ក្រុងបាត់ដំបង: ភ្នំសំពៅ ជា​ទីឋាន​សំពៅ​កឿង​ក្នុង​រឿង​ព្រេង​បុរាណ​ខ្មែរ​មាន​បណ្ដុំ​ល្អាង​ជាច្រើន​ដែល​ទាក់ទាញ​ចិត្ដ​ភ្ញៀវទេសចរ​ជុំវិញ​ពិភពលោក​។

គោលដៅ​មួយ​ក្នុង​ចំណោម​ល្អាង​ផ្កាស្លា ល្អាង​គក់ទ្រូង ល្អាង​ប្រចៀវ គឺ​ «​ល្អាង​ក្បាល​ខ្មោច​» ជា​ទីកន្លែង​ដែល​មនុស្ស​ជាច្រើន​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម និង​សា្លកស្នាម រួមទាំង​ឆ្អឹង​មួយចំនួន​ត្រូវ​បាន​រក្សា​ក្នុង​ចេតិយ​កញ្ចក់​រហូត​ដល់​សព្វថ្ងៃ​។

អារម្មណ៍​ស្ងប់សុខ​ចាប់ផ្ដើម​ជ្រួតជ្រាប​ក្នុង​ចិត្ដ​តាំងពី​ពេល​បរ​រថយន្ដ​ចូល​ច្រកទ្វារ​អារាម​ភ្នំ​សំពៅ ហើយ​ហឫទ័យ​ជ្រះថ្លា​ពេល​បានឃើញ​ព្រះពុទ្ធបដិមា​កំពុង​ត្រូវ​បាន​ឆ្លាក់​ចេញពី​ថ្មភ្នំ​។ មិន​ដល់​មួយ​នាទី​ផង រថយន្ដ​នឹង​ឡើង​ដល់​កំពូលភ្នំ​កម្ពស់​ប្រមាណ ១០០ ម៉ែត្រ​ជា​ទី​ដែលមាន​ព្រះវិហារ​ចំណាស់​មួយ​ស្វាគមន៍​អ្នក​ចូល​ថ្វាយបង្គំ​ព្រះ ក្រោយ​ពេល​ម្ចាស់​យានយន្ដ​ត្រូវបាន​ប្រជាការពារ​ជម្រាប​ប្រាប់​ឲ្យ​បិទ​ម៉ាស៊ីន​ត្រជាក់​រថយន្ដ ដើម្បី​ផ្ដល់​ថាមពល​បន្ថែម​ឲ្យ​រថយន្ដ​បរ​ឡើង​ភ្នំ​ដោយ​សុវត្ថិភាព​។

ទេសភាព​ដ៏ស្រស់ត្រកាល​នៃ​កំពូល​ភ្នំ​សំពៅ​ដែល​សម្បូរ​ទៅ​ដោយ​រឿងព្រេង​បុរាណ​ក្នុង​ប្រវត្ដិព្រេង​និទាន​ខ្មែរ ភ្ញៀវទេសចរ​នឹង​កាន់តែ​ស្បើយ​អស់​អារម្មណ៍​មួហ្មង​បន្ទាប់ពី​ការគយគន់​ភ្នំ​ទេវកថា​នានា​ជុំវិញ​។

យ៉ាងណាមិញ ព្រះវិហារ​លើ​ភ្នំ​សំពៅ​ក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ល្អាង​ក្បាល​ខ្មោច ជា​ទីឋាន​ពិឃាត និង​តម្កល់​ធាតុ​ជនរងគ្រោះ​ដែល​ត្រូវបាន​ក្រុម​អាវខ្មៅ​វាយ​សម្លាប់ និង​ទម្លាក់​ពី​លើ​មាត់​ល្អាង​យ៉ាង​សាហាវ​ព្រៃផ្សៃ​ផងដែរ​។

ក្រោយពី​ស្នើសុំ​ឲ្យ​ភ្ញៀវទេសចរ​ដែល​ប្រណិប័តន៍​ព្រះពុទ្ធសាសនា​ឡើង​ព្រះវិហារ​គិរីរម្យ​អុច​ធូប​បួងសួង​សុំ​សេចក្ដីសុខ​លោក សួង ស៊ីថន ជា​ប្រជាការពារ​ម្នាក់​នឹង​អមដំណើរ​ភ្ញៀវ​ដើរ​ទស្សនា​ទីឋាន​មួយ​ចំនួន​នៅលើ​កំពូលភ្នំ​។

