ពោធិ៍សាត់: ស្នូរសន្ធឹកទឹកកំពុងពេញកម្លាំងនារដូវវស្សា ហូរធ្លាក់លើចំណោតថ្មកម្ពស់ប្រមាណ ៧ ម៉ែត្រ រមណីយដ្ឋានទឹកធ្លាក់ថ្មដាធំ ដែលរំលេចទាំងភាពស្រស់ស្អាត និងនៅជិតក្បែររថយន្ដកៀកបង្កើយ ហាក់មិនអំណោយផលភ្ញៀវទេសចរងូតទឹកបន្សាបកម្ដៅសុរិយាឡើយ។ ប៉ុន្ដែរមណីយដ្ឋាននៅមិនឆ្ងាយពីព្រំដែនពោធិ៍សាត់-ត្រាតនេះ អាចផ្គាប់ចិត្ដទេសចរប្រាថ្នាថតរូបសែលហ្វ៊ី និងគន់ទេសភាពធម្មជាតិដ៏ត្រកាលនៃដងស្ទឹងឆាយដាច់ស្រោបព្រៃព្រឹក្សាបៃតងខ្ចី។
ទឹកធ្លាក់ឆាយដាច់ ជាឈ្មោះរមណីយដ្ឋានទឹកធ្លាក់ ដែលពលរដ្ឋរស់ក្នុងតំបន់ហៅតៗគ្នា។ ចំណែកឯឈ្មោះ ទឹកធ្លាក់ថ្មដាធំ ជាឈ្មោះ ដែលភ្ញៀវទេសចរស្គាល់ជាតំបន់ទឹកធ្លាក់ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ដោយបត់ឆ្វេងតាមផ្លូវបំបែកក្បែរកាស៊ីណូចាស់ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ រួចបត់ឆ្វេង ២ គីឡូម៉ែត្រទៀតតាមច្រក MDS Import Export Co របស់លោកឧកញ៉ា ទ្រី ភាព។
ចុះពីរថយន្ដភ្លាមមិនបាច់សួរថា តើដល់ឬនៅ ពីព្រោះក្យូសលម្ហែជិត ១០ សង់ជាប់គ្នាវែងយ៉ាងស្រស់ស្អាតបែរមុខទៅរកដងស្ទឹង រង់ចាំស្វាគមន៍ភ្ញៀវដែលត្រូវការអង្គុយទទួលទានអាហារកញ្ចប់នៅជិតបង្កើយ។
រមណីយដ្ឋានធម្មជាតិនេះត្រូវបានអភិវឌ្ឍជាមួយការសង់ជណ្ដើរថ្មឡើងចុះដល់ទឹកធ្លាក់ និងរានហាលតូចសម្រាប់ឈរទស្សនា និងថតរូបសែលហ្វ៊ី តែមិនអនុគ្រោះឲ្យភ្ញៀវចុះទៅផ្នែកខាងក្រោមឡើយ ដោយសារតែមិនមានផ្លូវចុះថ្មដាធំ ជាទឹកធ្លាក់មានមុខកាត់ធំទូលាយប្រមាណ ៣០ ម៉ែត្រ និងកម្ពស់ ៧ ម៉ែត្រ។
លោក ដុល អាយុ ៣២ ឆ្នាំជាអាជីវករលក់ដូរភេសជ្ជៈនៅទីប្រជុំជនឃុំថ្មដា និងជាទាហានប្រចាំការនៅប៉ុស្ដិ៍តាមព្រំដែន បានឲ្យដឹងថា៖ «ទោះបីជាទីតាំងទឹកធ្លាក់ឆាយដាច់នេះស្ថិតក្នុងបរិវេណដីអភិវឌ្ឍន៍របស់ក្រុមហ៊ុន MDS យ៉ាងណាក៏ដោយ ក៏ភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិមិនត្រូវឲ្យបង់ប្រាក់ចូលតំបន់កម្សាន្ដនេះឡើយ»។
ជណ្ដើរបង្កាន់ដៃថ្ម ក្បែរល្បាក់ទឹកកម្ពស់ប្រមាណ ៧ ម៉ែត្រ ជាទីតាំងស័ក្ដិសមមួយក្នុងការរំលេចនូវរូបភាពគន់ទេសភាពទឹកធ្លាក់ដ៏ស្រស់ស្អាត។
ប៉ុន្ដែ បើភ្ញៀវទេសចរប្រាថ្នាផ្ដិតរូបភាពអនុស្សាវរីយ៍ជាមួយទឹកធ្លាក់កាន់តែស្រស់ត្រកាល ជាងថតរូបត្រូវហ៊ានស៊ូការលំបាកបន្ដិច ដោយការតោងសសៀរតាមដើមឈើចុះទៅក្បែរកៀនជណ្ដើរដើម្បីបង្កើតរូបភាពមនុស្សគួបនឹងល្បាក់ទឹកធ្លាក់ បន្ថែមដោយផ្លែរុក្ខជាតិព្រៃគួរឲ្យទាក់ទាញ។
បើទោះបីជាសន្ធឹកទឹកហូរខ្លាំង ដែលរារាំងដល់ភ្ញៀវមានបំណងចង់ចុះផ្ដិតយករូបភាព និងងូតទឹកធ្លាក់ផ្នែកខាងក្រោមយ៉ាងណាក៏ដោយ ក៏អ្នកចង់សម្អាតភាពស្អុះស្អាប់ និងបង្កើតភាពស្រស់ស្រាយអាចចុះងូតទឹកដងស្ទឹងផ្នែកខាងលើបាន។
ក្រៅពីរមណីយដ្ឋានទឹកធ្លាក់ឆាយដាច់ ភ្ញៀវទេសចរនៅមានឱកាសគយគន់ទេសភាពព្រៃភ្នំ ចម្ការកៅស៊ូ ចម្ការទុរេន និងវាលខ្ពង់រាបបៃតងស្រស់នារដូវវស្សា ហាក់បីដូចជាទិដ្ឋភាពមណ្ឌលគិរី ព្រមទាំង ដំណើរឆ្លងដែនទៅកាន់ទឹកដីថៃ ដើម្បីទិញសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគផងដែរ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្ដពោធិ៍សាត់បានឲ្យដឹងថា៖ «ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្អស្អាត ពេលភ្ញៀវធ្វើដំណើរទៅដល់ឃុំថ្មដា ពួកគេនឹងបានឃើញដំណាំឧស្សាហកម្ម និងចម្ការទុរេនថែមទៀតផង»៕