កំពង់ឆ្នាំង: ក្អម ថូ ក្រឡដុតថ្នាំមូស កូនជ្រូក ជើងក្រាន ជាពិសេសឆ្នាំងដី ពិបាកនឹងរំលងភ្នែកអ្នកដំណើរឆ្លងកាត់មុខផ្ទះប្រជាពលរដ្ឋរស់នៅក្បែរភ្នំក្រាំងដីមាស ដែលផ្ដល់នូវដីឥដ្ឋក្រហមសម្រាប់ផលិតនូវផលិតផលឆ្នាំងដី។
ប្រជាពលរដ្ឋភូមិអណ្ដូងឫស្សីភាគច្រើនបន្ដមុខរបរដូនតាដោយការផលិតឆ្នាំងដី ដែលជាអត្ដសញ្ញាណរបស់អ្នកខេត្ដកំពង់ឆ្នាំងដោយអ្នកខ្លះចេះផលិតឆ្នាំងដីតាំងពីមុនសម័យសង្គ្រាមស៊ីវិល ហើយអ្នកខ្លះទៀតចាប់របរនេះក្រោយសម័យខ្មែរក្រហមរហូតដល់បច្ចុប្បន្ន។
ក្រៅពីចំណូលចម្បងលើការផលិតឆ្នាំងដី និងសម្ភារប្រើប្រាស់ពីដីឥដ្ឋដទៃទៀត ពលរដ្ឋរាប់រយគ្រួសារ ដែលចាប់អាជីពនេះបានជួយលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌តាមរយៈការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាហូរហែ។
អង្គុយតម្រៀបគ្នាជាជួរក្នុងរោងតូចមួយក្បែរផ្ទះក្បឿង ៣ ខ្នង ស្ដ្រី ៣ នាក់ហាក់បានត្រៀមស្វាគមន៍វត្ដមានភ្ញៀវជាស្រេចជាមួយទឹកមួយក្អមធំសម្រាប់អ្នកដំណើរទទួលទាន និងគ្រែឫស្សីមួយដាក់នៅខាងមុខពួកគេដែលទំនងជាសម្រាប់ឲ្យភ្ញៀវអង្គុយទស្សនាការស្មូនដីរបស់ពួកគេ។
អ្នកស្រី ពៅ សំប៊ន អាយុ ៤៧ ឆ្នាំ និងកូនស្រី ២ នាក់ កំពុងតែមមាញឹកក្នុងការផលិតចង្កៀងដុតខ្លាញ់សម្រាប់ម៉ូយចំនួន ៣០០០ ដែលកុម្ម៉ង់ទិញ ដើម្បីលក់បន្ដដល់ទីអារាមនានាក្នុងរដូវបុណ្យប្រពៃណី។
អ្នកស្រីនិយាយថា៖ «នៅរដូវបុណ្យសាសនា ដូចជា បុណ្យមាឃបូជា និងវិសាខបូជា ខ្ញុំទទួលការកុម្ម៉ង់ច្រើន ដូចជា ចង្កៀងដុតខ្លាញ់សម្រាប់ដុតក្នុងពិធីរាប់ពាន់ឈុតសម្រាប់ឈ្មួញទិញលក់បន្ដ»។
អ្នកស្រី សំប៊ន បានបន្ដថា៖ «ទាំងខ្ញុំ និងពលរដ្ឋក្នុងភូមិមានការមមាញឹកក្នុងការផលិតសម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផលិតពីដីឥដ្ឋ ដោយមិនសូវមានពេលទំនេនោះទេ»។
ថ្វីដ្បិតតែអ្នកភូមិផលិតឆ្នាំងដី និងកូនស្រីកំពុងញាប់ដៃញាប់ជើងផលិតចង្កៀងរាប់ពាន់ ឈុតសម្រាប់ផ្គត់ផ្គង់ម៉ូយឲ្យទាន់ពេលវេលាកំណត់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមានស្នាមញញឹមទទួលរាក់ទាក់ភ្ញៀវដែលចូលមកទស្សនាដោយការផ្ដល់ព័ត៌មាន និងការបង្ហាត់បង្រៀនភ្ញៀវរៀនផលិតឧបករណ៍ពីដីថែមទៀតផង។
