សៀមរាប: មុនទៅដល់ប្រាសាទបុរាណសតវត្សរ៍ទី ១០ បន្ទាយស្រីដ៏ល្បីល្បាញពីក្បូរក្បាច់យ៉ាងល្អវិចិត្រភ្ញៀវទេសចរក៏កម្ររំលងភ្នែកគយគន់ ផ្ទះខ្មែរដ៏ចំណាស់អាយុ ១ សតវត្សរ៍ជាទីផ្ដល់ឱកាសឲ្យភ្ញៀវមកភ្លក្សបទពិសោធនៃការស្នាក់នៅ និងស្វែងយល់ពីប្រវត្ដិនៃការកសាងផ្ទះបុរាណអត់ប្រើដែកគោលដែលជ្រកក្នុងតំបន់បរិស្ថានធម្មជាតិប្រកបដោយផាសុកភាព។
ផ្ទះឈើខ្ពស់ផុតពីដី សសរមូលជាប្រភេទផ្ទះបែបសេដ្ឋីស្រុកស្រែអាយុជាង ៨៥ ឆ្នាំឈរអែបខាងឆ្វេង-ស្ដាំដៃនៃច្រកចូលផ្ទះស្នាក់បងធំ ដើម្បីស្វាគមន៍ភ្ញៀវ។ ផ្ទះដង្ខៅអាយុកាល ៨៨ ឆ្នាំឈរបង្អួតរាងនៅខាងឆ្វេងដែលតាំងបង្ហាញនូវឧបករណ៍កសិកម្មបុរាណមួយចំនួនដូចជា កង្ហាបក់ស្រូវ ត្បាល់កិនស្រូវ និងក្ដារបោកស្រូវ។
មិនឆ្ងាយប៉ុន្មានពីផ្ទះដង្ខៅ អគារឈើបុរាណដ៏ស្កឹមស្កៃប្រវែង ៣ ខ្នងដែលជាការសង់បញ្ចូលគ្នានូវផ្ទះបុរាណជាច្រើនខ្នងគឺជាសាលាឆទាន អាយុកាល ១១៩ ឆ្នាំ។
ផ្ទះស្នាក់បងធំស្ថិតនៅលើវិថីភូមិនំបញ្ចុកព្រះដាក់ទៅកាន់ប្រាសាទបន្ទាយស្រី ដែលរំលេចនូវផ្ទះបុរាណខ្មែរ បែងចែកជា ៣ គឺផ្ទះសេដ្ឋីស្រុកស្រែអាយុជាង៨៥ ឆ្នាំផ្ទះដង្ខៅ ៨៨ ឆ្នាំ និងសាលាឆទានចំណាស់អាយុជាង ១១៩ ឆ្នាំដែលត្រូវបានប្រមូលទិញពីអ្នកភូមិរស់នៅស្រុកស្វាយលើ និងដំដែក។
លោក ស៊ូ សាយ ឈ្មោះហៅក្រៅ «បងធំ» ដូចទៅនឹងឈ្មោះផ្ទះស្នាក់របស់ខ្លួននោះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កន្លងមកថា៖ «ខ្ញុំសម្រេចចិត្តបង្កើតជាកន្លែងស្នាក់នៅបែបខ្មែរនេះឡើងគឺដើម្បីចង់អភិវឌ្ឍ និងអភិរក្សផ្ទះចាស់ៗដោយប្រមូលទិញផ្ទះបុរាណមកជួសជុលធ្វើឡើងវិញ និងរក្សាទុកនូវរចនាប័ទ្មបុរាណដដែល»។
បើទោះជាផ្ទះស្នាក់របស់លោកខ្លះមានអាយុជាង ១០០ ឆ្នាំក៏ពិតមែនក៏សសរផ្ទះនៅរឹងមាំ ហើយក្បាច់បុរាណដ៏ផ្ចិតផ្ចង់នៅតែអាចសម្គាល់បានយ៉ាងច្បាស់។
