ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដូចជា រថយន្តបុករះជាបន្ដបន្ទាប់កន្លងមកមានខ្លះក្លាយជាអំពើហិង្សាជាហេតុធ្វើឲ្យពលរដ្ឋងឿងឆ្ងល់ចំពោះការអនុវត្តការងាររបស់នគរបាលចរាចរណ៍ថាតើហេតុអ្វីក៏មិនរកវិធីទប់ស្កាត់កុំឲ្យបន្ដកើតតទៅទៀត?
ទាក់ទិននឹងបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាហៅកាត់ថា (ANSA) ដែលមានខ្លឹមសារដូចខាងក្រោម ៖
ករណីគ្រោះថ្នាក់ចរាចរណ៍បុករះបង្កដោយអ្នកបើកបររថយន្តមានប៉ុន្មានលើកមកហើយនៅភ្នំពេញហើយក៏មិនឃើញមានវិធានការម៉ឹងម៉ាត់ពីសមត្ថកិច្ចលើជនបង្កដែរ ដែលមើលទៅហាក់គ្រាន់តែធ្វើលំៗដើម្បីឲ្យមហាជនអស់ចិត្ត។ តើលោកយល់ឃើញដូចម្តេចដែរ ?
មុននឹងឆ្លើយនឹងសំណួរហ្នឹងខ្ញុំចាប់អារម្មណ៍ទៅលើទិដ្ឋភាព ២។ ទី ១- រឿងចរាចរណ៍នៅប្រទេសកម្ពុជាមានរឿង ២ កើតឡើងដែល ទី ១ គឺបុកហើយ ថយរថយន្តមកកិនជនរងគ្រោះស្លាប់ដែលករណីនេះក៏ធ្លាប់បានកើតឡើងហើយចំពោះពលរដ្ឋកម្ពុជា។
ឯមួយទៀតករណីបុករះ ឬបុកហើយរត់គេចជាហេតុផលមួយដែលគេហៅថា ពេលខ្លះអ្នកបង្កមានហេតុផលរបស់ខ្លួនដោយសារខ្លាចមានហិង្សាដល់ខ្លួន ឬមួយក៏ការរត់គេចក្នុងហេតុផលណាមួយ។ ប៉ុន្តែសម្រាប់ខ្ញុំ យល់ថាការរត់ដើម្បីគេចពីការទទួលខុសត្រូវច្រើនជាងអីចឹង ២ ចំណុចដែលខ្ញុំលើកឡើងនេះវាកំពុងញាំញីទៅដល់ទិដ្ឋភាពជាក់លាក់នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសកម្ពុជាហើយក្នុងនោះដែរ ក៏វាពាក់ព័ន្ធនឹងភាពស្រពេចស្រពិលនៃការទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះផងដែរ។
ដូច្នេះហើយវាជារឿងមួយធ្វើឲ្យមហាជនបាត់បង់ជំនឿយ៉ាងខ្លាំងលើសមត្ថភាពក្នុងការបំពេញការងារ ខណៈប្រព័ន្ធរាយការណ៍រឿងគ្រោះថ្នាក់ចរាចរណ៍នេះ យើងធ្លាប់ឃើញថា មានភាពមិនប្រក្រតី។ ពិសេសក្នុងរបាយការណ៍នគរបាលដែលរាយការណ៍ពីកន្លែងកើតហេតុទៅអធិការដ្ឋាននគរបាលខណ្ឌ-ស្រុក ហ្នឹង។
ចំពោះអ្នកបើករថយន្តបុករះខ្លះត្រូវបានចាប់ទៅតុលាការ ប៉ុន្តែមិនបានប៉ុន្មានក៏ដោះលែងវិញដោយលើកហេតុផលថាមានសតិមិនល្អ ឬក៏ត្រូវសម្រួលក្រៅប្រព័ន្ធតុលាការជាដើម។ល។ ប៉ុន្តែជនបង្កខ្លះបើកបុកមនុស្សស្លាប់ត្រឹមម្នាក់ក៏ត្រូវចាប់ឡើងតុលាការ និងផ្តន្ទាទោស។ រូបភាពទាំងនេះលោកគិតថាមានលម្អៀងចំពោះមុខច្បាប់ដែរទេ ?