ទិដ្ឋភាព​នៅ​ខាង​ក្នុង​ល្អាង​ដែល​អាច​ធ្វើឲ្យ​ភ្ញៀវទេសចរ​ខ្លះ​មាន​អារម្មណ៍​គួរ​ឲ្យ​អាណោចអាធ័ម​។ ហុង មិនា

ផ្ដើម​ដោយ​ល្អាង​តែង​ខ្លួន​ដែល​យោងតាម​ព្រេង​និទាន​ជា​ទីឋាន​សម្រាប់​ក្រុម​ល្ខោន​តុបតែង​ខ្លួន​ព្រះនាង​រំសាយ​សក់ លោក​ សួង ស៊ីថន បាន​ចង្អុល​ប្រាប់​ទៅកាន់​រូង​ខ្លី​មួយ​ដែល​មាន​បន្សល់​នូវ​ទ្រុង​សំណាញ់​ដែក​ថា​៖ «​ទីនេះ​ជា​កន្លែង​រក្សាទុក​នូវ​ស្លាកស្នាម​ស្ដែងៗ​មួយ​ចំនួន ជាពិសេស​សម្លៀកបំពាក់​ជនរងគ្រោះ​ក្នុង​សម័យ​ប៉ុលពត​។ ជនរងគ្រោះ​នៅទីនេះ​គឺជា​អ្នក​ចេះដឹង​»​។

ពី​ល្អាង​តែងខ្លួន​ទៅ​កាន់​ល្អាង​ល្ខោន ភ្ញៀវ​នឹង​បាន​ឃើញ​គំនូរ​រូបភាព​ជនរងគ្រោះ​សម័យ​ប៉ុលពត​ត្រូវបាន​វាយ​ទម្លាក់​ពី​លើ​មាត់​ល្អាង​ផ្នែក​ខាងឆ្វេង​ដៃ ហើយ​នៅ​ផ្នែក​ខាងស្ដាំ​ដៃ​គឺជា​ចម្លាក់​ស្មូន​អំពី​ទារុណកម្ម​មកលើ​អ្នក​សាង​បាប​មុន​ពេល​ទៅដល់​មាត់​ល្អាង​។

លោក ម៉ក់ ស៊ិនណារ៉ា អតីត​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​បាត់ដំបង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ភ្នំ​សំពៅ​កកើតឡើង​នៅពេល​សំពៅ​ចៅ​រាជកុល​ដែល​ដឹក​ភ័ស្តុភារ​បណ្ណាការ​មក​រៀប​អភិសេក​ជាមួយ​នាង​រំសាយសក់ ហើយ​ត្រូវ​ក្រពើ​អាធន​បង្កឿង​រហូត​ក្រឡាប់​សំពៅ​បាក់​ក្លាយ​ជា​ភ្នំ​ក្តោង​។ ចំណែកឯ​ភ័ស្តុភារ​បណ្ណាការ​ដែល​បាន​បែកខ្ចាយ​ដូចជា មាន់ទា នោះ​ក្លាយ​ជា​ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុង​ទា ហើយ​កន្លែង​នាង​រំសាយសក់​ច្បូតសក់​បូមទឹក​នោះ​ក៏​ក្លាយជា​ភ្នំ​នាង​រំសាយសក់​»​។

លោក​និទាន​បន្តថា​៖ «​រីឯ​ក្រពើ​ឈ្មោះ​អាធន​ពេល​រីង​ទឹក​អស់​ក៏​ដុះ​ឡើង​ក្លាយ​ជា​ភ្នំ​ក្រពើ ហើយ​ភ្នំ​សំពៅ​នេះ​ជា​ប្រាសាទ​នាង​រំសាយសក់​ទើប​បាន​ជា​ភ្នំ​នេះ​សម្បូរ​ល្អាង​ ព្រោះ​ថា​ល្អាង​នេះ​យើង​អាច​និយាយ​បាន​ថា​ជា​បន្ទប់​រៀបចំ​តុបតែង​ខ្លួន​របស់​នាង​រំសាយសក់​ចាំ​ទទួល​ចៅ​រាជកុល​»​។

