ក្រុងកាស្មៀរ៖ ភ្ញៀវទេសចរដែលត្រូវបានព្រមានដោយភាគីឥណ្ឌាឲ្យចាកចេញពីទីក្រុងកាស្មៀរតែប៉ុន្មានថ្ងៃមុនកម្ទេចតំបន់ស្វយ័តស្ថិតក្នុងជ្រលងភ្នំនេះ នឹងត្រូវបានស្វាគមន៍ត្រឡប់មកវិញនៅប៉ុន្មានថ្ងៃក្រោយ។ បើយោងតាមអភិបាលក្រុងមូលដ្ឋានបាននិយាយកាលពីថ្ងៃចន្ទ។
អាជ្ញាធរកាលពីដើមខែសីហាបានអំពាវនាវដល់ភ្ញៀវទេសចរសុំឲ្យចាកចេញជាបន្ទាន់ចំពោះក្ដីបារម្ភពីការគំរាមកំហែងភេរវកម្មលើក្បួនព្យុហយាត្រាព្រហ្មញ្ញសាសនាធំមួយ ដែលបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ប្រញាប់ឡើងយន្ដហោះ និងរថយន្ដក្រុងរត់ចែកជើងគ្នា។
ក្រុងញូវដែលី ក៏បានចាត់វិធានការលើរាល់ចលនា និងកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងរួមទាំង សេវាកម្មអ៊ីនធឺណិត និងទូរស័ព្ទ នៅមុនការសម្រេចចិត្ដផ្ដាច់ខ្លួនដ៏ចម្រូងចម្រាសដែលបង្កជាចលាចល។
ប៉ុន្ដែរដ្ឋាភិបាលមូលដ្ឋាន សាតយ៉ា ផាល ម៉ាលីក បានប្រាប់ពីសេចក្ដីប្រកាសរបស់រដ្ឋបាលក្រុងញូវដែលីឡើងវិញថា អាជ្ញាធរបានដកបម្រាមគោចរ ដោយបានបន្ថែមថា ការរឹតបន្ដឹងទាក់ទងនឹងសន្ដិសុខ ត្រូវបានដកចេញពីភាគច្រើននៃតំបន់។
ប្រតិបត្ដិករទេសចរណ៍បានប្រាប់ទីភ្នាក់ងារ AFP កាលពីចុងខែសីហាថា ពួកគេរងផលប៉ះពាល់យ៉ាងខ្លាំងតាមរយៈការធ្លាក់ចុះចំនួនភ្ញៀវទេសចរយ៉ាងគំហុក និងមានក្ដីបារម្ភថា មនុស្សជាច្រើននឹងលែងមកបៀតទីនេះរយៈពេលយូរទៀត។
តួលេខបានបង្ហាញថា អ្នកដំណើរបរទេសតែ ១៥០ នាក់ បានមកកាន់ទីក្រុងកាស្មៀរ ក្រោយថ្ងៃទី ៥ ខែសីហា ពេលក្រុងញូវដែលី លុបចោលស្វ័យភាពរហូតដល់ដំណាច់ខែ។
ក្រុងកាស្មៀរ ត្រូវបានខណ្ឌចែករវាងឥណ្ឌា និងប៉ាគីស្ថាន តាំងពីឆ្នាំ ១៩៤៧ និងបង្កជាជម្លោះបង្ហូរឈាមរវាងប្រជាជាតិផលិតនុយក្លេអ៊ែរទាំង ២។
មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ចំពោះក្រុមប្រឆាំងការគ្រប់គ្រងរបស់ឥណ្ឌាតាំងពីឆ្នាំ ១៩៨៩ ដែលភាគច្រើនជាជនស៊ីវិល៕ AFP/HR