ក្រុងវីចតូរីយ៉ា៖ ស្លាកស្នាមក្រឡារវិចៗលើឆ្នេរខ្សាច់សក្បុសនៃកោះម៉ាហេ សំឡេងសាច់អាំងលាន់ឆេវៗពីលើជើងក្រាន ខណៈអ្នកស្រី សីសែលឡូស ណារែន ក្រែបស្រារ៉ាំ និងកូកាក្រោយសម្រាកពីការជិះនាវាកម្សាន្ដប្រណីត។
គ្រួសាររបស់អ្នកស្រីបានចំណាយពេលចុងសប្ដាហ៍លើឆ្នេរ ជាទីដែលគូស្នេហ៍ជ្រលក់ជើងចូលទឹកដ៏ថ្លាឈ្វេងពីចម្ងាយ គឺជាទេសចរបរទេសតែ ១ ក្រុមគត់។ អ្នកស្រី ណារែន អាយុ ៣២ ឆ្នាំ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះពេញ បាននិយាយថា៖ «យើងអត់ឃើញមានភ្ញៀវទេសចរច្រើននៅប្រទេស សីស្ហែល នោះទេ ហើយនោះជាអ្វីដែលអស្ចារ្យ»។
យ៉ាងណាមិញ មិនខុសពីពលរដ្ឋភាគច្រើនឡើយ អ្នកស្រីរកចំណូលពីវិស័យទេសចរណ៍ ដែលមានចំនួនជាង ៦០ ភាគរយ នៃកំណើនសេដ្ឋកិច្ចសីស្ហែល ជាប្រទេសតែ ១ គត់ក្នុងតំបន់អាហ្វ្រិក ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេសមានចំណូលខ្ពស់ដោយធនាគារពិភពលោក។
ប្រជុំកោះនៅមហាសមុទ្រឥណ្ឌា ប្រមាណ ១១៥ កោះ ល្បីល្បាញថា ជាដែនកោះទេសចរណ៍ប្រណីត ឆ្នេរដ៏មានប្រជាប្រិយលើអ៊ីនស្ដាក្រាម និងទទួលបានងារជាទ្រនំក្រេបចន្ទទឹកឃ្មុំដ៏ពេញនិយម។
ចំនួនភ្ញៀវទេសចរ ពិសេសមកពីអឺរ៉ុប ស្ទើរតែកើនឡើងទ្វេដងក្នុងរយៈពេល ១ ទសវត្សរ៍ មកដល់ប្រមាណ ៣៦ ម៉ឺននាក់ ក្នុងឆ្នាំ ២០១៨ ដែលជិត ៤ ដងនៃចំនួនប្រជាជនសរុប។
ប៉ុន្ដែបច្ចុប្បន្ន សីស្ហែល ថ្លឹងថ្លែងលទ្ធភាពទទួលភ្ញៀវ និងពង្រឹងការអភិរក្សបរិស្ថានឲ្យគង់វង្ស។
នៅលើប្រជុំកោះដាច់ស្រយាល សីស្ហែល បានអនុវត្ដគោលនយោបាយ «កោះ ១ រីសត ១»។
រដ្ឋមន្ដ្រីទេសចរណ៍ ឌីឌីយើ ឌូហ្គើល័រ បានប្រាប់ AFP ថា៖ «វាជាការគ្រប់គ្រងចំនួនភ្ញៀវទេសចរដែលមកទីនេះ តាមរយៈការគ្រប់គ្រងចំនួនបន្ទប់ក្នុងសណ្ឋាគារ ដែលមានស្រាប់»។
រដ្ឋមន្ដ្រីទេសចរណ៍ និយាយថា សីស្ហែល មានសណ្ឋាគារ ៦ ០០០ បន្ទប់ តែ ៣ ០០០ បន្ទប់ទៀតកំពុងតែសាងសង់មុនពេលចេញគោល-នយោបាយកំណត់ចំនួនបន្ទប់។
ផ្ទៃដីជិតពាក់កណ្ដាលប្រទេស ៤៥៥ គីឡូម៉ែត្រការ៉េ ត្រូវបានដាក់ជាតំបន់ការពារ ដោយសំណង់តូចៗសង់លើឆ្នេរៗអែបគម្ពោតព្រៃ។
នីម៉ាល់ សះ នាយកប្រតិបត្ដិអង្គការបរិស្ថាន Nature Seychelles បាននិយាយថា៖ «ខ្ញុំពិតជាមិនចង់ឈឺភ្នែកដូចនៅតាមឆ្នេរភាគអឺរ៉ុប ដែលជន់ជោរដោយឆត្រ និងអគារបេតុងនោះឡើយ»៕ AFP/HR