ក្រុង​ម៉ិកស៊ីកូ៖ បាឡែន​ពណ៌​ប្រផេះ​យក្ស ១ ក្បាល មាន​សត្វ​សណ្ឋាន​ខ្ចៅខ្យង​តោង​ពេញ​ខ្លួន បាន​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ទូក​ទេសចរ​តូច​មួយ​ក្នុង​ដែន​សមុទ្រ​នៃ​ឆកបាចា កាលីហ្វ័រនីញ៉ា ភាគ​ពាយព្យ​ប្រទេស​ម៉ិកស៊ិក។

ដំណើរ​របស់​ថនិកសត្វ​បណ្ដើរ​កូន​ក្នុង​ទឹក ស្រប​ពេល​មាន​ការ​ថមថយ​នៃ​ការ​រីក​រាលដាល​ជំងឺ​ឆ្លង​សកល​បាន​ជួយ​ស្តារ​កំណើន​ទេសចរណ៍ ដែល​កំពុង​តែ​ត្រដាបត្រដួស​នេះ។

សម្រាប់​ភ្ញៀវ​ទេសចរ ឱកាស​បាន​ប៉ះ​សត្វ​ធំ​បំផុត​មួយ​លើ​ភពផែនដី​នេះ​បី​ដូច​ជា​ការ​ប្រោះព្រំ​ដ៏​រីករាយ ខណៈ​វិបត្ដិ​កូវីដ​បាន​សម្លាប់​មនុស្ស​ជាង ២០ ម៉ឺន​នាក់​នៅ​ម៉ិកស៊ិក ជា​តួលេខ​ខ្ពស់​បំផុត​លំដាប់​លេខ ៣ ក្នុង​ពិភព​លោក។

លោក វីលប៊ឺត ជា​ភ្ញៀវទេសចរ​ម៉ិកស៊ិក ដែល​ធ្វើ​ដំណើរ​ពី​រដ្ឋ​ភាគខាងត្បូង អូសាស្យា ទៅ​កាន់​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​តំបន់​ឆ្នេរ​ឯ​ឆកបាចា កាលីហ្វ័រនីញ៉ា។ រៀងរាល់​ឆ្នាំ បាឡែន​ប្រផេះ បាន​ធ្វើ​ដំណើរ​ប្រមាណ ៩ ពាន់​គីឡូម៉ែត្រ​ពី​តំបន់​រង​អាកាសធាតុ​រដូវ​ក្ដៅ​នៃ​ឆ្នេរ​អាឡាស្កា ​ដើម្បី​មក​បង្កាត់​ពូជ និង​ផ្ដល់​កំណើត​កូន​នៅ​ភាគ​ពាយព្យ​ប្រទេស​ម៉ិកស៊ិក។

ជាមួយ​ទំហំ​មាឌ​ប្រហាក់ប្រហែល​នឹង​បាឡែន​ខ្នង​គម វា​មាន​ប្រវែង​ខ្លួន​រហូត​ដល់ ១៥ ម៉ែត្រ និង​ទម្ងន់​ចន្លោះ​ពី ៣០ ទៅ ៤០ តោន​ឯណោះ។

ភ្ញៀវ​ទេសចរ​មានឱកាស​​ស្ទាប​ក្បាល​បាឡែន​ពណ៌​ប្រផេះ​។ រូបថត AFP

ម៉ិកស៊ិក ​គឺ​ជា​គោលដៅ​ទេសចរណ៍​ដែល​មិន​បាន​បិទ​ព្រំដែន ឬ​តម្រូវ​លទ្ធផល​តេស្ដ​អវិជ្ជមាន​កូវីដ ១៩ មុន​ពេល​ចូល​ប្រទេស​ខ្លួន​ឡើយ។

យ៉ាងណា​មិញ អ្នក​នេសាទ និង​ជា​មគ្គុទេសក៍​ទេសចរ​ម្នាក់ ណាមេន ដូមីងហ្គេស បាន​និយាយ​ថា៖ «ពេល​នេះ មាន​ភ្ញៀវ​ត្រឹមតែ​ពី ៦ ទៅ ៧ នាក់​ក្នុង ១ ទូក ដោយសារ​យើង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព»។

អង្គុយ​នៅ​ក្នុង​ទូក​តូច មាន​បាឡែន​ហែល​ក្រវែល ទេសចរ​ម៉ិកស៊ិក​ឈ្មោះ ក្លោឌៀ ហ្គៃតាន បាន​និយាយ​ថា៖ «យើង​អាច​កាន់​ស្ទាប​ពួក​វា និង​មើល​មេ​របស់​វា​ហែល​បណ្ដើរ​កូន។ បាឡែន ២ ក្បាល ​កំពុង​លេង​យ៉ាង​សប្បាយ​ជាមួយ​យើង»៕ AFP/HR