ស្ដ្រីដែលប្រកបអាជីពស្មូនឆ្នាំងដីពីអ្នកម្ដាយ និងផ្ទេរចំណេះដឹងដល់កូនៗបន្ដទៀតរូបនេះបាននិយាយថា៖ «ឧស្សាហ៍មានភ្ញៀវទេសចរចូលមកញឹកញាប់ដែរ។ ពួកគាត់មកពីសៀមរាប បាត់ដំបង និងភ្នំពេញ ទាំងខ្មែរ និងបរទេស។ ជួនកាលគាត់ជួយទិញវត្ថុអនុស្សាវរីយ៍ ១ ឬ ២ ហើយជួនកាល គាត់គ្រាន់តែមើលក៏ទៅវិញអ៊ីចឹងទៅ។ ជួនកាលគាត់ឡើងមករៀនធ្វើលេងអ៊ីចឹងទៅ»។
អង្គុយមើលពីការស្មូនចង្កៀងដុតខ្លាញ់មួយសន្ទុះលោក ពី ណារ៉ា ជាអ្នកដំណើរមកពីភ្នំពេញក៏មានបំណងចង់សាកល្បងស្មូនក្អមមួយទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួន។
លោកបាននិយាយថា៖ «ដំបូងឡើយ ខ្ញុំស្មានតែងាយស្រួល ដោយខ្ញុំឃើញពួកគេយកដៃលញ់អង្អែលតិចៗ ក៏រំលេចចេញជាចង្កៀងយ៉ាងស្អាត។ ប៉ុន្ដែដល់ពេលខ្ញុំចាប់ផ្ដើមតាមការណែនាំរបស់ពួកគាត់ ខ្ញុំមិនអាចធ្វើអ្វីបានឡើយ សូម្បីតែពូតដីឲ្យរលោងស្មើល្អ»។
កញ្ញា ពៅ គង្គារ បាននិយាយបន្ដ ក្រោយពីម្ដាយលើកចង្កៀងយកទៅហាលថ្ងៃថា៖ «ភ្ញៀវកម្រទិញគ្រឿងដីទាំងនេះយកទៅតាមខ្លួនវិញណាស់។ វាមានការពិបាកទុកដាក់ និងវេចខ្ចប់តាមខ្លួន ឬជួយទិញត្រឹម វត្ថុតូចៗប៉ុណ្ណោះ»។
មិនខុសគ្នាទេ សិប្បកម្មផលិតផលដីឥដ្ឋ និងសេរ៉ាមិកជាទីដែលបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋនូវជំនាញសិប្បកម្មបែបទំនើបថ្មីជាជាងការពឹងអាស្រ័យលើការផលិតតែក្អមឆ្នាំងប្រពៃណីក៏បានទទួលភ្ញៀវទេសចរមកទស្សនា និងរៀនផលិតផ្ទាល់ដៃផងដែរ។
លោក ទៀង សុភណ្ឌ ជាបុគ្គលិកនៅ Kampong Chhnang Pottery ដែលជាសហគ្រាសសិប្បកម្មវិវត្ដពីគម្រោងឆ្នាំងដីប្រពៃណីកម្ពុជា (Cambodia Traditional Pottery Project) បានឲ្យដឹងថា៖ «ភ្ញៀវអាចដើរមើលសកម្មភាពក្រុមការងារយើងផលិតសម្ភារពីសេរ៉ាមិក ឬពួកគាត់អាចហាត់រៀនអំពីរបៀបធ្វើនេះបាន។ ជាក់ស្ដែងបើគាត់ចង់ធ្វើកែវផ្ទាល់ខ្លួនអ៊ីចឹង គាត់អាចរៀនធ្វើ រួចក៏ទិញយកតែម្ដងអ៊ីចឹង»។
លោកអះអាងថា៖ «ពួកគាត់ដើរមើលលេងអ៊ីចឹងទៅ ហើយបើគាត់អត់ទិញ ក៏អត់បញ្ហាអីដែរ។ យើងអត់មានគិតកម្រៃសេវាកម្មអីឡើយ។ ឥឡូវ ក៏មានភ្ញៀវទេសចរអញ្ជើញមកលេងដែរ តែតិចតួច អត់សូវច្រើនដូចកាល ១ ឆ្នាំមុនទេ។ ភ្ញៀវទេសចរមានដំណើរចូលភូមិមើលអ្នកភូមិផលិតនូវផលិតផលឆ្នាំងដីរៀងរាល់ថ្ងៃ។ តែកន្លែងសិប្បកម្មអង្គការនេះមិនសូវមានភ្ញៀវនោះទេ ពីព្រោះភ្ញៀវចូលចិត្ដមើលទិដ្ឋភាពអ្នកភូមិជាក់ស្ដែង រួមទាំងសកម្មភាពឡើងត្នោតផងដែរ»។
