ក្រុងអូតាវ៉ា: នៅពេល​ព្រលប់ ទេសចរ​ទៅ​ឈរ​ផ្ដុំគ្នា​មើល​ផ្ទាំង​ទឹកកក​ដែល​ហូរ​តាម​ទឹក​ដ៏សែនឆ្ងាយ​ពី​ដែន​កោះ គ្រីនលែន មកកាន់​ឆ្នេរ​ខាង​កើត​ប្រទេស​កាណាដា ដែល​ពេល​នេះ​បំណែក​ភ្នំ​ទឹកកក​ប៉ូល​ខាងជើង​កំពុង​តែ​ចាប់ផ្ដើម​រលាយ​។

ខណៈ​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ការកើនឡើង​នៃ​កម្ដៅ​ផែនដី ផ្ទាំង​ទឹកកក​មកពី​គ្រីនលែន ដែល​បែក​ពី​ភ្នំ​ទឹកកក​ធំ​បាន​អណ្ដែត​មក​កាន់​ភូមិឋាន​នៃ​ញ៉ូវហ្វោនលែន និង​ឡាប្រាឌ័រ ដាច់ស្រយាល​។

ធ្លាប់​ជា​កន្លែង​នេសាទ ខេត្ដ​នេះ​បាន​ក្លាយ​ជា​ទីឋាន​ពេញនិយម​អ្នក​ថតរូប​ថ្មីថ្មោង និង​ភ្ញៀវទេសចរ​ជាមួយ​បំណង​ផ្ដិត​យក​ទស្សនីយភាព​ទឹកកក​រលាយ​បន្ដិច​ម្ដងៗ​។ ពេល​បញ្ចប់​រដូវរងា ភ្នំ​ទឹកកក​ចាប់ផ្ដើម​រំលេច​ខ្លួន​។

បារី ស្ទ្រីកលែន អតីត​អ្នកនេសាទ អាយុ ៥៨ ​ឆ្នាំ​ដែល​បច្ចុប្បន្ន​នាំ​ភ្ញៀវ​តាម​ទូក​តូច​នៅ​ជុំវិញ​បរិវេណ King''s Point បាន​និយាយថា​៖ «​វា​កាន់តែ​ល្អ​ទៅៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ យើង​រៀបចំ​កញ្ចប់​សេវា​ទេសចរណ៍​ពី ១៣៥ ទៅ ១៤០ ឡានក្រុង​ជាមួយ​ទេសចរ​ចាស់ៗ​មកលេង​ទីក្រុង​នេះ​រៀងរាល់​រដូវ​។ ដូច្នេះ​វា​ពិត​ជា​ល្អ​សម្រាប់​សេដ្ឋកិច្ច​»​។

ផ្ទាំង​ទឹកកក​រំលេច​ស្រទាប់​ពណ៌​ខៀវ ស និង​បៃតង​ដូច​ត្បូង​។ រូបថត AFP

រយៈពេល ៤ ឆ្នាំ​ចុងក្រោយ​លោក ស្ទ្រីកលែន បាន​នាំ​ភ្ញៀវ​មើល​បំណែក​ទឹកកក​រសាត់អណ្ដែត​ដែល​មាន​កម្ពស់​ជាច្រើន និង​ទម្ងន់​រាប់ម៉ឺន​តោន​។ ខ្យល់ និង​ចរន្ដ​ទឹកសមុទ្រ​បាន​នាំ​យក​បំណែក​ផ្ទាំង​ទឹកកក​ពី​ភាគ​ពាយព្យ​កោះគ្រីនលែន លើ​ចម្ងាយ​ផ្លូវ​រាប់ពាន់​គីឡូម៉ែត្រ ដល់​ច្រាំង​នៃ​ប្រទេស​កាណាដា​។

ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍ ទឹកកក​រាប់ពាន់​ឆ្នាំ​អាច​រលាយ​ជា​ទឹក​ចូល​មហាសាគរ​យ៉ាង​ឆាប់រហ័ស​។ ដំណើរ​កម្សាន្ដ​តាម​ទូក​របស់លោក ស្ទ្រីកលែន ត្រូវ​បាន​កក់​ពេញៗ​អំឡុងពេល​រដូវ​សម្បូរ​ភ្ញៀវ​ពី​ខែ​ឧសភា​ដល់​ខែ​កក្កដា ដោយ​ភ្ញៀវទេសចរ​ជុំវិញ​ពិភពលោក​មកកាន់ King''s Point ជា​ភូមិឋាន​មួយ ដែល​មាន​ប្រជាជន​តែ​ប្រមាណ ៦០០ នាក់​។

កាលពី​ឆ្នាំ​មុន​ភ្ញៀវទេសចរ​សរុប ៥០ ​ម៉ឺន​នាក់​មក​កម្សាន្ដ​ខេត្ដ ញ៉ូវហ្វោនលែន និង​ឡាប្រាឌ័រ ជា​ចំនួន​មួយ​ស្មើ​នឹង​ចំនួន​ប្រជាជន​សរុប​ក្នុង​ខេត្ដ​តែម្ដង​។ បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា ភ្ញៀវ​ទាំង​នោះ​បាន​ចំណាយ​ប្រាក់​ប្រមាណ ៤៣៣ លាន​ដុល្លារ​។ ពេល​នេះ​ទេសចរ​កំពុង​រីករាយ​នឹង​ទស្សនីយភាព និង​បទពិសោធ​ប្លែក​ភ្នែក​នៃ​បំណែក​ភ្នំ​ទឹកកក​យក្ស​។

អ្នកស្រី មេលីស្សា អាកមេន ជា​ភ្ញៀវទេសចរ​អាមេរិក​បាន​និយាយថា​៖ «​បំណែក​ភ្នំ​ទឹកកក​ជាច្រើន​ផ្ដល់​នូវ​ភាព​វិជ្ជមាន និង​អវិជ្ជមាន​»​។

លោក ឡូរ៉េន លូកាហ្សូ ទេសចរ​បារាំង​អាយុ ៣៤ ​ឆ្នាំ​បាន​និយាយ​ថា​ការទស្សនា​បំណែក​ភ្នំ​ទឹកកក​ពិតជា​អស្ចារ្យ តែ​លោក​ក៏បាន​ប្រាប់​ដែរ​ថា​៖ «​វា​ជា​តថភាព​ឆ្លុះបញ្ចាំង​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​ផ្ទាំង​ទឹកកក​រសាត់អណ្ដែត​ទៅកាន់​ដែន​ទឹកក្ដៅ​»៕ HR