
លោក សួង សុភ័ណ្ឌ ផ្តល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍នៅស្នាក់ការបក្សថ្ងៃទី ២៣ មករា។ ហុង មិនា
តពីសប្តាហ៍មុន...
ក្រោយមកទៀតលោក សុភ័ណ្ឌ បានជាប់ឆ្នោតជាប្រធានយុវជនរាជធានីភ្នំពេញឆ្នាំ ២០១០។ ជាបន្តបន្ទាប់លោក សុភ័ណ្ឌ ត្រូវបានបោះឆ្នោតជាប់ជាប្រធានគណៈកម្មការប្រតិបត្តិគណបក្សឆ្នាំ ២០១១ និងប្រធានក្រុមការងារគណបក្សក្រុងបាត់ដំបងឆ្នាំ ២០១២ ហើយចុងក្រោយមុនចាកចេញពីបក្សប្រឆាំងលោកជាប្រធានក្រុមការងារគណបក្សខេត្តប៉ៃលិន ឆ្នាំ ២០១៣។
លោកបញ្ជាក់ថា៖ «សុទ្ធតែប្រធានរហូតមិនដឹងយ៉ាងម៉េចទេ ធម្មជាតិខ្ញុំគឺបែបហ្នឹង។ ខ្ញុំស្ម័គ្រចិត្តធ្វើអនុប្រធានគណបក្សអំណាចខ្មែរ ប៉ុន្តែធម្មជាតិបានកំណត់ឲ្យខ្ញុំត្រូវធ្វើប្រធាន។ បានតែ ២-៣ ថ្ងៃ ខ្ញុំក៏ឡើងធ្វើប្រធានទៅ។ អ្វីៗធម្មជាតិអ្នករៀប។ ខ្ញុំថាខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីបានហើយខ្ញុំមិនដណ្តើមទេ ប៉ុន្តែខ្ញុំកក់កៅអីនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកឲ្យហើយ»។
ជាមួយនឹងការទទួលបានតំណែងប្រធានជាហូរហែជាប់រហូតនេះ លោក សួង សុភ័ណ្ឌ ហាក់ដូចជាចំអកទៅលោក ហ៊ុន សែន ចំពោះតំណែងដែលលោក ហ៊ុន សែន ទទួលបានតាំងពីដើមរហូតមកដល់ពេលនេះគឺលោក សុភ័ណ្ឌ ចង់បង្ហាញថាអ្នកនយោបាយវ័យចំណាស់ និងវ័យក្មេងទាំង ២ រូបនេះ បើទោះបីមានវាសនាដូចគ្នាដែលបានធ្វើជាប្រធានបក្សដោយមិនបាច់ខំប្រឹងបង្កើតបក្សខ្លួនឯងនោះក៏ពិតមែន ប៉ុន្តែបុគ្គលទាំង ២ បានទទួលតំណែងជាប្រធានមានលក្ខណៈផ្សេងគ្នា។
លោក សុភ័ណ្ឌ ថ្លែងថា៖ «បទពិសោធនយោបាយរបស់ខ្ញុំកម្រមានអ្នកដែលធ្វើបានដូចខ្ញុំ។ សូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ។ តើលោកហ៊ុន សែន ដែលទេ ធ្វើជាប្រធានយុវជនទាំងយុវជនសង្កាត់ ខណ្ឌ រាជធានី រហូតទៅដល់ថ្នាក់ជាតិហើយទៅគ្រប់គ្រងខេត្តមួយ។ [លោក ហ៊ុន សែន] ដែលទេ? [លោក ហ៊ុន សែន ] អាចឡើងផ្លូវកាត់»។
