
សសរទ្រស្ពានឈើបត់បែន ជាទីដែលភ្ញៀវទេសចរអាចដើរ និងផ្ដិតយករូបទេសភាពភ្នំតូចធំព័ទ្ធជុំវិញ។ ហុង មិនា
ក្រុងដូនកែវ: ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីអារាមព្រះពុទ្ធសាសនា ដែលទាក់ទាញចិត្ដភ្ញៀវទេសចរភ្លូកទឹកភ្លូកដី ប្រាថ្នាចង់ឃើញពុទ្ធបដិមារាប់ម៉ឺនគង់សមាធិតាមជម្រាលភ្នំរហូតដល់កំពូល រមណីយដ្ឋានទេសចរណ៍កំពូលពេជ្រ ឬអន្លង់ភ្ញៀវ ក៏កំពុងទទួលបានប្រជាប្រិយភាព ចំពោះសម្រស់សួនច្បារផ្កាភ្ញីគួបនឹងទេសភាពជួរភ្នំរលករលេញ ក៏ដូចជាក្យូសលម្ហែប្របតាមមាត់ទឹកលើផ្ទៃដីដ៏ធំល្វឹងល្វើយ។
ធ្វើដំណើរតាមផ្លូវជាតិ ៤១ បត់ស្ដាំតាមផ្សារត្រពាំងអណ្ដើក (បើបត់ឆ្វេងផ្សារអង្គតាសោម) ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ផុតផ្លូវជាតិចូលផ្លូវលំ រមណីយដ្ឋានកំពូលពេជ្រ ស្ថិតក្នុងភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងគ្រញូង ស្រុក ត្រាំកក់ ខេត្ដតាកែវ រង់ចាំស្វាគមន៍ភ្ញៀវជាមួយតម្លៃសំបុត្ររថយន្ដ ២ ម៉ឺនរៀលក្នុង ១ គ្រឿង។
ដោយប្រញាប់ចង់ឃើញទេសភាពសួនផ្កាឆ្លុះជួរភ្នំពណ៌បៃតងស្រស់ ភ្ញៀវទេសចរជាតិខ្លះម្នីម្នារួសរាន់សំដៅទីកាន់ទីឋានផ្ទាល់ ដើម្បីបានថតរូបបង្ហោះលើបណ្ដាញសង្គមបង្អួតមិត្ដភក្ដិ តៗគ្នា។ ចំណែកឯភ្ញៀវខ្លះទៀត ដែលខំធ្វើដំណើរផ្លូវឆ្ងាយជាងមួយគីឡូម៉ែត្រ ក៏ឆ្លៀតចូលសម្រាកកាយនៅតំបន់ក្យូសសង់ប្របមាត់ទឹក ស្ថិតនៅខាងស្ដាំពេលឆ្លងកាត់ខ្លោងទ្វារបង់លុយតែប្រមាណ ១០០ ម៉ែត្រ។
បើទោះបីជាភ្ញៀវខ្លះជញ្ជក់មាត់កោតសរសើរចំពោះការរៀបចំសួន រានហាលទាំងទាប និងខ្ពស់សម្រាប់ថតរូបទេសភាពដ៏ស្រស់ត្រកាល ខណៈអ្នកខ្លះទៀតត្អូញថា វាមិនមានសកម្មភាពច្រើនសម្រាប់កម្សាន្ដ ដែលត្រូវធ្វើដំណើរឆ្ងាយមកទីនេះនោះទេ តាមពិត រមណីយដ្ឋានក្បែរជួរភ្នំនេះ នៅមានអភិវឌ្ឍជាច្រើនទៀត។
កញ្ញា ម៉ីលី អាយុ ២១ ឆ្នាំ ជាបុគ្គលិកចេញបុងកុម្ម៉ង់ម្ហូប និងវិក្កយបត្រប្រាក់បានប្រាប់ថា៖ «បច្ចុប្បន្ន រមណីយដ្ឋាននេះ ទើបតែកសាងបានប្រមាណ ៣០ ភាគរយ ហើយយើងនៅអភិវឌ្ឍជាច្រើនទៀត ដូចជា សួនទឹក អាងហែលទឹក ភោជនីយដ្ឋានប្រណីតនៅផ្នែកខាងក្រោយ (ម្ដុំសួនច្បារ) និងនៅខាងមុខ និងបឹងហ្គាឡូជាដើម»។
ម៉ីលី ដែលអះអាងថា ផ្ទៃដីរមណីយដ្ឋានកំពូលពេជ្រទាំងមូលមានទំហំ ៣០០ ហិកតា បានឲ្យដឹងថា ពីថ្ងៃចន្ទដល់សុក្រ រមណីយដ្ឋានទទួលភ្ញៀវសមល្មមត្រឹមចំនួនខ្ទង់រាប់សិបនាក់។ ប៉ុន្ដែចំពោះថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទាន ភ្ញៀវមានចំនួនច្រើនលើសពីចំនួនក្យូសត្រឹម ៥០ ដែលធ្វើឲ្យភ្ញៀវសម្ដែងការខកចិត្ដចំពោះភាពយឺតយ៉ាវផ្សេង។
ជាមួយនឹងពាក្យពេចន៍សុំទោសចំពោះសេវាកម្មមិនបានពេញដៃនាឱកាសបុណ្យទាន និងថ្ងៃសម្រាកចុងសប្ដាហ៍ ដោយសារមិនទាន់មានបុគ្គលិក និងផ្ទះបាយធំគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវដ៏ច្រើនសន្ធឹកយុវតីដែលប្រាប់ថា ខ្លួនជាបុគ្គលធម្មតារូបនេះ បានអះអាងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រមណីយដ្ឋានកំពូលពេជ្រ នឹងមានកន្លែងកម្សាន្ដកាន់តែច្រើនសម្រាប់ស្វាគមន៍ភ្ញៀវ រួមទាំង សួនទឹក ភោជនីយដ្ឋានគន់ទេសភាពជួរភ្នំ អាងហែលទឹកសម្រាប់បន្ធូរបន្ថយសីតុណ្ហភាពក្ដៅ និងបឹងហ្គាឡូសម្រាប់ភ្ញៀវចង់ស្នាក់អាស្រ័យពេលរាត្រីថែមទៀត។
គួរបញ្ជាក់ថា ប្រសិនបើភ្ញៀវមិនចង់កុម្ម៉ង់ម្ហូបអាហារពីរមណីយដ្ឋានពួកគេអាចជួលក្យូសសម្រាប់អង្គុយទទួលទានចំណីអាហារផ្ទាល់ខ្លួនក្នុងតម្លៃពី ៤០ ០០០ ទៅ ៦០ ០០០ រៀលទៅតាមទំហំក្យូសនីមួយ៕

គិតត្រឹមថ្ងៃបុណ្យពិសាខបូជា រមណីយដ្ឋាននេះ ទើបកសាងបានប្រមាណ ៣០ ភាគរយ ដោយមានក្យូសទទួលទានអាហារ និងសួនច្បារអង្គុយលេងកម្សាន្ត។ ហុង មិនា

ហុង មិនា

ហុង មិនា