ការបាត់បង់​ទ្រព្យសម្បត្តិ​ឬ​ឯកសារ​មានតម្លៃ​ដោយ​ចោរលួច​ឬ​ដោយ​ជ្រុះ​បាត់ ហើយ​ដើម្បី​ចង់​បាន​មក​វិញ តើ​ម្ចាស់​ទ្រព្យ​នោះ​គួរ​តែ​ទៅ​រាយ​ការណ៍​ឬ​ដាក់​ពាក្យ​បណ្តឹង​នៅ​កន្លែង​ណា? ចុះ​ប្រសិន​បើ​នរណា​ម្នាក់​រើស​បាន​ហើយ​យក​ទៅ​ប្រើ​ក្នុង​មធ្យោបាយ​ទុច្ចរិត​ផ្ទុយ​ពី​ច្បាប់​តើ​ម្ចាស់​ដើម​នឹង​អាច​មាន​ទោស​ទណ្ឌ​ដែរ​ទេ?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ផុន ធារិន ជា​សមាជិក​នៃ​ក្រុមហ៊ុន​មេធា​វីស៊ីឌី​អេស មាន​ការិយាល័យ​នៅ​ផ្ទះ​លេខ ៥៤ ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម :

ឧបមា​ថា លោក (ក) ជ្រុះ​បាត់​អត្តសញ្ញាណប័ណ្ណ ហើយ​ត្រូវ​លោក (ខ) រើស​បាន ប៉ុន្តែ​លោក (ក) មិន​បាន​ប្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​ពី​ការ​បាត់​នោះ​ទេ រីឯ​អត្ត​សញ្ញាណ​ប័ណ្ណ​នោះ​ត្រូវ​លោក (ខ) យក​តាម​ខ្លួន​និង​បាន​ទៅ​ប្រព្រឹត្ត​អំពើ​លួច​ទ្រព្យសម្បត្តិ​របស់​គេ ហើយ​គេច​ខ្លួន​តែ​បន្សល់​ទុក​អត្ត​សញ្ញាណ​ប័ណ្ណ​នោះ​នៅ​កន្លែង​កើត​ហេតុ។ ក្នុងករណី​នេះ តើ​លោក (ក) ត្រូវ​មាន​ទោស​ដែរ​ទេ​ពេល​សមត្ថកិច្ច​រក​ឃើញ​តម្រុយ​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​គាត់​បែប​នេះ?

ជា​ទម្លាប់​ប្រជាពលរដ្ឋ​តែងតែយល់ថា កាលណា​គាត់​បាត់​របស់​មាន​តម្លៃ​ដូចជា ប្រាក់​កាស ទូរស័ព្ទ​ដៃ គ្រឿង​អលង្ការ ម៉ូតូ​រថយន្ត​ឬ​ទ្រព្យ ដែល​មាន​តម្លៃ​ផ្សេងៗ​ទៀត។ល។​

យើង​សង្កេត​ឃើញ​ថា ពួកគាត់​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ន​គរបាល​ដើម្បី​ស្វែងរក​ទ្រព្យ​សម្បតិ្ត​ទាំង​នោះ​មក​វិញ​ជា​ជាង​ការ​ដាក់​ពាក្យ​បណ្តឹង​ ឬ​រាយ​ការណ៍​អំពី​ការ​បាត់បង់​នោះ​ក្នុង​គោល​បំណង​ដើម្បី​បង្ការ​និង​ការពារ​ខ្លួន​ចំពោះ​ការ​សង្ស័យ​ឬ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ដោយ​ហេតុ​ថា​បុគ្គល​ដែល​បាន​លួច​ឬ​រើស​បាន​ទ្រព្យ​សម្បត្តិ​នោះ​យក​មក​ប្រើ​ប្រាស់​ជា​មធ្យោបាយ​ដើម្បី​បង្វែង​ដាន​ចំពោះ​អំពើ​ល្មើស​របស់​ពួកគេ។

ការ​ដែល​មិន​បាន​រាយ​ការណ៍​ឬ​ដាក់​ពាក្យ​បណ្តឹង​ចំពោះ​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​មិន​មាន​បញ្ញត្តិ​ណាមួយ​ដាក?​ ទោស​ទណ្ឌ​ចំពោះ​អ្នក​មិន​បាន​ប្តឹង​ឬ​រាយ​ការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយ។ ចំពោះ​សំណួរ​ខាង​លើ​នេះ ទោះបី​អត្ត​សញ្ញាណ​ប័ណ្ណ​លោក (ក) ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​កើត​ហេតុ​ក៏ដោយ ក៏​លោក (ក) មិន​ត្រូវ​បាន​សន្មត​ថា​មាន​ទោស​នោះ​ឡើយ​ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស។

យោង​តាម​មាត្រា ៣៨ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ចែង​ថា «ជន​ជាប់​ចោទ​ណា​ក៏ដោយ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស ជា​ស្ថាពរ»។

តើ​មន្ត្រី​ប៉ុស្តិ៍​អាច​ឃាត់ខ្លួន​លោក(ក)បានទេ​គ្រាន់​សំអាង​ទៅលើ​វត្ថុតាង​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​គាត់? ចុះ​បើ​រឿង​នេះ​មាន​សាក្សី​ជួយ​បំភ្លឺ តើ​គាត់​អាច​រួច​ខ្លួន​ទេ?

