ក្រុងច្បារមន: ភាពស្រស់បំព្រងនៃជួរភ្នំជ្រាវរលករលេញជាទីឋានកំពុងល្បីល្បាញទឹកធ្លាក់ ៧ ដំណាក់លាតសន្ធឹងហ៊ុមព័ទ្ធវាលស្រែ ចម្ការក្រូចពោធិ៍សាត់ ដើមត្នោត និងចម្ការអំពៅឆ្ងាយដាច់កន្ទុយភ្នែកបានបង្កើតភាពទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរដែលប្រាថ្នាសម្រស់ធម្មជាតិទាំងការសម្រាកក្នុងផ្ទះស្នាក់បែបអ្នកជនបទ និងទទួលទានអាហារដែលគ្រាន់តែបេះបោចបន្លែបង្ការនៅជុំវិញផ្ទះ។
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីជើងជ្រាវ ផ្ទះស្នាក់លោកស្រី បូ ផុសលើផ្ទៃដី ២០ ហិកតាដែលមានផ្ទះបុរាណខ្មែរ ៤-៥ ខ្នងអមដោយសួនផ្កា ដំណាំហូបផ្លែ បន្លែបង្ការ ក្យូសលម្ហែ និងទីវាលស្មៅសម្រាប់ការបោះជំរំ ក្នុងឃុំអមឡាំង ស្រុកថ្ពង ចម្ងាយ ១២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញជាទីឋានគេចពីភាពមមាញឹក អាប់អួ និងផ្សែងយានយន្ដ ដើម្បីបន្ធូរភាពតានតឹងជាមួយខ្យល់អាកាសធម្មជាតិ។
អ្នកស្រី បូ សុភារី ម្ចាស់ផ្ទះស្នាក់លោកស្រី បូ និងជាមគ្គុទ្ទេសក៍ថ្នាក់ជាតិជំនាន់ទី ១ ប្រើប្រាស់ភាសាបារាំងបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ផ្ទះស្នាក់លោកស្រី បូ ជាឈ្មោះម្ដាយរបស់ខ្ញុំ។ គាត់ត្រូវការការរស់នៅបែបធម្មជាតិ ហើយខ្ញុំយល់ថា ភ្ញៀវក៏ត្រូវការដូចគ្នា។ អ្នកនៅភ្នំពេញមិនសូវមានខ្យល់បរិសុទ្ធប៉ុន្មានទេ ហើយពួកគាត់ស្ដ្រេសពីការងារ។ ដូច្នេះពួកគាត់ចង់មកកម្សាន្ដបែបធម្មជាតិ។ វាស័ក្ដិសមចំពោះដំណើរកម្សាន្ដវិលល្ងាច គេងមួយយប់ ឬគេង ២ យប់»។
អង្គុយក្នុងក្យូសក្បែរផ្ទះឈើប្រក់ក្បឿងធំមួយខ្នង មគ្គុទ្ទេសក៍និយាយភាសាបារាំង អ្នកស្រី បូ សុភារី អាយុ ៣៣ ឆ្នាំ បានប្រាប់ពីអ្វីដែលអ្នកភ្នំពេញត្រូវការបំផុតនោះថា៖ «ទោះខ្ញុំរៀបចំផ្ទះស្នាក់បែបធម្មជាតិ ដែលគេងក្រាលកន្ទេលចងមុងយ៉ាងណាក៏ដោយ តែខ្ញុំមានបន្ទប់ទឹកឲ្យគាត់ត្រឹមត្រូវ»។