តាមពិតដោយសារនិទ្ទណ្ឌភាពហ្នឹងវាមានឫសគល់ជ្រៅពេកក្នុងសង្គមខ្មែរ ដូច្នេះហើយការអនុវត្តច្បាប់ដូចជា ចរាចរណ៍ផ្លូវគោកហ្នឹងក៏វាបានបង្ហាញនូវនិទ្ទណ្ឌភាពក្នុងសង្គមនៃគ្រោះថ្នាក់ចរាចរណ៍នេះដែរ។ ខ្ញុំឧទាហរណ៍ថា ប្រសិនបើដឹងថា អ្នកបើកបរដែលបង្កគ្រោះថ្នាក់នោះមានសតិមិនល្អថា តើអ្នកដឹងដែលក្នុងនោះមានអាណាព្យាបាល មានឪពុកម្តាយ គួររាយការណ៍ទៅសមត្ថកិច្ចដើម្បីដកហូតប័ណ្ណបើកបរពីគាត់ចៀសវាងបណ្តោយឲ្យបើកបរហើយបង្កបញ្ហា។
ចំណុចនេះសម្រាប់ខ្ញុំវិញ ខ្ញុំនៅតែយល់ថាវាគ្រាន់តែជាចំណែកមួយដើម្បីបន្ថយបន្ទុកទទួលខុសត្រូវរបស់អ្នកបង្កប៉ុណ្ណោះ ហើយវាក៏ជាការរួមចំណែកដ៏អាក្រក់មួយទៅដល់សុវត្ថិភាពនៃអ្នកធ្វើដំណើរលើដងផ្លូវនៅកម្ពុជាយើងដែរ។ អីចឹងទាំងទិដ្ឋភាពនៃអ្នកបង្ក និងការអនុវត្តច្បាប់របស់តុលាការកំពុងត្រូវបានមហាជនចោទសួរអំពីរបៀបដែលជនបង្កត្រូវបានរួចទោស ឬក៏ជាប់ទោសតែបន្តិចបន្ទួចទៅតាមការសម្រេចដែលគេថាបង្កប់ដោយភាពអយុត្តិធម៌ធ្ងន់ធ្ងរបានន័យថា វាធ្វើឲ្យអ្នកដែលរងគ្រោះហ្នឹងកាន់តែនៅឆ្ងាយពីយុត្តិធម៌ដែលគេគួរតែទទួលបាន។
ដូច្នេះហើយ ចំណុចអស់នេះ ពលរដ្ឋកំពុងចោទសួរថាតើឯណាទៅសុវត្ថិភាពពួកគេនៅកន្លែងកើតហេតុ និងយុត្តិធម៌របស់ពួកគេនៅពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើង? អ្វីដែលលោកសួរនេះគ្រាន់តែជាករណីដែលយើងបានដឹង ប៉ុន្តែក្រៅពីនោះយើងឃើញមានករណីខ្លះដែលកុមារក្រីក្រជិះកង់ទៅសាលារៀនហើយត្រូវបានរថយន្តដឹកដីកិនឲ្យបាក់ជើងក្លាយជាជនពិការដែលពួកគេរស់នៅយ៉ាងវេទនា។ អ៊ីចឹងបើកាលណាប្រព័ន្ធច្បាប់ខ្សោយហើយការងាររបស់សមត្ថកិច្ចមិនសូវសកម្មនោះវាក្លាយទៅជាក្តីកង្វល់ធ្ងន់សម្រាប់អ្នកធ្វើដំណើរជាពិសេសអ្នកជិះកង់បើកម៉ូតូនេះតែម្តង។
ករណីអ្នកបើករថយន្តបុករះនៅបឹងត្របែកកាលពីឆ្នាំមុនហើយអ្នកបើកបររថយន្តត្រូវក្រុមអ្នកដំណើរព្រួតគ្នាវាយស្ទើរស្លាប់ ប៉ុន្តែមិនឃើញមានការប្រកាសស្វែងរកចាប់ខ្លួនទេ តែថ្មីៗនេះហេតុការណ៍កើតឡើងដូចគ្នានៅក្បែរមន្ទីរពេទ្យលោកសង្ឃស្រាប់តែមានការប្រកាសស្វែងរកចាប់ខ្លួនជនប្រើហិង្សាលើអ្នកបើកបរ? តើករណីនេះសមត្ថកិច្ចគិតថាអ្នករងគ្រោះជាមនុស្សសំខាន់ទើបចាត់ការឬយ៉ាងណា ?
