កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ​ភ្នំពេញ​ប៉ុស្ដិ៍​ បាន​ចុះ​ផ្សាយ​មួយ​វគ្គ​រួច​មក​ហើយ​ជុំវិញ​មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន​អ្នក​ស៊ី​ឈ្នួល​ភ្ជួរ​ដី​ខុស​ច្បាប់ ​(ម្ចាស់​យក​ដី​រដ្ឋ) ដែល​អាច​កើត​​ចេញ​ពី​បណ្តឹង​របស់​សាមី​អង្គ​ភាព ឬ​ចំណាត់ការ​របស់​មន្រ្តី​នគរបាល​យុត្តិធម៌​ចំពោះ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង ​តាមរយៈ​ការ​បក​ស្រាយ​របស់​លោក ​ផុន ​ធារិន​ មេធាវី​នៃ​ក្រុមហ៊ុន​មេធាវី​ លីហ្គល​សៀល​ មាន​ការិយាល័យ​នៅ​ផ្ទះ​លេខ ​១០ ​ផ្លូវ ​១០៥​ ភូមិ​បាក់​ទូក​ សង្កាត់​ទួល​សង្កែ ​១ ​ខណ្ឌ​ឫស្សីកែវ​ រាជ​ធានី​ភ្នំ​ពេញ​។ រី​ឯ​នៅ​ថ្ងៃ​ចន្ទ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​សូម​លើក​យក​វគ្គ​បញ្ចប់​មក​ផ្សព្វផ្សាយ​តាមរយៈ​លោក​មេធាវី​ដដែល​ មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖ ​

ចុះ​ប្រសិន​បើ​អ្នក​អាស្រ័យ​​ផល​លើ​ដី​នោះ ​២០ ​​ឆ្នាំ​ ដោយ​មាន​ការ​បញ្ជាក់​ពី​មេ​ភូមិ​មែន​ តើ​​ដី​នោះ​អាច​ចាត់​ទុក​​ថា​ជា​ដី​កម្មសិទ្ធិ​​របស់​អ្នក​ដាំដំ​ណាំ​បាន​ទេ​ ​?​

យោង​តាម​មាត្រា​ ​៣០ ​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ ​២០០១​ ចែង​ថា​ “បុគ្គល​ទាំង​ឡាយ​ដែល​បាន​អាស្រ័យ​ផល​នៃ​ភោគៈ​ដោយ​សន្តិវិធី​ និង​មិន​មាន​ជំទាស់​ចាប់​ពី ​៥ ​(ប្រាំ) ​ឆ្នាំ​យ៉ាង​តិច​គិត​មក​ដល់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​ច្បាប់​នេះ​លើ​អចលនវត្ថុ​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​កាន់កាប់​ជា​ឯកជន​មាន​សិទ្ធិ​ស្នើ​សុំ​បណ្ណ​កម្មសិទ្ធិ​ស្ថាពរ”​។ ក្នុង​ករណី​នេះ​ ប្រសិន​បើ​ប្រជាពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ឃុំ​ទទួល​ស្គាល់​ការ​កាន់​កាប់​ និង​អាស្រ័យ​​ផល​លើ​ដី​របស់​​ប្រជាពលរដ្ឋ​គាត់ ​[មេភូមិ] ហើយ​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​ដី​នោះ​ ​ដោយ​ជាប់​លាប់​រយៈពេល ​៥​ ឆ្នាំ​ជាប់ៗ​គ្នា​មុន​ច្បាប់​​ភូមិបាល​ឆ្នាំ ​២០០១​ ចូល​ជា​ធរមាន នោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់​កាប់​អាច​ត្រូវ​ចាត់​ទុក​ថា ​ជា​កម្មសិទ្ធិករ​​ស្រប​ច្បាប់ ​និង​អាច​ស្នើសុំ​ចុះ​បញ្ជី​លើ​អចលនវត្ថុ​នោះ​បាន​។

ប្រសិន​បើ​ដី​នោះ​ខាង​ជំនាញ​សុរិយោដី​មិន​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ទេ​ តែ​ប្រជាពលរដ្ឋ​បាន​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​នោះ​រយៈពេល ​៥ ​ឆ្នាំ​ឡើង​ទៅ​ តើ​អាច​ថា​ដី​នោះ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​អ្នក​រស់នៅ​លើ​ដី​នោះ​​បាន​ទេ​​?

ក្នុង​ករណី​នេះ​ប្រសិន​បើ​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​ដី​រយៈពេល ​៥ ​ឆ្នាំ ​ឬ​លើស​ពី ៥ ​ឆ្នាំ ដោយ​មិន​អនុលោម​​តាម​មាត្រា ​៣០​ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ ​២០០១​ នោះ​អ្នក​កាន់​ដី​នោះ​មិន​អាច​ក្លាយ​ជា​កម្មសិទ្ធិករ​បាន​ឡើយ​។​ ដូចគ្នា​នេះ​ដែរ តាម​មាត្រា ​៣២​ នៃ​ច្បាប់​នេះ​ អចលនវត្ថុ​ទាំង​ឡាយ​ ដែល​មិន​អាច​ក្លាយ​ជា​កម្មសិទ្ធិ​ នៃ​អ្នក​កាន់​កាប់​ស្រប​​តាម​ច្បាប់​​នេះ​ ក្នុង​ករណី​ភោគី ​(អ្នក​កាន់​កាប់​) បំពេញ​មិន​បាន​នូវ​លក្ខខណ្ឌ​នៃ​ច្បាប់ ដោយ​ហេតុ​​មក​ពី​លក្ខណ​សម្បត្តិ​របស់​ខ្លួន​ជា​ភោគី​កេង​បន្លំ ​ឬ​ដោយ​ឥរិយាបថ​របស់​ខ្លួន​ជា​ភោគី​ដែល​លួច​លាក់​នឹង​ច្បាប់ ឬ​ដែល​មិន​ចេញ​មុខ​ឬ​ជា​ភោគី​ដោយ​ប្រើ​ហិង្សា​។​ ចំណែក​ឯ​មាត្រា ​១៧​ ក៏​បាន​ហាម​ឃាត់​ចំពោះ​ការ​ចាប់​យក​ដី​តាម​ទំនើង​ចិត្ត​ណា​មួយ ទ្រព្យ​សម្បត្តិ​ឯកជន​​របស់​រដ្ឋ​ ឬ​របស់​នីតិបុគ្គល​សាធារណ​​បាន​ឡើយ​ ចាប់​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​៕