សៀមរាបៈ អង្គុយបើកឡានហ្ស៊ីបពណ៌ផ្កាឡាវេនឌ័រ (Lavender Jeep) ជាមួយស្នាមញញឹមស្រស់ បង្កប់ដោយភាពជឿជាក់ យុវតីសម្បុរស្រអែម សក់ខ្លីត្រឹមស្មា សម្តីរដឺនរូបនេះបានជម្នះនូវពាក្យដែលថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ» ក្លាយជាស្ត្រីម្នាក់រឹងមាំនឹងទទួលបានការងារដែលខ្លួនស្រឡាញ់គឺអាជីពជាអ្នកបើកបររថយន្តដឹកភ្ញៀវទេសចររបស់ក្រុមហ៊ុន Lavender Jeep tour។
យុវតីវ័យ ២៤ ឆ្នាំ ឡី ស្រីនាង បាន បង្ហាញពីអារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្ត និងមានមោទនភាពណាស់ពេលខ្ញុំចេះបើកឡាន ចេះនិយាយភាសាអង់គ្លេស ព្រោះខ្ញុំជាស្រី អ៊ីចឹងខ្ញុំចង់បង្ហាញពីសមត្ថភាពដែលខ្លួនឯងមាន ខ្ញុំចង់ពន្យល់ និងនាំភ្ញៀវបរទេសឲ្យស្គាល់ពីស្រុកខ្មែរ ស្គាល់ពីការរៀបការ ការធ្វើស្រែចម្ការអីផ្សេងៗ និយាយទៅជួបអីពន្យល់ហ្នឹង ធ្វើឲ្យភ្ញៀវសើច សប្បាយចិត្ត និងធ្វើឲ្យគេទុកចិត្តថាមានសុវត្ថិភាពពេលខ្ញុំបើកបរ»។
Lavender jeep គឺជាផ្នែកមួយរបស់អង្គការសាលាស្ពាននៃជីវិត (Bridge of Life School organisation) ដែលបានធ្វើការទៅលើការដឹកជញ្ជូនភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ត ភ្លក្សបទពិសោធថ្មីនៅតាមតំបន់ប្រាសាទនានានៅសៀមរាប និងតាមទីជនបទក៏ដូចជាស្វែងយល់ប្រពៃណី វប្បធម៌ ការរស់នៅ និងជីវភាពរបស់ប្រជាជនខ្មែរ។
Lavender jeep បង្កើតក្នុងឆ្នាំ ២០១៧ ជាមួយគោលបំណងលើកតម្កើងស្ត្រី បង្កើតការងារ និងផ្តល់ចំណូលដល់ស្ត្រីក៏ដូចជារកប្រាក់សម្រាប់ទ្រទ្រង់អង្គការដែលបានបណ្ដុះភាសាអង់គ្លេស កុំព្យូទ័រ កាត់ដេរ ដល់ស្ត្រី និងកុមារជាច្រើនរូប។
លោក រ៉ើន សារ៉ិន្ធ អ្នកគ្រប់គ្រង Lavender Jeep Siem Reap បានរៀបរាប់ថា៖ «បើទោះបីជាយេនឌ័រ បានផ្សាព្វផ្សាយមែន ប៉ុន្តែកន្លែងមួយចំនួននៅមិនទាន់បានលើកតម្កើង និងផ្តល់ឱកាសឲ្យស្ត្រីទេ។ ម្យ៉ាងស្ត្រីមួយចំនួនគិតថា ខ្លួនមិនអាចធ្វើការបានដូចបុរសដូចនេះយើងចង់ធ្វើឲ្យគាត់ដឹងថា គាត់អាចធ្វើបាន»។
Lavender Jeep មានអ្នកបើកបរចំនួន ៣ នាក់សុទ្ធតែជាស្ត្រី ចេះនិយាយភាសាអង់គ្លេសបានល្អ ដែលបណ្ណបើកបរត្រឹមត្រូវ និងបានសិក្សាច្បប់ចរាចរណ៍ចេញពីសាលាបង្រៀនបើកបរច្បាស់លាស់។
