ក្រុងអូស្លូ៖ ទឹកសមុទ្រចាប់ផ្ដើមពូនជារលកក្រោមបរិយាកាសក្ដៅហែង ហើយរលកបន្ដបោករលេញជះទឹកលើឈុតហែលទឹក របស់កីឡាករដែលឈរលើក្ដារបន្ទះ។ ឈ្មោះរបស់អ្នកជិះក្ដារនោះ គឺ Anker Olsen Frantzen អាយុទើបតែ ១៨ ឆ្នាំ និងអ្នកស្រុកឆក Unstad ជាទីដែលការប្រកួតជិះក្ដារលើទឹក Lofoten Masters ត្រូវបានរៀបចំឡើង។
លោក Anker ស្ថិតក្នុងចំណោមអ្នកលេងកីឡានេះ ២៩ នាក់ (ស្ដ្រី ៨ និងប្រុស ២១ នាក់) ដែលបានចូលរួមការប្រកួត Masters ឆ្នាំ ២០១៩ ជាការប្រកួតរៀបចំឡើងស្របពេលដែលប៉ូលខាងជើងនៃកម្រិតរយៈទទឹងអេក្វាទ័រ ៦៨,៩ ដឺក្រេ។
ស្ថិតក្នុងជ្រលងប្រជុំកោះឆកនៅន័រវែសនេះ ពិតជាចោលសម្រស់ស្រស់ស្អាត ដែលជាឋានសួគ៌សម្រាប់ហ្វូងបក្សី និងទីឋានស្អាតបែបស្ងប់ស្ងាត់សម្រាប់មនុស្ស។
Moskstraumen ឬទឹកកួច ដែលបង្កើតឡើងនៅតាមប្រជុំកោះ បានទាក់ទាញក្រុមអ្នកនិពន្ធ តាំងពីកវីបុរាណមកម្ល៉េះ។ សំណាងល្អ សម្រាប់ក្រុមអ្នកជិះក្ដារទឹកថ្ងៃនេះ វាមិនមានសញ្ញានៃអព្ភូតហេតុទឹកកួចនៅឆក Unstad ឡើយ។
រដូវក្ដៅបានធ្វើឲ្យតំបន់នោះកើនសីតុណ្ហភាពដល់ ១៧ អង្សាសេ អំឡុងពេលថ្ងៃដោយទឹកសមុទ្រមានកម្រិតសីតុណ្ហភាព ១០ អង្សាសេ។ សម្ពាធខ្លាំងនៅតែធ្វើឲ្យរលកមិនអាចពង្រីកខ្លួនធំគ្រប់គ្រាន់។
ជីតារបស់យុវជន Anker ឈ្មោះ Thor Frantzen គឺជាអធិរាជអ្នកជិះរលកក្នុងតំបន់។ កាលពីឆ្នាំ ១៩៦៣ ការប្រើប្រាស់រូបភាពក្របអាប៊ុមចម្រៀង «Surfin'' Safari» របស់ក្រុមចម្រៀង «The Beach Boys» ដែលចេញលក់កាលពី ១ ឆ្នាំមុននោះ លោក Thor បានផលិតក្ដាររលកដំបូងនៅប្រជុំកោះ Lofoten ដោយប្រើសំឡីកែវ និងក្រដាសកាសែត។
រដូវក្ដៅនៅឆ្នាំ ១៩៦៣ នោះ លោករៀនប្រើប្រាស់ឧបករណ៍ក្ដាររលកប្រភេទនេះ ហើយលោកតែងតែជិះលើវាជានិច្ចកាល។ ប៉ុន្ដែលោកត្រូវផ្ទេរងារនោះឲ្យអ្នកជំនាន់ក្រោយ។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន Ine Haugen ជនជាតិន័រវែស បានដណ្ដើមពានជិះក្ដាររលកផ្នែកនារី ខណៈ Tim Latte មកពីស៊ុយអែត គ្រងតំណែងបុរសឆ្នើម។ រីឯចៅប្រុសអធិរាជក្ដាររលកក៏បានឈ្នះពានក្ដារវែងបំផុតផងដែរ ៕ AFP/HR