ការរស់នៅប្រចាំថ្ងៃមានពលរដ្ឋខ្លះបានទិញរបស់អ្វី ១ រួមគ្នាដូចជា ផ្ទះ ឬដីជាដើម។ ប៉ុន្តែចៃដន្យ ប្រសិនបើមានអ្នកចូលហ៊ុនគ្នាទិញណាម្នាក់បានស្លាប់ តើចំណែកកម្មសិទ្ធិនោះត្រូវបានលើអ្នកណា? ជុំវិញបញ្ហានេះភ្នំពេញប៉ុស្ដិ៍បានសម្ភាសជាមួយលោកមេធាវី កុយ ដុល្លា ជាសមាជិកនៃក្រុមមេធាវីធម្មសាស្ត្រមានការិយាល័យនៅអគារលេខ ៣៦ ជាន់ទី ១០ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
ឧបមាថា លោក «ក» និងលោក «ខ» បានទិញដីរួមគ្នា និងមានចុះកិច្ចសន្យាជាមួយគ្នាផង តែសាច់ញាតិភាគីទាំង ២ មិនបានចូលរួមផ្ដិតមេដៃធ្វើជាសាក្សីទេគ្រាន់តែដឹងឮ។ បន្ទាប់មកលោក «ខ» បានស្លាប់ហើយលោក «ក» ក៏បានយកដីនោះជាកម្មសិទ្ធិម្នាក់ឯង ករណីនេះបើសាច់ញាតិលោក «ខ» ប្តឹងទាមទារចំណែកដីនោះតើបានឬទេ?
មុននឹងឆ្លើយសំណួរនេះ យើងត្រូវដឹងថា អ្វីទៅជាកិច្ចសន្យាទិញលក់? នៅក្នុងសង្គមតែងតែមានប្រតិបត្តិការទិញ-លក់ ជាចាំបាច់សម្រាប់ការធ្វើអាជីវកម្ម ឬ ការរស់នៅទៅតាមតម្រូវការនីមួយៗ។ ផ្អែកតាមមាត្រា ៥១៥ នៃក្រមរដ្ឋប្បវេណីបានចែងថា “ការលក់-ទិញសំដៅទៅលើកិច្ចសន្យា ១ ដែលភាគីម្ខាងហៅថា អ្នកលក់មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិ ឬសិទ្ធិផ្សេងទៀតលើទ្រព្យសម្បត្តិឲ្យទៅភាគីម្ខាងទៀតហៅថា អ្នកទិញ ហើយអ្នកទិញមានករណីយកិច្ចត្រូវចេញថ្លៃជាប្រាក់ឲ្យអ្នកលក់”។
ផ្អែកតាមខ្លឹមសារនៃនិយមន័យខាងលើ ភាគីអ្នកទិញអាចធ្វើប្រតិបត្តិការទិញវត្ថុ (ចលនវត្ថុ ឬអចលនវត្ថុ) រួមគ្នាបាន ដោយសារតែច្បាប់ពុំបានហាមឃាត់ក្នុងការទិញលក់រួមគ្នានោះទេ ពោលគឺឲ្យតែភាគីម្ខាងយល់ព្រមទិញ ហើយភាគីម្ខាងទៀតយល់ព្រមលក់នោះកិច្ចសន្យាទិញ-លក់នឹងកើតទ្បើង។ ប៉ុន្តែបញ្ហាផ្សេងៗអាចកើតមានទ្បើង ជាពិសេសក្នុងចំណោមអ្នកទិញរួមគ្នានោះមាននរណាម្នាក់បានទទួលមរណភាពគឺអាចប្រឈមនឹងភាគីអ្នកទិញគ្នាឯងនោះយកដីជាកម្មសិទ្ធិម្នាក់ឯង។ ដូច្នេះចំពោះករណីនេះតើសាច់ញាតិលោក «ខ» អាចប្តឹងទាមទារចំណែកដីបានដោយសំអាងថាជាសាច់ញាតិបានឬទេ?
