ការធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជួនកាល​មាន​ករណី​បើកបរ​រថយន្ត​ទៅបុក​ពី​ក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ខាង​ក្រោយ​ស្លាប់ ជា​ករណី​មួយ​ដែល​អ្នក​ធ្វើ​ចរាចរណ៍​ខ្លះ​មិន​បាន​គិត​ដល់។ ក្នុង​ករណី​នេះ​តើ​អ្នក​បើក​រថយន្ត​ខាងមុខ​ត្រូវ​មាន​ទោស​ឬ​អ្នក​បើក​រថយន្ត​ខាង​ក្រោយ​មាន​ទោស?​ ជុំវិញ​ករណីនេះ​ភ្នំពេញ ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​បំពេញ​ការងារ​នៅ​ផ្ទះ​លេខ ៤៥-Eo ផ្លូវ​លេខ ៩ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

ឧបមា​ថា មាន​រថយន្ត​ចំនួន ២ គ្រឿង​បាន​បើកបរ​បន្ដកន្ទុយគ្នា តែ​រថយន្ត​ខាងមុខ​មាន​ផ្ទុក​ឈើ ហើយ​ឈើ​នោះ​បាន​លយ​ចេញ​ពី​ទ្រុង​រថយន្ត​មក​ខាង​ក្រោយ។ គ្រានោះ​រថយន្ត​ដែល​កំពុង​បើក​ខាង​ក្រោយ​ក៏បាន​បុក​នឹង​រថយន្ត​ដឹក​ឈើ​នោះ​ធ្វើ​ឲ្យ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ខាង​ក្រោយ​ត្រូវ​ឈើ​ជង់​ស្លាប់ តែ​អ្នក​បើកបរ (រថយន្តក្រោយ) មិន​រង​គ្រោះ​ទេ។ក្នុង​ករណី​នេះ តើ​អ្នក​បើក​រថយន្ត​ខាង​ក្រោយ​ត្រូវ​មាន​ទោស​ដែរ​ទេ ? ប្រសិន​បើ​មាន​ទោស​មក​ពី​មូលហេតុ​អី?​ហើយ​បើ​គ្មាន​ទោស​មក​ពី​មូលហេតុ​អី?

១. យើង​ឃើញថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ តែងតែ​កើត​ឡើងជា​រៀងរាល់​ថ្ងៃ​ហើយ​បើ​បញ្ហា​នេះ​កើត​ឡើង​ហើយ​ភាគី​នីមួយៗ​តែង​តែ​អះអាង​យក​ត្រូវ​រៀងៗ​ខ្លួន​ដោយ​មិន​បាន​ពិចារណា​និង​យល់​ដឹង​ពី​បញ្ហា​ច្បាប់​ចរាចរណ៍។​ប្រជាពលរដ្ឋ​ក្នុង​សង្គម​មាន​សិទ្ធិ​និង​កាតព្វកិច្ច​ត្រូវ​តែ​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍​ជា​ចាំបាច់ ហេតុ​ដូច្នេះ​ហើយ​នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ចំពោះ​ការ​ទទួល​ខុស​ត្រូវ​គឺមាន​កត្តា ៣ ចំណុច​ត្រូវ​លើក​ឡើង​ជា​ចម្បង​រួម​មាន៖ ១-ការ​ទទួល​ខុសត្រូវ​ផ្នែក​សំណង​រដ្ឋ​ប្បវេណី​ទាក់ទង​នឹង​ការ​ខូចខាត​លើ​រូប​រាងកាយ អាយុ​ជីវិត​រួម​នឹង​ទ្រព្យ​សម្បត្តិ ២-ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​គឺ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​ផ្លូវ​ច្បាប់ និង ទី ៣- ការ​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋបាល​គឺ​ការពិន័យ​ការ​ដក​ហូត​បណ្ណ​បើកបរ ការ​ដក​ពិន្ទុ។ល។

