ក្រុងព្រះវិហារ៖ ក្នុងចំណោមពលរដ្ឋឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ និងឃុំរអាង នៃស្រុកសង្គមថ្មី ដែលអាស្រ័យចំណូលពីវិស័យអេកូទេសចរណ៍ រឹម ធឿន តែងជិះម៉ូតូឌុបភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍ជាច្រើននៅលើភ្នំត្បែង ក៏ដូចជា អ្នកសែងអីវ៉ាន់ជូនភ្ញៀវជាថ្នូរនឹងប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អង្គុយលើម៉ូតូពណ៌ខ្មៅដែលកាលពី ២ ឆ្នាំមុន ត្រូវបានដោះជា ២-៣ បំណែកនៅមុនពេលស្ពាយឡើងភ្នំ រឹម ធឿន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំចាប់ផ្ដើមអាជីពជាអ្នកជូនភ្ញៀវទេសចរតាំងពីមុនមិនទាន់មានជណ្ដើរឡើងភ្នំត្បែង [ជណ្ដើរបេតុងកសាងឡើងក្នុងឆ្នាំ ២០១៦]។ ប៉ុន្ដែភ្ញៀវកាន់តែសម្បូរច្រើនរយៈពេលប្រមាណ ៣ ឆ្នាំចុងក្រោយនេះ»។
ក្នុងសម័យដែលកងកម្លាំងប៉ុលពត នៅមិនទាន់ធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ធឿន ត្រូវបានតាយាយ និងឪពុកម្ដាយដឹកនាំមកជ្រកកោននៅលើព្រៃភ្នំ ដោយបារម្ភពីការផ្លោងគ្រាប់នៅបន្ដប៉េះរប៉ោះ។
តាំងពីធំដឹងក្ដី ធឿន ស្គាល់តែព្រៃភ្នំ ធឿនធ្លាប់មានបំណងចង់ស្វែងរកឱកាសការងារក្រៅតំបន់ភ្នំត្បែង តែយុវជនរូបនេះសារភាពថា ពុំមានឱកាសបានក្រេបចំណេះវិជ្ជា និងមុខជំនាញជាក់លាក់។
បរម៉ូតូបណ្ដើរ និយាយបណ្ដើរ យុវជនជាឪពុកកូន ២ នាក់រូបនេះ បានបន្ថែមថា៖ «ខ្ញុំបានរៀនត្រឹមថ្នាក់ទី ២ ដោយខ្ញុំចូលរៀនដល់អាយុ ១៥ ឆ្នាំហើយ។ ខ្ញុំរៀនអត់ចូលទេ ខ្ជិល។ ពីមុនមក ជំនាន់ខ្ញុំនោះអត់មានគ្រូបង្ហាត់ទេ ហើយដល់ពេលមានគ្រូ ខ្ញុំធំបាត់ទៅហើយ»។
ធឿន ដែលហាក់ដូចជាមិនស្គាល់ជីវិតទីក្រុង និងរបៀបរបបនៃការរស់នៅរបស់អ្នកទីក្រុង តែងរៀបចំខ្លួនជាស្រេចរង់ចាំដំណើរភ្ញៀវមកដល់ខ្ទង់ម៉ោង ៩ ឬ ១០ ព្រឹក ក្រោយពីទទួលបានការទាក់ទងកក់ទុកមុន។
ឌុបភ្ញៀវម្នាក់ និងអីវ៉ាន់ ១ កញ្ចប់ធំខាងមុខរបស់ព្រះចៅអធិការវត្ដថ្ម ៣ ដុំ លោក ធឿន បញ្ជាដៃចង្កូតម៉ូតូលើផ្លូវរអិល និងរដិបរដុប តែមិនភ្លេចរៀបរាប់ត្រួសៗពីទិដ្ឋភាពដងផ្លូវ។
ពេលកំពុងជិះម៉ូតូកាត់វាលសំណឹកថ្ម ដែលមើលឃើញគ្រាប់ថ្មត្រូវបានតម្រៀបគ្នាឡើងខ្ពស់ៗ លោកប្រាប់ថា៖ «គេជឿថា កន្លែងនេះមានភាពស័ក្ដិសិទ្ធិ បើគេអាចបន្ដុបដុំថ្មបានខ្ពស់កាលណា វាធ្វើឲ្យរាសីយើងឡើងខ្ពស់ដូច្នោះដែរ»។
ឡើងដល់កំពូលភ្នំត្បែង វាជាវេលាស្រស់ស្រូបអាហារថ្ងៃត្រង់នៅវត្ដដំបូកខ្មៅ ហើយរមណីយដ្ឋានធម្មជាតិដំបូង គឺទឹកដំបូកខ្មៅ ដែលស្ថិតនៅចម្ងាយតែ ១ គីឡូម៉ែត្រពីអារាម។