លោកក៏បានបញ្ជាក់ដែរថា៖ «អ្នកបើកបរយើងទទួលបានប្រាក់ខែសមរម្យ និងទទួលបានប្រាក់ ៣០% ភាគរយបន្ថែមទៀតពីការដឹកភ្ញៀវទេសចរកម្សាន្ត»។
រីឯការជ្រើសរើសពណ៌ផ្កាឡាវេនឌ័រឲ្យរថយន្តហ្ស៊ីបនេះត្រូវបានលោកអ្នកគ្រប់គ្រងវ័យ ២៩ ឆ្នាំរូបនេះឲ្យដឹងថា៖ «យើងគិតថាវា Unique(ប្លែកខុសគេ) ព្រោះមិនទាន់មានអ្នកណាធ្វើ ហើយឡានហ្ស៊ីបនេះគឺជាផលិតផលរបស់អាមេរិកដែលបន្សល់ពីសម័យសង្គ្រាម ហើយវានៅក្នុងប្រទេសយើងស្រាប់ តែយើងបានកែកុនខ្លះដូចជាម៉ាស៊ីន និងលេខអ៊ីចឹង ព្រោះវាខូចអស់ហើយ តែតួនិងគ្រឿងបំពាក់គឺរបស់ដើមសុទ្ធ។ សម្រាប់ពណ៌វិញ យើងអាចគិតថាកំប្លែង តែពណ៌ឡាវេនឌ័រ មើលទៅទន់ភ្លន់ តែមិនទន់ជ្រាយ ដូចនេះស័ក្ដិសមនឹងស្ត្រី គឺចង់បង្ហាញថាទន់ភ្លន់ មិនទន់ជ្រាយ តែរឹងមាំ»។
សម្រាប់ដំណើរកម្សាន្តជិះឡាន lavender Jeep បានផ្តោតលើតំបន់ ៣ សំខាន់ៗរួមមាន តំបន់ប្រាសាទអង្គរវត្តតំបន់ទីជនបទ និងភូមិឋាន ដើម្បីស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការរស់នៅរបស់ប្រជាជនខ្មែរ តាមរយៈការពន្យល់ជាភាសាអង់គ្លេសយ៉ាងក្បោះក្បាយពីមគ្គុទេ្ទសក៍នារីរូបស្រស់កាន់ដៃចង្កូតរថយន្តហ្ស៊ីបពណ៌ស្រស់ឆើត។
និយាយសម្តីរដឺនៗជាមួយនឹងកាយវិការក្រមិចក្រមើម ស្រីនាង បានឲ្យដឹងថា៖ «ពេលបញ្ចប់ការនាំភ្ញៀវដើរលេងម្តងៗ ពួកគាត់តែងតែសរសើរថា ខ្ញុំធ្វើការបានល្អ និយាយភាសាអង់គ្លេសបានល្អ មុខគួរឲ្យស្រឡាញ់ រួសរាយអ៊ីចឹង ហើយគាត់សរសើរទៀតថា ពួកគាត់មិននឹកស្មានថា book (កក់) ឡានរបស់យើង ជិះកម្សាន្តសប្បាយអ៊ីចឹងទេ ជាពិសេសទទួលបានអារម្មណ៍ប្លែកៗ ដែលពួកគាត់អត់ដែលជួប»។
មគ្គុទេ្ទសក៍ស្រីរូបនេះក៏បានណែនាំថា៖ «នៅចន្លោះពីខែ ១០ ដល់ខែ ១ ទិដ្ឋភាពស្អាតណាស់ ព្រោះជាពេលដែលអាកាសធាតុត្រជាក់ ភ្ញៀវចូលចិត្តជិះហ្ស៊ីប បើបានជិះកាត់មេឃភ្លៀងគឺពិតជាសប្បាយណាស់ យើងជិះតាមផ្លួវដីក្រហម មានជង្ហុកខ្លះៗ ប៉ះភ្លៀងត្រជាក់ ជិះបែកទឹកខ្ចាយ វាប្លែក ហើយមើលទៅវាលស្រែគឺស្អាតមែនទែន»។
សេវាកម្មដំណើរកម្សាន្តជាមួយឡាន Jeep នេះមានតម្លៃពី ៩០ ដុល្លារទៅ តម្លៃ ១២៥ ដុល្លារសម្រាប់ ១ ឡានដែលអាចជិះបាន ៣ នាក់។ ភ្ញៀវអាចកក់ដំណើរកម្សាន្តតាមរយៈវេបសាយ www.lavenderjeep siemreap.com៕
វីដេអូ៖