ទាក់ទង​នឹង​ករណី​ខាងលើនេះ​រថយន្ត២គ្រឿង​បើក​ស្រប​ទិស​គ្នា​មួយ​មុខ មួយ​ក្រោយ​តែ​រថយន្ត​ខាងមុខ​មាន​ផ្ទុក​ឈើ​ហើយ​ឈើ​នោះ​បាន​លយ​ចេញ​ពី​ទ្រុង​រថយន្ត។គ្រានោះ​រថយន្ត​ដែល​បើក​ពីក្រោយ​បាន​បុក​នឹង​រថយន្ត​ដែល​ដឹក​ឈើ​ខាង​មុខ​បណ្តាល​ឲ្យ​អ្នក​រួម​ដំណើរ​ត្រូវ​ឈើ​ជង់​ស្លាប់​តែ​អ្នក​បើក (រថយន្ត​ក្រោយ) មិន​រង​របួស​ទេ​ករណីនេះ​អ្នក​បើក​រថយន្ត​ខាង​ក្រោយ​ត្រូវ​តែ​មាន​ទោស​ទោះបី​ជា​គាត់​មិនបាន​សម្លាប់​អ្នក​រួមដំណើរ​ជាមួយ​គាត់​ក៏ដោយ​ពីព្រោះ​ថា៖

ទី១ ការបើកបរ​រថយន្ត​លើផ្លូវ​សាធារណៈ​នៅ​ពីក្រោយ​រថយន្ត​មួយទៀត​គឺ​អ្នក​បើកបរ​ខាង​ក្រោយ​ត្រូវ​រក្សា​ទុក​នូវ​ចន្លោះ​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ចៀស​វាង​ការ​ប៉ះទង្គិច​នៅ​ពេល​រថយន្ត​ខាងមុខ​បន្ថយ​ល្បឿន​ឬ​ឈប់​ដោយ​ចៃដន្យ​ណាមួយ​កើត​ឡើង។ ជា​ឧទាហរ​ណ៍​ចន្លោះ​សុវត្ថិភាព​មាន​ដូចជា៖ រថយន្ត​បើកបរ​នៅ​ក្រៅ​ទីក្រុង ឬ​ទីប្រជុំ​ជន​គឺ​ត្រូវ​ប្រើ​ល្បឿន ៤០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ហើយ​ត្រូវ​ទុក​ចន្លោះ​សុវត្ថិភាព ២៤ ម៉ែត្រ។ ចំណែក​រថយន្ត​បើកបរ​នៅ​ខាង​ក្រៅ​ទីក្រុង​ឬ​ទីប្រជុំជន​គឺ​ត្រូវ​ប្រើ​ល្បឿន ៦០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​ដោយ​ត្រូវ​ទុក​ចន្លោះ​សុវត្ថិភាព ៣៦ ម៉ែត្រ។រីឯ​រថយន្ត​ដែល​បើកបរ​នៅក្រៅ​ទីក្រុង​ឬ​ទីប្រជុំជន​គឺ​ត្រូវ​ប្រើ​ល្បឿន ៧០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​ដោយ​ត្រូវ​ទុក​ចន្លោះ​សុវត្ថិភាព ៤២ ម៉ែត្រ។ ល (មាត្រា ១៨ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក)។

ទី២ ទាក់ទង​នឹង​ល្បឿន​របស់​អ្នក​បើកបរ​រថយន្ត​នៅ​ពីក្រោយ​តើ​គាត់​បើកបរ​ត្រឹម​ល្បឿន​ដែល​កំណត់​ដោយ​ច្បាប់​ក្នុង​ល្បឿន​កម្រិត​អប្បបរមា ៤០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង (ក្នុង​ទីប្រជុំជន) និង​ល្បឿន​កម្រិត​អតិបរមា ៩០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង (ក្រៅ​ទីប្រជុំជន) ដែរ​ឬ​ទេ?

ទី ៣ តើ​អ្នកបើកបរ​រថយន្ត​នៅ​ខាងក្រោយ​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ​តាមច្បាប់​តម្រូវ​ទៅ​តាម​ប្រភេទ​យាន​ក១,ក២,ខ,គឃ១,ឃ២,ង, ហើយ​តើ​គាត់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ដែរ​ឬទេ?​(មាត្រា ៧៥,៧៧ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក) ហេតុ​ដូចនេះហើយ​អ្នក​បើកបរ​រថយន្ត​នៅ​ខាង​ក្រោយ​គាត់​មានការ​ធ្វេស​ប្រហែស​ខ្ជីខ្ជា​ឬ​មិន​បាន​ប្រុង​ប្រយ័ត្ន​ដែល​ច្បាប់​បាន​តម្រូវ​ឲ្យ​បំពេញ។​នៅ​ក្នុង​ករណី​នេះ​អ្នក​បើកបរ​រថយន្ត​នៅ​ពីក្រោយ​ត្រូវ​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២ ០០០ ០០០ (ពីរលាន) រៀល​ទៅ ៦ ០០០ ០០០ (ប្រាំមួយ​លាន​រៀល) (យោង​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ) ឬ​តាម​មាត្រា ៨៥ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ឆ្នាំ​ទៅ ៣ (បី) ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ៤ ០០០ ០០០ (បួន​លាន) រៀល​ទៅ ១៥ ០០០ ០០០ (ដប់​ប្រាំលាន) រៀល​និង​អាច​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ​ឬ​ច្រើន ដូច​មាន​ចែង​ក្នុង​មាត្រា ៥៣ (ប្រភេទ​នៃ​ទោស​បន្ថែម) នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្នុងករណី​នេះដែរ តើ​អ្នកបើករថយន្ត​ខាងមុខ​ត្រូវ​មានទោស​ដែរ​ទេ ករណី​គេ​ទៅបុក​រថយន្ត​គាត់​ពី​ក្រោយ?