បើនិយាយពីជីវិតជាអ្នកនយោបាយគឺមិនត្រូវបានកំណត់អាយុឡើយ សំខាន់ឲ្យតែកម្លាំងនៅមានស្មារតីនៅរឹងមាំ បុគ្គលម្នាក់ៗអាចបន្តជីវិតនយោបាយរហូតដល់ធុញ ប៉ុន្តែតាមការសង្កេតអ្នកនយោបាយច្រើនតែមិនចេះធុញនឹងជីវិតជាអ្នកនយោបាយ។ ផ្ទុយទៅវិញអ្នកនយោបាយច្រើនតែញៀននឹងនយោបាយដោយមិនចង់ចេញឆ្ងាយពីឆាកនយោបាយឡើយប្រៀបដូចជាការញៀនអាភៀន។
ដោយឡែក អ្នកនយោបាយ សួង សុភ័ណ្ឌ ខុសពីអ្នកនយោបាយឯទៀតៗដោយលោកបានកំណត់ខ្លួនឯងច្បាស់ហើយថាលោកនឹងបញ្ចប់ជីវិតជាអ្នកនយោបាយនៅត្រឹមវ័យ ៥០ ឆ្នាំតែប៉ុណ្ណោះ ខណៈដែលលោកកំពុងមានវ័យ ៣១ ឆ្នាំក្នុងឆ្នាំនេះ។
លោក សុភ័ណ្ឌ បញ្ជាក់ថា៖ «ខ្ញុំយល់ថាទេពកោសល្យ កម្លាំង បញ្ញា យើងដើរត្រឹមតែ ៥០ ចុះក្រោមទេ។ យើងបម្រើប្រជាពលរដ្ឋបានត្រឹមតែអាយុប៉ុណ្ណឹងទេកាលណាអាយុច្រើនពេកដើរជួបប្រជាពលរដ្ឋយូរក៏មិនបានឆ្ងាយពីព្រោះកម្លាំងវាខ្សោយ។ តែក្មេង គេមានកម្លាំង គេមានបញ្ញា ហើយចំណុចមួយទៀតប្រជាធិបតេយ្យត្រូវតែមានការផ្លាស់ប្តូរ។ បើខ្ញុំ ធ្វើនាយករដ្ឋមន្ត្រីយូរ ខ្ញុំខ្មាសគេណាស់។ អ្វីដែលខ្ញុំត្រូវធ្វើ ១ អាណត្តិ ២ អាណត្តិហ្នឹងគឺគ្រប់គ្រាន់ហើយ»។
ជាមួយនឹងការរំពឹងលើច្បាប់ធម្មជាតិសម្រាប់ជ័យជម្នះក្នុងការបោះឆ្នោតនេះ លោក សួង សុភ័ណ្ឌ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ ទោះបីមិនទាន់កាត់ទោស ឬកាត់ទោសរួចហើយក៏ដោយ គួរមកចូលរួម ឬឈរពីក្រោយគណបក្សអំណាចខ្មែរ ដើម្បីជួយជ្រោងលោក ក៏ដូចជាគណបក្សអំណាចខ្មែរឲ្យឈ្នះបក្សកាន់អំណាច។
បើទោះបីមិនរំពឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ពិបាកនឹងទុកចិត្តក្នុងតួនាទីជាអាជ្ញាកណ្តាលផ្តល់យុត្តិធម៌សម្រាប់ការបោះឆ្នោតក៏ដោយ ប៉ុន្តែលោក សួង សុភ័ណ្ឌ នៅតែពេញចិត្តក្នុងការចូលរួមប្រកួតប្រជែងនឹងបក្សកាន់អំណាចក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះដោយសង្ឃឹមទៅលើជ័យជម្នះមួយតាមច្បាប់ធម្មជាតិ។
ពិតមែនហើយគណបក្សអំណាចខ្មែរមិនមានទំនុកចិត្តទៅលើ គជប ថាអាចផ្តល់ភាពយុត្តិធម៌ក្នុងតួនាទីជាអាជ្ញាកណ្តាលនោះទេ ប៉ុន្តែហេតុផលដែលគណបក្សនេះចូលរួមប្រកួតប្រជែងការបោះឆ្នោតគឺគ្រាន់តែចង់បង្ហាញប្រជាពលរដ្ឋឲ្យយល់ពីគោលនយោបាយ និងចក្ខុវិស័យរបស់គណបក្សអំណាចខ្មែរក្នុងដំណើរឆ្ពោះទៅដឹកនាំប្រទេសនាពេលអនាគតក្រោយពី គជប ដែលគណបក្សនេះរំពឹងថាអាចនឹងក្លាយជាអាជ្ញាកណ្តាលមួយឯករាជ្យពិតប្រាកដនៅពេលណាមួយ។
