ក្រុង​ហូជីមិញ៖ ខេត្ដ​ដីសណ្ដ​ទន្លេ​មេគង្គ សុក​ត្រាង មាន​អារាម​ខ្មែរ​រាប់រយ តែ​អារាម​មហាទិព្វ សាឡុន និង​ដេអំផូ ត្រូវ​បាន​មើល​ឃើញ​ជា​ទីសក្ការៈ​ដ៏​ស្រស់​ស្អាត​បំផុត។

ខេត្ដ​សុកត្រាង ស្ថិត​នៅ​ចុង​ផុត​នៃ​ទន្លេ​ហួ ជា​ដៃទន្លេ​មេគង្គ​ជា​រចនាប័ទ្ម​រួមគ្នា​នៃ​វប្បធម៌​ចិន គិញ ខ្មែរ និង​ចាម។ ភ្ញៀវ​ទៅ​កាន់​អារាម​មាតុភូមិ ឬ​ហៅថា ដុយបាត អាច​រីករាយ​នឹង​ទេសភាព បរិយាកាស​ដ៏​ស្ងប់ស្ងាត់​ជុំវិញ​បរិវេណ និង​ទស្សនា​ក្បាច់​រចនា​នៃ​ស្ថាបត្យកម្ម​ខ្មែរ។

វត្ដ​អារាម​ព្រះពុទ្ធសាសនា​ទទួល​បាន​ការ​សាទរ​ចំពោះ​ក្បាច់​ចម្លាក់​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ដូចជា នាគ ទេវតា ពស់ ក្បាច់ក្បូរ​លើ​កំពូល​អារាម​ថែម​ទៀត។

អារាម​សាឡុន ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១២ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​សុកត្រាង ជា​សំណង់​បែប​សាមញ្ញ​តាំង​ពី​ដើម​រៀង​មក ដែល​សង់​ពី​ឈើ និង​បន្សល់​តាំង​ពី​សតវត្សរ៍​ទី១៩។ វា​ត្រូវ​បាន​កសាង​ឡើង​វិញ​ក្នុង​ឆ្នាំ ១៩៦៩។

ចំពោះ​អារាម ដេអំផូ ស្ថិត​ក្នុង​ភូមិឋាន​ជនបទ​មួយ​នៃ​ខេត្ដ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៩៥១ និង​បើក​ទ្វារ​ក្នុង​ឆ្នាំ ១៩៥៧។

កំពូល​អារាម​ពណ៌​មាស​ច្រូងច្រាង រមែង​ត្រូវ​បាន​មើល​ឃើញ​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ថៃ ឡាវ និង​មីយ៉ាន់ម៉ា ក៏​ត្រូវ​បាន​មើល​ឃើញ​នៅ​អារាម​ដេ​អំ​ផូ នេះ​ផង​ដែរ។

អារាម​បទុម​វង្សា សំរ៉ុង ស្ថិត​ក្នុង​ខេត្ដ​ដីសណ្ដ​ទន្លេ​សុក​ត្រាង​ដូច​គ្នា គឺ​ជា​វត្ដ​ខ្មែរ​ដ៏​ស្រស់ស្អាត​បំផុត និង​ធំ​បំផុត​ប្រចាំ​តំបន់។

អារាមមហាទិព្វ​ សាឡុន និង​ដេអំផូ ជាទីសក្ការៈ​ដ៏ស្រស់ស្អាតបំផុត​​។ រូបថត VNA/VNS

អារាម​ខ្មែរ សំរ៉ុង មាន​ភាព​ល្បីល្បាញ​ចំពោះ​ចម្លាក់​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​ធំ ដែល​ផុស​ព្រះភក្ដ្រ​យ៉ាង​ត្រដែត​ពេល​សុរិយា​ហៀប​អស្ដង្គត។

វា​ស្ថិត​នៅ​ក្នុង​ទីរួម​ខេត្ដ​សុកត្រាង​តែ​ម្ដង។ វត្ដ​អារាម​នេះ​មាន​ប្រវត្ដិ​សាងសង់​តាំង​ពី​ឆ្នាំ ១៧៨៥ និង​ត្រូវ​បាន​កសាង​ឡើង​ដំបូង​ពី​ឫស្សី ឈើ និង​ស្លឹក​ប្រក់​ធម្មតា។

អារាម​នេះ គឺ​ជា​ស្នាដៃ​របស់​ស្ថាបត្យករ​ខ្មែរ ដែល​រស់​នៅ​តាម​ដី​សណ្ដ​នៃ​ដង​ទន្លេ​មេគង្គ។

សាល​ធំ​របស់​អារាម​ត្រូវ​បាន​ប្រើ​ជាទី​ឋាន​គោរពបូជា​ដោយ​ដំបូល​ព្រះវិហារ​ត្រូវ​បាន​តុបតែង​ដោយ​ក្បាច់​ភ្ញី​លម្អិត ដែល​រំលេច​នូវ​ព្រះកេណ និង​គ្រុឌ។ នៅ​ច្រក​ចូល​ទាំង​សង​ខាង មាន​ចម្លាក់​សត្វ​មករ ជា​ប្រភេទ​សត្វ​ក្នុង​ព្រេង​ទេវ​កថា ដែល​ល្បី​សុសសាយ​ក្នុង​វប្បធម៌​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ស្ថាបត្យកម្ម​របស់​អារាម​នេះ​បាន​បញ្ចូល​គ្នា​រវាង​វប្បធម៌​បុរាណ​ខ្មែរ និង​ទំនើបកម្ម​បន្ថែម​រចនាប័ទ្ម​ពណ៌​ដ៏​ប្លែក ដែល​បង្កើត​បាន​ជា​ភាព​ទាក់ទាញ​ចម្បង​មួយ។

ភាព​ស្រស់​ស្អាត​នៃ​ព្រះវិហារ ​គឺ​ជា​ចម្លាក់​បដិមា​ព្រះពុទ្ធ​ទម្រេត ដែល​មាន​ប្រវែង ៦៣ ម៉ែត្រ កម្ពស់ ២២,៥ ម៉ែត្រ និង​ទម្ងន់ ៤៩០ តោន។

នោះ​ជា​បដិមា​ព្រះពុទ្ធ​ទម្រេត​ធំ​បំផុត​មួយ​នៅ​ប្រទេស​វៀតណាម។ វា​អាច​ត្រូវ​បាន​មើល​ឃើញ​ចម្ងាយ​រាប់រយ​ម៉ែត្រ​ឯ​នោះ៕ VNS/HR