ភ្នំពេញ: វាបានកើតឡើងតាំងពី ១៥ ឆ្នាំមុនពេលអ្នកស្រី Laurence Vandenborre ធ្វើការជាមួយកុមារីវ័យ ៩ ឆ្នាំម្នាក់ដែលត្រូវបានសង្គ្រោះពីគ្រោះរលកយក្សស៊ូណាមិ វាយប្រហារលើប្រទេសឥណ្ឌូនេស៊ី។
អ្នកព្យាបាលផ្លូវចិត្ដតាមរយៈសិល្បៈបានដឹងថាការជួយកុមារដែលសល់ជីវិតពីគ្រោះស៊ូណាមិ ពុះពារជម្នះបញ្ហាផ្លូវចិត្ដ ពិតជាចំណុចស្នូលក្នុងការធ្វើឲ្យជីវិតពួកគេប្រសើរឡើង។
បង្កើតឡើងក្នុងឆ្នាំ ២០១១ The Red Pencil Humanitarian Mission ជាអង្គការមិនរកប្រាក់ចំណូលដោយបំពេញបេសកកម្មលើការព្យាបាលបញ្ហាផ្លូវចិត្ដតាមរយៈសិល្បៈដល់កុមារ មនុស្សពេញវ័យ និងក្រុមគ្រួសារប្រឈមនឹងបញ្ហាជីវិតដែលពិបាកថ្លាថ្លែងប្រាប់អ្នកដទៃ។
កម្មវិធីនេះបានជួយដល់អ្នកមានវិបត្ដិផ្លូវចិត្ដ និងពុះពារតាមរយៈការបង្កើតស្នាដៃសិល្បៈ (គំនូរ តន្ដ្រី ឬចលនា/ការរាំ) ព្រមទាំងបានជួយពួកគេឲ្យឆាប់ជាសះស្បើយ រឹងប៉ឹង និងបង្កើនភាពស្វាហាប់ឲ្យខ្លួនឯង។
អ្នកដែលជួបវិបត្ដិផ្លូវចិត្ដមានបទពិសោធការគំរាមកំហែងដល់អាយុជីវិត ជំងឺរ៉ាំរ៉ៃ រងរបួស ការបំពានផ្លូវភេទ និងរាងកាយ គ្រោះមហន្ដរាយធម្មជាតិ សង្គ្រាម ឬហិង្សានយោបាយ។
អ្នកស្រី Laurence Vandenborre ដែលបានអនុវត្ដការព្យាបាលតាមរយៈសិល្បៈនៅមន្ទីរពេទ្យរ៉ាហ្វហ្វល ប្រទេសសិង្ហបុរីរយៈពេលប៉ុន្មានឆ្នាំមុនពេលបើកស្ទូឌីយោ «The Art-Therapy Studio» ផ្ទាល់ខ្លួនបាននិយាយថា៖ «អ្នកខ្លះ បញ្ហាផ្លូវចិត្ដអាចបង្កជាវិបត្ដិធ្ងន់ធ្ងរដូចជា ជំងឺបាក់ស្បាត ធ្លាក់ទឹកចិត្ដ ក្រេវក្រោធ ប្រើគ្រឿងស្រវឹង គ្រឿងញៀន ព្រមទាំងប៉ះពាល់ទំនាក់ទំនងជាមួយគ្រួសារ មិត្ដភក្ដិ និងការងារថែមទៀត» ។
អ្នកស្រីបន្ដថា៖ «រោគសញ្ញាទូទៅនៃជំងឺបាក់ស្បាត រួមមានសុបិនអាក្រក់ ឬនឹកឃើញអតីតកាលជូរចត់ អត់ហ៊ានធ្វើកិច្ចការ ឬទៅបៀតទីកន្លែងធ្លាប់កើតឡើង សោកសៅ ភ័យស្លន់ស្លោ ដេកមិនលក់ និងការផ្ចង់អារម្មណ៍ចុះខ្សោយ។ នៅមានជំងឺធ្លាក់ទឹកចិត្ដ អាការធុញទ្រាន់ ការប្រើថ្នាំញៀន និងគ្រឿងស្រវឹង ព្រមទាំងក្រេវក្រោធញឹកញាប់»។
កម្ពុជាស្ថិតក្នុងចំណោមប្រទេស ២៤ ដែលអង្គការ Red Pencil ប្រតិបត្ដិការការងាររបស់ខ្លួនបាននិងកំពុងពុះពារទប់ទល់នឹងជំងឺបាក់ស្បាតដែលពលរដ្ឋខ្មែរវ័យចំណាស់ជាប់ដិតដាមតាំងពីរបបខ្មែរក្រហម។ ការព្យាបាលជំងឺផ្លូវចិត្ដនេះដំណើរការក្នុងឆ្នាំ ២០១៥ ដើម្បីជួយជនរងគ្រោះកសាងក្ដីសង្ឃឹមថ្មីក្នុងឆាកជីវិត ខណៈកម្មវិធីនេះក៏ផ្ដោតចម្បងលើកុមារី និងស្ដ្រីវ័យក្មេងដែលជួបវិបត្ដិផ្លូវចិត្ដ។
ស្ថាបនិកអង្គការដែលបានសរសេរបាវចនាថា «ពេលយើងជួយកុមារម្នាក់ក៏ដូចជាយើងបានសង្គ្រោះមនុស្សពេញវ័យម្នាក់ផងដែរ» បាននិយាយថា៖ «កម្ពុជាជាប្រទេសដ៏ស្រស់ស្អាតជាមួយស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ។ តែកម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃបានពើបប្រទះនូវបញ្ហាប្រេះស្រាំខ្លះៗ។ នោះហើយជាអ្វីដែលយើងចង់ជួយគាំពារ» ។