និយាយសំដៅទៅកាន់សាលាឆទានដែលប្រើសម្រាប់ជាភោជនីយដ្ឋានដ៏ធំល្វឹងល្វើយលោក ស៊ូ សាយ បន្តថាផ្ទះស្នាក់នេះត្រូវបានដំឡើង និងរចនាឡើងវិញនៅក្នុងឆ្នាំ ២០១០ ដោយរក្សាទុកសភាពដើមដដែលគឺគ្រាន់តែបន្ថែមនូវគ្រឿងសង្ហារិមថ្មីៗតាមរចនាប័ទ្មខ្មែរបុរាណ ហើយផ្ទះខ្លះគឺរចនាបែបផ្ទះកន្តាំង ផ្ទះប៉ិតជាដើម។
ស្ថិតក្នុងបរិវេណហ៊ុមព័ទ្ធទៅដោយព្រៃឈើព្រមទាំងដំណាំបន្លែបង្ការ និងស្រះចិញ្ចឹមត្រីធម្មជាតិ សម្រាប់ផ្គត់ផ្គង់ផ្ទះបាយ ផ្ទះឈើបុរាណបានក្លាយជាទីស្នាក់អាស្រ័យសម្រាប់អ្នកចង់ទទួលបាននូវបទពិសោធគេងលើកន្ទេល ចងមុងក្រោមជំនោរត្រសៀកៗបោកបក់បន្ថែមដោយកម្លាំងខ្យល់កង្ហារ។
លោក ខាន់ វណ្ណឆាយ អ្នកគ្រប់គ្រងទូទៅនៅផ្ទះស្នាក់បងធំ បាននិយាយថា៖ «យើងមានផ្ដល់សេវាកម្មបែបប្រពៃណីខ្មែរបុរាណដូចជា ការស្នាក់នៅបែបចងមុង ហើយយើងផ្ដល់ភាពងាយស្រួល និងផាសុកភាពចំពោះការស្នាក់នៅរបស់ពួកគាត់»។
ផ្ទះស្នាក់បុរាណចំនួន ៣ ខ្នងអាចទទួលភ្ញៀវមកស្នាក់អាស្រ័យពី ៧០ ទៅ ៨០ នាក់ដោយផ្ទះនីមួយៗអាចរៀបចំសម្រាប់ភ្ញៀវចន្លោះពី ២០ ឬ ៣០ នាក់។
លោក វណ្ណឆាយ ដែលអះអាងថាគ្រប់ភ្ញៀវអន្ដរជាតិទាំងអស់ សុទ្ធតែនាំគ្នាទាញកាមេរ៉ាថត មិនថា ទូរស័ព្ទ ឬឌីជីថលនោះទេ ហើយពួកគាត់សុទ្ធតែកោតសរសើរចំពោះកិច្ចការអភិរក្សផ្ទះបុរាណ។ លោកបានរៀបរាប់បន្ដថា៖ «ភាគច្រើនជាសិស្ស-និស្សិតមកពីអឺរ៉ុប សិង្ហបុរី និងម៉ាឡេស៊ី មកស្នាក់នៅ និងដើរលេងតាមភូមិ ជិះរទេះគោ មើលពលរដ្ឋធ្វើនំបញ្ចុក ធ្វើស្រែ យើងទៅមើលនំគ្រក់តាមភូមិ ធ្វើស្ករ ច្រូតកាត់ យើងគិតថ្លៃជាកញ្ចប់ ដោយក្នុងមួយនាក់មានតម្លៃពីជាង ២០ ទៅជាង ៣០ ដុល្លាររួមនឹងអាហារ ៣ ពេល»។
ទន្ទឹមនឹងសកម្មភាពបែបអ្នកស្រុកជនបទដូចជាផ្ទះស្នាក់គេងលើកន្ទេល ចងមុងតម្រៀបគ្នាពេញផ្ទះ ដំណើរកម្សាន្ដលុកលុយតាមភូមិឋាន និងរៀនធ្វើម្ហូប ភ្ញៀវទេសចរក៏ទទួលបាននូវសេវាកម្មបែបសណ្ឋាគារទំនើប រួមមាន ផ្ទះវីឡាបំពាក់ម៉ាស៊ីនត្រជាក់ និងអាងហែលទឹកខ្នាតធំ គន់ទេសភាពថ្ងៃលិចគងលើចុងព្រៃឈើសម្រាប់ផ្សាំងភ្ញៀវមិនទាន់សម្របតាមបរិយាកាសជនបទស្រុកខ្មែរ។