តាមការពិនិត្យទៅលើអង្គហេតុខាងលើឃើញថា លោក «ក» និងលោក «ខ» ជាភាគីអ្នកទិញរួមគ្នានៅក្នុងកិច្ចសន្យាទិញលក់ដី តែក្រោយទិញលក់រួចលោក «ខ» បានទទួលមរណភាព ហើយលោក «ក» ឆ្លៀតឱកាសយកដីនោះជាកម្មសិទ្ធិរបស់ខ្លួន។ ចំណុចនេះគេអាចសំដៅទៅលើកិច្ចសន្យាទិញ-លក់នោះនាំឲ្យភាគីអ្នកទិញទាំង ២ នាក់នោះទទួលលទ្ធកម្មក្នុងឋានៈជាកម្មសិទ្ធិករអវិភាគលើដីនោះរួចទៅហើយ ប៉ុន្តែបញ្ហានៅត្រង់ថាភាគីលោក «ក» បានអនុវត្តសិទ្ធិរបស់ខ្លួនលើសច្បាប់កំណត់ ដោយយកដីនោះជាកម្មសិទ្ធិរបស់ខ្លួន។ ហេតុដូច្នេះយើងគប្បីមិនគួរពិចារណាលើអត្ថិភាព ឬនត្ថិភាពនៃអានុភាពកិច្ចសន្យាតាមមាត្រា ៣៣៦ នៃក្រមរដ្ឋប្បវេណីនោះទេ។ ផ្ទុយទៅវិញយើងគប្បីសិក្សាថា តើ សាច់ញាតិលោក «ខ» មានសិទ្ធិទាមទារចំណែកដីបានឬទេ?
ផ្អែកតាមមាត្រា ១១៤៥ កថាខណ្ឌ ១ នៃក្រមរដ្ឋប្បវេណីបានចែងថា “សន្តតិកម្មត្រូវចាប់ផ្តើមដោយមរណភាពរបស់មតកជន”។
ផ្អែកតាមមាត្រា ១១៤៧ កថាខណ្ឌ ១ នៃក្រមរដ្ឋប្បវេណីបានចែងថា “សន្តតិជនត្រូវទទួលបន្តនូវសិទ្ធិ និងករណីយកិច្ចទាំងអស់ដែលស្ថិតនៅក្រោមទ្រព្យសម្បត្តិរបស់មតកជន ចាប់ពីពេលដែលចាប់ផ្តើមសន្តតិកម្ម។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តទ្បើយចំពោះសិទ្ធិ និងករណីយកិច្ចផ្តាច់មុខទាំងស្រុងរបស់មតកជន”។
ផ្អែកតាមខ្លឹមសារនៃមាត្រាខាងលើនេះ សន្តតិជនត្រូវទទួលបានចំណែកនៃដីខាងលើបន្តពីមតកជនដែលបានទទួលមរណភាពទៅហើយនោះ។
ប៉ុន្តែសំណួរចោទទ្បើងថា តើសន្តតិជនជានរណា? នៅក្នុងរបបសន្តតិកម្មមានលំដាប់សន្តតិជនពោលគឺសន្តតិជនលំដាប់ទី ១ ដែលជាកូនបង្កើត ឬកូនសុំ, សន្តតិជនលំដាប់ទី ២ ដែលជាបុព្វញាតិផ្ទាល់ (ឪពុកម្តាយ) និងសន្តតិជនលំដាប់ទី ៣ ដែលជាបងប្អូនបង្កើតរបស់មតកជន រីឯសហព័ន្ធរបស់មតកជនគឺជាសន្តតិជនជានិច្ច (មាត្រា ១១៥៦, មាត្រា ១១៥៩, មាត្រា ១១៦០ និងមាត្រា ១១៦១ នៃក្រមរដ្ឋប្បវេណី)។
ហេតុដូច្នេះអ្នកដែលមានសិទ្ធិប្តឹងទាមទារដំបូងគេនោះ គឺសន្តតិជនលំដាប់ទី ១ ដែលជាកូនបង្កើត ឬកូនសុំរបស់មតកជន និងប្រពន្ធរបស់លោក «ខ» (ករណីគាត់មានប្រពន្ធ) អាចទាមទារចំណែកនៃដីខាងលើដោយផ្អែកទៅលើបញ្ញត្តិនៃសន្តតិកម្មនេះ ហើយសាច់ញាតិរបស់អ្នកទិញពុំបានចូលរួមផ្តិតមេដៃក្នុងកិច្ចសន្យាលក់-ទិញនោះទេ តែគ្រាន់តែដឹងឮនោះ គឺសន្តតិជនអាចស្នើសុំពួកគាត់ធ្វើជាសាក្សីបញ្ជាក់ជូនតុលាការបាន។ (សូមរង់ចាំអានវគ្គបន្ដនៅសប្ដាហ៍ក្រោយ)