បាត់ដំបង: អារម្មណ៍​រំភើប​លេច​ឡើង​ពេល​បានឃើញ​សម្រស់​បុប្ផា​ផ្កា​ត្រែលឿង រីក​ស្គុះស្គាយ​ប្រប​សង​ខាង​ផ្លូវ​ទៅកាន់​ច្រក​ទ្វារធំ​រំលេច​សំណេរ​ «​ស្វាគមន៍​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​» ជាទី​ដែល​សំបុត្រ​សម្រាប់​រថយន្ដ​ ១ ​គ្រឿង​មាន​តម្លៃ ១ ម៉ឺន​រៀល​។

នៅក្នុង​ចម្ការ​ស្វាយ​រាប់ម៉ឺន​ដើម​ដុះ​ជា​ជួរៗ ការ​រចនា​ផ្លូវ​ចុះ និង​ជណ្ដើរ​សង់​ឡើង​យ៉ាង​មាន​របៀបរៀបរយ​សម្រាប់​ជា​ទីកន្លែង​បោះតង់ ក្រាលកន្ទេល​អង្គុយ​លម្ហែ និង​ទទួលទាន​អាហារ​ក្បែរ​ជំនោរ​ត្រសៀក​ពី​ទឹកអូរ​ហូរ​សន្ធឹក ផ្ដល់​នូវ​អារម្មណ៍​ជ្រះថ្លា ស្បើយ​អស់​ភាពនឿយហត់​ពី​ការងារ និង​ការសិក្សា​។

ទឹកធ្លាក់​ចម្ការ​ស្វាយ មាន​តង់​អង្គុយ​លម្ហែកាយ អាហារ​កុម្ម៉ង់ និង​ការបោះតង់​សម្រាក​នៅ​លើ​ភ្នំ​ផងដែរ​។ ហុង មិនា

អង្គុយ​ក្នុង​តង់​មាត់ទឹក មាត់​ទំពា​អាហារ​យ៉ាង​ឆ្ងាញ់​ពិសា លោក ម៉ុន មីកា វ័យ ៥២ ​ឆ្នាំ ម្ចាស់​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹងថា​៖ «​រមណីយដ្ឋាន​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​តាំងពី​មិន​ទាន់​កែច្នៃ​ម្ល៉េះ ដោយ​ពួកគេ​ចូលចិត្ដ​មក​ងូតទឹក និង​ក្រាលកន្ទេល​អង្គុយ​ញ៉ាំ​អាហារ ព្រម​ទាំង​សម្រាក​លេង​រហូត​ដល់​ពេល​ព្រលប់​ទើប​វិល​ទៅ​កាន់​លំនៅឋាន និង​ទីស្នាក់​អាស្រ័យ​វិញ​»​។

រយៈពេល​ជាង​ ២ ​ឆ្នាំ​ នៃ​ការដាំ​កូន​ស្វាយ​លើ​ផ្ទៃដី​ជិត ១០០ ​ហិកតា​ ជាមួយ​នឹង​ការអភិវឌ្ឍ​រមណីយដ្ឋាន​បន្ដិច​ម្ដងៗ​រហូត​ដល់​ប្រែក្លាយ​ជា​ទីឋាន​ធម្មជាតិ​បែប​កែច្នៃ​យ៉ាង​ស្រស់ស្អាត ទីនេះ​ស្វាគមន៍​ភ្ញៀវ​រាប់រយ​នាក់​ក្នុង​ ១ ​ថ្ងៃៗ​មក​ងូតទឹក​ហូរ​លើ​កម្រាល​ថ្ម​នៃ​ភ្នំ​ចំបាំង អង្គុយ​ទទួលទាន​អាហារ និង​សម្រាក​ក្នុង​ក្យូស​ដែក​ប្រក់​តង់​កៅស៊ូ​ចម្រុះ​ពណ៌​នៅ​ប្រប​តាម​មាត់ទឹក​។

ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ជាច្រើន កញ្ញា សុខ ធារី ដែល​មកពី​ទីរួមស្រុក​សំឡូត​ជាមួយ​មិត្ដភក្ដិ ២ ​នាក់​ទៀត​បាន​និយាយ​មុនពេល​ចុះ​ងូតទឹក​ថា​៖ «​ទីនេះ​ទឹកស្អាត​ល្អ និង​ត្រជាក់​ដែល​ពួកយើង​អាច​ចុះ​ងូត​លេង​បាន ទោះ​វា​រាង​ហូរ​ខ្លាំង​បន្ដិច​ក្នុង​រដូវវស្សា​»​។

រមណីយដ្ឋាន​ស្វាគមន៍​ភ្ញៀវ​រាប់រយ​នាក់​ក្នុង​ ១ ​ថ្ងៃៗ​។ ហុង មិនា

បន្ថែម​ពី​ការងូតទឹក​ត្រជាក់ស្រេង និង​ទទួលទាន​អាហារ​កុម្ម៉ង់ ដូចជា មាន់ដុត ត្រីដុត ឆា ស្ងោរ និង​គ្រឿងក្លែម​នានា ដែល​មាន​តម្លៃ​ចាប់ពី ១ ម៉ឺន​ដល់ ៥ ម៉ឺន​រៀល​នៅ​មាន​សកម្មភាព​បែប​ផ្សងព្រេង​គឺ​ការបោះតង់​ស្នាក់​ក្នុង​ចម្ការ​ស្វាយ​។

