កាលពីថ្ងៃទី ៧ ខែកញ្ញាកន្លងទៅនេះ ភ្នំពេញប៉ុស្ដិ៍បានផ្សព្វផ្សាយ ១ វគ្គរួចមកហើយ ទាក់ទងនឹងករណីទិញរបស់អ្វីមួយរួមគ្នាដូចជា ផ្ទះ ឬដីក៏ប៉ុន្តែក្នុងចំណោមអ្នកទិញនោះមានអ្នកណាម្នាក់បានស្លាប់ ហើយអ្នកដែលនៅរស់ (លោក «ក») បានយកម្នាក់ឯង។ ត្រង់ចំណុចនេះតាមការពន្យល់តបនឹងសំណួរទី ១ ពីលោកមេធាវី កុយ ដុល្លា សមាជិកនៃក្រុមមេធាវីធម្មសាស្ត្រថា លោក «ក» បានអនុវត្តលើសច្បាប់កំណត់ ដែលតាមពិតក៏ត្រូវជាកម្មសិទ្ធិរបស់លោក «ខ» (អ្នកស្លាប់) ផងដែរ។
ប៉ុន្តែផ្អែកតាមមាត្រា ១១៤៥ កថាខណ្ឌ ១ និងមាត្រា ១១៤៧ កថាខណ្ឌ ១ នៃក្រមរដ្ឋប្បវេណីគឺសន្តតិជន [សាច់ញាតិ] ត្រូវទទួលបន្តនូវសិទ្ធិ និងករណីយកិច្ចទាំងអស់ដែលស្ថិតនៅក្រោមទ្រព្យសម្បត្តិរបស់មតកជន [អ្នកស្លាប់]។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តទ្បើយចំពោះសិទ្ធិ និងករណីយកិច្ចផ្តាច់មុខទាំងស្រុងរបស់មតកជន។ ចំណែកវគ្គបញ្ចប់នេះ លោកមេធាវីបានពន្យល់បន្តដូចខាងក្រោម ៖
ចុះបើកាលពីទិញដីចូលគ្នានោះលោក «ក» និងលោក «ខ» មានមេធាវីជាសាក្សី សួរថា តើភាគីសាច់ញាតិលោក «ខ» អាចទាមទារចំណែកដីនោះបានទេ ព្រោះមេធាវីជាតំណាងស្របច្បាប់?
ជាទូទៅការទិញលក់ដីមានទំហំទឹកប្រាក់ច្រើនក្តី ឬតិចក្តីគឺសុទ្ធតែអាចធ្វើឡើងជាកិច្ចសន្យាលាយលក្ខណ៍អក្សរ និងទទួលដឹងឮពីមេធាវី (មេធាវីប្រថាប់ត្រាលើកិច្ចសន្យា) ព្រោះមេធាវីជួយសម្របសម្រួលក្នុងការចរចាអំពីលក្ខខណ្ឌនានា និងការតាក់តែងកិច្ចសន្យាទាំងមូល ហើយកិច្ចសន្យាដែលធ្វើទ្បើងចំពោះមុខមេធាវីនោះ គឺស្តែងឲ្យឃើញថា កិច្ចសន្យានោះធ្វើទ្បើងដោយការបង្ហាញឆន្ទៈពិតប្រាកដរបស់គូភាគី ដោយគ្មានវិការៈ និងជាពិសេសធានាសុវត្ថិភាពជូនភាគីទាំងអ្នកលក់ និងភាគីអ្នកទិញផងដែរ។ អ៊ីចឹងសួរថា កិច្ចសន្យាមានសុវត្ថិភាពយ៉ាងដូចម្តេច?
កិច្ចសន្យាដែលធ្វើទ្បើងចំពោះមុខមេធាវីនឹងក្លាយជាភ័ស្តុតាងដ៏សំខាន់នៅពេលមានវិវាទ ដោយហេតុថា កិច្ចសន្យានេះមានភាពច្បាស់លាស់ និងមានលក្ខណៈត្រឹមត្រូវទៅតាមច្បាប់។ ម្យ៉ាងវិញទៀត ការយកកិច្ចសន្យានេះជាភ័ស្តុតាងដាក់ជូនតុលាការ គឺកម្រិតនៃភាពជឿជាក់ និងការវាយតម្លៃរបស់តុលាការទៅលើកិច្ចសន្យាអាចធ្វើជាមូលដ្ឋានក្នុងការសម្រេចសេចក្តីបាន។
ហេតុដូច្នេះសន្តតិជនដូចបានរៀបរាប់ក្នុងសំណួរទី ១ ខាងលើរឹតតែមានភ័ស្តុតាងដែលមានកម្រិតច្បាស់លាស់ ត្រឹមត្រូវ និងជឿជាក់ខ្ពស់ក្នុងការទាមទារចំណែកដីពីលោក «ក» ដោយផ្អែកលើសន្តតិកម្ម និងកិច្ចសន្យាដែលធ្វើទ្បើងនៅចំពោះមុខមេធាវី។
តើមានវិធីណា ដើម្បីកូនលោក «ខ» ទទួលបានចំណែកដីនោះវិញ?
ជាគោលការណ៍ក្នុងការដោះស្រាយជម្លោះមាន ២ (ពីរ) យន្តការគឺយន្តការដោះស្រាយជម្លោះក្នុងប្រព័ន្ធតុលាការ និងយន្តការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ តាមការពិនិត្យទៅលើការអនុវត្តជាក់ស្តែងភាគីនៃជម្លោះច្រើនប្រើប្រាស់វិធីដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ តាមរយៈការចរចា ឬសម្រុះសម្រួលគ្នារវាងគូភាគីដែលឈានទៅរកការបញ្ចប់ជម្លោះដោយសន្តិវិធី ហើយការចរចានេះគូភាគីក៏អាចពឹងពាក់មេធាវីដើម្បីជួយសម្រួលដល់កិច្ចចរចានេះផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើការដោះស្រាយជម្លោះតាមរយៈការចរចានេះពុំទទួលបានជោគជ័យនោះទេ គឺគូភាគីអាចប្តឹងទៅតុលាការដើម្បីជួយដោះស្រាយតាមនីតិវិធីច្បាប់បាន។
ហេតុដូច្នេះសន្តតិជនដែលត្រូវជាកូនបង្កើតរបស់មតកជនលោក «ខ» អាចប្រើប្រាស់យន្តការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ឬយន្តការដោះស្រាយជម្លោះក្នុងប្រព័ន្ធតុលាការតាមរយៈការប្តឹងទៅតុលាការដើម្បីទាមទារចំណែកដីខាងលើដោយផ្អែកលើកិច្ចសន្យាទិញលក់ និងរបបសន្តតិកម្ម (ដូចបានរៀបរាប់នៅក្នុងសំណួរទី ១)៕