ការចត​រថយន្ត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ ហើយ​មាន​អ្នកជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​ស្លាប់ តែង​កើតមាន​ជារឿយៗ ខណៈ​មានការ​រិះគន់​ផងដែរ​ពី​ការធ្វេសប្រហែស​របស់​អ្នកបើករថយន្ត​នោះ​។ ជុំវិញ​​ករណី​ថា តើ​ម្ចាស់​រថយន្ត​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​យ៉ាងណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ​ ៤៥ Eo ផ្លូវ​លេខ​ ៩ ក្រុម​ ៥ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ក្នុង​ករណី​មាន​ការចត​រថយន្ត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​ ប៉ុន្តែ​ម្ចាស់​រថយន្ត​នោះ​មិន​បានដាក់​ស្លាក​សញ្ញា​ឲ្យ​អ្នកដំណើរ​បានឃើញ​ ឬ​ជា​សញ្ញា​គ្រោះថ្នាក់​​ទេ ហើយ​មាន​អ្នកជិះ​ម៉ូតូ​ទៅបុក​ស្លាប់​។ ​សួរថា តើ​ករណីនេះ​ម្ចាស់​រថយន្ត​ត្រូវ​ទទួល​ខុសត្រូវ​ដែរ​ទេ បើ​ជនរងគ្រោះ​ជា​អ្នកជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ខ្លួនឯង​?

ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើតឡើង​រៀងរាល់​ថ្ងៃ ហើយ​ភាគី​នីមួយៗ​តែងតែ​អះអាង​យក​ត្រូវ​រៀងៗ​ខ្លួន​ដោយ​មិនបាន​ពិចារណា និង​យល់ដឹង​ពី​បញ្ហា​ច្បាប់​ចរាចរណ៍​ទេ​។

ករណី​ដូច​រថយន្ត​ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ ប៉ុន្តែ​ម្ចាស់​រថយន្ត​មិនបាន​ដាក់​ស្លាក​សញ្ញា​ណាមួយ​ឲ្យ​អ្នកដំណើរ​ឃើញ​ ឬ​សញ្ញា​គ្រោះថ្នាក់​ទេ​ហើយ​មាន​អ្នកជិះ​ម៉ូតូ​ទៅបុក​ស្លាប់​។ ​ករណី​នេះ​បើ​យោង​តាម​មាត្រា​ ២៤ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចែងថា​ប្រសិន​បើ​ការចត​រថយន្ត​នោះ​ធ្វើឡើង​នៅពេល​យប់ គឺ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ត្រូវដាក់​សញ្ញា​សម្គាល់​ជា​ដំណឹង​ក្នុង​ចម្ងាយ​គ្រប់គ្រាន់​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងទៀត​។

បើ​ពុំ​ដូច្នោះ​ទេ​ម្ចាស់​រថយន្ត​ គឺជា​អ្នកទទួល​ខុសត្រូវ​ក្នុង​គ្រោះថ្នាក់​មនុស្ស​ស្លាប់​បើទោះបី​ជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​របស់​គាត់​ដោយ​ខ្លួនឯង​ក៏ដោយ ពីព្រោះ​ថា​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការឈប់ និង​ចត​យានយន្ត​នៅលើ​ផ្លូវថ្នល់​ត្រូវ​ឈប់ ឬ​ចត មិនត្រូវ​បង្ក​ឲ្យ​រំខាន​ដល់​យានជំនិះ​ផ្សេងៗ​ទៀត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាមផ្លូវ​នោះទេ​។

បើ​ម្ចាស់​រថយន្ត​នោះ​មាន​ចំណែក​ទទួលខុស​លើ​គ្រោះថ្នាក់​ស្លាប់​មនុស្ស​នោះ តើ​គាត់​មាន​កំហុស​ទៅលើ​អ្វី​ដែរ​?