លោក សួង សុភ័ណ្ឌ លើកឡើងថាបើនិយាយពីច្បាប់សង្គម អ្នកណាលួច អ្នកណាកេង អ្នកណាបន្លំ អ្នកណាមិនស្មោះត្រង់ទាំងកិច្ចការបោះឆ្នោត ទាំងការរៀបចំប្រកួតប្រជែងតាមពិតល្មើសច្បាប់ហើយ ច្បាប់ត្រូវផ្តន្ទាទោស។ តែដោយសារច្បាប់ហ្នឹងអ្នករៀបចំជាអ្នកកាន់ តើបានអ្នកណាទៅផ្តន្ទាទោសពួកគេ បើអ្នកលួច និងអ្នកកាន់ច្បាប់ជាមនុស្សតែមួយ។
លោក សួង សុភ័ណ្ឌ បញ្ជាក់ថា៖ «ទោះបីខ្ញុំដឹងថាឡើងរេញប្រដាល់ទាំងរេញក៏គេអ្នករៀបទាំងចៅក្រមគេហៅថាគណៈកម្មការ ក៏ភាគីប្រកួតប្រជែងអ្នករៀប ទាំងអាប៊ីត ក៏ភាគីម្ខាងទៀតអ្នករៀបក៏ដោយចុះ តែខ្ញុំនឹងឡើងប្រកួត...»។
លោកបន្ថែមថា៖ «តែផ្ទុយទៅវិញកុំភ្លេចគឺច្បាប់ធម្មជាតិ។ បើប្រៀបធៀបមេគណបក្សនយោបាយផ្សេងៗទៀតមកដល់ម៉ោងនេះខ្ញុំអាយុតិចជាងគេ។ បើនិយាយអំពីច្បាប់ធម្មជាតិខ្ញុំឈ្នះ។ ខ្ញុំឈ្នះដោយសារអី ៥ ឆ្នាំហ្នឹងអត់ជោគជ័យ យើងសង្ឃឹម ៥ ឆ្នាំទៀត។ ពី ៥ ឆ្នាំទៅ ៥ ឆ្នាំ ពី ១ អាណត្តិទៅ ១ អាណត្តិខ្ញុំកាន់តែរឹងមាំ សមត្ថភាពកាន់តែកើនឡើង ខ្ញុំអាចមានទេពកោសល្យថ្មីៗប៉ុន្តែសម្រាប់តួអង្គចាស់ សាច់រឿងចាស់ មេដឹកនាំចាស់ អ្នកប្រកួតប្រជែងចាស់ៗគាត់កាន់តែចាស់ទៅៗដូច្នេះពួកគាត់មិនគួរប្រឆាំងនឹងធម្មជាតិទេ»។
អ្នកនយោបាយវ័យក្មេងលោក សួង សុភ័ណ្ឌ ធ្លាប់ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយឲ្យរបួសធ្ងន់ធ្ងរនៅឆ្នាំ ២០១០ កាលពីលោកយកញត្តិតវ៉ារឿងជម្លោះដីធ្លីដាក់ជូនសុំអន្តរាគមន៍ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន កាលពីលោកមកទស្សនកិច្ចប្រទេសកម្ពុជា ហើយលោកចូលពិនិត្យមើលមន្ទីរពេទ្យរុស្ស៊ី។
គ្រោះថ្នាក់លើកទី ២ លោក សុភ័ណ្ឌ ត្រូវបានកម្លាំងអាជ្ញាធរវាយរហូតដល់សន្លប់នាឆ្នាំ ២០១១ កាលពីលោកចុះទៅជួយអន្តរាគមន៍ដល់អ្នកភូមិបឹងកក់ក្នុងជម្លោះដីធ្លីដែលពួកគេត្រូវបានកម្លាំងអាជ្ញាធរបណ្តេញចេញពីលំនៅឋានកាលពីលោកនៅជាសកម្មជនរបស់អតីតគណបក្សប្រឆាំង។ បើទោះបីជាធ្លាប់ត្រូវរងនូវអំពើហិង្សាធ្ងន់ធ្ងរយ៉ាងណាក្តី ប៉ុន្តែចិត្តជាអ្នកនយោបាយគឺមិនបានធ្វើឲ្យបុរសម្នាក់នេះរួញរា ឬបាក់ស្បាតនឹងអំពើហិង្សានោះទេ ផ្ទុយទៅវិញវាហាក់ដូចជំរុញទឹកចិត្តអ្នកនយោបាយវ័យក្មេងនេះឲ្យកាន់តែរឹងប៉ឹងថែមទៀតក្នុងការតស៊ូផ្នែកនយោបាយ។
