កំពង់ចាម: ឆ្លងកាត់ដងទន្លេមេគង្គ ស្ថិតនៅភាគខាងកើតប្រទេស ស្ពានឫស្សីដ៏វែងដែលធ្លាប់តភ្ជាប់អ្នកស្រុកកោះប៉ែន នៅកណ្ដាលទន្លេមេគង្គ ទៅកាន់ដីគោកនៃទីក្រុងកំពង់ចាម ពេលនេះប្រែក្លាយទៅជាអតីតកាលគួរឲ្យចងចាំ។
ស្ពានឫស្សី តែងតែរំលេចរូបរាងទៅតាមរដូវកាល ខណៈទឹកសម្រក និងដើមរដូវវស្សា មុនពេលទឹកចាប់ឡើងជាថ្មី។ ស្ពានឫស្សី ត្រូវបានកសាងឡើងដោយដៃ ហើយពេលរុះរើនៅរដូវទឹកឡើងដែលចរន្ដទឹកហូរខ្លាំង ឫស្សីទាំងនេះត្រូវបានរក្សាទុកត្រឹមត្រូវ សម្រាប់ប្រើប្រាស់នៅឆ្នាំបន្ទាប់ៗទៀតហើយជំនួសមកវិញនូវទូកដចម្លង។
ដោយសារតែអានុភាពដើមឫស្សីវិញត្បាញបញ្ចូលគ្នា និងជន្ទល់ឫស្សីរាប់ពាន់ដើម ការបើកបររថយន្ដ ម៉ូតូ ឬរ៉ឺម៉ក រទេះនានាឆ្លងកាត់ស្ពាននេះគ្រាន់តែធ្វើឲ្យស្ពានឫស្សីរង្គើ និងលាន់សូរង៉ឺតៗប៉ុណ្ណោះ។
ក្រៅពីការធ្វើដំណើរឆ្លងកាត់ក្នុងបំណងរកទទួលទាន និងការងារផ្សេងៗស្ពានឫស្សីកោះប៉ែន ក៏បានទាក់ទាញភ្ញៀវរាប់ពាន់ រាប់ម៉ឺននាក់រៀងរាល់ឆ្នាំដែលចង់សាកល្បងការឆ្លងស្ពានឫស្សីយោលយោក។
ចំពោះតម្លៃឆ្លងស្ពាន អ្នក-ស្រុកត្រូវបង់ប្រាក់ ១០០ រៀល ខណៈភ្ញៀវបរទេសត្រូវបង់ ៤០០០ រៀល ឬ ១ ដុល្លារ។
គួរឲ្យកត់សម្គាល់ថា ចំណូលពីការឆ្លងស្ពានឫស្សីមានចំនួនពី ១ ទៅ ២ លានរៀលឬប្រមាណ ២៥០ ទៅ ៥០០ ដុល្លារក្នុង ១ ថ្ងៃ ដែលមួយផ្នែកធំបានមកពីភ្ញៀវទេសចរបរទេស។ ចំណូលទទួលបានត្រូវបានបែងចែកសម្រាប់ការកសាង និងជួសជុលស្ពាន ដែលតម្រូវទឹកប្រាក់ប្រមាណពី ៥ ម៉ឺនទៅ ៦ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ។
ស្ពានឫស្សីកោះប៉ែន ត្រូវបានកសាងឡើងជាថ្មីអស់រយៈពេលជាច្រើនទសវត្សរ៍។ ប៉ុន្ដែជាអកុសល ១ ឆ្នាំចុងក្រោយនេះវាគ្រាន់តែជាស្លាកស្នាមអតីតកាលដែលត្រូវបានផ្ដិតទុកត្រឹមជាអនុស្សាវរីយ៍ប៉ុណ្ណោះ ខណៈដែលស្ពានថ្មថ្មីសន្លាងបានចាប់បដិសន្ធិឡើងកាលពីដើមឆ្នាំ។
នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងកាត់ទន្លេមេគង្គទៅកាន់កោះប៉ែន។ ស្ពានកោះប៉ែននេះ មានបណ្ដោយប្រវែង ៧៧៩ ម៉ែត្រ ទទឹង ៩,២ ម៉ែត្រ កម្ពស់ទី ២៣ ទៅ ២៤ ម៉ែត្រ និងអាចផ្ទុកទម្ងន់ចន្លោះពី ២០ ទៅ ៣០ តោន។ ស្ថិតនៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រភាគខាងត្បូងស្ពានឫស្សី ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ដ្រ ឃុំកោះមិត្ដ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។
អ្នកភូមិកោះប៉ែនខ្លះ រីករាយចំពោះវត្ដមានស្ពានថ្មថ្មី ដោយសារវាងាយស្រួល និងចំណេញពេលវេលាធ្វើដំណើរ ព្រមទាំងមានសុវត្ថិភាពជាងមុន។ លើសពីនេះ ពួកគេមិនបាច់ចំណាយប្រាក់។ ប៉ុន្ដែការបាត់បង់ស្ពានឫស្សី ក៏ជាការបាត់បង់ភ្ញៀវទេសចរ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកស្រុកកោះប៉ែនផងដែរ។
កន្លងមក ស្ពានឫស្សីកោះប៉ែនធ្លាប់ត្រូវបានចាត់បញ្ជូលក្នុងបញ្ជីស្ពានគួរឲ្យភ័យខ្លាចបំផុតក្នុងលោកមួយ ដែលវាបានអន្ទងចិត្ដទេសចរបរទេសចង់ឃើញ ចង់សាកល្បងឆ្លងកាត់៕