កំពុងតែផ្ចិតផ្ចង់ឆ្លាក់ក្បាច់រចនានៅលើតួថូកម្ពស់ជិត ១ ម៉ែត្រទៅតាមទម្លាប់ប្រចាំថ្ងៃ អ្នកស្រី សំ សុខា ហៅ ណាវ អាយុ ៣៣ ឆ្នាំព្យាយាមបំពេញតម្រូវការរបស់ភ្ញៀវទទួលកុម្ម៉ង់ធ្វើវត្ថុអនុស្សាវរីយ៍ជាហូរហែ មិនទាន់ឲ្យភ្ញៀងផង។
ប៉ុន្ដែអ្នកជំនាញចម្លាក់សេរ៉ាមិកម្នាក់ក្នុងចំណោម ៤ នាក់ដែលចេះនៅក្នុងភូមិអណ្ដូងឫស្សីក៏រីករាយក្នុងការស្វាគមន៍ភ្ញៀវដែលមានបំណងចង់ឃើញស្នាដៃសិប្បកម្មកូនខ្មែរផងដែរ។
ស្ដ្រីដែលចេះជំនាញស្មូនសម្ភារដីឥដ្ឋតាំងពីអាយុ ១៤ ឆ្នាំនេះបានឲ្យដឹងថា៖ «បច្ចុប្បន្ន ខ្ញុំកំពុងផលិតថូជូនភ្ញៀវដែលកុម្ម៉ង់យកទៅលក់បន្ដ។ ១ ថ្ងៃ ខ្ញុំអាចធ្វើបានប្រមាណ ១០ ថូដែលក្នុង ១ ថូ ខ្ញុំអាចលក់បានកម្រៃ ១២ ០០០ រៀលទៅឲ្យឈ្មួញកណ្ដាល»។
នៅក្នុងខ្ទមតូចមួយដែលប្រឡាក់ប្រឡូសដីឥដ្ឋកកក្រាំងតាំងពីជញ្ជាំងស្លឹករហូតដល់សសរឈើតូចៗ ដោយមិនដឹងជាស្ងួតតាំងពីប៉ុន្មានឆ្នាំមកហើយ លោកយាយ មួន បំពេញកិច្ចការប្រចាំថ្ងៃដដែលៗ ដូចជា ការវ៉ៃច្របាច់ដី និងសូនជាឆ្នាំងធំៗ។
លោកយាយ ជា មួន អាយុ ៨៥ ឆ្នាំ ដែលមិនចងចាំអ្វីក្រៅពីជំនាញសូនឆ្នាំងដីតាមបែបប្រពៃណី អាចឆ្លើយនឹងសំណួររបស់ ភ្នំពេញ ប៉ុស្ដិ៍ បានតែមួយគត់ថា៖ «ខ្ញុំច្របាច់អ៊ីចឹងៗទៅ ហើយ ១ ថ្ងៃ ខ្ញុំធ្វើឆ្នាំងដីបាន ៤-១០ ចាស!»។
ដោយមើលឃើញពីការលំបាកចំពោះសមត្ថភាពឆ្លើយឆ្លង ខណៈដូនចាស់រូបនេះតែងតែឆ្លើយប្រាសចាកសំណួរ ចៅស្រីដែលមានអាជីពជាអ្នកស្មូនសម្ភារពីដីឥដ្ឋបែបទាន់សម័យ ក៏តែងតែឆ្លើយឆ្លងជំនួសពេលភ្ញៀវមានចម្ងល់ចំពោះដូនចាស់នៅបន្ដអាជីពការងារដោយមិនព្រមចូលនិវត្ដន៍ទាល់តែសោះ។
អ្នកស្រី សំ សុខា ហៅ ណាវ អាយុ ៣២ ឆ្នាំជាចៅស្រីម្នាក់បានប្រាប់ថា៖ «គាត់ធ្វើឆ្នាំងដីរាល់ថ្ងៃ តែគាត់អត់ដឹងចំណេញដឹងខាតអីទេ។ កូនចៅមិនឲ្យគាត់ធ្វើទេ តែគាត់មិនព្រមឈប់ទេ។ ពេលខ្លះ គាត់ទិញដីគេមកធ្វើ ហើយពេលខ្លះ គាត់ទៅយកដីខ្លួនឯង តាមតែចិត្ដគាត់សព្វថ្ងៃនេះ។ ភ្ញៀវឃើញពីការខិតខំរបស់គាត់ក៏បានហុចលុយកាក់ខ្លះឲ្យគាត់ធ្វើបុណ្យទាន និងទិញដីធ្វើឆ្នាំងបន្ដទៀត»។