ម្ចាស់​រថយន្ត​ត្រូវ​ទទួល​ខុសត្រូវ​គឺមាន​ ៣ ​ចំណុច ត្រូវ​លើក​ឡើង​ជា​ចម្បង​រួមមានៈ ទី​១- ​ការទទួល​ខុសត្រូវ​ផ្នែក​សំណង​រដ្ឋប្បវេណី​ទៅ​ជនរងគ្រោះ ទី​២- ​ការទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ គឺ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​ទទួល​ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់ យោងតាម​មាត្រា ៧៨ ការប្រើប្រាស់​មធ្យោបាយ​ណាមួយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ចែង​ថាៈ ជន​ណា​បាន​ប្រើប្រាស់​មធ្យោបាយ​ណាមួយ​ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពីមួយ​ (១) ​ខែ​ទៅមួយ (១) ​ឆ្នាំ​ ឬ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ ២០០ ០០០ (​ម្ភៃ​ម៉ឺន​រៀល​) រៀល ទៅ​ ២ ០០០ ០០០ (​ពីរ​) ​លាន​រៀល​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

​ឬ​ផ្តន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ មាត្រា​ ២០៧ ចែង​ថាៈ មនុស្សឃាត​ដោយ​អចេតនា​គឺ​អំពើ​បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​ដោយ​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន​ ឬ​ការខ្ជីខ្ជា​។ ​ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​។ ​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ (​មួយ​) ​ឆ្នាំ​ទៅ​ ៣ (​បី​)​​ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ០០០ ០០០ (​ពីរលាន​) ​រៀល ទៅ ៦០០០០០០ (​ប្រាំមួយ​​លាន​) ​រៀល​។ ទី៣-​ការទទួល​ខុសត្រូវ​ផ្នែក​រដ្ឋបាល​គឺ​ការពិន័យ​ការដកហូត​ប័ណ្ណ ។

ករណី​ដូចគ្នា​នេះ​ដែរ ប្រសិន​បើ​រថយន្ត​ចត​នៅក្នុង​ផ្ទះ ហើយ​ស្រាប់តែ​មាន​មនុស្ស​ជិះ​ម៉ូតូ​ចូល​ទៅ​បុក​ពីក្រោយ​រថយន្ត​បង្ក​ឲ្យ​ស្លាប់​ដូចគ្នា តើ​ម្ចាស់​រថយន្ត​នោះ មាន​កំហុស​ដែរ​ទេ បើ​ការចត​រថយន្ត​មិនមែន​នៅ​លើ​ផ្លូវ​សាធារណៈ​ផង​នោះ​?

ករណី​នេះ​រថយន្ត​ចត​នៅក្នុង​ផ្ទះ ស្រាប់​តែ​មាន​មនុស្ស​ជិះ​ម៉ូតូ​ចូល​ទៅ​បុក​ពីក្រោយ​រថយន្ត​​នោះ​ស្លាប់​។ ម្ចាស់​រថយន្ត​មិន​មាន​កំហុស​នោះទេ ព្រោះ​ថា​​រថយន្ត​នោះ​ចត​នៅ​ក្នុងផ្ទះ​ដែល​ជា​កម្មសិទ្ធិ​ឯកជន​របស់​ម្ចាស់​រថយន្ត មិនមែន​នៅលើ​ផ្លូវ​សាធារណៈ​ផង​នោះ ហើយ​អ្នកជិះម៉ូតូ​ទៅវិញ​ទេ ដែល​ត្រូវ​ទទួល​ខុសត្រូវ​អំពើ​នោះ​ដោយ​ខ្លួនឯង ដោយ​អ្នកជិះ​ម៉ូតូ​បាន​បំពាន​ដោយ​ខុសច្បាប់​នូវ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ម្ចាស់​រថយន្ត ដោយ​ចេតនា​ក្តី​ ឬ​ដោយ​អចេតនា​ក្តី​គឺ​ម្ចាស់​ម៉ូតូ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការសង​ការខូចខាត ដែល​​កើតឡើង​ដោយ​អំពី​របស់ខ្លួន​។

ករណី​ស្រដៀង​គ្នា​នេះដែរ អ្នកម៉ៅការ​ធ្វើ​ផ្លូវ ប្រើ​កម្មករ​ជីកដី ដាក់លូ លើផ្លូវ​សាធារណៈ​ហើយ​មាន​មនុស្ស​ដើរ​ផុង​ធ្លាក់​រណ្តៅ​ស្លាប់ តើ​ម្ចាស់​ទទួល​ម៉ៅការ​នោះ​ទទួល​ខុសត្រូវ​ដែរ​ទេ បើ​គាត់​ (​អ្នកម៉ៅការ​) មិនបាន​សម្លាប់​ជនរងគ្រោះ​ជាក់ស្តែង​ផង​នោះ ?