ស្ថិតនៅក្បែរជើងភ្នំជ្រាវ ដ៏មានសក្ដានុពលផ្នែកអេកូទេសចរណ៍ ផ្ទះស្នាក់លោកស្រី បូ ផ្ដល់សេវាកម្មជូនភ្ញៀវដើរកម្សាន្ដទៅកាន់ទឹកធ្លាក់ ៧ ជាន់ក្នុងបំណងបង្កើតចំណូលចិត្ដដើរព្រៃ និងការទស្សនាថ្ងៃលិចក្នុងចម្ការអំពៅ។
បើកទទួលភ្ញៀវនៅឆ្នាំ ២០១៧ ម្ចាស់ផ្ទះស្នាក់រូបនេះបាននិយាយថា៖ «តាមពិត ភ្ញៀវជាតិ ពួកគាត់អាចទៅលេងដោយខ្លួនឯង ដោយស្ថិតនៅមិនឆ្ងាយពីកន្លែងចតឡាន។ ប៉ុន្ដែបើភ្ញៀវត្រូវការសេវាកម្មពីផ្ទះស្នាក់លោកស្រី បូ យើងមានអ្នកនាំផ្លូវជូនគាត់។ វាជាទេសចរណ៍ផ្សងព្រេងលក្ខណៈស្រាល។ បានន័យថា ទាំងទៅទាំងមកត្រូវចំណាយរយៈពេល ៣ ម៉ោងសម្រាប់ទឹកធ្លាក់ជ្រាវជាន់ទី ៧។ សំខាន់យើងផ្ដោតលើបទពិសោធនៃការដើរព្រៃដោយមិនដើរចូលលេងទឹកជ្រោះតាំងពីជាន់ទី ១ ដល់ទី ៧ នោះទេ។ ពោលគឺពេលយើងចតឡានហើយ យើងដើរចូលព្រៃ និងចូលនៅទឹកធ្លាក់ទី ៧ ងូតទឹកលេងតែមួយកន្លែងតែម្ដង»។
អ្នកស្រីបានឲ្យដឹងថា ទឹកធ្លាក់ភ្នំជ្រាវដែលមានចម្ការក្រូចពោធិ៍សាត់មួយនៅមិនទាន់អស់ត្រឹមដំណាក់ទី ៧ នោះទេដោយភ្នំជ្រាវនៅមានទឹកធ្លាក់ច្រើនដំណាក់ទៀត។ ប៉ុន្ដែសហគមន៍រៀបចំត្រឹមដំណាក់ទី ៧ នេះដើម្បីឲ្យភ្ញៀវអាចឡើងទៅលេងបាន។
មគ្គុទ្ទេសក៍ដែលបង្កើតផ្ទះស្នាក់សម្រាប់ឪពុកម្ដាយរស់នៅក្នុងសភាពបែបធម្មជាតិ ដោយមានភ្ញៀវចេញចូលមិនបង្កើតភាពអផ្សុក សុភារី បានបន្ដថា៖ «យើងនៅមានកញ្ចប់ដំណើរការកម្សាន្ដមើលថ្ងៃលិច ក្បែរចម្ការអំពៅខាងមុខផ្ទះស្នាក់យើងខ្ញុំ។ ភ្ញៀវជាតិក៏អាចជិះគោយន្ដលេងតាមភូមិ មើលវត្ដ មើលវាលស្រែ បើគាត់ចាប់អារម្មណ៍។ ប៉ុន្ដែប្រភេទដំណើរកម្សាន្ដបែបនេះភាគច្រើនតែភ្ញៀវអឺរ៉ុបទេ ដែលគាត់ចាប់អារម្មណ៍ជាង»។
ទីតាំងបែបជនបទស្ងប់ស្ងាត់ បរិស្ថានរំលេចនូវធម្មជាតិបៃតងស្រស់ដែលភ្ញៀវធ្វើដំណើរចេញចូល លេងទឹកធ្លាក់ ជិះគោយន្ដ និងកង់លុកលុយតាមភូមិ ផ្ទះស្នាក់ដាច់ស្រយាលក្បែរជើងភ្នំ និងបោះតង់ទស្សនាហ្វូងតារាពេលរាត្រី តើមាននរណាដឹងថា អមឡាំង ជាអតីតមន្ទីរឃុំឃាំងអ្នកទោស និងជាវាលពិឃាតពលរដ្ឋខ្មែររាប់ម៉ឺននាក់ក្នុងរបបខ្មែរក្រហម?