ក្នុងនាមមេបក្សនយោបាយលោក សួង សុភ័ណ្ឌ បានដាក់ចេញនូវគោលនយោបាយបក្សចំនួន ៧ សម្រាប់ចូលរួមការប្រកួតប្រជែងការបោះឆ្នោតខាងមុខ និងសម្រាប់អនុវត្តក្រោយពេលឈ្នះឆ្នោត។ ប៉ុន្តែក្នុងពេលនេះលោកបង្ហាញគោលនយោបាយចំនួន ៤ សិនប៉ុណ្ណោះក្នុងនោះគោលនយោបាយអាទិភាពទី ១ គឺលុបបំបាត់ឲ្យអស់រាល់ល្បែងស៊ីសងទាំងឡាយ និង គ្រឿងញៀន។ ក្រោយជាប់ឆ្នោតរយៈពេល ៦ ខែ ប្រសិនបើរដ្ឋាភិបាលដឹកនាំដោយគណបក្សអំណាចខ្មែរមិនមានសមត្ថភាពអនុវត្តគោលនយោបាយនេះបានគឺសុខចិត្តចុះចេញពីតំណែងភ្លាមតែម្តង។
គោលនយោបាយអាទិភាពទី ២ ត្រូវរៀបចំធ្វើរបងព្រំដែនឲ្យបានត្រឹមត្រូវនៅលើតំបន់ណាដែលមិនមានជម្លោះ។ ប្រសិនបើតំបន់ណាមានជម្លោះរដ្ឋាភិបាលអំណាចខ្មែរ ត្រូវតែបើកការចរចារកដំណោះស្រាយសិនទើបធ្វើរបងព្រំដែន ហើយបើធ្វើមិនបានក្នុងរយៈពេល ១ ឆ្នាំក្រោយជាប់ឆ្នោត ឡើងកាន់អំណាចលោកនឹងចុះចេញពីតំណែង។ គោលនយោបាយទី ៣ វិធានការលើចោរកម្ម បើជាប់ឆ្នោតហើយរយៈពេល ៦ ខែធ្វើមិនបានគណបក្សអំណាចខ្មែរ ក៏នឹងចុះចេញពីតំណែងដែរ។
ឯគោលនយោបាយអាទិភាពទី ៤ គណបក្សអំណាចខ្មែរធានាលុបបំបាត់ឲ្យអស់នូវចំណីអាហារមានជាតិគីមី។
លោកបញ្ជាក់ថា៖ «ទាំងអស់នេះទោះបីគណបក្សអំណាចខ្មែរ មិនទាន់ជាប់ជារដ្ឋាភិបាលពេញសិទ្ធិក៏ដោយ ក៏គណបក្សអំណាចខ្មែរនឹងធ្វើឲ្យបាន ៣០-៤០ ភាគរយដែរអ្វីដែលជាគោលនយោបាយគណបក្សអំណាចខ្មែរ។ ខ្ញុំយល់ថាប្រជាពលរដ្ឋ សព្វថ្ងៃបានដឹងហើយមានការព្រួយបារម្ភណាស់ពាក់ព័ន្ធល្បែងស៊ីសង និងគ្រឿងញៀន តែផ្ទុយទៅវិញគាត់អត់ដឹងវិធី កម្ចាត់ តែគណបក្សអំណាចខ្មែរ យើងនឹងដាក់រូបមន្តកម្ចាត់ឲ្យហ្មង»។
