ពោធិ៍សាត់: វិថីព័ទ្ធពេនតាមជម្រាលភ្នំ សម្រាប់សម្រួលដល់ចរាចរណ៍ធ្វើដំណើរគ្រប់យានយន្ដ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ស្ទើរតែរួចរាល់ បានប្រែក្លាយជាចំណុចសំចតរបស់អ្នកដំណើរឆ្លងកាត់ ភ្ញៀវទេសចរ និងអ្នកស្រុកទស្សនាខ្សែពណ៌ក្រមៅបត់បែនដូចអន្ទង់អាំង និងគយគន់ទេសភាពសមុទ្រឈើរលករលេញ ក្នុងតំបន់អភិរក្សជួរភ្នំសំកុស។
ទិដ្ឋភាពភ្នំចិនយំ ភ្នំប្រមោយ ជួរភ្នំក្រវាញ និងភ្នំសំកុស ជាភ្នំខ្ពស់បំផុតលំដាប់ទី ២ កម្ពស់ ១៧១៧ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ រំលេចបានជារលកសមុទ្រឈើដ៏ស្រស់ត្រកាល ពេលគយគន់ពីភ្នំ ១០០៥ ជាទីឋានដែលខ្សែចង្វាយជិត ២០០ គីឡូម៉ែត្រប្រឡាយកាត់។
ផ្លូវលេខ ៥៥ ប្រវែង ១៨២ គីឡូម៉ែត្រ ពីចំណុចក្បែរទីបូជនីយដ្ឋានអ្នកតាឃ្លាំងមឿងរហូតដល់ឃុំថ្មដាព្រំប្រទល់ដែនកម្ពុជា-ថៃ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ ២០១៥ និងគ្រោងបញ្ចប់ក្នុងឆ្នាំ ២០១៨ នេះក្នុងគម្រោងទឹកប្រាក់ ១៣៣ លានដុល្លារ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ ខេត្ដពោធិ៍សាត់ បាននិយាយថា៖ «ផ្លូវជាតិ ៥៥ មិនហើយក៏ដូចជាហើយដែរ នៅសេសសល់តិចតួច។ ពលរដ្ឋនាំគ្នាទៅលេងកម្សាន្ដលើខ្នងភ្នំ ១០០៥ ជារៀងរាល់ថ្ងៃ។ ល្ងាចឡើង ពួកគាត់ទៅលេងលើខ្នងភ្នំ ដោយសម្លឹងគយគន់មើលទេសភាពនូវអ្វីដែលគេហៅថា «សមុទ្រឈើ» និង «វិថីអន្ទង់អាំង»។
ភ្នំ ១០០៥ ដោយយកឈ្មោះយោងតាមកម្ពស់ភ្នំ ១០០៥ ម៉ែត្រ ដែលរំលេចនូវដងវិថីព័ទ្ធពេនរាងដូចអន្ទង់អាំង ស្ថិតក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ចម្ងាយប្រមាណ ៣៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងប្រមាណ ១៣០ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
ដោយបានឃើញការផ្សព្វផ្សាយពីវិថីធ្វើដំណើរល្អរហូតដល់ទល់ដែនខេត្ដត្រាតប្រទេសថៃ និងរូបភាពផ្លូវព័ទ្ធពេនតាមជម្រាលភ្នំអមនូវព្រៃព្រឹក្សាដ៏ស្រស់បំព្រង រថយន្ដធុនតូចៗរហូតដល់រថយន្តក្រុង ២៥ កៅអី ដែលផ្ដើមបង្កើនចំនួនបរកាត់ផ្លូវជាតិ ៥៥ រមែងឆ្លៀតឈប់សំចតនៅចំណុចកណ្ដាលភ្នំ និងជិតកំពូលភ្នំ រួចនាំគ្នាក្រឡេកមើលក្រោមគយគន់ទេសភាពដ៏ប្លែកគ្នា រហូតដល់អ្នកដំណើរបន្លឺសំឡេងឡើងថា «វ៉ាវ! ពិតជាស្រស់ស្អាតមែន»។
នារដូវវស្សានេះ ពីជើងភ្នំរហូតដល់កំពូលភ្នំកម្ពស់ ១០០៥ ម៉ែត្រ អ្នកដំណើរនឹងបានឃើញទឹកធ្លាក់យ៉ាងតិច ៣ កន្លែង ដែលហូរធ្លាក់ខ្ពស់ទំហំតូចកាត់ក្រោមផ្លូវ និងទស្សនីយភាពអ័ព្ទផ្សែងដែលហាក់បីដូចជាចំហាយព្រឹលទឹកកកបោកបក់នូវរដូវរងា។
ផ្លូវជាតិ ៥៥ មិនត្រឹមតែជាវិថីតភ្ជាប់សរសៃឈាមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសម្រួលការធ្វើដំណើរបែបទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបានជួយសម្រួលដល់ការរស់នៅរបស់អ្នកស្រុកវាលវែង ជាពិសេស អ្នកឃុំថ្មដា។
អ្នកស្រី ធា អាយុជាង ៦០ ឆ្នាំដែលធ្លាប់បានធ្វើដំណើរភៀសខ្លួនក្នុងសម័យសង្គ្រាមពីខេត្ដកំពតមកកាន់ថ្មដាដោយដើរថ្មើរជើងកាត់ខេត្ដកោះកុង បានរំឭកប្រាប់ថា៖ «ដំបូងឡើយ តំបន់នេះមានព្រៃក្រាស់ និងសម្បូរសត្វព្រៃច្រើន។ ចំពោះការធ្វើដំណើរទៅទីក្រុងខេត្ដ [ពោធិ៍សាត់] យើងត្រូវដេកផ្លូវពី ១ ទៅ ២ យប់ដែរ។ ប៉ុន្ដែឥឡូវនេះ ងាយស្រួលណាស់ ហើយអ្នកភូមិយើងក៏ធូរធារដោយសារការរកស៊ីលក់ដូរឲ្យមនុស្សម្នាចេញចូលច្រើន»។
យ៉ាងណាមិញ បើទោះបីជាវិថីអន្ទង់អាំងរំលេចនូវសម្រស់ទេសភាពស្រស់ស្អាតគួរជាទីបេតីចំពោះភ្ញៀវយ៉ាងណាក៏ដោយ ក៏ការបើកបររវល់តែក្រឡេកមើលទេសភាព និងការឈប់សំចតយានយន្ដខ្វះការប្រុងប្រយ័ត្ន វាអាចងាយបង្កគ្រោះថ្នាក់ជាយថាហេតុ ពីព្រោះនៅតាមដងវិថីជម្រាលភ្នំនេះ កន្លែងខ្លះមានចំណោតខ្ពស់ជ្រៅអែបនឹងផ្លូវតែម្ដង៕