ជារឿយៗ​យើង​តែងតែ​ឮថា មាន​សំណុំរឿង​ខ្លះ​ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ជា​សាធារណៈ​ ក៏ប៉ុន្តែ​មាន​ករណី​ទៀត​ការជំនុំជម្រះ​ត្រូវ​ធ្វើ​ឡើង​ជា​អសាធារណៈ​ដែល​ដំណើរការ​នីតិវិធី​ច្បាប់​នេះ​បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​​មិនទាន់​បាន​យល់​នៅឡើយ​។ ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី យុងផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

ដូចម្តេច​ដែល​ហៅថា ការជំនុំជម្រះ​ជា​សាធារណៈ?

ការជំនុំជម្រះ​ជា​សាធារណៈ​មាន​ន័យថា សំណុំរឿង​ដែល​តុលាការ​ជំនុំជម្រះ​គឺ​ជន​គ្រប់រូប​អាច​ចូល​ស្តាប់​នៅក្នុង​បន្ទប់​សវនាការ​នោះ​បាន បើ​ទោះ​ជា​មិន​ពាក់ព័ន្ធ​នឹង​រឿងក្តី​របស់​ខ្លួន​ក៏ដោយ គឺ​គ្មាន​ការហាមឃាត់​អ្វី​ឡើយ​។ ប៉ុន្តែ​តុលាការ​ក៏​ហាមឃាត់​មិន​ឲ្យ​ចូល​ស្តាប់​ដែរ លើ​ក្មេង​មិនទាន់​គ្រប់​អាយុ​។

ចុះ​អ្វី​ទៅ​ជា​ការជំនុំជម្រះ​ជា​អសាធារណៈ​? ​ហើយ​ដូចម្តេច​ដែល​ហៅថា សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​?

ការជំនុំជម្រះ​ជា​អសាធារណៈ​មាន​ន័យថា ក្រៅតែពី​អ្នកពាក់ព័ន្ធ​នឹង​រឿងក្តី​គឺ​តុលាការ​ហាម​មិន​ឲ្យ​ចូល​ស្តាប់​នៅក្នុង​បន្ទប់​សវនាការ​ទេ​។ ដូចជា លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ ឬ​សំណុំ​រឿង​អនីតិជន​មិនទាន់​គ្រប់​អាយុ​ព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​កុមារ​។

ចំពោះ​ពាក្យ​ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​គឺ​តុលាការ​ជំនុំជម្រះ​តែ​ទៅលើ​សំណុំរឿង​មុន អង្គ​សេចក្តី​ក្នុង​រឿង​ព្រហ្មទណ្ឌ​ទេ​​មាន​ន័យថា ជន​ម្នាក់​នោះ​មិនទាន់​ត្រូវ​បាន​តុលាការ​ដាក់​ទោសទណ្ឌ​​ថា ត្រូវ​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ​នៅ​ឡើយ​ទេ​ដែល​ការជំនុំជម្រះ​គឺ​ពាក់ព័ន្ធ​តែ​ការអនុវត្ត​នីតិវិធី​របស់​តុលាការ​ប៉ុណ្ណោះ​។ ​

ប៉ុន្តែ​បើ​ការជំនុំជម្រះ​មុន​អង្គសេចក្តី​វិញ​គឺ​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ដើម្បី​ដាក់​ទោសទណ្ឌ​លើ​ជនណាម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​កំណត់​ថា​ត្រូវ​ជាប់ទោស​ប៉ុន្មាន​ឆ្នាំៗ​អ៊ីចឹង​ទៅ​។ ចំពោះ​ពាក្យ​ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នេះ​ដែរ គឺ​ជំនុំជម្រះ​ទៅលើ​ករណី​ជន​ត្រូវ​ចោទ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ឬ​ប្រឆាំង​នឹង​ដីកា​សម្រេច​ណាមួយ​របស់​​តុលាការ​ថ្នាក់ក្រោម​ដូចជា ដីកា​ចាប់ខ្លួន​ ឬ​ដីកា​ឃុំ​ខ្លួន​ជាដើម​៕