ក្រុងខេមរភូមិន្ទ: ផ្ទះស្នាក់ប្រណីតបោះជំរំក្នុងព្រៃកោងកាង តភ្ជាប់ជាបណ្ដាញតែមួយដោយស្ពានឈើខ្វាត់ខ្វែង បន្ថែមភោជនីយដ្ឋានក្បែរចំណតទូក និងអាងហែលទឹកទំនើបអែបមាត់សមុទ្រ ជារូបភាពដ៏ទាក់ចិត្ដក្នុងការកៀរគរភ្ញៀវទេសចរមកពីគ្រប់ច្រកល្ហកជុំវិញពិភពលោក។
ស្ថិតនៅជាប់ក្លោងទ្វារព្រៃកោងកាងរបស់សហគមន៍ពាមក្រសោប រីសតបឹងកាយ៉ាក ឬ Mangrove Sanctuary Resort នៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីទីក្រុងខេមរភូមិន្ទ ទីឋានវិស្សមកាលស្ងប់សុខសម្រាប់អ្នកមានបំណងគេចពីពន្លឺភ្លើងពណ៌ក្នុងទីក្រុង។
បាងហ្គាឡូ បំពាក់បរិក្ខារទំនើប មានទីធ្លាធំទូលាយ ជាមួយរានហាលសម្រាប់គន់ព្រៃកោងកាង ផ្ដល់នូវការសម្រាកប្រកបដោយផាសុកភាពក្នុងព្រៃកោងកាងដៃសមុទ្រពាមក្រសោបនៃខេត្ដកោះកុង។
លោក សារី ជានាយកគ្រប់គ្រងរីសតបឹងកាយ៉ាក បានរៀបរាប់ប្រាប់អំពីប្រភេទសេវាកម្មសម្រាប់បម្រើភ្ញៀវចំពោះរីសតក្បែរព្រៃកោងកាងរបស់សហគមន៍នេះថា Mangrove Sanctuary Resort មានផ្ទះស្នាក់ប្រភេទបាងហ្គាឡូ ភោជនីយដ្ឋាន អាងហែល ទឹក និងដំណើរកម្សាន្ដតាមទូក។
លោកបានឲ្យដឹងថា៖ «ផ្ទះសំណាក់ បាងហ្គាឡូ មានចំនួន ១៧ និងបន្ថែម ១០ តាមប្រភេទគ្រួសារ (Family) ៥០ ដុល្លារសម្រាប់មនុស្ស ២ នាក់ និងអាចបន្ថែមពូក (ពី ៥ ទៅ ៦ ដុល្លារ) ប្រភេទគ្រួសារ (Family Deluxe) ៩០ ដុល្លារ សម្រាប់មនុស្ស ៤ នាក់ និងអាចបន្ថែមពូក ប្រភេទបន្ទប់ Suite ជាផ្ទះធំ បន្ទប់ ២ បន្ទប់ទទួលភ្ញៀវ គយគន់សមុទ្រ តម្លៃ ១៣០ ដុល្លារក្នុង ១ យប់»។
ភោជនីយដ្ឋាន ដែលស្ថិតនៅប្របតាមមាត់ទឹកក្បែរចំណតទូក មានមុខម្ហូបខ្មែរ ម្ហូបបារាំង និងម្ហូបសម្រន់ទាន់ចិត្ដ (មី គុយទាវ) ដែលអាចទទួលភ្ញៀវជាក្រុមរហូតជាង ១០០ នាក់។ ចំពោះម្ហូបមួយមុខមានតម្លៃចាប់ពី ៤ ទៅ ២០ ដុល្លារ។ សម្រាប់ភ្ញៀវសម្រាកនៅទីនេះ យើងមានអាហារពេលព្រឹកដោយឥតគិតថ្លៃជូនពួកគាត់។
ក្រៅពីដើរគន់ព្រៃកោងកាងក្បែរបាងហ្គាឡូ ភ្ញៀវទេសចរអាចបន្ដទទួលយកបទពិសោធនៃការទស្សនាព្រៃកោងកាងកាន់តែកៀកដោយការជិះទូកកម្សាន្ដ។
លោក សារី បានបន្ដថា៖ «ភ្ញៀវប្រហែលជា ៤ ទៅ ៥ នាក់ រយៈពេលមួយម៉ោង មានតម្លៃ ២០ ដុល្លារ ឬ ២ ម៉ោង ២៥ ទៅ ៣០ ដុល្លារ ហើយបើភ្ញៀវចាប់ពី ៧ ទៅ ៨ នាក់ រយៈពេលមួយម៉ោង មានតម្លៃពី ២៥ ទៅ ៣០ ដុល្លារ។
ស្ថិតនៅចុងផុតនៃបរិវេណរីសត ភ្ញៀវអាចចុះហែលទឹកអាង មានតម្លៃ ៤ ដុល្លារសម្រាប់មនុស្សពេញវ័យ និង ២ ដុល្លារកុមារ។ រីឯភ្ញៀវសម្រាកក្នុងផ្ទះសំណាក់ អាចហែលទឹកឥតគិតថ្លៃ។
បើទោះបីជាផ្ទះស្នាក់បាងហ្គាឡូមានសភាពស្ងប់ស្ងាត់នាពេលរាត្រីយ៉ាងណាក៏ដោយ ក៏ពេលថ្ងៃភ្ញៀវស្នាក់នៅក្នុងរីសតហាក់ទទួលភាពអ៊ូអរខ្លាំងពីសំឡេងភ្ញៀវទេសចរជាតិដែលសម្រុកមកលេងកម្សាន្ដជាហូរហែ។
ដោយមើលឃើញពីចំនួនភ្ញៀវមកដើរថតរូបលេងជាហូរហែដ៏ច្រើនសន្ធឹកនេះ លោកបានបញ្ជាក់ថា៖ «ជាទូទៅ រីសតនេះអត់បើកឲ្យភ្ញៀវទេសចរចូលទេ ឬក៏អត់លក់សំបុត្រដែរ តែធម្មតា គាត់ឆ្លាត ពេលគាត់ចង់មកលេងកន្លែងយើង អ៊ីចឹងគាត់មិនដឹងម៉េចបានចូល ដោយសារទីនេះទទួលភ្ញៀវដែលមកទទួលទានអាហារ និងស្នាក់នៅ។ ដូច្នេះគាត់ត្រូវទិញកាហ្វេ ១ កែវ ឬអ្វីមួយតិចតួចដើម្បីចូលស្រួល»៕