ក្រុង​ព្រះវិហារ៖ វង ស្រីអូន មាន​អារម្មណ៍​ភ័យ​ខ្លាច​រញីរញ័រ ​សូម្បី​តែ​ការ​​ឈាន​ជើង​ឡើង​ជណ្ដើរ​ឈើ​​​ទៅ​កាន់​ផ្ទះ​លើ​ដើម​ឈើ​ធំ​មួយ​ដើម តែ​នាង​ទទួល​បាន​កម្លាំង​ចិត្ត​ក្រោម​ការ​​ជំរុញ​ពី​មិត្ដភក្ដិ​។

ស្ថិត​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កសាង​សមត្ថភាព​ចំបក់​ហោះ​​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​បាន​ប្រាប់​ថា៖ «​ខ្ញុំ​​ជា​មនុស្ស​ខ្លាច​ទី​ខ្ពស់​ និង​រមែង​មាន​សភាព​ញ័រ​ដៃ​​ជើង​ពេល​ឡើង​ខ្ពស់​បែប​នេះ​។ ប៉ុន្ដែ​មិត្ដភក្ដិ​ជំរុញ​ប្រាប់​ថា​ មិន​អី​ទេ! សាក​ឡើង​មក​។ ខ្ញុំ​ក៏​សាកល្បង​ឡើង​គើមៗ​​រហូត​ដល់​ផ្ទះ​នៅ​ចុង​ឈើ​»។

ក្រោយ​ពី​បាន​ចូលរួម​ស្ដាប់​គោលការណ៍​ ៥ ចំណុច​ និង​ចូលរួម​លេង​សកម្មភាព​ហ្គេម​តូចៗ​ កញ្ញា វង ស្រីអូន ចាប់​ផ្ដើម​លេង​ហ្គេម​រំជើប​រំជួល ​ដោយ​ការ​ដើរ​លើ​ស្ពាន​យោល​កម្ពស់​ប្រមាណ ​២០ ម៉ែត្រ ដែល​​ចង​ភ្ជាប់​​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ​ប្រវែង ១៧០ ម៉ែត្រ។ នាង​ក៏​បាន​​បន្ដ​ទៅ​ជិះ​​ខ្សែ​កាប​ហោះ​កម្ពស់​ជាង ២០ ម៉ែត្រ​ ចម្ងាយ ៦០ ម៉ែត្រ​ទៀត។

មិន​យូរ​ប៉ុន្មាន ស្រីអូន ហាក់​ប្រែ​ជា​មាន​​សភាព​ក្លាហាន​ និង​ហ៊ាន​ស្ម័គ្រ​ចិត្ដ​លេង​ហ្គេម​ដ៏​រន្ធត់​បំផុត​ប្រចាំ​នៅ​ចំបក់​ហោះ​នោះ ​គឺ​ការ​ជិះ​ទោង​យក្ស​ទម្លាក់​ខ្លួន​ពី​លើ​ដើម​ឈើ​។

ស្ពានយោល​ប្រវែង ១៧០ម៉ែត្រ កម្ពស់​ ២០ម៉ែត្រ​ពី​ដី មុនទៅដល់​ផ្ទះឈើ​ខ្ពស់ និង​លេងហ្គេម​ផ្សេងៗ​ទៀត​។ ហុង មិនា

លោក សន សំអាន ប្រធាន​គម្រោង​ចំបក់​ហោះ បាន​និយាយ​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ ពេល​ឈរ​បរិវេណ​ទោង​យក្ស​ថា​៖ «សកម្មភាព​លេង​ពេញ​និយម​ជាង​គេ គឺ​ទោង​យក្ស និង​ខ្សែ​កាប​ហោះ​នេះ​ហើយ​»។

សកម្មភាព​ទាំង ​២ ​​នេះ ត្រូវ​បាន​មជ្ឈមណ្ឌល​​ដាក់​កម្មវិធី​នៅ​​ចុង​ក្រោយ​បំផុត​ បន្ទាប់​ពី​សកម្មភាព​ផ្សេង​ៗ​ទៀត។

តែ​លោក សំអាន ទទូច​ថា៖ «អ្នក​មក​​ទី​នេះ គួរ​តែ​លេង​ហ្គេម​ចុង​ក្រោយ​នេះ​កុំ​បី​ខក​ខាន​ ពី​ព្រោះ​ក្រោយ​ពី​លេង​​រួច ពួក​គាត់​នឹង​មិន​ភ្លេច​ចំបក់​ហោះ​ជា​ដាច់​ខាត​»។

