ភ្នំពេញៈ ទេសចរ​បរទេស​ម្នាក់​គ្រាន់តែ​ចំណាយ​ត្រឹមតែ ២០ ដុល្លារ​ប៉ុណ្ណោះ នឹង​អាច​ទទួល​បាន​បទពិសោធ​ថ្មីៗ​ពេល​ដើរ​កម្សាន្ត​ជាមួយ​នឹង​ការស្វែងយល់​ពី​វប្បធម៌ ភ្លក្ស​ម្ហូប​ខ្មែរ ឬ​ញ៉ាំ​អាហារ​ជុំ​គ្រួសារ​ម្ចាស់ផ្ទះ​ខ្មែរ ឬ​អាច​រៀន​ធ្វើ​ម្ហូប​ខ្មែរ​តាម​សហគមន៍​នានា តាមរយៈ​សេវាកម្ម​ពិសេស​ពី​ភ្នាក់ងារ Dine with the Locals ដែល​ទើបតែ​ដំណើរការ​ប្រមាណ​ជិត ៧ ខែ​មក​ហើយ​នេះ​។

ក្រោយពី​ចាប់ផ្តើម​ដំណើរការ​ពី​ខែ​មករា​ឆ្នាំ​ ២០១៩ មក​ភ្នាក់ងារ​សេវាកម្ម Dine with the Locals ទទួល​បាន​ភ្ញៀវទេសចរ​ពី​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប អាមេរិក និង​អាស៊ី​បាន ៤០ រូប​ហើយ​សម្រាប់​បទពិសោធ​ញ៉ាំ​អាហារ ឬ​ធ្វើ​ម្ហូបអាហារ​ខ្មែរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍​។

លោក ថូម៉ាស វ័នហូហ្វ៍ (Thomas Wanhoff) ជា​ប្រធាន និង​ស្ថាបនិក​នៃ​ភ្នាក់ងារ Dine with the Locals បាន​ឲ្យ​ដឹងថា​៖ «​បច្ចុប្បន្ន​នេះ​យើង​មាន​តំបន់​ជា​ទិសដៅ​នាំ​ភ្ញៀវ​ចូលរួម ដើម្បី​ស្វែងយល់​ពី​វប្បធម៌ ភ្លក្ស​អាហារ និង​អាច​រៀន​ចម្អិនម្ហូប​អាហារ​ជាមួយ​គ្រួសារ​ខ្មែរ​ចំនួន ៤ ខេត្ត-ក្រុង​គឺ​ភ្នំពេញ ខេត្ត​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ​។ មកទល់​ពេល​នេះ​យើង​បាន​នាំ​ក្រុម​ទេសចរ​ចំនួន ៤០ រូប​ហើយ​ដោយ​ពួកគាត់​មកពី​ប្រទេស​ផ្សេងៗ​គ្នា​មាន​ដូចជា​អាល្លឺម៉ង់ ស្វ៊ីស ហូឡង់ អាមេរិក ហុងកុង និង​ប្រទេស​ឥណ្ឌា​»​។

ក្រុម​ទេសចរ​បរទេស​អាច​ជួយ​ធ្វើ​គ្រឿង ដើម្បី​យក​ទៅ​ចម្អិន​ជា​ម្ហូបអាហារ​ជាមួយ​គ្រួសារ​ខ្មែរ​ក្នុង​សហគមន៍​។ រូបថត សហការី

លោក ថូម៉ាស វ័នហូហ្វ៍ បន្ត​ថា​៖ «​គម្រោង​នេះ​រៀបចំ​ផ្សារភ្ជាប់​ទេសចរ​មក​កម្សាន្ត​ស្រុក​ខ្មែរ និង​ពលរដ្ឋ​សហគមន៍​ជា​ម្ចាស់​ផ្ទះ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ តាមរយៈ​ការទទួល​ទាន​អាហារ​មួយពេល​ជុំគ្នា​នេះ​។ អនាគត​យើង​មាន​គោលដៅ​ពង្រីក​ទៅ​កាន់​ចំនួន ២៥ ខេត្ត-ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង​»​។

ទេសចរ​បរទេស​ម្នាក់​គ្រាន់តែ​ចំណាយ​ប្រាក់ ២០ ដុល្លារ​ប៉ុណ្ណោះ​អាច​ទទួល​បាន​នូវ​បទពិសោធន៍​ញ៉ាំ​អាហារ​មួយពេល​ជាមួយ​នឹង​គ្រួសារ​ខ្មែរ​នៅ​តាម​ទីជនបទ​នានា និង​អាច​ចូលរួម​ជួយ​បង្កើត​ការងារ​ក្រៅ​ម៉ោង​សម្រាប់​បងប្អូន​ស្ត្រី​ខ្មែរ​ដែល​មាន​ភារកិច្ច​នៅ​ផ្ទះ​មើល​ខុសត្រូវ​ថែទាំ​កូនចៅ និង​ការងារ​ផ្ទះសំបែង​នោះ​។

អ្នកស្រី លឹម ភានុវង្សរង្សីលាភី ជា​នាយិកា និង​សហស្ថាបនិក​នៃ​ភ្នាក់ងារ​សេវាកម្ម Dine with the Locals លើក​ឡើង​ថា​៖ «​ដោយសារ​ខ្លួនឯង​ជា​ស្ត្រី​ស្រាប់ ហើយ​យល់​ថា​ឃើញ​ថា​បងប្អូន​ស្ត្រី​ខ្មែរ​តាម​តំបន់​សហគមន៍​ជនបទ​នានា​ភាគច្រើន​ពុំ​សូវ​មាន​ឱកាស​មាន​ការងារ​ក្រៅ​ម៉ោង ក្រៅពី​ការមើល​ថែកូន​ចៅ​នោះ​ទេ ក្រោយពី​បាន​រៀបការ​រួចមក​។ ដូច្នេះ​នឹក​ឃើញថា រៀបចំ​ជា​គម្រោង​នេះ​ឡើង​អាច​មាន​ប្រយោជន៍​ទាំង​សងខាង​រវាង​ក្រុម​ភ្ញៀវ​បរទេស​មក​លេង​នៅ​ស្រុក​យើង​ឲ្យ​គេ​អាច​មាន​បទពិសោធ​ភ្លក្ស​ម្ហូប​ខ្មែរ ឬ​រៀន​ចម្អិនម្ហូប​ជាមួយ​ម្ចាស់​ផ្ទះ និង​បងប្អូន​ស្ត្រី​ខ្មែរ​ដែល​ជា​ម្ចាស់ផ្ទះ​នោះ អាច​ទទួល​បាន​ប្រាក់កម្រៃ​ខ្លះ​ដែល​ជា​ភាគរយ​ចែក​ពី​ថ្លៃ​សេវាកម្ម​ពី​ភ្ញៀវ​នោះ​»​។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​សេវាកម្ម​នេះ​ចូល​គេហទំព័រ http://dinewiththelocals.com/ ឬ​ទូរស័ព្ទ 070 238 020/ 015 879 410៕