ក្រុងប៊ែន: ជារូបភាពដែលមនុស្សជាច្រើនអាចយល់ថាជាការប្រើបច្ចេកទេសកាត់ត ស្លពណ៌ឲ្យស្អាត ទេសភាពបឹងឡេកប្ល៊ូ នៃភូមិអារ៉ូលឡា (Lac Bleu of Arolla) ត្រូវបានទីភ្នាក់ងារ AFP ផ្ដិតយករូបភាពពិតឥតច្នៃប្រឌិតទេ។
បឹងឡេកប្ល៊ូ នៃភូមិអារ៉ូលឡា កម្ពស់ ២០៩០ ម៉ែត្រ ជំទើតក្នុងជ្រលងភ្នំខ្ពស់ដ៏ស្រស់ស្អាត Val d'' Herens រំលេចនូវដើមឈើខ្ពស់ៗ និងព្រៃក្រាស់ ដែលជាជម្រករបស់កំប្រុកម៉ាម៉ុត និងពពែភ្នំ។
ដោយមានពណ៌ខៀវស្រងាត់ពីល្បាយស្លែ និងផែនដីឥដ្ឋ បឹងនេះត្រូវបានទឹកហូរកាត់ល្បឿនលឿនដែលចេញពីប្រភពក្រោមដីកម្ពស់ ១០ ម៉ែត្រពីជម្រាលភ្នំ។
នៅជុំវិញផ្ទៃបឹង មានតុអាហារពិកនិកជាច្រើន។ ប្ល៊ូស៊ី ជាបឹងតូចមួយស្ថិតក្នុងក្រុងកាន់ឌែរស្ដេក ដែលល្បីល្បាញចំពោះសម្រស់ទឹកដ៏ថ្លាឈ្វេង និងពណ៌ខៀវស្រងាត់។
បឹងលើជ្រលងភ្នំនេះ មានភាពទាក់ទាញចំពោះភ្ញៀវទេសចរយ៉ាងខ្លាំងដោយសារតែងាយស្រួលធ្វើដំណើរ និងចតរថយន្ដក្បែរបឹងតែម្ដង។ ឡេកប្ល៊ូ ក៏ពេញនិយមខ្លាំងនៅរដូវក្ដៅ តែភ្ញៀវត្រូវដើរយ៉ាងតិច ៤០ នាទីតាមជម្រាលភ្នំចោតដើម្បីទៅឃើញបឹងខៀវស្រងាត់នោះ។ ពិតជាអស្ចារ្យមែនទែន។
សម្រស់ពណ៌ខៀវនៃផ្ទៃបឹង ដែលកើតពីស្លែតោងដីឥដ្ឋនោះបានធ្វើឲ្យភ្ញៀវមានអារម្មណ៍ចង់លោតហក់លេង បើទឹក មិនសូវត្រជាក់ខ្លាំង។
អ្វីដែលរំជើបរំជួលនោះ បើមាននរណាម្នាក់ចិត្ដសឿងហ៊ានហក់ចូលទឹកដ៏ត្រជាក់ អ្នកឈរមើលប្រាកដជាទះដៃសាទរមិនខាន៕