ភ្នំពេញ៖ ទីបំផុតតារាសម្តែង ដែលចូលចិត្តបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែម ជាភាសាក្មេងសម័យទំនើបហៅគ្នាលេងថា Sis & Bro កញ្ញា ឌី សូនិត្តា និងលោក អាឡិចហ៊្សូរ៉ា ស្រាប់តែបង្ហើបពាក្យពេចន៍សន្យាព្រមគ្នាថា នឹងរៀបរាប់រឿងរ៉ាវទាំងឡាយពាក់ព័ន្ធនឹងចំណងស្នេហ៍លើសពីមិត្តរបស់ពួកគេ កំពុងតែមានបុត្រដំបូងជិតចាប់កំណើតជាចំណងស្នេហ៍នោះ។
បើយោងតាមការរៀបរាប់ក្នុងវីដេអូមួយ ដែលបានសន្យាមុនមួយថ្ងៃថា នឹងរៀបរាប់ដំណើររឿងពីដើមដល់ចប់នោះជាសារថា៖ «នេះគឺជាវីដេអូ ជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថា នឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែ បងប្អូន ទាំងអស់មិនថា ក្នុងស្រុក ឬក្រៅស្រុក យោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ មូលហេតុ និងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយក្នុងវីដេអូនេះ អស់ហើយ សង្ឃឹមថា កាដុង នឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែឱ្យតម្លៃ និងជាតារាម្នាក់ ដែលធ្វើឱ្យបងប្អូនសើចសប្បាយរីករាយរហូតទៅ។ សូមទោស ហើយក៏អរគុណដល់ពុកម៉ែ បងប្អូន ដែលបានអធ្យាស្រ័យ»។
តារាសម្តែងស្រី និងចម្រៀងចូលចិត្តច្រៀងឡើងវិញ បទពីដើមបង្ហោះនៅតាមប៉ុស្តិ៍ Channel ផ្ទាល់ខ្លួន រាងស្រលូនស្អាត កញ្ញា ឌី សូនិត្តា ត្រូវបានមហាជនកោតសរសើរថា ជាអ្នកសិល្បៈគំរូ ជាមួយទឹកចិត្តសប្បុរស ដែលចែករំលែកថវិកាផ្ទាល់ខ្លួនជាង ៣ ពាន់ដុល្លារ បានពីកម្លាំងញើសឈាមសម្តែងកុន ទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលថ្មីៗនេះ សោះស្រាប់តែធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងជាមួយនឹងការលេចឮថា កញ្ញាមានផ្ទៃពោះ ខណៈពេលមិនទាន់ចូលរោងការ ជាមួយនឹងតារាសម្តែងប្រុសជាដៃគូ Bro គឺលោក អាឡិចហ៊្សូរ៉ា នោះ។
ក្រោយពីឃើញវីដេអូបកស្រាយវគ្គ ១ របស់តារាសម្តែង Sis & Bro គឺកញ្ញា ឌី សូនិត្តា និងអាឡិចហ៊្សូរ៉ា រួចមកហាក់មានឃើញមានអ្នកគាំទ្រចូល Comment អបអរសាទរច្រើន ដោយសរសេរថា៖ «ភ្ញាក់ផ្អើលខ្លាំងណាស់បងស្រី តែក៏សប្បាយចិត្តជួសបងស្រី និងបងប្រុសផងដែរ សូមឱ្យបងប្រុសបងស្រី និងកូនមានក្តីសុខណា ជូនពរឱ្យបងមានសំណាងល្អណា។ កូនជាកាដូដ៏អស្ចារ្យ ដែលទេវតាប្រទាន។ អូយ! ខ្ញុំមើលវីដេអូ ហើយញញឹមម្នាក់ឯង គ្រាន់តែឃើញក៏ដឹងថា បងមានសុភមង្គលណាស់បង ក្នុងនាមប្អូនជាអ្នកតាមដាននូវគ្រប់វីដេអូ របស់បងគឺមានតែសប្បាយ រំភើប រីករាយជាមួយ»។
ខ្លះទៀតសរសេរថា៖ «ជូនពរឱ្យមានសុខភាពទាំងម៉ាក់ និងកូនសម្រាល ដោយជោគជ័យ ម៉ាក់ និង បេប៊ី មានសុខភាពរឹងមាំ ស៊ូៗនៅតែតិចទៀតទេ បេប៊ី បានឃើញពិភពលោក ដ៏សែនស្រស់ស្អាតនេះហើយ ជាពិសេស អ្នកម៉ែ នឹងមានចៅប្រឡែងហើយយ៉េ! ស៊ូៗ ប្អូនស្រី កុំគិតអីច្រើន សំខាន់សុខភាពកូន និងម៉ាក់ណា ស្រ្តី ដែលជាម្តាយគឺយល់ចិត្តប្អូនណាស់ គ្មានកំហុសទេណា ស៊ូៗណា កាដុង របស់ខ្ញុំ»៕