ចំបក់​ហោះ​ សំដៅ​លើ​ឈ្មោះ​ដើម​ឈើ​ដ៏​សម្បូរ​ដុះដាល​ក្នុង​បរិវេណ​ មជ្ឈមណ្ឌល​កសាង​សមត្ថភាព ដែល​​​បង្កើត​ឡើង​ដោយ​អង្គការ​ជំនួយ​អភិវឌ្ឍន៍​អាត់វែនទីស្ទ​កម្ពុជា (អា្រដា កម្ពុជា​) ​ស្ថិត​​លើ​​ផ្ទៃដី ៥០ ហិកតា​​។

លោក សន សំអាន បាន​និយាយ​ថា​៖ ​«​សកម្មភាព​លេង​ទាំង​អស់​សុទ្ធ​តែ​​សំខាន់​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​អប់រំ​។ ពេល​ពួក​គាត់​ធ្វើ​ហើយ អនុវត្ដ​ហើយ វា​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​ខ្វះខាត និង​ចំណុច​ខ្លាំង​របស់​ពួក​គាត់​។ វា​ជា​សកម្មភាព​លើក​ទឹក​ចិត្ដ បង្កើន​ពង្រឹង​ស្មារតី​របស់​ពួក​គាត់​ ជាពិសេស ទំនាក់​ទំនង​របស់​ពួក​គាត់​។

សកម្មភាពជិះខ្សែកាប​ចម្ងាយ ៦០ម៉ែត្រ​​​​កាត់ព្រៃព្រឹក្សា​។ហុង មិនា

ក្នុង​ចំណោម​សកម្មភាព​ទាំង ៥០ ភាគ​ច្រើន​​កន្លែង​លេង​ល្បែង​ទាំង​នោះ​ស្ថិត​​ក្នុង​ទីតាំង​ហ៊ុមព័ទ្ធ​របង​បរិវេណ​ដី ២០ ហិកតា​ លើក​លែង​តែ​សកម្មភាព​ខ្សែ​កាប​ហោះ​ Zip Line ៦០០ ម៉ែត្រ​​ ស្ថិត​នៅ​ក្រៅ​របង​។

តាំង​ពី​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ឆ្នាំ ​២០០៤ ចំបក់​ហោះ​ទទួល​ភ្ញៀវ​ជាង ១៥០​ ក្រុម មនុស្ស​សរុប​ជាង ៦ ពាន់​នាក់​ មក​ពី​អង្គការ រដ្ឋាភិបាល សហគមន៍ សិស្ស​និស្សិត និង​យុវជន​ ព្រម​ទាំង​ក្រុម​ងាយ​រងគ្រោះ​ដោយ​មាន​គោល​បំណង​កសាង​ជំនឿ​ចិត្ដ បង្កើន​សមត្ថភាព​ការ​គិត ស្វែងរក​ដំណោះ​ស្រាយ ចេះ​ជួយ​គ្នា​ អភិវឌ្ឍ​ស្មារតី​ការងារ​ជា​ក្រុម ព្រម​ទាំង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ផ្នែក​បរិស្ថាន និង​អប់រំ​។

មុន​ពេល​ចេញ​ដំណើរ​ទៅ​លេង​ល្បែង​នានា​ ក្នុង​បរិវេណ​ព្រៃ​​មជ្ឈមណ្ឌល​កសាង​សមត្ថភាព​ចំបក់​ហោះ​​ អ្នកស្រី ឈឿន ស៊ុននី ជា​អ្នក​សម្រប​សម្រួល​ម្នាក់​បាន​​​ស្នើ​ឲ្យ​អ្នក​ចូលរួម​អង្គុយ​ជា​រង្វង់ ដោយ​ចាប់​ផ្ដើម​បង្ហាញ​គោល​ការណ៍​ទី​ ១ តាមរយៈ​ការ​លេង​​ល្បែង​ស្ទាំង​ឃ្លាន​​ ដែល​ផ្ដោត​លើ​ការ​មើល​ស្ដាប់ និង​ចូលរួម​។

