ក្រុងបានលុងៈ ដោយសារមានអំណោយផលល្អ មានទេសភាពស្រស់ស្អាត អមដោយព្រៃឈើសងខាង មានលាយឡំនឹងពណ៌ខៀវខ្ចី និងពណ៌លឿងឆ្អៅ ទឹកថ្លាឆ្វេង ត្រជាក់ស្រេង អាចចុះងូតលេងត្រជាក់កាយ ជាមួយនឹងជម្រៅទឹករាក់ៗ ហូរជ្រែកចង្វែកផ្ទាំងថ្ម មានទីវាលលេងទឹកដ៏ធំ និងអាចជាកន្លែងអង្គុយញ៉ាំបាយក្រោមដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ធ្វើឲ្យសប្បាយចិត្ត ជាលក្ខណៈគ្រួសារ មិត្តភក្តិ និងគូស្នេហ៍ នារដូវប្រាំងនេះ ពេលទៅដល់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិអូរស៊ិនលែរ។
រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិអូរស៊ិនលែរ ស្ថិតនៅក្នុងភូមិ ៣ ស្រុក ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ចម្ងាយជាង ៣០ គីឡូម៉ែត្រ ពីក្រុងបានលុង។ ភ្ញៀវទេសចរអាចធ្វើដំណើរចេញស្របគ្នាតាមផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានបឹងយក្សឡោម គឺចេញហួសប្រមាណចម្ងាយ ១៩ គីឡូម៉ែត្រ នឹងបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិអូរស៊ិនលែរជាមិនខាន។
ដោយឡែកភ្ញៀវទេសចរ ក៏អាចថតរូបលេងកម្សាន្តជាមួយបណ្តំទេសភាពនៃទឹកធ្លាក់ច្រើនជាន់ និងផ្ទះជនជាតិប្រចាំតំបន់នៅខេត្តរតនគិរី ទៀតផង។
បើតាមសម្តីរៀបរាប់ទាំងទឹកមុខស្ងួតរបស់អ្នកស្រី ដុស ស្រីរ័ត្ន ដែលបានប្រកបរបរជាអ្នកលក់ម្ហូបអាហារនៅតំបន់ទឹកធ្លាក់នេះអស់រយៈពេល ១០ ឆ្នាំ មកហើយនោះថា ទឹកធ្លាក់ធម្មជាតិអូរស៊ិនលែរ សម្បូរភ្ញៀវមកលេងកម្សាន្តតែនៅក្នុងរដូវប្រាំងប៉ុណ្ណោះ ខណៈនៅក្នុងរដូវវស្សាវិញ សឹងតែគ្មានមនុស្សមកលេង ព្រោះតែស្ថានភាពនៃផ្លូវចូលទៅមិនអំណោយផលក្នុងការធ្វើដំណើរតាមយានយន្ត។
ស្ត្រីជាអ្នកលក់ម្ហូបអាហាររូបនេះបញ្ជាក់ឲ្យដឹងថា៖ «ផ្លូវនៅរដូវវស្សាមានភ្លៀងធ្លាក់ ដូច្នេះមិនសូវមានភ្ញៀវមកលេងទេព្រោះពួកគេមិនហ៊ានបើកបរ ឬជិះម៉ូតូមកលេងដោយសារផ្លូវរអិល។ តែនៅរដូវប្រាំងវិញ សម្បូរភ្ញៀវច្រើនមកលេង ជាពិសេសនៅរដូវបុណ្យធំៗដូចជា បុណ្យឆ្លងឆ្នាំ ឬបុណ្យចូលឆ្នាំសកល បុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ និងបុណ្យអុំទូក ជាដើម។
ចំនួនភ្ញៀវអាចមានពីរាប់រយនាក់ ឬក្បែរពាន់នាក់ឯណោះ គឺមានចម្រុះទាំងភ្ញៀវនៅក្នុងតំបន់ និងពីចម្ងាយ។ ខណៈចំនួនភ្ញៀវមានតិចតួចនៅថ្ងៃធម្មតា និងចុងសប្តាហ៍ ដោយមូលហេតុមកពីផ្លូវដីក្រហមហុយខ្លាំង និងមានជង្ហុកដោយអន្លើផងដែរ ក្រោយពីឆ្លងផុតរដូវភ្លៀងមកនោះ»។
ចំពោះម្ហូបអាហារនៅទីនោះអាចមានដូចជាបុកល្ហុងបាយដំណើប ងៀតសាច់គោ មាន់ស្រែដុត និងភេសជ្ជៈនានា។
អ្នកស្រី ដុស ស្រីរ័ត្ន ប្រាប់តម្លៃម្ហូបអាហារ ដែលមានលក់នៅទីនោះថា៖ «សម្រាប់មាន់ស្រែ ១ តម្លៃ ៥ ម៉ឺន រៀល មានទម្ងន់ពីចន្លោះ ១,២ ទៅ ១,៥ គីឡូ ហើយក៏អាចកម្ម៉ង់ធ្វើម្ហូប ២ មុខក៏បានដែរ។ ចំពោះបាយសអាចមានលក់ជាប្រអប់ ដោយ ១ ប្រអប់តម្លៃ ២០០០ រៀល ញ៉ាំបាន ២ នាក់ ខណៈ ១ ឆ្នាំតម្លៃ ចន្លោះពី ១៥០០០ ទៅ ២០ ០០០ រៀល ដែលអាចញាំបានគ្នាប្រហែល ១០ នាក់ឯណោះ»។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ ការទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់ធម្មជាតិអូរស៊ិនលែរ នារដូវប្រាំងនេះ ភ្ញៀវពីចម្ងាយក៏អាចមានឱកាសជាវបានទឹកឃ្មុំសុទ្ធផងដែរ ខណៈទឹកឃ្មុំនោះត្រូវបានបងប្អូនខ្មែរនៅសហគមន៍ជនជាតិភាគតិចនានាដូចជាទំពួនជាដើម រកបានមកពីតំបន់ព្រៃនៅជុំវិញភូមិឋានពួកគេនោះ៕
វីដេអូ៖