ជាទូទៅ​លោក (ក) អាច​ប្រឈម​មុខ​ចំពោះ​ការសង្ស័យ​របស់​សមត្ថកិច្ច ដែល​លោក (ក) ជា​កម្មវត្ថុ​ក្នុងការ​តាម​ដាន​ការ​ស៊ើប​អង្កេត​ឬ​ការ​នាំ​ខ្លួន​ដើម្បី​សាក​សួរ​ទៅ​តាម​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌។

មន្ត្រីន​គរបាល​យុត្តិធម៌​អាច​ស្នើសុំ​គោល​ការណ៍​ណែនាំ​ពី​ព្រះរាជ​អាជ្ញា​ដើម្បី​ធ្វើការ​ឃាត់​ខ្លួន​លោក (ក) ក្នុង​ដំណាក់​កាល​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ដើម្បី​ស្វែងរក​តម្រុយ​ផ្សេងៗ​ទៀត​ពី​លោក (ក) ។​យោង​តាម​មាត្រា ៩៦ នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ចែង​ថា «ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការ​ស៊ើប​អង្កេត​មន្ត្រី​នគរបាល​យុត្តិធម៌ អាច​ឃាត់​ខ្លួន​បុគ្គល​ដែល​សង្ស័យ​ថា បាន​ចូលរួម​ក្នុង​បទ​ល្មើស»។

ដោយឡែក ក្នុងករណី​លោក (ក) បានបង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​គាត់​ថា មិន​បាន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ដូច​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ដាក់​ការ​សង្ស័យ​មក​លើ​គាត់​ដោយ​លោក (ក) មាន​ភ័ស្តុតាង​ជា​សាក្សី​មក​បំភ្លឺ​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌​នោះ មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ស្នើសុំ​គោល​ការណ៍​ពី​ព្រះរាជ​អាជ្ញា​ដើម្បី​អនុញ្ញាត​ឲ្យ​លោក (ក) វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឬ​ក្រោយ​ផុត​រយៈពេល​នៃ​ការ​ឃាត់​ខ្លួន​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​បញ្ជូន​បុគ្គល​ដែល​ឃាត់​ខ្លួន​ទៅ​ព្រះរាជ​អាជ្ញា​ដើម្បី​ធ្វើការ​សម្រេច។

យោង​តាម​មាត្រា ១០៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ចែង​ថា «នៅ​ពេល​ផុត​កំណត់​នៃ​រយៈពេល​ឃាត់​ខ្លួន​បុគ្គល​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ព្រះរាជ​អាជ្ញា​ឬ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​ព្រះរាជ​អាជ្ញា»។

ដើម្បី​កុំ​ឲ្យ​មាន​បញ្ហាលំបាក ពេល​ជ្រុះ​បាត់​អត្តសញ្ញាណ​ប័ណ្ណ តើ​លោក (ក) គួរ​តែ​ទៅ​រាយ​ការណ៍​ឲ្យ​សមត្ថកិច្ច​ដឹង​ជាមុន​ឬ​យ៉ាង​ណា?

ដូចដែល​បាន​រៀបរាប់​នៅក្នុង​សំណួរ​ទី ១ ខាងលើ​ដែរ លោក (ក) គួរ​គប្បី​រាយការណ៍​ភ្លាម​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​ដើម្បី​ជូន​ដំណឹង​អំពី​ការ​បាត់បង់​របស់​របរ​ទាំង​ឡាយ​មុន​នឹង​អង្គហេតុ​បទ​ល្មើស​ណាមួយ​កើត​ឡើង​តាម​ក្រោយ។ កាល​ណា​មាន​បទ​ល្មើស​ណាមួយ​កើត​ឡើង​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​លោក (ក) ដែល​បាន​បាត់បង់ ហើយ​វា​ជា​តម្រុយ​ដែល​បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ​នោះ សមត្ថកិច្ច​មិន​មាន​ភាព​ស្មុគ​សា្មញ​ចំពោះ​លោក (ក) ឡើយ។

ម្យ៉ាង​ទៀត​ទ្រព្យ​សម្បត្តិ​របស់​លោក (ក) នឹង​ត្រូវ​បាន​ប្រគល់​ជូន​គាត់​វិញ​បន្ទាប់​ពី​ទ្រព្យ​របស់​លោក (ក) ដែល​ជា​វត្ថុតាង​នៅ​កន្លែង​កើត​ហេតុ​ត្រូវ​ប្រមូល​ចាប់​យក៕