អ្នកស្រី​និយាយ​ថា​៖ «​បើ​គាត់​ជា​សិស្ស ពេល​គាត់​រៀន គាត់​អត់​មើល​ និង​ស្ដាប់​គ្រូ​ពន្យល់​ តើ​គាត់​អាច​មាន​ការ​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច? បើ​ការងារ​ជា​ក្រុម​ក្នុង​ស្ថាប័ន​ណា​មួយ ទាល់​តែ​ជួយ​​មេ​ក្រុម ឬ​សមាជិក​ដោយ​ធ្វើ​កិច្ចការ​ស្រុះ​គ្នា​។ បើ​នរណា​ម្នាក់​ក្នុង​ក្រុម​អត់​ចូលរួម​ នៅ​ស្ងៀម​ វា​ធ្វើ​ឲ្យ​ពិបាក​សម្រេច​គោលដៅ»។

អ្នក​ចូលរួម​សកម្មភាពកម្សាន្ត​ដ៏រំជើបរំជួល ត្រូវបាន​​បំ​ពាក់នូវ​ឧបករណ៍​សុវត្ថិភាព​។ ហុង មិនា

កញ្ញា ម៉ី ភីនី ជា​បុគ្គលិក​អង្គការ​មក​ស្នាក់​នៅ​រយៈពេល ៣ យប់ ៤ ថ្ងៃ ​ជាមួយ​ក្រុម​ការងារ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់​​ផ្ដើម​លេង​កីឡា​ធំៗ​បែប​ភ័យ​រន្ធត់​ កញ្ញា​ និង​មិត្ដភក្ដិ​ត្រូវ​បាន​ស្នើ​ឲ្យ​ចូលរួម​លេង​សកម្មភាព​តូច​ៗ​ទាំង ៥ ដែល​ជា​ការ​ភ្ញោច​អារម្មណ៍​​ចំពោះ​​ចំណេះ​ដឹង​ស្ដីពី​សមត្ថភាព​ធ្វើ​កិច្ចការ​ជាក្រុម និង​​ចេះ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​។

ភីនី បាន​និយាយ​ថា​៖ «​រាល់​ការ​លេង​​គ្រប់​សកម្មភាព​តែងតែ​មាន​ការ​ឆ្លុះ​បញ្ចាំង​ពី​ចំណេះដឹង​ផ្អែក​លើ​គោល​ការណ៍​ទាំង ៥​»។

បុគ្គលិក​អង្គការ​រូប​នេះ ដែល​កោត​សរសើរ​ចំពោះ​រសជាតិ​អាហារ​នៅ​ចំបក់​ហោះ បាន​បន្ថែម​ថា​៖ «​សម្រាប់​ខ្ញុំ​ការ​ទម្លាក់​ខ្លួន​ពី​លើ​ដើម​ឈើ [ជិះ​ទោង​យក្ស​] និង​ហក់​តោង​ទោង​ទោច​ ធ្វើ​ឲ្យ​ស្រៀវ​ខ្លាំង​បំផុត​ និង​មាន​ការ​លំបាក​ក្នុង​ការ​ឡើង​ដើម​ឈើ​ ដោយសារ​ឈ្នាន់​ដែក​ត្រូវ​ជាន់​ឡើង​នោះ​ វា​លឹប​ចូល​ដើម​ឈើ​ខ្លាំង​ពេក​ពិបាក​ជាន់​ឡើង​ខ្លាំង»។

ពាក់​អាវ​យឺត​ពណ៌​បៃតង​ខ្ចី រំលេច​សំណេរ​ថា «​ខ្ញុំ​អាច​ហោះ​បាន​» លោក សំអាន បាន​បន្ដ​ថា៖ «សកម្មភាព​នីមួយៗ​មាន​តួនាទី​ផ្សេងៗ​គ្នា​។ ឧទាហរណ៍ សំណាញ់​ពីងពាង ជា​សកម្មភាព​ដែល​អ្នក​ចូលរួម​លេង​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដោយ​សុវត្ថិភាព​ដោយ​មិន​ឲ្យ​ប៉ះ​អ៊ីចឹង​។ ដូច្នេះ ពួក​គេ​ត្រូវ​ចេះ​សហការ​ ដោយ​ធ្វើ​ម៉េច​ឲ្យ​សមាជិក​ក្រុម​ទាំង​អស់​អាច​ឆ្លង​ទៅ​បាន​។ មិន​ថា​ប្រុស មិន​​ថា​ស្រី​នោះ​ទេ សមាជិក​ក្រុម​ទាំង​អស់​ត្រូវ​ជួយ​គ្នា​។

