ក្រុងម៉ានីល: កោះបណ្ដែតទឹកសេះដុះស្នែង លើទឹកដីហ្វីលីពីន កំពុងអន្ទងចិត្ដភ្ញៀវមកពីជុំវិញពិភពលោក។ ឧទ្យានទឹកយូនីខន សម្រាប់ទេសចរប្រាថ្នាថតរូបសែលហ្វ៊ី ជាគោលបំណងចម្បងរបស់ភ្ញៀវខំស្កាត់ពីឆ្ងាយ។
ស្ថិតនៅលើឆក ស៊ូប៊ិក នៃខេត្ដហ្សាមបាឡេស ប្រទេសហ្វីលីពីន ចម្ងាយប្រមាណ ១៣០ គីឡូម៉ែត្រ ភាគខាងលិចក្រុងម៉ានីល កោះពោងបណ្ដែតទឹក គឺជាកន្លែងកម្សាន្ដលើទឹកធំបំផុតនៅអាស៊ី។ វាបំពាក់នូវរំអិល ស្ពាន ទោង ប៉មផលិតពីពោងខ្យល់។
វាជាគោលដៅទេសចរណ៍ថ្មីសន្លាងដែលទើបកសាងឡើងក្នុងខែមេសា ឆ្នាំ ២០១៧ ដោយចាត់ទុកខ្លួនជា «កន្លែងលេងបណ្ដែតទឹកធំបំផុតនៅអាស៊ី» ដែលគ្របដណ្ដប់លើផ្ទៃទឹក ៣៤០០ ម៉ែត្រការ៉េ ឬស្មើនឹងទីលានបាល់បោះចំនួន ៨ ដាក់តម្រៀបគ្នា។
ពេលនេះ ទោះបីជាកោះលាតសន្ធឹងដល់ទំហំ ៤១០០ ម៉ែត្រការ៉េយ៉ាងណាក៏ដោយ ក៏វាជាការពង្រីកខ្លួនពីរូបសត្វសេះដុះស្នែង ឬយូនីខនយក្សមួយដែរ។ ពោងបណ្ដែតទឹកគឺជាទីលេងហ្គេមដ៏រំជើបរំជួលឆ្លងកាត់ឧបសគ្គនានា។
ទាំងនេះ រួមមាន ទោងរំអិលខ្ពស់បាបា រំអិលជម្រាល ស្ពានឥន្ទធនូ បាលោត និងហោះទាបៗ Climby the Seaunicorn និងដាយណូស័ររលក។ វាស្ថិតនៅភាគឦសានសួនទឹក ដាច់ដោយឡែកពីកោះបណ្ដែតធំ តែងាយស្រួលឲ្យភ្ញៀវហែលទឹកសមុទ្រផងដែរ។
នៅមានបន្ទះបណ្ដែតទឹកជាច្រើន បើអ្នកត្រូវការសម្រាកសម្រាន្ដលេងនៅលើផ្ទៃទឹក។ សម្រាប់អ្នកប្រាថ្នាស្នាក់នៅលើដីគោក នៅមានបារ៍ឆ្នេរពណ៌ផ្កាឈូក និងស្វាយដែលបម្រើភេសជ្ជៈ និងអាហារសម្រន់ផ្សេង។
ភ្ញៀវអាចជ្រើសរើសយកការសម្រាកពេញមួយថ្ងៃលើឆ្នេរជាមួយលទ្ធភាពចូលលេងឧទ្យានទឹកឥតដែនកំណត់ ឬគ្រាន់តែចង់ទៅលេងប៉ុន្មានម៉ោងនាពេលថ្ងៃរសៀល។
ក្នុងទឹកប្រាក់ ៤៩៩ ប៉េសូ ហ្វីលីពីន ឬប្រមាណជិត ១០ ដុល្លារអាមេរិក ភ្ញៀវអាចចូលលេងឆ្នេរ នៅថ្ងៃណាក៏បាន និងមានពេលមួយម៉ោងលេងលើកោះយូនីខនផងដែរ។
ប៉ុន្ដែសម្រាប់ឱកាសលេងពេញ ១ ថ្ងៃ ដែលមានថិរវេលាពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥:៥០ ល្ងាចភ្ញៀវគ្រាន់តែចំណាយជាង ១៦ ដុល្លារអាមេរិកប៉ុណ្ណោះ។ អ្វីដែលអ្នកទេសចរកុំភ្លេចនាំទៅជាមួយគឺទូរស័ព្ទ និងម៉ាស៊ីនថត ដើម្បីផ្តិតយករូបភាពបង្អួតមិត្តភក្ដិតាមបណ្ដាញសង្គម៕HR