ក្រុងច្បារមន: បើមិនទាន់គិតដល់កំពូលភ្នំឱរ៉ាល់ដ៏ខ្ពស់បំផុតនៅកម្ពុជា អ៊ីចឹងសាករៀបចំគម្រោងទៅលេងទឹកធ្លាក់ច្រើនដំណាក់ត្រឹមសសៀរៗភ្នំសិន។
ដំណើរនេះពុំទាមទារបទពិសោធឡើងភ្នំតឹងសរសៃសាច់ដុំទេ ប៉ុន្តែអ្នកក៏ត្រូវពុះពារលើវិថីដ៏សែនយ៉ាប់យ៉ឺនតាំងពីក្នុងភូមិជាទីដែលអ្នកត្រូវជួលអ្នកនាំផ្លូវ និងគោយន្ដផងដែរ។
ពីផ្លូវបំបែកនៃរង្វង់មូលត្រង់ចំណុចស្ពានដែក (ឈ្មោះស្ពានដែកចាស់ តែបច្ចុប្បន្នជាស្ពានថ្ម) ចម្ងាយជិត ១០ គីឡូម៉ែត្រពីចម្ការអំពៅលោក លី យ៉ុងផាត់ ឆ្លងកាត់ភូមិស្រែច្រាប និងភូមិពោធិ៍មាសជាទីដែលតារាចម្រៀង មាស សុខសោភា ដាក់គម្រោងដាំកូនឈើ ១ ម៉ឺនដើមលើផ្លូវលំចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ អ្នកនឹងទៅដល់ដើមភូមិស្រែកិន។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចសួយម្លូចំនួន ៣០០ គ្រួសារក្នុងភូមិស្រែកិនទី១ ទី២ និងទី៣ ដែលស៊ាំនឹងការធ្វើដំណើរតាមគោយន្ដដឹកជញ្ជូនបរកាត់ដងផ្លូវកំពុងតែទន្ទឹងរង់ចាំវត្ដមានគ្រឿងយន្តឈូសផ្លូវលំក្រួសក្រហមថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគេ។
លោក ធាង សូត្រ ជាអ្នកនាំភ្ញៀវដ៏ប៉ិនប្រសប់ម្នាក់ពីសហគមន៍តំបន់ស្រែកិន ជាទីដែលភ្ញៀវចាប់ផ្ដើមដំណើរទៅកាន់តំបន់ទឹកធ្លាក់ភ្នំឱរ៉ាល់បានឲ្យដឹងថា៖ «ពេលភ្ញៀវមកដល់ទីនេះ យើងបានរៀបចំគោយន្ដរួចរាល់ដើម្បីជូនពួកគាត់ឡើងភ្នំ មិនថាត្រឹមទឹកធ្លាក់ ឬកំពូលភ្នំឡើយ»។
អ្នកនាំភ្ញៀវវ័យ ៤៧ ឆ្នាំរូបនេះបន្តថា៖ «នៅទីនេះក្រៅពីកង់ ម៉ូតូ យើងប្រើតែគោយន្ដសម្រាប់ដឹកសម្ភារ មនុស្ស និងភ្ញៀវទេសចរផងដែរ»។
ចម្ងាយផ្លូវប្រមាណ ៨ គីឡូម៉ែត្រពីភូមិស្រែកិនឆ្ពោះទៅកាន់ទឹកធ្លាក់ព្រែកស្នានៃជើងភ្នំឱរ៉ាល់គោយន្ដ ១ ដឹកភ្ញៀវបាន ៧-៨ នាក់ត្រូវចំណាយពេលជាង ២ ម៉ោងកាត់ព្រៃឫស្សី និងឆ្លងទឹកអូរប្រឡាយជាច្រើនកន្លែង។
មគ្គុទ្ទេសក៍ភូមិដែលក្នុង ១ ខែមិថុនានេះទទួលភ្ញៀវបាន ៣ ក្រុមម្នាក់ឯងបានឲ្យដឹងថា៖ «អ្នកខ្លះគេមកលេងត្រឹមទឹក ១ ឬ ២ កន្លែងក៏ត្រឡប់ទៅផ្ទះវិញ»។
ភ្ញៀវខ្លះស្នាក់នៅពេលយប់ដោយដើរឡើងលេងលុកព្រៃពីទឹកធ្លាក់មួយទៅទឹកធ្លាក់មួយទៀត ព្រោះដំណើរត្រឹម ១ ថ្ងៃពេញ ពុំអាចទស្សនាទឹកធ្លាក់ដ៏ច្រើនកន្លែងនោះទេ។
ចំពោះការចំណាយវិញលោក សូត្រ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខាងខ្ញុំគិតតែលើអ្នកនាំភ្ញៀវប៉ុណ្ណោះ។ បើគាត់ត្រូវការតែអ្នកនាំម្នាក់ យើងគិត ៣៥ ដុល្លារម្នាក់សម្រាប់ពេលមួយថ្ងៃ ហើយថ្លៃគោយន្ដយើងគិត ៥០ ដុល្លារទាំងទៅ និងមក»។