កម្មវិធីអង្គការនឹងបញ្ជូនអ្នកឯកទេសមកធ្វើការជាមួយកុមារ ស្ដ្រី និងក្រុមគ្រួសារ ព្រមទាំងបង្កើតវគ្គបណ្ដុះបណ្ដាលអ្នកផ្ដល់សេវាកម្មផងដែរ។
អ្នកស្រី Laurence ដែលចាត់ទុកអង្គការ HAGAR International ជាដៃគូដ៏ស័ក្ដិសមបានបន្ដថា៖ «Red Pencil និង HAGAR ផ្ដល់សេវាកម្មព្យាបាលផ្លូវចិត្ដតាមរយៈសិល្បៈដល់ស្ដ្រីវ័យក្មេងដែលត្រូវបានជួយពីការជួញដូរមនុស្ស ។ កុមារដែលមកពីគ្រួសារក្រីក្រគឺជាក្រុមមនុស្សងាយរងគ្រោះដែលត្រូវបានបង្ខំឲ្យធ្វើការ រងអំពើហិង្សាក្នុងគ្រួសារ និងការបង្ខំឲ្យដើរសុំទានជាដើម។ មួយផ្នែក យើងបានបណ្ដុះបណ្ដាលបុគ្គល HAGAR និងអ្នកផ្ដល់សេវាកម្មផងដែរ»។
គួរឲ្យកត់សម្គាល់ថា មនុស្សម្នាក់ៗរមែងជួបបញ្ហាខុសៗគ្នាដែលអាចបណ្ដាលមកពីកត្ដាបរិស្ថានផ្ទាល់ខ្លួនមុនពេលកើតវិបត្ដិផ្លូវចិត្ដ តែក៏ជាសមត្ថភាពបង្ហាញពីភាពរឹងប៉ឹង និងថាមពលខ្លួនឯងផងដែរ ។
អ្នកស្រីលើកឡើងថា៖ «អ្នកដែលកើតបញ្ហាផ្លូវចិត្ដត្រូវការការគាំទ្រ ពេលវេលា និងការស្វែងយល់ ហើយការព្យាបាលត្រឹមត្រូវអាចជួយកែកុនស្ថានការណ៍ធ្ងន់ធ្ងរ។ មនុស្សភាគច្រើននឹងឆាប់ជាសះស្បើយជាមួយការគាំទ្រពីក្រុមគ្រួសារ និងមិត្ដភក្ដិ»។
បេសកកម្មមកកាន់កម្ពុជារបស់អ្នកស្រី Laurence ដើម្បីជួយអ្នកកើតវិបត្ដិផ្លូវចិត្ដឲ្យមានក្ដីសង្ឃឹមថ្មីក្នុងឆាកជីវិត។ Red Pencil បានធ្វើការជាមួយកុមារ និងកុមារីកម្ពុជាពី ៤០ ទៅ ៦០ នាក់ដែលបានរួចផុតពីការប្រមាថយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់ពួកគេ ដូចជា អំពើជួញដូរមនុស្ស ហិង្សា និងការរំលោភបំពានផ្លូវភេទ។
Red Pencil ក៏បានផ្ដល់ការបណ្ដុះបណ្ដាលដល់បុគ្គលិករបស់អង្គការ HAGAR ១៤ នាក់ដែលធ្វើការជាមួយកុមារទាំងនោះរៀងរាល់ថ្ងៃ។ ក្រៅពី HAGAR អង្គការ Red Pencil ក៏បានសហការជាមួយអង្គការជំនួយកាតូលិកសម្រាប់ការអភិវឌ្ឍសង្គម Caritas ផងដែរ។
អ្នកស្រី Laurence បានបញ្ជាក់ថាដោយសារការព្យាបាលផ្លូវចិត្ដតាមរយៈសិល្បៈនៅមិនទាន់មានភាពទូលំទូលាយនៅកម្ពុជា Red Pencil បាននាំយកអ្នកឯកទេសមកពីអាមេរិក និងអូស្ដ្រាលីចំនួន ២ នាក់ដើម្បីជួយកុមារ និងអ្នកផ្ដល់សេវាកម្មរបស់អង្គការ HAGAR ដោយផ្ទាល់។
អ្នកស្រីបានបន្ថែមថា៖ «Red Pencil បំពេញបេសកកម្មមនុស្សធម៌ដែលមិនគិតប្រាក់ចំណូលពីអ្នកទទួលប្រយោជន៍ពីកម្មវិធី តែយើងត្រូវការការគាំទ្រពីម្ចាស់ជំនួយនានាដើម្បីបន្ដបេសកកម្មរបស់យើង»។
សម្រាប់សំណួរផ្សេងៗ លោកអ្នកអាចចូលអានក្នុងវេបសាយតាមរយៈគេហទំព័រ welcome@repencil.org ឬសម្រាប់ព័ត៌មានលម្អិត និងផ្ដល់ការបរិច្ចាគផ្សេងៗសុំចូលទៅកាន់ www.redpencil.org៕
វីដេអូ៖