ខេត្តពោធិ៍សាត់៖ ថ្មីៗនេះ លោក សូរ សុខាល័យ និងក្រុមមិត្តភ័ក្តិ ដែលនិយមចូលចិត្តដើរព្រៃ និងឡើងភ្នំ បានចេញដំណើរផ្សងព្រេងកម្សាន្តឡើងភ្នំខ្ពស់ៗនៅក្នុងស្រុក ដោយកាលពីចុងសប្តាហ៍កន្លងមក លោកនាំគ្នាទៅឡើងភ្នំសំកុស ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាភ្នំខ្ពស់ជាងគេលំដាប់ទី ២ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីភ្នំឱរ៉ាល់ ស្ថិតនៅខេត្តកំពង់ស្ពឺនោះ។
លោក សូរ សុខាល័យ បុរសវ័យប្រហែល ៤០ ឆ្នាំ ដែលធ្លាប់បង្កើតកំណត់ត្រាផ្ទាល់ខ្លួននឹងការជិះម៉ូតូឆ្លងប្រទេសតំបន់អាស៊ាន ដោយបញ្ចប់កុងទ័រម៉ូតូលេខ ៤ ៤៧៤ គីឡូម៉ែត្រ នៅកម្ពុជា ក្រោយចេញពីកុងទ័រលេខសូន្យ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលឆ្នាំ ២០១៧ នោះ បានបរិយាយពីបទពិសោធនៃការដើរព្រៃ និងឡើងភ្នំខ្ពស់លំដាប់ទី ២ នៅស្រុកខ្មែរនេះ មានស្មាត់ដើរព្រៃ (អ្នកនាំផ្លូវ) ថា៖ «ដំណើរផ្សងព្រេងនៅតាមព្រៃភ្នំក្រំថ្ម ដើម្បីផ្តិតយកទេសភាពបៃតងខ្ចី ឬ ខៀវស្រងាត់ នៅទីវាលព្រៃស្រោង និងកំពូលភ្នំ ពិតជារបៀបនៃការកម្សាន្តអស់លុយតិច និងផ្តល់ប្រយោជន៍ច្រើនដល់រាងកាយ និងសុខភាពផ្លូវចិត្ត ជាពិសេសការបង្កើតកំណត់ត្រាផ្ទាល់ខ្លួន។ ការត្រៀមមធ្យោបាយធ្វើដំណើរ រដូវកាល មានអ្នកនាំផ្លូវ សម្ភារ ម្ហូបអាហារ ទីតាំងបោះជំរំ ជារឿងសំខាន់ ដែលត្រូវគិតគូរជាមុនចាំបាច់ ដើម្បីឲ្យដំណើរលោកអ្នកមានសុវត្ថិភាព និងស្ថិតក្នុងការចងចាំជាអមតៈ។ ភ្នំសំកុសនេះ គឺពុំសូវជាល្បីល្បាញមានមនុស្សធ្លាប់ឡើងច្រើននោះឡើយ ទោះបីមានដាន ឬតម្រុយផ្លូវចាស់ ស្ទើររលុបអស់ងាយវង្វេងផ្លូវ និងសម្បូរសត្វទាកក្ដី។ តែបើធ្លាប់ឡើងភ្នំឱរ៉ាល់ អ្នកនឹងមិនពិបាកឡើងភ្នំនេះឡើយ តែអ្នក និងមេក្រុមអ្នក ក៏ត្រូវត្រៀមបម្រុងឲ្យបានល្អ ដើម្បីធ្វើដំណើរទៅរលូន និងចំណេញពេលវេលា»។
លោកក៏ប្រាប់ពីវេលា ពីម៉ោងចេញដំណើររហូតឡើងទៅដល់កំពូលភ្នំសំកុសដែរថា៖ «ក្រោយពីញ៉ាំអាហារពេលព្រឹក ទាំងព្រលឹមនៅផ្ទះបង ហេង ក្នុងភូមិឈើទាលជ្រំ ហើយនោះ នៅម៉ោង ៦ ព្រឹក ម៉ូតូឌុប ដែលជិះសម្រាប់តែមនុស្សម្នាក់តម្លៃ ១២ ម៉ឺនរៀល មកដឹកពួកយើងចេញជិះកាត់ អូរ ព្រៃ ដីទួល ប្រហែល ១ ម៉ោង ទើបដល់ចំណុចមួយ ដែលម៉ូតូឌុបពុំអាចទៅមុខទៀតបាន។ ចាប់ពីទីម៉ូតូឌុប ទម្លាក់ពួកយើងមកដល់ជំរំ គឺប្រហែលចម្ងាយដី ៥ គីឡូម៉ែត្រ ដោយយើងដើរប្រហែល ២ ឬ ៣ ម៉ោង ដែលជាដំណើររុកព្រៃស្រោង និងព្រៃឫស្សី និងឆ្លងកាត់ផ្លូវច្រាបដំរី គឺកន្លែងដែលហ្វូងដំរី តែងមកលែង និងលិឍជាតិដីប្រៃជាច្រាប (ដីប្រៃ) ចាស់ បន្ទាប់មកយើងត្រូវចាត់ចែងរៀបចំទីកន្លែងស្នាក់ ចងអង្រឹង និងហូបបាយថ្ងៃត្រង់សិន នៅម៉ោង ១២ កន្លះ ទើបឡើងបន្តដល់កំពូលភ្នំសំកុស គឺជាទីសម្បូរព្រៃស្រោង និងទីជម្រកដ៏សុខសាន្តនៃពពួកសត្វទាក ឬឈ្លើងគោក នៅចន្លោះម៉ោង ២ ឬ ម៉ោង ៣ រសៀល មានថ្ម ១ ដុំ និងស្លាកសញ្ញាពីអ្នកឡើងមុនៗ និងជើងធូបខ្លះ ហើយវិលចុះមកទីតាំងបោះជំរំវិញនៅម៉ោង ៧ យប់»។
អ្នកចូលចិត្តដំណើរផ្សងព្រេងរូបនេះ ក៏ប្រាប់ពីការត្រៀមសម្ភារ ឬស្បៀង សម្រាប់ឡើងភ្នំសំកុសថា៖ «អាហារក្រៀមៗជាជម្រើសដ៏ល្អ ខណៈគ្រាប់ធញ្ញជាតិ និងភេសជ្ជៈដូចជា Pocari Sweat ជួយបន្ថែមថាមពលឡើងភ្នំ។ សម្លៀកបំពាក់គួរតែស្រាលៗ មិនជក់ញើស ខោអាវភ្លៀងក៏គួរពិចារណាដែរ។ ស្បែកជើងគុណភាពល្អ និងស្រោមជើងវែងៗ ក្រាស់ៗ ស្រោមដៃ មួក និងឈើច្រត់។ ថ្នាំពេទ្យ និងសម្ភារសង្គ្រោះបឋម គួរត្រៀមជាប្រចាំ កាន់តែពិសេសនោះ គួរមានកូនចបជីកកប់លាមក។ វិធីការពារសត្វទាកប្រើម្សៅ ហ៊ុយចាក់លើខ្លួន ហើយក៏ត្រូវមានកញ្ចប់ម្សៅ Royal D កុំឲ្យខ្សោះជាតិទឹក គឺត្រូវមានជានិច្ច!»៕