តាមពិតទៅទណ្ឌកម្មរបស់មហាជនលើករណីគ្រោះថ្នាក់ចរាចរណ៍គឺជាការទាក់ទាញមួយផ្តោតការចាប់អារម្មណ៍ពីអ្នកនយោបាយដែរ។ ឧទារណ៍ករណីបើកបុករះនៅមុខវិទ្យាល័យបឹងត្របែកកាលពីឆ្នាំមុនវាជាករណីមួយដែលបានកើតឡើងហើយមានការប្រើហិង្សាពីអ្នកដំណើរ ដោយសារកំហឹងចំពោះការបុកមនុស្សស្លាប់ច្រើននាក់។ រីឯករណីកើតឡើងនៅឆ្នាំនេះដែលអ្នកបើកបររថយន្តឈ្មោះលោក ស៊ុយ សារ៉េត ហ្នឹងគឺគាត់មិនត្រូវបានគេរកឃើញថាបានបង្កបញ្ហាឲ្យធ្ងន់នោះទេ។
ប៉ុន្តែនៅកន្លែងកើតហេតុ ជាពិសេសរូបភាពពីកាមេរ៉ាសុត្ថិភាពបានបង្ហាញថា គាត់ក្លាយជាជនរងគ្រោះទៅវិញ ឯករណីនៅបឹងត្របែកគឺមិនមែនជាជនរងគ្រោះទេ តែជាជនបង្កទៅវិញដែលធ្វើឲ្យស្លាប់ និងរបួសមនុស្សយ៉ាងរង្គាលនៅលើដងផ្លូវ។
ដូច្នេះហើយបានជាមានសម្រែករកយុត្តិធម៌ជូនអ្នកបើកបរដែលបានបង្កបញ្ហាហ្នឹងវាមានទម្រង់ខុសគ្នាដែរ។ អ្វីដែលបានកើតឡើងនៅឆ្នាំនេះទៅលើបណ្ឌិតម្នាក់នោះជាករណីដែលគេបានដឹងបានឃើញរួមនឹងគាត់មានមុខមាត់ក្នុងសង្គមផងក៏មានអន្តរាគមន៍ទាំងការរកយុត្តិធម៌ដែលគាត់ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅប្រទេសវៀតណាម។
ទោះជាយ៉ាងណាក្ដីការប្រព្រឹត្តរបស់អ្នកបើកបរវានៅតែជាទង្វើដែលខុសច្បាប់ ហើយវាអាចនាំទុក្ខដល់អ្នកប្រើហិង្សាហ្នឹងដែរ។ រូបភាពនៃការធ្វើអន្តរាគមន៍យើងឃើញថាគេចង់ឲ្យអ្នកបង្កទទួលខុសត្រូវចំពោះមុខច្បាប់ជាជាងវាយធ្វើបាបជនបង្កដែលធ្វើឲ្យអ្នករងគ្រោះកាន់តែមិនទទួលបាននូវយុត្តិធម៌ដដែលដូចជាករណីបុករះនៅបឹងត្របែកពេលមានការវាយធ្វើបាបទៅលើជនបង្កហើយរាប់ទាំងសំណងខូចខាតសួរថា នរណាជាអ្នកសងទៅគ្រួសារជនរងគ្រោះព្រោះថាអ្នកបង្កគ្រោះថ្នាក់នោះត្រូវបានគេវាយស្ទើរតែឆ្កួតទៅហើយនោះ។ អីចឹងចំណុចនេះជាអ្វីដែលយើងស្នើដោយទទូចទៅដល់មហាជនគួរពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយដែរ។
តើលោកគិតថារឿងនេះគួរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យបញ្ហាកើតមានតទៅទៀត ហើយសមត្ថកិច្ចណាខ្លះមានតួនាទីត្រូវចាត់វិធានការបង្ការជាមុនកុំឲ្យមានគ្រោះថ្នាក់កើតឡើងបន្តទៀត?
