ក្រុងរ៉ូម: នាវា​កម្សាន្ដ​យក្ស​មួយ​គ្រឿង​ឌីហ្សាញ​យ៉ាង​ពិសេស​សម្រាប់​តែ​ភ្ញៀវទេសចរ​ចិន​ជុំវិញ​រចនាប័ទ្ម​នៃ​ទីក្រុង​វេនិក​ដ៏សែន​រ៉ូមេនទិក​ពី​ប្រទេស​អ៊ីតាលី​កាលពី​សប្ដាហ៍​មុន​ដោយ​រំពឹង​ថា​នឹង​ធ្វើឲ្យ​នាវា Costa ធំ​មហិមា​នេះ​ផ្គាប់​ចិត្ដ​ភ្ញៀវ​ចិន​កំពុង​តែ​កើនឡើង​។

នាវា​កម្សាន្ដ Costa Venezia បាន​ចាកចេញ​ពី​កំពង់ផែ Fincantieri ភាគ​ឦសាន​ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​កាន់​ក្រុង Trieste​។ បន្ទាប់ពី​នោះ​វា​នឹង​ឆ្ពោះ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ជា​ទីសំចត​យក​ភ្ញៀវ​ចិន​ប្រមាណ ៥២៦០ នាក់​លើ​ដំណើរ​ពី​ក្រុង​ស៊ាងហៃ​ទៅកាន់​ប្រទេស​ជប៉ុន​ជាមួយ​ការតុបតែង​បែប​សិល្បៈ​ក្រុង​វេនិក​រួមទាំង​ចូល​ចែវ​ផង​ដែរ​។

អគ្គនាយក​ប្រចាំ​តំបន់​អាស៊ី ម៉ារីអូ ហ្សាណេតទី បាន​និយាយ​ថា​ការបើក​ដំណើរការ​នាវា​កម្សាន្ដ Costa Venezia ពិតជា​ឱកាស​ដ៏ធំ​ប្រវត្ដិសាស្ដ្រ​នាវា Costa នៅ​ប្រទេស​ចិន​។

លោក​បាន​ប្រាប់ AFP ថា​៖ «​នេះ​ជា​នាវា​កម្សាន្ដ​ទី​មួយ​ដែល​យើង​ដាក់​ឲ្យ​ដំណើរការ​ដោយ​បំពេញ​តម្រូវការ​ភ្ញៀវទេសចរ​ជាតិចិន​ដ៏ច្រើន​សន្ធឹក​»​។

នាវា​ស្ថិត​នៅ​ប្រទេស​អ៊ីតាលី​នេះ​បាន​បើក​សេវាកម្ម​នាវា​កម្សាន្ដ​ផ្គាប់​ភ្ញៀវ​ចិន​តាំងពី ១៣ ឆ្នាំ​មុន​។

នាវា​មាន​បន្ទប់​ខារ៉ាអូខេ និង​ក្លិប​លេង​ល្បែង​ជាច្រើន​ផ្គាប់ចិត្ត​ទេសចរ​ចិន​។ រូបថត AFP

Giuliano Noci សាស្ដ្រាចារ្យ​ផ្នែក​យុទ្ធសាស្ដ្រ​នៃ​សាលា​ពាណិជ្ជកម្ម​ Milan Polytechnic បាន​និយាយ​ថា​៖ «​វា​ជា​នាវា​កម្សាន្ដ Costa ដ៏ពិតប្រាកដ​ដែល​ចាប់ផ្ដើម​សេវាកម្ម​កម្សាន្ដ​នេះ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​ ២០០៦ ហើយ​ពេល​នេះ​ទីផ្សារ​ចិន​បាន​ឈរ​លំដាប់​ទី ២ ក្នុង​លោក​បន្ទាប់ពី​អាមេរិក​ខាង​ជើង​»​។

លោក Noci បាន​បន្ដ​ថា​៖ «​ចាប់ពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ​​ ២០១៦ ទីផ្សារ​នាវា​កម្សាន្ដ​ចិន​បាន​កើនឡើង ៧០ ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ជា​តួលេខ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល បើ​ធៀប​នឹង​ទីផ្សារ​នៅ​បស្ចិមប្រទេស​»​។

រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយ​ទីផ្សារ​ចិន​បាន​កើន​អ្នក​ដំណើរ​លើ​នាវា ២,៥ លាន​នាក់ ខណៈ​ចំនួន​សរុប​មាន​ប្រមាណ ១៤០ លាន​នាក់​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​។

ប៉ុន្ដែ​កំណើន​នេះ​ក៏​នឹង​អាស្រ័យ​លើ​អ្វី​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ផងដែរ​។ បើ​ទោះបី​ជា​វា​ធ្វើ​ដំណើរ​តាម​សមុទ្រ​អន្ដរជាតិ នាវា​កម្សាន្ដ Costa Venezia បាន​នាំ​ភ្ញៀវ​ឆ្លងកាត់​ក្រុង​វេនិក​តាមរយៈ​បារ៍​រចនាប័ទ្ម​ទូក​ចែវ​អ៊ីតាលី និង​បុគ្គលិក​ក្នុង​ឯកសណ្ឋាន​នាវាចរ​ផង​ដែរ​។

នាវា​បាន​ផ្ដល់​សេវាកម្ម​ខារ៉ាអូខេ ១១ បន្ទប់ និង​ឱកាស​លេង​ល្បែង​នានា​ជាច្រើន​ទៀត​។ ដំណើរ​លើ​នាវា​កម្សាន្ដ​អ៊ីតាលី​នេះ ភោជនីយដ្ឋាន​ជាច្រើន​នឹង​បម្រើ​មុខម្ហូប​ចិន​ស្រប​ទៅ​តាម​តម្រូវការ​ភ្ញៀវទេសចរ​អាស៊ី​ដ៏ធំ​មួយ​នេះ​៕ HR