នាយកគ្រប់គ្រងផ្ទះស្នាក់បងធំរូបនេះបានបន្ដថា៖ «យើងនៅតែរក្សារចនាប័ទ្មបែបបុរាណចំពោះរូបរាងផ្ទះស្នាក់ ទោះបីជាខាងក្នុងយើងបំពាក់ម៉ាស៊ីនត្រជាក់ បន្ទប់ទឹកបែបទំនើប និងអាងហែលទឹកខ្នាតធំដោយយើងគិតទៅលើអាកាសធាតុ។ យើងយល់ថាពេលពួកគាត់ដើរតាមប្រាង្គប្រាសាទ តាមភូមិ ក្ដៅខ្លាំងអ៊ីចឹង ពួកគាត់អាចងូតទឹកលម្ហែកាយនៅអាងហែលទឹកបាន»។
ជ្រកក្រោមម្លប់ឈើត្រឈឹងត្រឈៃ តភ្ជាប់ដោយស្ពានឈើផុតពីដីលូតជ្រែកហ្វូងបុប្ផា វីឡាក្រវាន់ (Hara-Chapa) វីឡាយីហុប (Coconut Mamgnalia) វីឡារំដួល (Rumdul) និង វីឡា ក្ដាំងងា (Ylang-Ylang) ជាផ្ទះស្នាក់រំលេចរចនាប័ទ្មខ្មែរបុរាណ បន្ថែមដោយគ្រឿងបរិក្ខារទំនើបសម្រាប់ផ្ដល់ផាសុកភាពចំពោះភ្ញៀវស្អប់ភាពស្អុះស្អាប់។
ផ្ទះបែបកូនកាត់ ឬវីឡាឈើរចនាឡើងពីកម្ទេចឈើចាស់ៗមាន ៤ ផ្ទះដោយ ២ ផ្ទះ (តម្លៃប្រមាណជាង ១០០ ដុល្លារបូករួមអាហារពេលព្រឹក និងល្ងាច) សម្រាប់ប្ដីប្រពន្ធដែលមានគ្រែមួយ ហើយ ២ ផ្ទះទៀតសម្រាប់លក្ខណៈគ្រួសារ (តម្លៃពី ១៩០ ទៅ ២២០ ដុល្លារទៅតាមចំនួនមនុស្សបូករួមអាហារពេលព្រឹក និងល្ងាច) ដែលមានគ្រែធំ ២ និងអាចគេងបាន ៦ នាក់។
វិជ្ជាធ្វើម្ហូបដែលភាគច្រើនចូលរួមដោយភ្ញៀវបរទេសគឺជាសកម្មភាពបន្ថែមដើម្បីបង្កើនចំណេះដឹងផ្នែកមុខម្ហូបខ្មែរ និងចូលរួមភ្លក្សអាហារបែបស្រុកស្រែចម្ការ ក្រោយពីដំណើរកម្សាន្ដទស្សនាដំណាំបន្លែបង្ការតាមរបងផ្ទះតាមភូមិឋាន និងផ្សារអ្នកស្រុក។
លោក វណ្ណឆាយ បាននិយាយថា៖ «ពួកគេរៀនមុខម្ហូបខ្មែរមួយចំនួនដូចជា ញាំស្វាយ ញាំត្រយូងចេក អាម៉ុក ព្រមទាំង បង្អែមនំផ្លែអាយ នំអាកោត្នោត និងជូនដើរទស្សនាតាមភូមិឋាន មើលបន្លែធម្មជាតិ ធ្វើស្រែចម្ការ។ មុននឹងមកធ្វើម្ហូបជាមួយយើង ពួកគាត់បានដើរមើលទីកន្លែងពលរដ្ឋយើងដាំបន្លែបែបធម្មជាតិរបស់យើងនៅក្នុងភូមិព្រះដាក់»។
អាងហែលទឹកបើកទទួលភ្ញៀវចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច តម្លៃ ៥ ដុល្លារជាថ្នូរនឹងភេសជ្ជៈមួយមុខ ឬស្រាបៀរ ១ កំប៉ុង និងពីព្រឹករហូតដល់ម៉ោង ៩ យប់សម្រាប់ភ្ញៀវស្នាក់នៅវីឡាផ្ទះស្នាក់បងធំ។