មាត់​ល្អាង​នៅ​ខាង​លើ​នៃ​ភ្នំ​ជា​កន្លែង​ដែល​ខ្មែរក្រហម​វ៉ៃ​មនុស្ស​ទម្លាក់​មកពី​លើ ចូល​មក​ក្នុង​ល្អាង​។ ហុង មិនា

ល្អាង​ល្ខោន ធ្លាប់​ជា​ទីកន្លែង​សម្រាប់​ក្រុម​ល្ខោន​របស់​ព្រះបាទ​រាជកុល​នៅលើ​ភ្នំ​សំពៅ​ចូល​មក​ដណ្ដឹង​ព្រះនាង​រំសាយសក់​បាន​ប្រែ​ក្លាយ​ជា​ល្អាង​ក្បាល​ខ្មោច ដែល​មាន​តាំង​លលាដ៍ក្បាល​ក្នុង​ទូកញ្ចក់​នៅ​ចុង​ផុត​នៃ​ផ្នែក​ខាងស្ដាំ​ដៃ​ជា​ធាតុ​ជនរងគ្រោះ​ត្រូវ​ពួក​ខ្មែរក្រហម​នាំ​យក​មក​សម្លាប់​។

នៅ​ចំកណ្ដាល​នៃ​បរិវេណ​ល្អាង​មាន​ព្រះពុទ្ធបដិមា​មួយអង្គ​ស្ថិត​ជាប់​ជណ្ដើរ​ចុះ​ទៅ​ខាងក្រោម ខណៈ​ទីកន្លែង​ពិឃាត​មនុស្ស​ដ៏ឃោរឃៅ​គឺ​ស្ថិត​នៅ​ខាងឆ្វេង ជា​ជ្រលង​ថ្ម​កម្ពស់​ប្រមាណ ១០ ​ម៉ែត្រ​សណ្ឋាន​ដូចជា​អណ្ដូង​ដែល​ខ្មែរក្រហម បណ្ដើរ​អ្នកទោស​វាយ​ទម្លាក់​ពី​ខាង​លើ​ចូលក្នុង​ល្អាង​ដែល​ជា​ទីកន្លែង​ដ៏ងងឹតឈឹង​។

សំឡេង​ស្រទន់​បែប​រដឺន កុមារី សុខ សុនីតា ក្នុងចំណោម​កុមារ​ប៉ុន្មាន​នាក់​ទៀត​ដែល​មាន​អាយុ​ចន្លោះ​ពី ១១ ទៅ ១៥ ឆ្នាំ​បាន​ចូលខ្លួន​មក​រៀបរាប់​អំពី​ហេតុការណ៍​កើតឡើង​ហាក់បី​ដូចជា​ការសូត្រ​កំណាព្យ​ដោយ​មិនចាំបាច់​មាន​ការស្នើសុំ​ពី​អ្នកទស្សនា​។

ចង្អុល​ទៅកាន់​មាត់​ល្អាង​ខាង​លើ​នៃ​ភ្នំ​សំពៅ កុមារី សុនីតា រៀន​ថ្នាក់​ទី ៥ បាន​រៀបរាប់​រឿងរ៉ាវ​ដែល​ខ្លួន​បាន​ដឹងឮ​តៗ​គ្នា​ពី​រៀមច្បង និង​ចាស់​ព្រឹទ្ធាចារ្យ​ក្នុងភូមិ​ថា​៖ «​នេះ​ជា​កន្លែង​គេ [​ខ្មែរក្រហម​] វ៉ៃ​មនុស្ស​ទម្លាប់​មកពី​លើ លោកពូ​! ពួកគាត់​សុទ្ធតែ​ជា​អ្នកចេះដឹង​»​។

ព្រះវិហារ​លើ​ភ្នំ​សំពៅ ស្វាគមន៍​ភ្ញៀវ​ចូល​ថ្វាយបង្គំ​ព្រះ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ល្អាង​ក្បាល​ខ្មោច​។ ហុង មិនា