សកម្មភាពហ្គេម​​ ​បណ្ដុះ​ស្មារតី​ធ្វើការ​ជា​ក្រុមដើម្បីសម្រេច​គោលដៅ​។ ហុង មិនា

ប្រធាន​គម្រោង​ចំបក់​ហោះ លោក​ សំអាន បាន​និយាយ​មុន​ពេល​ស្រែក​ឲ្យ​​ក្រុម​ការងារ​របស់​អ្នក​ចូលរួម​ទាញ​ខ្សែ​ពួរ​អូស​អ្នក​ជិះ​ទោង​យក្ស​​ថា៖ «ចំពោះ​សកម្មភាព​ជិះ​ទោង​យក្ស ចង់​បង្ហាញ​ពី​ការ​សម្រេច​ចិត្ដ​ត្រូវ​តែ​ធ្វើ​ ទោះ​បី​ជា​កិច្ចការ​នេះ​លំបាក​ប៉ុនណា​ក៏​ដោយ។ បើ​យើង​មិន​សម្រេច​ចិត្ដ​ថា​នឹង​ធ្វើ​ទេ បាន​ន័យ​ថា មួយ​រយ​ភាគរយ គឺ​យើង​អត់​អាច​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ ប៉ុន្ដែ​បើ​យើង​សម្រេច​ចិត្ដ​ពុះពារ​ធ្វើ ទោះ​ត្រឹម​កម្ពស់ ១០ ម៉ែត្រ ឬ ១៥ ម៉ែត្រ​ គឺ​ជា​លទ្ធផល​ដែល​យើង​ទទួល​បាន​»។

លោក សំអាន បាន​លើក​ឡើង​ថា សកម្មភាព​ទាំង​អស់​នេះ​​លើក​ទឹក​ចិត្ដ​ដល់​សិស្សានុសិស្ស​ចេះ​ជួយ​គ្នា​ដោយ​មិន​​ពឹង​ផ្អែក​លើ​សមាជិក​​ណា​ម្នាក់​ឡើយ​។ ​

ដោយ​​ទទួល​បុគ្គលិក​អង្គការ បុគ្គលិក​​ក្រុមហ៊ុន និង​សិស្សានុសិស្ស ហើយ​ពេល​ខ្លះ​ក៏​មាន​លក្ខណៈ​គ្រួសារ​ អ្នក​សម្រប​សម្រួល​នៅ​ចំបក់​ហោះ នឹង​រៀបចំ​សកម្មភាព​លេង​កម្សាន្ដ​បង្កើន​សមត្ថភាព​ចំណេះ​ដឹង​ទៅ​តាម​បែប​ផែន​ខុស​ៗ​គ្នា​។​

លោក សំអាន បាន​និយាយ​ថា​៖ «​បើ​​ពួក​គាត់​មក​ជា​លក្ខណៈ​ក្រុមហ៊ុន យើង​សម្រប​សម្រួល​ទៅ​តាម​បែប​ផែន​ក្រុមហ៊ុន​។ តើ​ពួក​គាត់​គួរ​ធ្វើ​យ៉ាង​ម៉េច​​ដើម្បី​ឲ្យ​ក្រុមហ៊ុន​មាន​ការ​រីក​ចម្រើន​ ឬ​មួយ​គាត់​មាន​គំនិត​ផ្សេង​គ្នា គាត់​ទាស់​គ្នា​ គាត់​ចែក​ក្រុមហ៊ុន​ជា ​២ ជា ៣ ​ថា តើ​​ដំណើរការ​នៃ​ក្រុមហ៊ុន​របស់​គាត់​អាច​ដើរ​បាន​អត់? ​យើង​ចោទ​សួរ​​ទៅ​គាត់​វិញ។ អ៊ីចឹង គាត់​ចាប់​ផ្ដើម​ភ្ញាក់​​ខ្លួន។ នៅ​ពេល​គាត់​លេង គាត់​មិន​បាន​គិត​ថា វា​មិន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ក្រុមហ៊ុន​របស់​គាត់​ផ្ទាល់​នោះ​ទេ​។ ពេល​យើង​រំឭក​ គាត់​នឹង​ដឹង​ថា​ វា​ពិត​ជា​​មាន​អត្ថន័យ​ល្អ​សម្រាប់​ក្រុមហ៊ុន​របស់​គាត់​»។