ករណីនេះ​អ្នកបើកបរ​រថយន្ត​ខាងមុខ​មិនមាន​ទោស​ទេ ទោះបី​គេ​ទៅបុក​គាត់​ពីក្រោយ​ក៏ដោយ ព្រោះ​ថា ដើម្បី​ឲ្យ​អ្នក​បើកបរ​រថយន្ត​ខាងមុខ​ទទួល​ខុស​ត្រូវ​សំណង​របស់​អ្នក​បើកបរ​ខាង​ក្រោយ​បាន លុះត្រា​តែ​បំពេញ​លក្ខខណ្ឌ​នៃ​អំពើ​អនីត្យានុ​កូល​កើត​ឡើង​ដូចជា៖

-តើ​កំហុស​ចេតនា​ឬ​អ​ចេ​តនារ​បស់​អ្នកបើករថយន្ត​ខាងមុខ​ឬទេ? ជាធម្មតា​ប្រសិនបើ​អ្នក​បើកបរ​ខាង​មុខ គាត់​មិន​មាន​ឆន្ទៈ​ឬ​មិន​មាន​ចេតនា​ចង់​ឲ្យ​អ្នក​បើក​រថយន្ត​ពី​ខាង​ក្រោយ​ទៅបុក​រថយន្ត​របស់​គាត់​ទេ​ហើយ​រថយន្ត​របស់​គាត់​មាន​ទាំង​ភ្លើង​សញ្ញា​បំភ្លឺ​នៅ​ខាង​ក្រោយ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ផង ជាពិសេស​គាត់​បាន​ដាក់​សញ្ញា​សម្គាល់​នៅ​ខាង​ក្រោយ​ដូចជា​នៅពេល​យប់​គាត់​ដាក់​កញ្ចក់​ចាំង​ពន្លឺ​ដើម្បី​ឲ្យ​អ្នក​ក្រោយ​បាន​ឃើញ​និង​មាន​ការ​ប្រុង​ប្រយ័ត្ន​បើ​ទោះបី​ជា​ការ​ដាក់​ឈើ​ទាំង​នោះ​លយ​ចេញ​ហួស ១ (មួយ) ម៉ែត្រ​ក៏ដោយ (យោង​មាត្រា ៥៦ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក)។

-តើ​អ្នកបើកបរ​ខាងមុខ​បាន​បំពាន​សិទ្ធិ​ឬ​ផលប្រយោជន៍​និង​ធ្វើ​ឲ្យ​ខូចខាត​អ្នកបើកបរ​រថយន្ត​នៅ​ខាង​ក្រោយ​ទេ តែ​គាត់​បើកបរ​ក្នុង​ល្បឿន​ដែល​ច្បាប់​កំណត់​ក្នុង​ទីប្រជុំជន ៤០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​និង​ក្រៅ​ទីប្រជុំជន ៩០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង?

-ទំនាក់ទំនង​ហេតុ​និង​ផល​ដើមចម​នៃ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ដោយសារ​រថយន្ត​នៅ​ខាង​ក្រោយ​ដែល​គាត់​បាន​បើក​ល្បឿន​ហួស​កំណត់​និង​មិន​ទុក​ចន្លោះ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ដែល​ច្បាប់​បាន​ចែង (មាត្រា ៧៤- ៣ នៃ​ក្រម​រដ្ឋ​ប្បវេណី)។

សរុបសេចក្តី​មក អ្នកបើករថយន្ត​នៅខាងមុខ​គឺ​គាត់​មិនមាន​ការទទួល​ខុស​ត្រូវ​នោះ​ទេ​ប្រសិន​បើ​គាត់​បាន​បំពេញ​លក្ខខណ្ឌ​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ​ហើយ​នោះ៕