តាមលោក សួង សុភ័ណ្ឌ រូបមន្តដែលគណបក្សរបស់លោកដាក់ចេញឲ្យនោះ គឺថាព្យាយាមពន្យល់ប្រជាពលរដ្ឋឲ្យចងគ្នាជាក្រុម ហើយនៅពេលដឹងថា កន្លែងណាមានគ្រឿងញៀន ឬក៏មានល្បែងស៊ីសងត្រូវរាយការណ៍ទៅសមត្ថកិច្ច ឬរាយការណ៍ទៅលោក សុភ័ណ្ឌ និងសមាជិកនៃគណបក្សអំណាចខ្មែរ ផ្ទាល់តែម្តងដើម្បីក្រុមលោកសហការជាមួយអាជ្ញាធរចាត់វិធានការបង្ក្រាបទៅលើបនល្បែង និងគ្រឿងញៀនទាំងនោះ។ ប្រសិនបើអាជ្ញាធរមិនអើពើ ឬមានវិធានការទេ គណបក្សអំណាច ខ្មែរ នឹងប្តឹងទៅតុលាការ។
ក្នុងវ័យ ៣១ ឆ្នាំ សួង សុភ័ណ្ឌ មានភរិយាជាម្ចាស់ក្រុមហ៊ុនមួយ និងមានកូនប្រុសស្រី ៤ នាក់ក្នុងបន្ទុក។ លោកមានដើមកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។
លោកជាកូនទី ២ ក្នុងគ្រួសារជាអាជីវករដែលមានឪពុកឈ្មោះ សួង សុភាព និងម្តាយឈ្មោះ តុល សុខហេង។ បើតាមការឲ្យដឹងកាលពីស្ថិតក្នុងបន្ទុករបស់ឪពុកម្តាយ យុវជន សួង សុភ័ណ្ឌ រស់នៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារ។
ទោះបីរស់នៅក្នុងជីវភាពគ្រួសារធូរធារមួយក៏ពិតមែន ប៉ុន្តែយុវជន សួង សុភ័ណ្ឌ ចាត់ទុកខ្លួនឯងថាជាកូនអកត្តញ្ញូដែលមិនស្តាប់បង្គាប់ឪពុកម្តាយ ដោយសារតែធ្វើអ្វីៗទៅតាមតែចិត្តចង់ ដូចជាឪពុកឲ្យរៀនមុខវិជ្ជាពេទ្យ សុភ័ណ្ឌ បែរជាទៅរៀនជំនាញច្បាប់។ ឪពុកម្តាយហាមមិនឲ្យចូលប្រឡូកក្នុងនយោបាយ សុភ័ណ្ឌ មានះចូលធ្វើនយោបាយដោយស៊ូលះបង់ចាកចេញឆ្ងាយពីការឃុំគ្រងរបស់ឪពុកម្តាយអស់រយៈពេល ៣-៤ ឆ្នាំ ដើម្បីមកសម្ងំធ្វើនយោបាយជាមួយអតីតបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី។
លោកនិយាយថា៖ «ប៉ុន្តែក្រោយៗមកពេលដែលខ្ញុំធ្វើការទៅ វាហាក់បីដូចជាជោគជ័យដែរនៅក្នុងការងារដែលខ្ញុំប្តេជ្ញាហ្នឹង ដូច្នេះគាត់ក៏សប្បាយចិត្ត ហើយក្លាយជាកូនកត្តញ្ញូវិញ។ យើងឃ្លាតពីគាត់មែនមួយរយៈខ្លី ប៉ុន្តែយើងបានធ្វើអ្វីៗដែលគាត់ចង់ឲ្យយើងធ្វើចប់សព្វគ្រប់ដោយជោគជ័យ»។
យុវជន សួង សុភ័ណ្ឌ បានបញ្ចប់ថ្នាក់បាក់ឌុបនៅវិទ្យាល័យបាក់ទូកនាឆ្នាំ ២០០៥ ក្រោយពីបានសិក្សានៅស្រុកកំណើត។
ក្រោយមកលោកបានបន្តការសិក្សាផ្នែកច្បាប់ដោយបញ្ចប់កម្រិតបរិញ្ញាបត្រនាឆ្នាំ ២០១១ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតរហូតដល់ ២ គឺផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយនាឆ្នាំ ២០១៣៕