បន្ទរ​ចំពោះ​សកម្មភាព​វាយ​សម្លាប់​អ្នកចេះដឹង​ខ្មែរ​លោក សួង ស៊ីថន អាយុ ៣៥ ឆ្នាំ​ក៏​មិនមែន​វ័យ​ស្ថិត​ក្នុង​របប​ប៉ុលពត​បាន​បន្ដថា​៖ «​អ្នកចេះដឹង​ជា​អតីត​កងទាហាន​មាន​ស័ក្ដិ​ ១ និង​ស័ក្ដិ​ ២​។ ចំណោម​មនុស្ស​ស្លាប់​ទាំងនោះ​មាន​តែ​ ២ ​នាក់​ប៉ុណ្ណោះ​រត់​រួច​រស់​ជីវិត​ទៅ​រស់នៅ​ស្រុក​គេ​»​។

លោក​បន្ដ​និយាយ​ពី​ហេតុការណ៍​នោះ​ថា​៖ «​ពួកគេ​ត្រូវ​បាន​វាយ​ទម្លាក់​គរ​លើ​សព​ជាច្រើន តែ​គេ​អត់​ហ៊ាន​​រើ​ខ្លួន​ទេ និង​យក​ឈាម​អ្នក​ស្លាប់​មក​លាប​ដើម្បី​បន្លំ​ភ្នែក​កង​ប៉ុលពត ២ នាក់​ដែល​រង់ចាំ​វាយ​បង្ហើយ បើ​មាន​នរណា​មិនទាន់​ដាច់ខ្យល់​។ ក្រោយពី​ការវាយ​ចប់ ពួក​ប៉ុលពត​ក៏​ចាកចេញ​ទៅ​ហើយ​ជនរងគ្រោះ​ ២ ​នាក់​ក៏​នាំ​គ្នា​រត់​ចុះ​តាម​ក្រោម​ល្អាង និង​បន្ដ​ភៀសខ្លួន​ទៅ​នៅ​ស្រុក​ក្រៅ​»​។

ដោយ​មាន​ការនឹករឭក សោក​សង្វេគ​ចំពោះ​រឿងរ៉ាវ​បាន​កើតឡើង​កន្លងមក អតីតជន​រងគ្រោះ​ទាំង​ ២ ​ក៏​បាន​នាំគ្នា​មក​ធ្វើ​បុណ្យ​ធ្វើ​ទាន​បញ្ជូន​កុសល​ដល់​អ្នកស្លាប់​រួម​ជំនាន់ និង​អរគុណ​ចំពោះ​តំណក់​ឈាម​អ្នកស្លាប់​ដែល​អាច​ស្រោចស្រង់​ខ្លួន​ពី​សេចក្ដី​ស្លាប់​។

លោក សួង ស៊ីថន ស្ថិតក្នុង​ចំណោម​ប្រជាការពារ ៤ ​នាក់​ទៀត​ដែល​ឈរជើង​នៅលើ​កំពូលភ្នំ​សំពៅ​បាន​បន្ដ​​ថា​៖ «​ប៉ុន្មាន​ខែ​មុន ពួកគេ​មក​លេង​ធ្វើ​បុណ្យ​ធ្វើ​អី​ទៅ​។ ពួកគេ​អង្គុយ​យំ ដោយ​នឹក​ស្រណោះ​ដល់​រឿង​អតីត​ដែល​ធ្លាប់​កើតឡើង​ចំពោះ​រូបគេ​។ ពួកគេ​អរគុណ​ចំពោះ​ឈាម​អ្នកស្លាប់​ដែល​ពួកគេ​យក​មក​លាប​លើ​ខ្លួន​បន្លំ​ជា​អ្នកស្លាប់ ហើយ​អាច​បន្ដ​ជីវិត​រស់​ដល់​សព្វថ្ងៃ​»​។

លោក​បាន​ប្រាប់ថា ឆ្អឹង​សព​ទាំងនេះ​ត្រូវ​បាន​ដឹក​យក​ទៅ​សារមន្ទីរ​ពីរ​ឡាន​ផង និង​បូជា​ផង​ដែល​លោក​អះអាង​ថា​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​សម្លាប់​នៅទីនេះ​មាន​ចំនួន​ប្រមាណ ១ ​ម៉ឺន​នាក់​។

ពុទ្ធបដិមា​បរិនិពា្វន និង​កន្លែង​ដាក់​ឆ្អឹង​សព​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម​។ ហុង មិនា