ទោង​យក្ស ជា​ហ្គេម​ចុងក្រោយ​​ធ្វើឲ្យអ្នកចូលរួម​មិនអាចបំភ្លេច​បាន។ ហុង មិនា

ប្រធាន​គម្រោង​ចំបក់​ហោះ​បាន​បន្ដ​ទៀត​ថា​៖ «បើ​ជា​គ្រួសារ យើង​សម្រប​សម្រួល​ទៅ​តាម​លក្ខណៈ​គ្រួសារ​។ បើ​សិន​ជា​ក្នុង​ក្រុម​គ្រួសារ​តែ​មួយ​នេះ ពួក​គាត់​មិន​ចេះ​រួប​រួម​គ្នា មិន​ចេះ​ស្រឡាញ់​គ្នា​ មិន​ចេះ​ជួយ​គ្នា អ៊ីចឹង​គ្រួសារ​គាត់​មាន​សុភមង្គល​អត់? ដល់​ចឹង គាត់​ភ្ញាក់​ឡើង​ថា អូ​ សកម្មភាព​នេះ​ វា​ល្អ​សម្រាប់​គ្រួសារ​គាត់​។ ធ្វើ​ឲ្យ​គាត់​បង្កើន​សេចក្ដី​ស្រឡាញ់ មាន​ការ​យោគយល់​ ចេះ​ជួយ​គ្នា​ មិន​ប្រកាន់​ជា​ការងារ​​ប្រុស​​ស្រី»​។

លោក​ពន្យល់​ថា​៖​ «​ជួន​កាល ក្នុង​ក្រុមហ៊ុន បុគ្គល​មាន​ការ​ទាស់​ទែង​ពាក្យ​សម្ដី មិន​និយាយ​រក​គ្នា ដល់​ពេល​គាត់​មក​ចូលរួម​សកម្មភាព​ជាមួយ​យើង យើង​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការ​រួម​គ្នា​។ បើ​គាត់​អត់​និយាយ​ស្ដី​រក​គ្នា​នៅ​ក្រុមហ៊ុន ដល់​ពេល​គាត់​មក​កន្លែង​យើង គាត់​ត្រូវ​និយាយ​រក​គ្នា​។ ដល់​ពេល​អ៊ីចឹង​ទៅ គាត់​ចាប់​ផ្ដើម​សារភាព​ថា នៅ​កន្លែង​ធ្វើ​ការ​ «ខ្ញុំ​អត់​ចូល​ចិត្ដ​គាត់​មែន​ ឥឡូវ​ខ្ញុំ​ឃើញ​ថា សេចក្ដី​ល្អ​របស់​គាត់​មាន​ចំពោះ​ខ្ញុំ គាត់​ជា​មនុស្ស​ល្អ​» គាត់​ចាប់​ផ្ដើម​សារភាព​ទៅ​វិញ​ទៅ​មក​ ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​ល្អ​ឡើង​វិញ​»។

ទាំង​នេះ​ជា​​កិច្ច​សហការ​ជា​ក្រុម និង​​ចេះ​​​ជួយ​គ្នា ​ដើម្បី​សម្រេច​គោល​ដៅ​ដោយ​សុវត្ថិភាព​ទាំង​អស់​គ្នា​។

លោក​លើក​ឡើង​ថា៖ «ពេល​បញ្ចប់​សកម្មភាព យើង​ចាប់​ផ្ដើម​បង្ហាញ​ពី​ចំណុច​ខ្វះខាត និង​ចំណុច​ខ្លាំង​ឲ្យ​ពួក​គាត់​បាន​យល់​កាន់​តែ​ច្បាស់​។ សរុប​មក យើង​អនុវត្ត​សកម្មភាព រួច​ទើប​យើង​​ឆ្លុះ​បញ្ចាំង​ក្រោយ​»។

ផ្ទៃ​ដី​ដែល​ហ៊ុមព័ទ្ធ​ដោយ​ដើម​ឈើ​ធំ​តូច​ក្រាស​ឃ្មិក​ទំហំ ៥០ ហិកតា ត្រូវ​បាន​បូក​បញ្ចូល​ក្នុង​ដី​ព្រៃ​សហគមន៍​ ដែល​មាន​ទំហំ​ ១ ៥៨៥ ហិកតា តាមរយៈ​កិច្ចការ​សហការ​បំណង​ការពារ​ព្រៃ​ឈើ និង​សត្វ​ព្រៃ​​។

ជណ្ដើរ​ជម្រាល​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​នៅលើ​ដើមឈើ​ដ៏​ខ្ពស់គួរសម​​។ ហុង មិនា