អ្នកស្រី បូ សុភារី បានឲ្យដឹងថា៖ «ដោយមានកិច្ចសហការជាមួយសារមន្ទីរទួលស្លែង យើងបានរៀបចំប្រភេទកម្មសិក្សាសម្រាប់សិស្ស-និស្សិតនៅអមឡាំងដែលយើងបានដឹងហើយថា ទីនេះគឺជាអតីតតំបន់សង្គ្រាមរ៉ាំរ៉ៃ ហើយជាកន្លែងឃុំឃាំង ឬហៅ ម-១៣ ចម្ងាយជាង ១០ គីឡូម៉ែត្រពីផ្ទះលោកស្រី បូ។ ម-១៣ ជាទីកន្លែងឃុំឃាំងផង និងជាគុកទារុណកម្មផង។ អ៊ីចឹង យើងអាចចុះកម្មវិធីដែលរៀបចំឡើងដោយសារមន្ទីរគុកទួលស្លែង ដែលពួកគាត់អាចជូនសិស្សទៅមើលនៅទីនោះបាន»។
បើមិនមានការនិទានរឿងប្រវត្ដិអតីតកាលដែលកន្លងផុតជាង ៤០ ឆ្នាំមកនេះ គ្មានភ្ញៀវណា ជាពិសេសបរទេសបានដឹងថា តំបន់អេកូធម្មជាតិដ៏ស្រស់បំព្រងនេះ ជាអតីតតំបន់មន្ទីរឃុំឃាំង និងធ្វើទារុណកម្មដ៏ព្រៃផ្សៃឡើយ។
មគ្គុទ្ទេសក៍និយាយភាសាបារាំងរូបនេះបានបន្ដថា៖ «បើយើងអត់បាននិយាយពីដំបូងថាជាតំបន់សង្គ្រាមរ៉ាំរ៉ៃ គាត់អត់បានដឹងទាំងអស់។ ភ្ញៀវភាគច្រើនរបស់ខ្ញុំជាជនជាតិបារាំង និងអាល្លឺម៉ង់បានមើលពីទួលស្លែង ស-២១ ឬ S21 រួចហើយ។ វាក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ ឌុច ផងដែរ ដែលនៅមុនសម័យ S21 ដោយវាបានកើតឡើងតាំងពីឆ្នាំ ១៩៧១ ។ វាមានគុកធ្វើទារុណកម្មរួចទៅហើយ»។
អ្នកស្រីបន្ថែមថា៖ «ភ្ញៀវអាចស្ដាប់ការនិទានរបស់ខ្ញុំ យើងអាចទៅមើលភូមិជិតនេះដែលប្រជាជនបានអះអាងដែរថា មានការកាប់សម្លាប់នៅជិតភ្នំជ្រាវ នៅវត្ដតាំងហោង ដែលប្រជាជននាំគ្នាល្បីឃើញឆ្អឹងខ្មោចច្រើន។ ប៉ុន្ដែ ម-១៣ ស្ថិតនៅឆ្ងាយពីផ្ទះនាងខ្ញុំ អ៊ីចឹង យើងត្រូវធ្វើដំណើរ និងការសហការជាមួយមូលដ្ឋានដើម្បីទៅមើល។
ជាមគ្គុទ្ទេសក៍ជំនាញម្នាក់ អ្នកស្រីបានសុំឯកសារពីតំបន់គឺ ម-១៣ និង ម-៩៩ នៅតំបន់ភ្នំឱរ៉ាល់ ដើម្បីនិទានឲ្យភ្ញៀវស្ដាប់ ហើយរូបភាពគឺជារូបឯកសាររបស់មជ្ឈមណ្ឌលឯកសារដែរ និងរូបភាពថ្មីៗដែលខាងក្រុមការងារមន្ទីរបានផ្ដិតរូបភាពជាមួយក្រុមកម្មសិក្សា។ ដូច្នេះអ្នកស្រីប្រើរូបទាំងនេះ ដើម្បីបង្ហាញពន្យល់ភ្ញៀវបន្ថែម។
