកឡើងទៀតថា៖ «មនុស្សភាគច្រើនជ្រើសរើសយកការហាត់នេះ ដើម្បីជម្រះរឿងស្មុគស្មាញក្នុងចិត្ត ពង្រឹងកម្លាំងចិត្ត ចិត្តស្ងប់ មានស្មារតីខ្ពស់ក្នុងការរស់នៅ បន្ថយអារម្មណ៍ស្មុគស្មាញ ជាពិសេសជួយទាញខួរក្បាលឲ្យគិតរឿងវិជ្ជមាន និងមានដំណោះស្រាយលើបញ្ហានានាបានច្រើនលើសពីនោះវាជួយឲ្យរាងកាយរបស់គេរឹងមាំរាងកាយមិនស្ពឹកស្រពន់ជាដើម»។
អ្នកជំនាញរូបនេះបានចាត់ទុកលំហាត់ប្រាណយោគៈ បីដូចជាចំណីអាហាររាងកាយ ព្រោះវានឹងចម្រើនប្រព័ន្ធសព៌ាង្គកាយ ឲ្យសកម្មជួយផ្តល់ទឹករងៃគ្រប់គ្រាន់ទៅដល់សន្លាក់ឆ្អឹង ជួយគ្រប់គ្រងស្រ្តេស នឹងធ្វើឲ្យអ្នកហាត់បែរមកមានគំនិតសុទិដ្ឋិនិយមវិញ។
លោកបានលើកឡើងទៀតថា៖ «ជាទូទៅ គឺយើងបង្ហាត់ទៅតាមតម្រូវការរបស់អ្នកហាត់ ដូចជាអ្នកខ្លះហាត់យោគៈ ដើម្បីមានរាងកាយល្អ អ្នកខ្លះហាត់ដើម្បី កាត់បន្ថយស្ត្រេស ដោយឡែកខណៈពេលមនុស្សគ្រប់គ្នាកំពុងព្រួយបារម្ភអំពីស្ថានការណ៍នាពេលបច្ចុប្បន្នយើងនឹងផ្តល់វិធីហាត់ដែលធ្វើឲ្យគេ គិតសុទិដ្ឋិនិយមជាងមុន អារម្មណ៍ភ្លឺថ្លា រាងកាយប្រែជាសកម្មធ្វើសមាធិគ្រប់គ្រងចិត្តវង្វេង ចិត្តអណ្តែតផ្តេសផ្តាស ឲ្យស្ងប់ស្ងាត់ ផ្តោតមកធ្វើការងារឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលជាងមុន»។
អ្នកហាត់នឹងត្រូវបំពេញព័ត៌មានមួយចំនួន ដើម្បីលោកងាយស្រួលក្នុងការសម្របសម្រួល និងបង្កើតគន្លឹះនៃការបង្ហាត់ទៅតាមកម្រិតថ្នាក់ខុសៗគ្នា។
លោកបន្ថែមថា៖ «មនុស្សគ្រប់វ័យ គ្រប់ភេទ មិនថាកុមារ និងស្រ្តីមានផ្ទៃពោះ សុទ្ធតែអាចមកហាត់យោគៈបាន។ ក្នុងនោះយើងមានបង្ហាត់កុមារចាប់ពី អាយុ ៩ ឆ្នាំ ដល់ ១៣ ឆ្នាំ ឲ្យរៀនធ្វើចលនា។ សម្រាប់ស្ត្រីមានផ្ទៃពោះចាប់ពី ៣ ខែ ទៅ ៨ ខែកន្លះ អាចហាត់យោគៈបានយើងនឹងរកវិធីហាត់ដើម្បីឲ្យគាត់ងាយស្រួលបត់បែន ពង្រឹងកម្លាំងកាយ និងដើម្បីចេះគ្រប់គ្រងអារម្មណ៍»។
ដើម្បីចូលរួមវគ្គហាត់យោគៈ សម្រាប់វគ្គពិសេសតាមអនឡាញនេះជំហានដំបូងអ្នកត្រូវជ្រើសរើសវគ្គ ដែលអ្នកចង់រៀនតាមរយៈគេហទំព័រនេះ yogacambodia@gmail.com បំពេញព័ត៌មានបន្ទាប់មករៀងរាល់ ៥ នាទី មុនការចាប់ផ្តើមហាត់ ក្រុមការងារក្រមា (Krama) នឹងផ្ញើ Link ត្រលប់ទៅអ្នកវិញ អ្នកអាចចូលទៅអនុវត្តតាម Link ដែលផ្ញើនោះ។