មានបញ្ហាកើតឡើងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលខ្លះមកពីគ្រឿងស្រវឹង និងការធ្វេសប្រហែសពីអ្នកបើកបរក៏ដូចជាការយឹតយ៉ាវក្នុងការអនុវត្តច្បាប់។
អីចឹងការយឹតយ៉ាវដែលខ្ញុំនិយាយនេះបានន័យថា នៅពេលឃើញអ្នកបើកបររថយន្តមួយមានភាពស្រវឹងគឺសមត្ថកិច្ចហាក់មិនបានធ្វើការងារឲ្យបានហ្មត់ចត់ឃាត់រថយន្តនោះទុកទេ។
នៅទីបញ្ចប់រថយន្តនោះបានបង្កគ្រោះថ្នាក់ចរាចរណ៍។ នៅមានករណីខ្លះទៀតដែលខ្ញុំបានដឹង ហើយជាមនុស្សដែលខ្ញុំស្គាល់ទៀតផងពេលនោះមានរថយន្តដែលបើកបរក្នុងអាការស្រវឹង ហើយមុននឹងបុកមនុស្សស្លាប់រថយន្តបង្កបានបើកចូលចំណែកផ្លូវគេ ដែលនេះខ្ញុំយល់ថាការយឹតយ៉ាវក្នុងការអន្តរាគមន៍ជាហេតុដែលឈានទៅដល់ការបង្កឲ្យមានគ្រោះថ្នាក់។ អីចឹងដើម្បីព្យាបាលនូវបញ្ហាដែលវាបានក្លាយជាជំងឺរ៉ាំរ៉ៃហើយនោះគឺយើងចង់ឃើញវត្តមានអ្នកអនុវត្តច្បាប់។ ទាំងនគរបាលចរាចរណ៍មានទាំងក្រុមដែលត្រូវតែយកចិត្តទុកដាក់ដើម្បីអាចអន្តរាគមន៍ហេតុការណ៍ពេលមានគ្រោះថ្នាក់ម្ដងៗ។
ចំពោះអ្នកស្រវឹងហើយបើកបរត្រូវតែរកមធ្យោបាយឃាត់ទុកហើយប្រសិនបើកើតមានគ្រោះថ្នាក់សមត្ថកិច្ចត្រូវឃាត់រថយន្តកុំឲ្យទៅបង្កគ្រោះថ្នាក់ទៀត។ មានរថយន្តដឹកដីដែលបានបើកកៀរម៉ូតូហើយបន្តបុកមនុស្សចាស់ស្លាប់ និងរបួសដែលនេះជាការយឺតយ៉ាវរបស់សមត្ថកិច្ចក្នុងការឃាត់រថយន្តនោះទុក។
បញ្ហានេះ វាផ្ទុយពីគណនេយ្យភាពរបស់សមត្ថកិច្ចប៉ូលិស និងទី ២ ក្រុមពលរដ្ឋដែលពេលឃើញគ្រោះថ្នាក់ ពួកគេអាចបញ្ចេញសកម្មភាពឃាត់ទុករថយន្តបង្កហើយចាប់បញ្ជូនអ្នកបង្កទៅឲ្យសមត្ថកិច្ចជាជាងការវាយដំទៅលើអ្នកបង្កដើម្បីរំសាយកំហឹង ឬក៏ប៉ូលិសខ្លួនឯងត្រូវរក្សាទុកនូវអត្តសញ្ញាណជនបង្កដែលជារឿងដ៏សំខាន់មួយធ្វើឲ្យអ្នកបើកបរទទួលខុសត្រូវ និងចៀសវាងសមត្ថកិច្ចធ្វើឲ្យបាត់អត្តសញ្ញាណជនបង្កហើយដែលធ្វើឲ្យជនរងគ្រោះកាន់តែជួបនូវភាពអយុត្តិធម៌៕