ដោយមើលឃើញពីលំហូរទេសចរឥតឈប់ឈរមកកាន់ភូមិអណ្ដូងឫស្សី សហគមន៍ទេសចរណ៍អណ្ដូងឫស្សីត្រូវបានចងក្រងដើម្បីជំរុញការផ្សព្វផ្សាយផលិតផលក្នុងស្រុក ក៏ដូចជាការបន្ថែមចំណូលដល់ពលរដ្ឋក្នុងតំបន់។ ប៉ុន្ដែការដំណើរការហាក់មិនទាន់ទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋក្នុងភូមិឋាននៅឡើយទេ។
អ្នកស្រី សំ ប៊ន និយាយបណ្ដើរ ជើងរវៃឧបករណ៍បណ្ដើរ ខណៈដៃរុញរចនាចង្កៀងដុតខ្លាញ់បណ្ដើរថា៖ «ពេលខ្លះយើងកោះហៅពួកគាត់ទៅប្រជុំ ទៅរៀនអំពីរបៀបទទួលភ្ញៀវអី គាត់អត់ចង់ទៅ ព្រោះគិតថាខាតការងារគេ ហើយទៅអត់បានលុយអីផង»។
អ្នកស្រី ពៅ សំប៊ន ជាប្រធានសហគមន៍ទេសចរណ៍អណ្ដូងឫស្សីស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានបន្ដថា៖ «ពេលបង្កើតឡើងដំបូង យើងរៃលុយប្រជាជនមួយគ្រួសារ ២ ០០០ ទៅ ៣ ០០០ រៀលដើម្បីសង់ក្យូស ហើយរហូតដល់ឥឡូវ ក្យូសទទួលភ្ញៀវនោះរលួយអស់ទៅទៀត អត់បានលទ្ធផលអ្វីផង»។
អ្នកស្រីទទួលស្គាល់ថា ភ្ញៀវទេសចរបានមកទស្សនាភូមិជាហូរហែ ដោយពួកគេមកអើតឈ្ងោកដើម្បីទស្សនាផ្ទាល់ភ្នែកនូវការផលិតផលិតផលសិប្បកម្មអំពីដី ខណៈភ្ញៀវខ្លះចូលរួមសកម្មភាពពូនស្មូនផលិតផលពីស្នាដៃរបស់ខ្លួន។
ប្រធានសហគមន៍ទេសចរណ៍អណ្ដូងឫស្សីរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ខណៈដៃកំពុងលញ់បូតឧបករណ៍ប៉ុនចានគោមថា៖ «ប្រជាពលរដ្ឋអត់ចង់ចូលក្នុងសហគមន៍នោះទេ ពីព្រោះពួកគាត់យល់ថា វាចំណាយពេលមកប្រជុំឥតប្រយោជន៍។ យើងចងក្រងសហគមន៍ដើម្បីទាញប្រយោជន៍ពីទេសចរណ៍មកកាន់សហគមន៍យើងនេះ។
សហគមន៍ទេសចរណ៍អណ្ដូងឫស្សីត្រូវបានបង្កើតឡើង ២ ទៅ ៣ ឆ្នាំមុនក្នុងបំណងបម្រើវិស័យទេសចរណ៍ចំពោះរបរផលិតឆ្នាំងដី និងឡើងត្នោត។ ប៉ុន្ដែសហគមន៍ដែលចងក្រងសម្រាប់អ្នកប្រកបរបរស្នូនឆ្នាំងដីនេះមានប្រជាពលរដ្ឋចូលរួមតែ ១៥ គ្រួសារក្នុងចំណោមពលរដ្ឋជាង ៤០០ គ្រួសារ។
បើទោះបីជាភូមិសិប្បកម្មឆ្នាំងដីដ៏ល្បីល្បាញមួយនេះមិនពឹងអាស្រ័យទៅលើវិស័យទេសចរណ៍យ៉ាងណាក៏ដោយក៏ប្រធានសហគមន៍ដែលកំពុងមមាញឹកក្នុងអាជីវកម្មផលិតសម្ភារពីដីទាំងនេះ នៅតែមានបំណងចង់ជំរុញសហគមន៍បម្រើលើវិស័យទេសចរណ៍ និងវប្បធម៌នេះដើរទៅមុខ។
អ្នកស្រី ពៅ សំប៊ន ដែលចាប់ផ្ដើមអាជីពនេះពីម្ដាយក្រោយបែករបបខ្មែរក្រហមបានឲ្យដឹងថា៖ «ទោះបីជាពិបាក ខ្ញុំនៅតែចង់ឲ្យសហគមន៍ដើរទៅមុខទៀត»៕
វីដេអូ៖