បើទោះបីជាផ្ទះស្នាក់បងធំ ស្ថិតនៅឆ្ងាយពីក្រុងបន្ដិចមែន តែវាមិនស្ងាត់ជ្រងំនោះទេចំពោះភ្ញៀវស្នាក់នៅជាក្រុម ខណៈស្របពេលទទួលទានអាហារពេលល្ងាច ភ្ញៀវនឹងមានឱកាសបានរីករាយជាមួយក្រុមតន្ដ្រីស្គរដៃ រាំជាមួយអ្នកភូមិនូវចង្វាក់ប្រពៃណីខ្មែរ។
លោក ខាន់ វណ្ណឌុន នាយកផ្នែកអភិវឌ្ឍពាណិជ្ជកម្មបានបន្ទរថា៖ «យើងមានក្រុមភ្លេងស្គរដៃដើម្បីប្រគំចង្វាក់ប្រជាប្រិយខ្មែរគ្រប់ទម្រង់។ ភ្ញៀវរាំលេងកម្សាន្ដនូវចង្វាក់ប្រពៃណីខ្មែរជាមួយអ្នកភូមិដោយផ្ទាល់»។
វាមិនទាន់ទទួលបានបទពិសោធពេញលេញនៅឡើយទេ ប្រសិនបើអ្នកចូលផ្ទះបុរាណជាប្រភេទមនុស្សបែបសម័យថ្មី លុះត្រាតែពួកគេគ្រងនូវឈុតសម្លៀកបំពាក់សម័យបុរាណថែមទៀត។
លោក វណ្ណឌុន បានបន្ដថា៖ «ភ្ញៀវអាចជួល និងស្លៀកឈុតបុរាណទាំងនេះ រួចថតរូបអនុស្សាវរីយ៍ជាមួយឧបករណ៍កសិកម្មបុរាណ និងផ្ទះបុរាណដើម្បីឲ្យកាន់តែស័ក្ដិសមនឹងសម័យកាលបរមបុរាណរបស់យើង»។
ក្រៅពីកិច្ចការជំនួញផ្ទះស្នាក់ បង្រៀនវិជ្ជាមុខម្ហូបខ្មែរដល់ភ្ញៀវបរទេស នាំភ្ញៀវត្រាច់ចរក្នុងភូមិឋានដើម្បីស្វែងយល់ពីរបៀបរបបនៃការរស់នៅរបស់អ្នកស្រុក ផ្ទះស្នាក់បងធំ ក៏នៅធ្វើកិច្ចការតិចតួចមួយទៀត ដែលជះឥទ្ធិពលធំដល់អនាគតកុមារក្នុងសហគមន៍។
លោក វណ្ណឌុន បានអះអាងថា៖ «យើងបានជួលគ្រូបង្រៀនភាសាអង់គ្លេសដល់កុមារក្នុងភូមិដែលមានបំណងចង់ក្រេបយកចំណេះវិជ្ជាភាសាបរទេស គ្រាន់ជាដើមទុនសម្រាប់ស្វែងរកការងារធ្វើនាពេលអនាគត។ នៅជុំវិញភូមិនេះមិនមានសាលាបង្រៀនភាសាបរទេសនោះទេ ទោះបីជាយើងធ្វើការងារច្រើនជាមួយបរទេសយ៉ាងណាក៏ដោយ»។
ផ្ទះស្នាក់បងធំស្ថិតនៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានចម្ងាយ ១០ គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី និង ២៥ គីឡូម៉ែត្រពីតំបន់ផាប់ស្ទ្រីតនៃក្រុងសៀមរាប៕
វីដេអូ៖