ក្រុង​ស៊ីដនី៖​​ ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​សន្ធឹក​កំពុង​នាំ​គ្នា​ទៅ​លេង​ភ្នំ​ថ្ម​ Uluru ឬ​ហៅ​ថា Ayers Rock មុន​ពេល​បម្រាម​ចូល​ឡើង​ជាន់​ទីឋាន​សក្ការៈ​របស់​ជនជាតិ​​ដើម​ភាគ​តិច​អូស្ដ្រាលី​ចូល​ជា​ធរមាន​។

រូបភាព​មនុស្ស​ឡើង​ភ្នំ​ក្រហម​រាប់​ពាន់​សន្លឹក​បាន​បង្ក​ការ​រិះគន់​ពេញ​បណ្ដាញ​សង្គម​ ដោយ​ក្រុម​អ្នក​រិះគន់​ចោទ​ឡើង​ថា​ ភ្ញៀវ​ទាំង​នោះ​ប្រឆាំង​នឹង​បំណង​​ជនជាតិ​ អាណានហ្គូ។

អ្នក​សារព័ត៌មាន​ National Indigenous Television ម៉ាដេលីន ហាមេនរេបេ ដែល​បាន​ហៅ​​ តថភាព​នោះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​អាម៉ាស់​បាន​និយាយ​ថា​៖ «​ចូរ​គិត​ថា ​ការ​ឡើង​ភ្នំ​ក្រហម Uluru មុន​ពេល​បិទ​ វា​ហាក់​ដូចជា​អស់​លោក​បង្ហាញ​ពី​ការ​មិន​គោរព​ចំពោះ​វប្បធម៌​ចំណាស់​បំផុត​ក្នុង​ពិភព​លោក​អ៊ីចឹង​»។

ក្រុម​មន្ដ្រី​បាន​និយាយ​ថា បម្រាម​ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ​២៦ ខែ​តុលា​ខាង​មុខ​ ត្រូវ​បាន​ដាក់​ឡើង​បំណង​បង្ហាញ​ការ​គោរព​ចំពោះ​ប្រពៃណី​វប្បធម៌​ ដោយ​ការពារ​តំបន់​ពិសិដ្ឋ​ពី​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ និង​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​។

ភ្ញៀវ​កាន់តែច្រើន​សម្រុក​មក​ឡើង​ភ្នំ​​ Uluru ឲ្យ​បាន​មុន​ថ្ងៃ​ចេញ​​បម្រាម​ឡើង​ភ្នំ​។ រូបថត AFP

បើ​យោង​តាម​ Parks Australia មនុស្ស​ជិត ៤០ ម៉ឺន​នាក់ ​បាន​មក​លេង​ឧទ្យាន​ជាតិ​អ៊ូលូរូកាតា​ក្នុង​រយៈពេល ១២ ខែ ​រហូត​ដល់​ខែ មិថុនា​ ឆ្នាំ ​២០១៩​ ដោយ​លើស​ ២០ ភាគរយ ​ពី​ឆ្នាំ​មុន។

អាជ្ញាធរ​បាន​និយាយ​ថា ភ្ញៀវ​ប្រមាណ ១៣ ភាគរយ​ ដែល​មក​លេង​​ភ្នំ​​ក្រហម​អំឡុង​ពេល​នោះ​បាន​នាំ​គ្នា​ឡើង​ភ្នំ​ថ្ម​ ​ឱកាស​ចុង​ក្រោយ។

លោក ស្ទីហ្វិន ឈូវើ អគ្គនាយក​ Tourism Central Australia បាន​និយាយ​ថា ភ្ញៀវ​ជប៉ុន​ និង​អូស្ដ្រាលី ​នៅ​ថ្ងៃ​វិស្សមកាល​ហាក់​ដូចជា​ចង់​ឡើង​ភ្នំ Uluru ខ្លាំង​ជាង​គេ​ ទោះបី​ជា​លោក​ស្នើ​ពួក​គេ​កុំ​ឲ្យ​ឡើង​យ៉ាង​ណា​ក៏​ដោយ​។

ភ្ញៀវ​ទេសចរ​អូស្ដ្រាលី បេលីនដា ម័រ អាយុ ៣៣ ឆ្នាំ បាន​បើក​ឡាន​ពី​ផ្ទះ​ទៅ​កាន់ Uluru ភាគ​កណ្ដាល​រដ្ឋ​ឃ្វីនលែន​បំណង​ឡើង​ភ្នំ​ក្រហម​ ជា​បទពិសោធ​ដែល​អ្នកនាង​​និយាយ​ថា​ ពិត​ជា​ពេញ​ចិត្ដ​មែន​ទែន​។

អ្នកនាង​ ម័រ ដែល​កត់​សម្គាល់​ឃើញ​ការ​ឡើង​ភ្នំ​ក្រហម​មិន​មែន​ជា​ទង្វើ​មាក់​ងាយ​ដល់​ម្ចាស់​ស្រុក​ បាន​ពន្យល់​ថា​៖ «​វា​តែងតែ​មាន​អ្វី​ដែល​យើង​ចង់​ធ្វើ ហើយ​ពេល​យើង​ឮ​ថា វា​នឹង​បិទ​ យើង​គ្មាន​​​ជម្រើស​អ្វី​ក្រៅ​ពី​ខំ​ទៅ​ស្គាល់​ឲ្យ​ហើយ​នោះ​ទេ​ បើ​មិន​ឡើង​ភ្នំ​ថ្ងៃ​នេះ អស់​ឱកាស​ហើយ»។

ការ​ឡើង​ភ្នំ​ក្រហម​នឹង​ចាប់​ផ្ដើម​បិទ​ជា​រៀង​រហូត​នៅ​ថ្ងៃទី ២៦ ខែ​តុលា ជា​ទិវា​ប្រគល់​ដែន​ដី​ពិសិដ្ឋ​នេះ​ដល់​ម្ចាស់​ស្រុក​ អាណានហ្គូ ​វិញ។

ភ្នំថ្ម ​Uluru ជា​ទីឋាន​សក្ការៈ​បូជា​ និង​វប្បធម៌​ដល់​ជនជាតិ​ដើម​ភាគ​តិច​អូស្ដ្រាលី ដោយ​ពួក​គេ​មាន​ទំនាក់​ទំនង​ផ្សារ​ភ្ជាប់​នឹង​ភ្នំ​ពិសិដ្ឋ​នេះ​តាំង​ពី​រាប់​ម៉ឺន​ឆ្នាំ​មុន​។

ទោះបី​ជា​ចំនួន​ភ្ញៀវ​នឹង​ធ្លាក់​ចុះ​ពេល​​បម្រាម​ចូល​ជា​ធរមាន​ លោក ស្ទីហ្វិន ឈូវើ បាន​និយាយ​ថា​ ប្រតិបត្ដិករ​​ទេសចរណ៍​ក្នុង​ស្រុក​មិន​បាន​បារម្ភ​ឡើយ។

លោក​បន្ដ​ថា​៖ «​យើង​គ្រាន់​តែ​រង់ចាំ​មើល​ឱកាស​ឡើង​ភ្នំ​ ដែល​កត់ត្រា​ទុក​ក្នុង​ប្រវត្ដិសាស្ដ្រ​»៕ AFP/HR