លោក សន សំអាន​ បាន​ឲ្យ​ដឹង​ថា​៖ «ដើម្បី​ជា​កិច្ច​ការពារ​ព្រៃ​ យើង​បញ្ចូល​ដី​ទាំង​នេះ​ទៅ​ជាមួយ​សហគមន៍​​ ដែល​សរុប​ផ្ទៃ​ដី​ទាំង​អស់​មាន​ចំនួន ១ ៥៨៥ ហិកតា​។ យើង​សហការ​គ្នា​ ដោយ​ការ​ផ្ដល់​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃ​​ឈើ​ដល់​សហគមន៍​ដើម្បី​ជួយ​ទប់ស្កាត់​សកម្មភាព​បទ​ល្មើស​។ យើង​ផ្ដល់​ថវិកា​ផ្គត់ផ្គង់​ពួក​គេ​ឲ្យ​ពួក​គាត់​ជួយ​ការពារ​យើង​»។

ត្រឡប់​មក​មើល​អ្នក​ចូលរួម​វិញ ​បើ​ទោះ​បីជា​មាន​ទឹក​មុខ​ស្លេកស្លាំង​ ភ័យ​បុក​​ពោះ​ និង​ខំ​ស្រែក​បន្លប់​អារម្មណ៍​ញាប់ញ័រ ខណៈ​ពេល​ទោង​យក្ស​នៅ​បន្ដ​​យោង​ចុះ​យោង​ឡើង​ចន្លោះ​​​ឈើ​ធំ​ពីរ​ដើម​យ៉ាង​ណា​ក៏​ដោយ ក៏​កញ្ញា វង ស្រីអូន ហាក់​មាន​ចិត្ដ​សប្បាយ​រីករាយ​ក្រោយ​ពី​ខ្លួន​អាច​ជម្នះ​ភាព​ភ័យ​ខ្លាច​ និង​សម្រេច​ចិត្ដ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ធ្លាប់​គិត​ថា មិន​អាច​ធ្វើ​បាន​។

កញ្ញា ស្រីអូន បាន​និយាយ​ក្រោយ​ពី​បញ្ឈប់​ទោង​ថា​៖ «​ភ័យ​ខ្លាំង​! បុក​ពោះ​ខ្លាំង​ ជា​ពិសេស ពេល​ទាញ​គន្លឹះ​ដែក​ទម្លាក់​ខ្លួន​ចុះ​។ វា​ហាក់​ដូច​ជា​ខ្លួន​ខ្ញុំ​ត្រូវ​ធ្លាក់​ពី​លើ​ដើម​ឈើ​ធំ​អ៊ីចឹង​។ យ៉ាង​ណា​ ពេល​នេះ​ខ្ញុំ​អាច​ធ្វើ​បាន​»។

បើក​ទទួល​ភ្ញៀវ​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ចំបក់​ហោះ ផ្ដល់​សេវាកម្ម​ជា​កញ្ចប់​ រួម​បញ្ចូល​ការ​ស្នាក់នៅ លេង​សកម្មភាព​ និង​អាហារ​។

លោក សំអាន បាន​ប្រាប់​ថា៖ «វា​យោង​ទៅ​តាម​ថ្ងៃ​ដែល​ភ្ញៀវ​មក​លេង​។ បើ​​ពួក​គាត់​ចូលរួម​សកម្មភាព​មួយ​ថ្ងៃ សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​ គាត់​បង់​ ៦០ ដុល្លារ​ម្នាក់​ ហើយ​បើ​ពី ២ ទៅ ៣ ថ្ងៃ ម្នាក់ ៦៥ ដុល្លារ​។ ចំពោះ​ភ្ញៀវ​ដែល​មក​​ពី​អង្គការ និង​ក្រុមហ៊ុន​អន្ដរជាតិ​ ពួក​គេ​បង់​ ៧០ ដុល្លារ​ម្នាក់ ​​សម្រាប់​រយៈពេល​ ១ ទៅ ២ ថ្ងៃ​ ហើយ​បើ​ពី ៣ ​ទៅ ៤ ថ្ងៃ គាត់​បង់​ ៨០ ដុល្លារ​ម្នាក់​»​។

មជ្ឈមណ្ឌល​កសាង​សមត្ថភាព​ចំបក់​ហោះ ស្ថិត​ក្នុង​ភូមិ​ភ្នំដែក ឃុំ​រមណី ស្រុក​រវៀង ខេត្ដ​ព្រះវិហារ​ បើក​ដំណើរការ​​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​។ សម្រាប់​ព័ត៌មាន​បន្ថែម សុំ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ @JombokHoas៕

វីដេអូ៖