គួរបញ្ជាក់ផងដែរ សម្រាប់វគ្គអនឡាញនេះ អ្នកហាត់ត្រូវការមានអ៊ីនធឺណិតល្បឿនលឿនរៀបចំកន្លែងបញ្ចាំងជាមួយអេក្រង់ធំ និងឧបករណ៍បំពងសំឡេងឮខ្លាំង ដើម្បីងាយស្រួលស្តាប់គ្រូពន្យល់ណែនាំក្នុងអំឡុងពេលហាត់។
វគ្គហាត់យោគៈអនឡាញនេះ បង្រៀនជាភាសាអង់គ្លេស និងរៀបចំឡើងដោយបែងចែកជា ៣ ផ្នែក គឺថ្នាក់ទូទៅសម្រាប់មនុស្សពេញវ័យ ថ្នាក់សម្រាប់កុមារ និងថ្នាក់សម្រាប់អ្នកមានផ្ទៃពោះ។
តម្លៃហាត់ក្នុង ១ វគ្គ ២០ ០០០ រៀល ឬ ៥ ដុល្លារចំពោះការបង់ថ្លៃត្រូវធ្វើឡើងមុនវគ្គចាប់ផ្តើមតាមរយៈការបញ្ជូនតាមធនាគារ ABA សម្រាប់អ្នកហាត់ កំពុងរស់នៅក្នុងប្រទេស កម្ពុជា និងតាម Paypal ចំពោះអ្នកហាត់ដែលកំពុងស្នាក់នៅបរទេស។ ផងដែរនោះ ក្រមា កំពុងរៀបចំវគ្គជាភាសាខ្មែរ ដែលអាចបង់ជាខែក្នុងតម្លៃ ៨០ ០០០ រៀល ឬ ២០ ដុល្លារ ក្នុង ១ ខែតែប៉ុណ្ណោះ។
លោក ពិសិដ្ឋ បានណែនាំថា៖ «យើងគួរបង្កើតគម្រោងផែនការប្រចាំថ្ងៃ ដើម្បីដឹងនូវអ្វីដែលត្រូវធ្វើ អ្វីមិនគួរធ្វើដឹងអំពីពេលបង្កើតសកម្មភាព ដឹងអំពីពេលសម្រាក ដើម្បីបំបាត់ភាពធុញថប់។ ខ្ញុំក៏សូមសំណូមពរប្រជាជន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរាតត្បាតមេរោគកូរ៉ូណាកូវីដ ១៩ នេះ បង្កើតទម្លាប់ថ្មីៗ សកម្មភាពថ្មីៗ អំឡុងពេលនៅផ្ទះហើយព្យាយាមគិតវិជ្ជមានឲ្យបានច្រើន»។
វគ្គហាត់យោគៈអនឡាញនេះនឹងចាប់ផ្តើមដំបូង នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ នេះ ហើយអ្នកនាង តាំងម៉េង ដែលធ្លាប់ជាសិស្សនៅទីនោះ ក៏កំពុងតែគិតគូរចង់សាកល្បងហាត់ដែរ។
អ្នកនាងនិយាយថា៖ «ខ្ញុំក៏ពិចារណាដែរ ព្រោះយើងហាត់ខ្លួនឯង អត់ដូចការហាត់មានគ្រូទេ។ ជួនកាលយើងខ្ជិលក៏ឈប់ទៅ ជួនកាលក៏ហាត់អត់ត្រូវតាមក្បួនគេទៅ អ៊ីចឹងគិតថាហាត់មានគ្រូវាល្អជាង»។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ហ្វេសប៊ុកផេចរបស់ Krama Yoga Cambodia: https://www.facebook.com/KramaYogaNGONatarajStudio/ ឬទូរស័ព្ទទៅលេខ ០១២ ២៥០ ៨១៧៕