បន្ដដំណើរទៅមុខ ដោយកន្លែងខ្លះត្រូវដោលជើង និងអ្នករួមដំណើរត្រូវចុះរុញ លោកបាននិយាយថា ភ្ញៀវទេសចរជាច្រើនចូលចិត្ដទៅលេងវត្ដតាំងយូ និងទឹកធ្លាក់តាំងយូ។ ពីអារាមថ្ម ៣ ដុំ វាចំណាយពេល ៣ ម៉ោងជិះម៉ូតូ។ ទាំងទៅទាំងមក អ្នកជូនភ្ញៀវរូបនេះ គិតតម្លៃ ១៥ ម៉ឺនរៀល។
លោក ធឿន ដែលបាននិយាយសរសើរពីសម្រស់ទឹកធ្លាក់តាំងយូ ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពធំមួយបានប្រាប់ ភ្នំពេញប៉ុស្ដិ៍ ថា៖ «ទេសចរភាគច្រើនធ្វើដំណើរឡើងភ្នំត្បែងតាមជណ្ដើរ ១ ៣៤៥ កាំ កាត់តាមវត្ដថ្ម ៣ ដុំ រួចបន្ដដំណើរទៅវត្ដតាំងយូ និងទឹកធ្លាក់តាំងយូ។ ប៉ុន្ដែពួកគេអាចជ្រើសរើសផ្លូវមួយទៀត ដោយការឡើងភ្នំតោងវល្លិ៍ពីភូមិបាក់កាំ ឃុំឈានមុខ ស្រុកភ្នំត្បែង ចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ»។
ទៅដល់អារាមថ្ម ៣ ដុំ ជាទីដែលលោក រឹម ធឿន សម្រាកទទួលទានទឹកត្រជាក់នៅតូបចាប់ហួយតូចៗប៉ុន្មានតូប ដើម្បីទុកឱកាសឲ្យភ្ញៀវរីករាយនឹងការដើរទស្សនាក្នុងបរិវេណអារាម បែបន់វត្ថុស័ក្ដិសិទ្ធិនៅទីថ្ម ៣ ដុំ ព្រមទាំងគយគន់ទេសភាពជ្រលងភ្នំ ដែលបដាឈើមួយរំលេចនូវពាក្យពេចន៍ថា «ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ»។
យ៉ាងណាមិញ បើទោះបីជាភ្នំត្បែងទទួលភ្ញៀវច្រើនជាហូរហែយ៉ាងណាក៏ដោយ ក៏ពួកគេភាគច្រើនធ្វើត្រឹមទឹកធ្លាក់ត្បែង ដែលពួកគេអាចធ្វើដំណើរដោយខ្លួនឯង ខណៈដែលភ្ញៀវបរទេសចូលចិត្ដដើរ ស្ពាយអីវ៉ាន់ខ្លួនឯង និងបោះតង់ស្នាក់នៅក្នុងព្រៃ។
ក្រៅពីរបរជាមគ្គុទេសក៍ និងដឹកជញ្ជូនភ្ញៀវទៅកាន់តំបន់ទេសចរណ៍លើភ្នំត្បែង ធឿន ក៏ប្រកបរបរស្ពាយអីវ៉ាន់ជូនភ្ញៀវ ក្នុងកម្រៃឈ្នួល ៣ ម៉ឺនរៀល ចំពោះការសែងអីវ៉ាន់ឡើងភ្នំពីចន្លោះ ៣០ ទៅ ៤០ គីឡូក្រាម។
បច្ចុប្បន្ន គោយន្ដមានចំនួន ៤ គ្រឿង នៅលើភ្នំត្បែង ដោយគោយន្ដនីមួយៗត្រូវបានដោះបំបែកជាច្រើនផ្នែក រួចស្ពាយឡើងភ្នំបន្ដិចម្ដង។
យុវជនអាស្រ័យចំណូលភាគច្រើនពីសេវាកម្មទេសចរណ៍រូបនេះ បានបញ្ជាក់ថា៖ «កាលពីមុនមានតែ ១ គ្រឿងទេ ទើបថ្មីៗនេះ គេយកបន្ថែម ៣ គ្រឿងទៀត។ គោលបំណងចម្បង គឺការដឹកជញ្ជូនភ្ញៀវទៅតាមវត្ដនានា និងកន្លែងទេសចរណ៍ផ្សេងៗ»។
អ្នកមានគម្រោងដំណើរកម្សាន្ដភ្នំត្បែង និងត្រូវការសេវាកម្មដឹកជញ្ជូន អាចទាក់ទងលោក រឹម ធឿន តាមរយៈទូរស័ព្ទ ០៨៨ ៧៧ ៣៣ ០៦២៕
វីដេអូ៖