ក្រោយបរគោយន្ដជាង ២ ម៉ោងរួចចូលចំណតក្រោមម្លប់ឈើ ភ្ញៀវនឹងបានឮសំឡេងទឹកហូររងំក្នុងត្រចៀកដែលជាសញ្ញាបញ្ជាក់ពីការមកដល់ទីបន្សាបភាពនឿយហត់ទាំងអម្បាលម៉ាន។ នោះជាទឹកហូរលើជម្រាលថ្មដែលភ្ញៀវអាចរំអិលខ្លួនធ្លាក់ចូលអាងធម្មជាតិតូច ១ ជម្រៅទឹកប្រហែល ១,២ ម៉ែត្រ។
អ្នកនាំភ្ញៀវដើរព្រៃឱរ៉ាល់តាំងពីឆ្នាំ ២០០២ លោក ធាង សូត្រ ក៏ជាចុងភៅដ៏ចំណានម្នាក់ចំពោះស្នាដៃចម្អិនអាហារនៅកណ្ដាលព្រៃជាមួយសម្ភារខ្វះមុខខ្វះក្រោយ។
លោកនិយាយថា៖ «ពេលភ្ញៀវកក់ម្ហូបពីខ្ញុំដូចជា មាន់ ២ ក្បាលសម្រាប់មនុស្ស ៦ នាក់ ពួកខ្ញុំត្រៀមមាន់រស់ និងមកធ្វើម្ហូបនៅព្រៃផ្ទាល់ដោយគ្រាន់តែយកគ្រឿងស្លខ្លះ និងឆ្នាំងរួមទាំងបាយស។ ពួកយើងជួយគ្នាចម្អិនមាន់ដូចជា សម្លស្ងោរជ្រក់ និងអាំងម្នាក់ម៉ាម៉ាត់ម៉ាកទៅឆ្អែតហើយ»។
ក្រោយពីស្រស់ស្រូបអាហារ និងងូតទឹកលេងកម្សាន្ដលោកបន្ដជូនភ្ញៀវដើរឡើងភ្នំជិត ១ ម៉ោង ទៅកាន់ទីកន្លែងទឹកធ្លាក់ទៀត។ លើចម្ងាយផ្លូវជាង ២ គីឡូម៉ែត្រពីចំណតគោយន្ដទឹកធ្លាក់ជាល្បាក់ច្រើនដំណាក់កម្ពស់មិនលើសពី ១០ ម៉ែត្ររង់ចាំស្វាគមន៍ភ្ញៀវមុននឹងត្រឡប់ទៅភូមិវិញ។
លោក សូត្រ បានប្រាប់ថា៖ «ចាប់ពីខ្សែទឹកខាងក្រោមមកយើងនាំភ្ញៀវទៅលេងរូងស្មោញជាល្អាងដែលអាចដាក់គ្រែគេងលេងឆាយស្ដាក បាក់កញ្ជើរ ស្ទឹងក្រោល និងអូរដំណាក់គគីរដែលសុទ្ធតែជាទឹកធ្លាក់។ បើសិនជាភ្ញៀវចង់ឃើញទឹកធ្លាក់ល្បាក់នីមួយៗគ្រប់ ពួកគាត់ដើរពេញ ១ ថ្ងៃក៏មិនអស់ដែរ»។
លោកបន្ដថាចម្ងាយផ្លូវមិនឆ្ងាយប៉ុន្មាននោះទេ តែវាពិបាកត្រង់គ្មានផ្លូវបរស្រួល។ យ៉ាងណាមិញសហគមន៍កំពុងតែរីករាយ និងរំពឹងវត្ដមានផ្លូវក្រួសក្រហមថ្មីសន្លាងនាពេលខាងមុខ។
លោក ឈឺម ឈីម ប្រធានសហគមន៍តំបន់ស្រែកិនស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺដែលបង្កើតឡើងក្នុងឆ្នាំ ២០០៤ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ថា៖ «ពេលឃើញគ្រឿងចក្រកំពុងឈូសឆាយពូនជាផ្លូវនេះ ប្រជាជនយើងមានការសប្បាយរីករាយណាស់។ ម្នាក់ៗនាំគ្នាឈរមើលផ្លូវក្នុងទឹកមុខញញឹមញញែម ពីព្រោះយើងមិនដែលបានឃើញ និងប្រើប្រាស់ផ្លូវល្អឡើយ»។
លោកបានបញ្ជាក់ថា៖ «យើងរំពឹងថាក្រោយពីមានផ្លូវលំ ១ ខ្សែនេះសហគមន៍តំបន់ស្រែកិននឹងទទួលភ្ញៀវទេសចរកាន់តែច្រើនមកលេងភ្នំឱរ៉ាល់ដែលជាឱកាសការងារបម្រើវិស័យអេកូទេសចរណ៍នៅកម្ពុជា»៕
វីដេអូ៖