ក្រុងយានសួយ: ជាមួយឈើឆ្កាងលើដំបូលក្រហម និងរូបសំណាកតោ ២ យាមនៅខ្លោងទ្វារចូលវិហារកាតូលិកមួយនៅតៃវ៉ាន់ខាងត្បូង អាចត្រូវបានគេច្រឡំថា ជាអារាមសាសនាផ្សេងទៅវិញ។
តៃវ៉ាន់ទទួលបានសេរីភាពសាសនា និងជាកន្លែងសម្បូរអារាមច្រើនបំផុតក្នុងលោក ដោយជិត ៧០ ភាគរយនៃប្រជាជនសរុប ជាអ្នកកាន់សាសនាតៅ សាសនាព្រះពុទ្ធ និងមានប្រពៃណីដូចប្រជាជនចិនដីគោក។
មានតែប្រហែល ៦ ភាគរយនៃប្រជាជន ២៣,៥៧ លាននាក់នៅតៃវ៉ាន់ជាអ្នកកាន់គ្រិស្តសាសនា ហើយក្នុងនោះមាន ៣០ ម៉ឺននាក់ជាកាតូលិក។
ក្នុងចំណោមព្រះវិហារជាង ១០០០ នៅទូទាំងតៃវ៉ាន់ Holy Spirit គឺជាព្រះវិហារដែលពិសេសជាងគេ។ ស្ថិតនៅក្នុងផ្លូវស្ងាត់មួយនៅក្នុងទីក្រុងយានសួយ ព្រះវិហារនេះចាប់ផ្តើមពីសំណង់ឈើ បន្សល់ពីសាសនទូតជនជាតិអាល្លឺម៉ង់ កាលពីជាង ៦ ទសវត្សរ៍មុន។
ទោះយ៉ាងណាក្តី កាលពីឆ្នាំ ១៩៨៦ វិហារកាតូលិកនេះត្រូវបានសាងសង់ឡើងវិញដោយលោកឪពុកជនជាតិចិនឈ្មោះ លី សាវហ្វឹង ដោយប្រើប្រាស់រចនាប័ទ្មដូចវិហារចិនសាមញ្ញ រួមមានដូចជា ចង្កៀង សសរពណ៌ក្រហម និងមានការលាបថ្នាំទម្រង់នាគ។
លោក ចូសេហ្វ ជុង ដែលជាលោកឪពុកបច្ចុប្បន្ននៃវិហារនេះបានថ្លែងថា៖ «លោកឪពុកជាស្ថាបនិកបានគិតអំពីការសាងសង់វិហារម៉ូដចិន ដើម្បីសម្របសម្រួលទៅនឹងបរិស្ថានវប្បធម៌ប្រចាំតំបន់»។
លោក ជុង អាយុ ៦៧ ឆ្នាំ បានរៀបរាប់បន្តថា៖ «គាត់បានសាងសង់វិហារដ៏ប្លែកនេះឡើងដោយសង្ឃឹមថា នឹងទាក់ទាញអ្នកដង្ហែសាសនាបានច្រើនជាងមុន»។
ផ្ទាំងគំនូនៅលើជញ្ជាំងក្នុងព្រះវិហារនេះ បានឆ្លុះបញ្ចាំងអំពីការបង្រៀនតាមព្រះគម្ពីរប៉ុន្តែរូបមនុស្សមានលក្ខណៈមុខមាត់បែបអាស៊ី និងស្លៀកពាក់ខោអាវបែបចិនទៅវិញ។
នៅខាងក្រោយសាល ជាប់នឹងកន្លែងសម្បថ គឺជាវិហារមានជើងពានដោតធូប ដើម្បីសម្របទៅតាមលោកឪពុកស្ថាបនិក ដែលបានស្លាប់។
អ្នកស្រី សេស៊ីលា ហ័ង ជាអ្នកទៅបួងសួងនៅវិហារ Holy Spirit ជាប្រចាំ អស់រយៈពេល ២០ ឆ្នាំ បានសរសើរអំពីភាពស្រស់ស្អាតនៃរចនាប័ទ្មនេះ។
ស្ត្រីវ័យ ៦៦ ឆ្នាំរូបនេះ បាននិយាយថា៖ «រចនាប័ទ្មសម្របតាមបរិយាកាសនៅតៃវ៉ាន់ មិនបានផ្លាស់ប្តូរលក្ខណៈជំនឿនៃសាសនាគ្រិស្តកាតូលិករបស់អ្នកស្រីឡើយ»៕