តាមរយៈជើងហោះហើរត្រង់ Citilink ប្រើពេលមិនដល់ ៣ ម៉ោងពីភ្នំពេញ ទៅក្រុងហ្សាការតា ឥណ្ឌូនេស៊ី ក្រសួងទេសចរណ៍ប្រទេស ឥណ្ឌូនេស៊ី ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និង Provincial Government of DKI ក្រុងហ្សាការតា បាននាំអ្នកសារព័ត៌មានកម្ពុជា ទៅធ្វើទស្សនកិច្ច និងទទួលបទពិសោធពីតំបន់ដ៏ទាក់ទាញជាច្រើននៃទីក្រុងនេះ។
១. កោះ អាយើរ
ជាគ្រាប់គជ់នៃដែនកោះមួយពាន់របស់ឥណ្ឌូនេស៊ី កោះអាយើរ (Ayer Island) ដែលមានមានចម្ងាយត្រឹមតែ ១៤ គីឡូម៉ែត្រ ពីកំពង់ផែ ត្រូវបានចាត់ទុកជាឋានសួគ៌ត្រូពិច ជាមួយសម្រស់ទេសភាពទឹកសមុទ្រថ្លាដូចមរកត និងកេរដំណែលប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍។
បើកស្វាគមន៍ភ្ញៀវនៅទសវត្សរ៍ឆ្នាំ ១៩៥០ ក្រៅពីទេសភាពឆ្នេរខ្សាច់ស ដើមដូងរេរា និងផ្ទះតភ្ជាប់គ្នាដោយស្ពានឈើខ្វាត់ខ្វែងលើផ្ទៃសាគរ កោះអាយើរ ថែមទាំងមានកន្លែងក្មេងលេង អាងទឹក ផ្លូវជិះកង់លេងកម្សាន្ត និងកីឡាលើទឹកជាច្រើនទៀត។
កញ្ចប់សេវាកម្ម ប្រមាណ ៦៨ ដល់ ៧៧ ដុល្លារ) សម្រាប់បន្ទប់ស្នាក់នៅគ្នា ២ នាក់ រួមបញ្ចូលអាហារពេលព្រឹក ដោយមិនគិតថ្លៃសំបុត្រនាវា ១២ ដុល្លារទៀត សម្រាប់ភ្ញៀវម្នាក់ៗ។
២. ពិភពមច្ឆា Sea World Ancol និងសួនកម្សាន្ត Dunia Fantasi
ត្រឡប់មកដល់ឆ្នេរអេនខូល មិនបានប៉ុន្មាននាទីផង ពិភពមច្ឆា និងសួនដែលមានឧបករណ៍សម្រាប់ជិះលេងកម្សាន្តផងជាកន្លែងផ្ដល់ភាពសប្បាយ និងរំជើបរំជួលដល់យុវវ័យ ក៏ដូចជាក្រុមគ្រួសារដែលមានកូនតូចធំផងដែរ។
ឧទ្យានមច្ឆាមានតម្លៃសំបុត្រពី ១២ ទៅ ១៣ ដុល្លារ និងជាជម្រកមច្ឆា ១៣០ ពូជ ដែលផ្ដល់ការកម្សាន្តបែបអប់រំ និងអភិរក្សអំពីជីវិតសត្វក្នុងទឹក។ បបែល ត្រីតូចធំ អណ្ដើកហែបហែលចុះឡើងៗលើពិតានកញ្ចក់ធ្វើឲ្យភ្ញៀវទស្សនាយ៉ាងជក់ចិត្តពេលរំកិលខ្លួនសន្សឹមៗលើផ្លូវស្វ័យប្រវត្តិ។
នៅមិនឆ្ងាយពីសួនមច្ឆា ជាសួនកម្សាន្ត ពោរពេញដោយឧបករណ៍ជិះលេងដ៏រំជើបរំជួលជាច្រើន ធ្វើឲ្យភ្ញៀវតម្រង់ជួរយ៉ាងកកកុញជារៀងរាល់ថ្ងៃ។ ទោះបីជា Dunia Fantasi ឬ Dufan បើកដំណើរការតាំងពីឆ្នាំ ១៩៨៥ ប៉ុន្តែកន្លែងកម្សាន្តមួយនេះតែងតែធ្វើទំនើបកម្មកែលម្អ។ សំបុត្រចូលចន្លោះពី ១០ ទៅ ១៤ ដុល្លារ។
៣. ទីក្រុងចាស់ Kota Tua
ទិដ្ឋភាពនៅទីនេះនឹងនាំអ្នកត្រឡប់ទៅកាន់សតវត្សរ៍ទី ១៧ ជាមួយសំណង់ស្ថាបត្យកម្មបន្សល់ពីហូឡង់ ហើយត្រូវបានប្រែក្លាយជាសារមន្ទីរ វិចិត្រសាល និងហាងកាហ្វេ។
ក្នុងចំណោមអគារប្រវត្តិសាស្ត្រដ៏ច្រើននៅប្លុកទីក្រុងចាស់ សារមន្ទីរ Wayang បានប្រមូលផ្ដុំនូវសិល្បៈវប្បធម៌ អាយ៉ង និងល្ខោនស្រមោលមកពីគ្រប់ទិសទីជុំវិញពិភពលោក ខណៈតម្លៃសំបុត្រចូលទស្សនាមិនដល់ ១ ដុល្លារផងនោះ។
៤. វិមាននិមិត្តរូបជាតិ Monas
ក្រៅពីកម្ពស់ដ៏ត្រដែតត្រដឹម ១៣៧ ម៉ែត្រ និងស្រោបមាសដល់ទី ៥០ គីឡូក្រាម នៅចុងកំពូល សំណង់និមិត្តរូបជាតិមួយនេះ អាចឲ្យភ្ញៀវឡើងតាមជណ្ដើរយន្តទៅគយគន់ទេសភាពទីក្រុងហ្សាការតា ៣៦០ ដឺក្រេ យ៉ាងពេញភ្នែក។
ខាងក្រោមដីនៃវិមាន ជាកន្លែងដាក់តាំងចម្លាក់សូន និងគំនូរផុស ដែលពិពណ៌នាពីដើមដល់ចប់នូវប្រវត្តិសាស្ត្រឥណ្ឌូនេស៊ីពីបរមបុរាណរហូតដល់បច្ចុប្បន្ន។
៥. សារមន្ទីរវាយនភណ្ឌ
Museum Tekstil ជាសារមន្ទីរដែលនឹងធ្វើឲ្យភ្ញៀវជក់ចិត្តពីការរចនាក្រណាត់ និងសំពត់ប្រពៃណីដ៏សម្បូរបែបរបស់ឥណ្ឌូនេស៊ី។ នៅទីនោះភ្ញៀវក៏អាចរៀនពីវិធីធ្វើ Batik ដោយការប្រើក្រមួនគូរលើក្រណាត់ និងជ្រលក់ពណ៌ ហើយនាំយកស្នាដៃខ្លួនត្រឡប់មកផ្ទះទុកជាអនុស្សាវរីយ៍៕