ករណី​អ្នកម៉ៅការ​ធ្វើ​ផ្លូវ​ប្រើ​កម្មករ​ជីកដី ដាក់លូ លើ​ផ្លូវ​សាធារណៈ ហើយ​មាន​មនុស្ស​ដើរ​ផុង​ធ្លាក់​រណ្តៅ ស្លាប់ គឺ​ម្ចាស់​ទទួល​ម៉ៅការ​នោះ​ទទួល​ខុសត្រូវ​លើ​ការស្លាប់​មនុស្ស​នេះ និង​សង​សំណង​នៃ​ការខូចខាត​ដែល​បាន​កើតឡើង​ចំពោះ​ជនរងគ្រោះ បើ​ទោះបី​ជា​ភាពជាក់ស្តែង​វិញ​អ្នកម៉ៅការ​នោះ​មិន​បាន​សម្លាប់​ជនរងគ្រោះ​ជាក់ស្តែង​ក៏ដោយ ព្រោះ​ករណីនេះ​គឺជា​ការ​ទទួលខុស​ត្រូវ​របស់​អ្នកម៉ៅការ​ទៅ​លើ​កម្មករ​ជីក​ដាក់លូ​របស់​ខ្លួន​ដែល​បាន​បង្កកំហុស​ដល់​អ្នកដទៃ​ដោយ​កំហុស​ចេតនា​ក្តី​​ ឬ​ដោយ​អចេតនា​ក្តី ដែល​ផ្លូវច្បាប់​គេ​ហៅថា ជា​អំពើ​អនីត្យានុកូល​ទាក់ទង​នឹង​ការទទួល​ខុសត្រូវ​ចំពោះ​អំពើ​របស់​អ្នកដទៃ​។​ ​យោងតាម​មាត្រា ៧៤៧ នៃ​ក្រម​រដ្ឋប្បវេណី​។ ​

យោង​មាត្រា​ ៧៤៧ នៃ​ក្រមនីតិវិធី​នេះ​​បាន​ចែងថា ១- ​បុគ្គល​ដែល​ប្រើ​និយោជិត​ដើម្បី​អនុវត្ត​កិច្ចការ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការសង​ការខូចខាត​ដែល​និយោជិត​បាន​បង្ក​ដល់​អ្នកដទៃ​ដោយ​ខុសច្បាប់ ដោយ​កំហុស​ចេតនា ឬ​ដោយ​កំហុស​អចេតនា នៅក្នុង​ការអនុវត្ត​កិច្ចការ​នោះ ។

២- ​បុគ្គល​ដែល​ស្ថិតក្នុង​ឋានៈ​ត្រូវ​ត្រួតពិនិត្យ​និយោជិត​ជំនួស​និយោជក ត្រូវ​ទទួល​ខុសត្រូវ​ដូចគ្នា​នឹង​និយោជក​ដែរ​។ ប៉ុន្តែ​​បញ្ញត្តិ​នេះ​មិនត្រូវ​យក​មក​អនុវត្ត​ឡើយ​ចំពោះ​ករណី​ដែល​បុគ្គល​នោះ​បាន​ត្រួតពិនិត្យ​ដោយ​ត្រឹមត្រូវ​។ ​៣- និយោជក​ ឬ​អ្នកត្រួតពិនិត្យ​ជំនួស​អាច​ទាមទារ​សំណង​ពី​និយោជិត​បាន​ដោយយោង​ទៅតាម​កម្រិត​នៃ​កំហុស​របស់​និយោជិត​នោះ​៕