យ៉ាងណាមិញការនិទានរឿងរ៉ាវដែលបានកើតឡើងក្នុងឃុំអមឡាំងគឺជាល្បោយបន្ថែមសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវបរទេសដែលមានបំណងចង់ដឹងប្រវត្ដិនៃភូមិសាស្ដ្រទីនោះប៉ុណ្ណោះ។ ការផ្ដល់សេវាកម្មចម្បងគឺ ការកម្សាន្ដបែបជនបទធម្មជាតិ។
ជាមួយការស្នាក់នៅក្នុងផ្ទះឈើបុរាណអ្នកជនបទ អ្នកស្រី បូ សុភារី បានបញ្ជាក់ថា ភ្ញៀវត្រូវគេងក្រាលកន្ទេលចងមុង ឬបោះតង់ស្រូបខ្យល់អាកាស និងភាពស្ងប់ស្ងាត់ជាមួយលទ្ធភាពប្រើប្រាស់អគ្គិសនីសូឡាបន្ដិចបន្ដួច គ្មាន WiFi ជាពិសេស ការទទួលទានអាហារត្រូវបានផ្ដល់ដោយម្ចាស់ផ្ទះទៅតាមលទ្ធភាពជាក់ស្ដែង។
ផ្ទះស្នាក់លោកស្រី បូ មានផ្ទះឈើធំមួយដែលមាន ២ បន្ទាប់ និងរានហាលគន់ជួរភ្នំជ្រាវមានតម្លៃម្នាក់ ៦ ដុល្លារមួយយប់រួមមានខ្នើយ ភួយ កម្រាល កន្ទេល ក្រមា និងមុង ក៏ដូចជា កូនផ្ទះតូច (Bangalow) ២ ទៀត តម្លៃ ២០ ដុល្លារ និង ៣៥ ដុល្លារ និងការបោះតង់សម្រាប់មនុស្ស ២ នាក់ តម្លៃ ១២ ដុល្លារ។
អ្នកស្រី សុភារី បានប្រាប់ថា៖ «នៅផ្ទះតូចទាំងនេះ ក្រុមគ្រួសារ ឬមិត្ដភក្ដិ ពួកគាត់អាចស្នាក់នៅស្ងាត់ស្ងៀមបែបឯកជន ហើយគាត់អាចដើរផ្សារចម្អិនម្ហូបអាហារដោយខ្លួនឯង»។
ផ្ទះស្នាក់លោកស្រី បូ ស្ថិតក្នុងភូមិអូរដា ឃុំអមឡាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ចម្ងាយ ១២០ គីឡូម៉ែត្រពីភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៥ បត់ឆ្វេងតាមផ្លូវ ១៣៦ នៅឧដុង្គប្រមាណ ៥៣ គីឡូម៉ែត្ររួចចូលទៅកាន់ទឹកធ្លាក់ជ្រាវនៃផ្លូវលេខ ៥៣។ ពីផ្លូវបំបែកលេខ ១៣៦ បត់ស្ដាំតាមផ្លូវ ៥៣ ចម្ងាយប្រមាណ ៤ គីឡូម៉ែត្ររួចបន្ដតាមផ្លូវលំជិត ៤ គីឡូម៉ែត្រទៀតអ្នកនឹងបានឃើញស្លាកសញ្ញាផ្ទះលោកស្រី បូ នៅខាងស្ដាំដៃ។
សម្រាប់ព័ត៌មានលម្អិត និងធ្វើការកក់ផ្ទះស្នាក់ ឬបោះជំរំក៏ដូចជាកុម្ម៉ង់អាហារ សុំទាក់ទងតាមលេខទូរស័ព្ទ ០៨១ ២៨ ២៨ ៨៤ ឬចូលទៅកាន់ហ្វេសប៊ុក @Chez Mme BO៕
វីដេអូ៖