ម្ចាស់​រមណីយដ្ឋាន​លោក ម៉ុន មីកា បាន​ប្រាប់​ថា​៖ «​ភ្ញៀវ​ដែល​មក​ទីនេះ​មិន​ត្រឹមតែ​អាច​លេង​ទឹក និង​ដើរលេង​ក្នុង​ចម្ការ​ស្វាយបាន​នោះ​ទេ ប៉ុន្តែ​ខាង​យើង​ក៏​មាន​ការបោះតង់​សម្រាក​នៅ​លើ​ភ្នំ​ផងដែរ​។ ដោយ​សម្ភារ អ្នក​ទេសចរ​ជា​អ្នករ៉ាប់រង​ខ្លួនឯង​ទាំងអស់ ពួកយើង​អាច​បម្រើ​សេវាកម្ម​ម្ហូបអាហារ និង​គិតថ្លៃ​អនាម័យ​ក្នុង​ម្នាក់ ១ ​ដុល្លារ ឬ ២ ​ដុល្លារ​ប៉ុណ្ណោះ​»​។

ពីក្រោយ​ភាពស្រស់ស្អាត​នៃ​ទឹកធម្មជាតិ និង​ការពេញចិត្ត​ពី​ទេសចរ​ភាគច្រើន​ចំពោះ​ការកែច្នៃ​រមណីយដ្ឋាន​នៅ​មាន​ភ្ញៀវ​ខ្លះ​មាន​អារម្មណ៍​រង​ការរំខាន​ពី​សំឡេង​តន្ដ្រី​ធុងបាស​ឯកជន​លាន់ឮ​លប់​អស់​សូរសៀង​ទឹកធ្លាក់ និង​សំឡេង​បក្សាបក្សី​។

ផ្កា​ត្រែ​ពណ៌​លឿង​លម្អ​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​។ ហុង មិនា

ចំពោះ​រឿង​ភ្ញៀវ​មួយ​ចំនួន​ស្រងាក​ចិត្ដ​នឹង​បញ្ហា​ភ្លេង​ដ៏ទ្រហឹង​នេះ​លោក ម៉ុន មីកា ជា​ម្ចាស់​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​បាន​បកស្រាយ​ថា​៖ «​ចំពោះ​បញ្ហា​នេះ​ខ្ញុំ​ក៏​បាន​គិត​ដែរ​។ ខ្ញុំ​ផ្ទាល់​គឺជា​ម្ចាស់​ទីតាំង​ពិតមែន​ខ្ញុំ​ក៏​មិន​អាច​ហាមឃាត់​ការសប្បាយ​របស់​គាត់​បាន​ដែរ​។ ប៉ុន្តែ​ភ្ញៀវ​ភាគច្រើន​គាត់​សរសើរ​ច្រើនជាង​រិះគន់​»​។

ប្រជាប្រិយភាព​នៃ​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​បាន​ជំរុញ​ឲ្យ​នៅតែ​បន្ត​អភិវឌ្ឍ​កន្លែង​កម្សាន្ត​នេះ​ឲ្យ​កាន់​តែ​មាន​សកម្មភាព​លម្ហែកាយ​ដ៏សម្បូរបែប​។

ក្យូស​ដំបូល​កៅស៊ូ​តម្រៀប​ជា​ជួរ​ផ្ដល់​ម្លប់​ដល់​ការលម្ហែ​។ហុង មិនា

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ និង​គ្រួសារ (​ប្រពន្ធ​) កំពុង​មាន​គម្រោង​ទិញ​ទូក​សម្រាប់​ដាក់​នៅ​ផ្នែក​ខាងលើ ដើម្បី​ឲ្យ​ភ្ញៀវ​ជិះ​កម្សាន្ត​។ ប៉ុន្តែ​ខ្ញុំ​ដាក់​ទូក​ក្នុង​រដូវ​ទឹកស្រក​ប៉ុណ្ណោះ​។ ខ្ញុំ​ក៏​សុំ​បញ្ជាក់​ដែរ​ថា នៅ​ខែ​ទឹក​ឡើង ឬ​ភ្លៀង​ខ្លាំង ទឹក​ឡើង​ខ្លាំង​តែ ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ វា​ស្រក​លឿន​ដោយសារ​មាន​ទំនប់​វារីអគ្គិសនី​នៅ​ខាង​ចុង​នៃ​ទឹក​របស់​ខ្ញុំ​មាន​ទំហំ​ដី ៣០០០ ​ហិកតា​ឯណោះ​»​។

រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ស្ថិត​ក្នុង​ភូមិ​ព្រៃស្ដៅ ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ដ​បាត់ដំបង ទល់មុខ​វត្ដ​យុទ្ធគិរី​នទីយារាម​ហៅ​វត្ដ​ភ្នំ​ចំបាំង​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥៧ ចម្ងាយ​ប្រមាណ ៨០ ​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង ឬ​ ៧ ​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​សេកសក​៕

វីដេអូ៖