សម្រាប់​សេវាកម្ម​ណែនាំ និង​ពន្យល់​ពី​រឿងរ៉ាវ​ទុរយស​ដែល​បានកើត​ឡើង​ដល់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​បាន​ស្ដាប់ មគ្គុទ្ទេសក៍​ភូមិ​ហាក់​ដូចជា​បំពេញ​តម្រូវការ​ច្រើន​ជ្រុល​ដោយ​ទាំង​ប្រជាការពារ និង​កុមារា កុមារី​នាំគ្នា​ចាប់​ភ្ញៀវ​ម្នាក់​មួយៗ​ទៅ​តាម​ភាព​រវាសរវៃ​របស់​ពួកគេ​។

កុមារី សុនីតា ដែល​ឆ្លៀតពេល​សម្រាក​ពី​ការសិក្សា​មក​តំណាល​រឿង​ប្រាប់​ភ្ញៀវទេសចរ​បាន​ប្រាប់ថា​៖ «​ខ្ញុំ​អាច​និយាយ​អង់គ្លេស​បាន​តិចៗ និង​ប្រាប់​ពួកគាត់​អំពី​ការសម្លាប់ និង​វាយ​ទម្លាក់​អ្នក​ចេះដឹង​ពី​លើ​មាត់​ល្អាង​។ និទាន​រឿង​រាល់ថ្ងៃ​ពេល​ខ្លះ​ក៏​មាន​ភ្ញៀវ​ឲ្យ​ប្រាក់​តិចៗ មាន​ថ្ងៃ​ខ្លះ​បាន​ដល់ ១០ ​ដុល្លារ តែ​ក៏​មាន​ពេល​ខ្លះ​អត់​បាន​អី​ម៉ារៀល​ដែរ​»​។

ចុះ​ពី​រថយន្ដ​ដើរ​រំលង​អារាម​គិរីរម្យ​ដែល​ការ​ពី​ដើមឡើយ​គ្រាន់តែ​ជា​អាស្រម​សំណាក់​ធម៌​សំដៅ​ទៅ​កាន់​ល្អាង​ក្បាល​ខ្មោច​បំណង​ចង់​ឃើញ​ទិដ្ឋភាព​ស្លាកស្នាម​សោក​នាដកម្ម​បន្សល់ទុក​ពី​សម័យ​ប៉ុលពត អ្នកស្រី សាទ្រីយ៉ា ជាមួយ​ក្រុម​គ្រួសារ​បែរ​ជា​មិន​ហ៊ាន​ចូល​ល្អាង និង​សម្រេច​ចិត្ដ​ត្រឡប់​ក្រោយ​វិញ​។

ចម្លាក់​រៀបរាប់​ពី​ជំនឿ​បុណ្យ​បាប និង​សកម្មភាព​ធ្វើ​ទារុណកម្ម​នៅ​ឋាននរក​។ហុង មិនា

ស្ដ្រី​មូស្លីម​ដែល​មាន​គ្រង​កន្សែង​រុំក្បាល​រូបនេះ​អាយុ​ជាង ៤០ ​ឆ្នាំ​ប្លាយ​បាន​ប្រាប់ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​មើល​ទិដ្ឋភាព​ដ៏ឲ្យ​សង្វេគ​បែបនេះ​ទេ​។ វា​ធ្វើឲ្យ​ឆ្អើម​ផង ខ្លាច​ផង និង​គួរ​ឲ្យ​អាណោចអាធ័ម​ផង​។ ណាមួយ​វា​ជិត​ដល់​ម៉ោង​បាយ​ថ្ងៃត្រង់​ទៅហើយ ពួក​ខ្ញុំ​ក៏​សម្រេច​ចិត្ដ​ចុះ​ពី​ភ្នំ​វិញ​»​។

យ៉ាងណា​មិញ​អារាម​គិរីរម្យ​ក៏​មាន​វាសនា​មិន​ខុស​គ្នា​នោះ​ទេ ដោយ​នៅ​សម័យ​ប៉ុលពត ទីឋាន​សក្ការៈ​មួយ​នេះ​ត្រូវ​បាន​បំប្លែង​ជា​មន្ទីរ​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ចំពោះ​ព្រះភក្ត្រ​អង្គពុទ្ធបដិមា​។

ល្អាង​ក្បាល​ខ្មោច ចំទើត​លើ​កំពូលភ្នំ​សំពៅ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ស្ថិត​នៅ​ឃុំ​ភ្នំសំពៅ ស្រុក​បាណន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥៧ ចម្ងាយ ១២ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ ជាពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក​៕

វីដេអូ៖