កាលពី​សប្ដាហ៍​មុន​ភ្នំពេញ​ប៉ុស្ដិ៍​​បាន​ចុះផ្សាយ​នូវ​វគ្គ​ទី​ ២ ​រួច​មក​ហើយ​អំពី​កម្រិត​នៃ​ផលប្រយោជន៍​របស់​កម្មករ​សំណង់​ដែល​​ច្បាប់​ការងារ​បាន​ជួយ​ពួកគាត់​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា ខណៈ​ក្រុមហ៊ុន​ខ្លះ​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​។

សម្រាប់​ថ្ងៃ​ចន្ទ​នេះ​យើង​សូម​លើក​យក​ភាគ​បញ្ចប់​ទាក់ទង​នឹង​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ក៏ដូចជា ការបំពាក់​សម្ភារ​ការពារ​សុវត្ថិភាព​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

និយាយ​ពី​បញ្ហា​គ្រោះថ្នាក់​ក្នុង​ពេល​កម្មករ​បំពេញ​ការងារ​តើ​នេះ​ដោយសារ​ខាង​ក្រុមហ៊ុន​មិន​បាន​បំពាក់​សម្ភារ​ការពារ​ឬ​មួយ​យ៉ាង​ម៉េច​?

បញ្ហា​នេះ​ភាគច្រើន​កម្មករ​​សំណង់​ប្រមាណ​ជា​ ៧០ ​ទៅ​ ៨០ ​ភាគរយ​គាត់​មិន​ទទួល​បាន​សម្ភារ​ការពារ​អំពី​សុខភាព​​សុវត្ថិភាព​ទេ​។ ករណី​នេះ​វា​មាន​ ២ ​ដំណាក់កាល​ទី​ ១ ​គឺ​ប្រសិន​បើ​ក្រុមហ៊ុន​ធំ​គាត់​ប្រើ​កម្មករ​ផ្ទាល់​គាត់​នឹង​មាន​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ការពារ​សុខភាព សុវត្ថិភាព ប៉ុន្តែ​បើ​ក្រុមហ៊ុន​នោះ​ម៉ៅការ​ច្រើន​តំណ​គឺ​ភាគច្រើន​អត់​មាន​សម្ភារ​សម្រាប់​ការពារ​គ្រោះថ្នាក់​ទេ​។

អ៊ីចឹង​ហើយ​បាន​ធ្វើឲ្យ​វា​មាន​ការ​ប៉ះពាល់​គ្រោះថ្នាក់​ដល់​កម្មករ ហើយ​នៅ​ពេល​មាន​គ្រោះថ្នាក់​ទៅ​ចោទ​ដាក់​អ្នក​នេះ អ្នក​នោះ​ដើម្បី​ឱ្យ​ទទួល​ខុសត្រូវ អ៊ីចឹង​ធ្វើ​ឲ្យ​បញ្ហា​ធ្លាក់​ទៅ​លើ​កម្មករ​ដែល​ពួកគាត់​មិន​ដឹង​អី​ទៅវិញ​។ គាត់​ជា​អ្នក​ធ្វើ​ការបម្រើ​ឲ្យ​ក្រុមហ៊ុន ហើយ​ផ្តល់​ផលប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ ប៉ុន្តែ​ពេល​មាន​គ្រោះថ្នាក់​គឺ​ក្រុមហ៊ុន​មួយៗ​តែងតែ​ដោះដៃ​ពី​បញ្ហា​នេះ​។

តើ​លោក​អាច​ប្រៀបធៀប​លើ​វិស័យ​សំណង់​ពី​មុន​ និង​បច្ចុប្បន្ន​ថា តើ​មាន​ស្ថានភាព​ខុស​គ្នា​យ៉ាង​ដូចម្តេច​? ​តើ​ច្បាប់​​បាន​ធានា​អ្វី​ខ្លះ​ដល់​ពួកគេ​?

ប្រសិន​បើ​យើង​ប្រៀបធៀប​ក្នុង​វិស័យ​សំណង់​ពី​មុន​មក​ទល់​​ឥឡូវ យើង​ឃើញ​ថា​វិស័យ​សំណង់​​មាន​ការ​រីកចម្រើន​ខ្លាំង​មែនទែន​ចាប់ពី​ឆ្នាំ​ ២០១០-២០១១ រហូត​​ទល់​ពេល​នេះ​។

​ប្រសិន​បើ​យើង​ឈរ​ពី​លើ​អគារ​ខ្ពស់​មើល​មក​ក្រោម​យើង​មិន​ឃើញ​មាន​ដី​ទេ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការកែប្រែ​លក្ខខណ្ឌ​ការងារ​នៅ​ឡើយ​ទេ​។ ហេតុអ្វី​បាន​ជា​ខ្ញុំ​និយាយ ដូច្នេះ​ប្រាក់​ឈ្នួល​មិន​ទាន់​មាន​ការកំណត់ សុខភាព សុវត្ថិភាព ក៏​មិន​ទាន់​មាន​ការ​ការពារ​គ្រប់គ្រាន់​សម្រាប់​កម្មករ​សំណង់​​ដែរ រីឯ​អ្នក​ម៉ៅការ​មាន​ច្រើន​លើស​មុន​ទៅ​ទៀត​។ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំងអស់​គ្នា ទី​ ១ ​រដ្ឋ​ក៏​ប៉ះពាល់ បាន​ន័យ​ថា​ប្រសិន​បើ​ក្រុមហ៊ុន​ម៉ៅការ​ច្រើន​មិន​មាន​ការចុះ​បញ្ជិកា​អី​ត្រឹមត្រូវ គឺ​ក្រុមហ៊ុន​ទាំងអស់​នោះ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ វា​ខាត​ទាំងអស់​គ្នា​។

តែ​ប្រសិន​បើ​រដ្ឋ​ចាត់​វិធានការ​ឲ្យ​តឹងរ៉ឹង​បាន​ន័យ​ថា​ក្រុមហ៊ុន​ទាំង​នោះ​ក៏​បាន​​ចំណេញ កម្មករ​ក៏​ចៀស​ផុត​ពី​គ្រោះថ្នាក់ ហើយ​រដ្ឋ​ក៏​បាន​ចំណេញ​។ អ៊ីចឹង​បើ​យើង​ប្រៀបធៀប​ពី​លក្ខខណ្ឌ​ការងារ​ពី​មុន​មក​ពេល​នេះ​ខ្ញុំ​គិត​ថា មិន​ខុសគ្នា​ទេ ក៏​ប៉ុន្តែ​យើង​គិត​ថា​ប្រាក់​ឈ្នួល​អាច​ខុស​គ្នា​។

កន្លង​មក​ទំនិញ​លើ​ទីផ្សារ​ថោក ឯ​ប្រាក់​ឈ្នួល​កម្មករ​សំណង់​ត្រឹម​ ១ ​ថ្ងៃ​ ១៥០០០ ​ទៅ​ ១៦០០០ ​រៀល​អី​​បាន តែ​បើ​ធៀប​ទំនិញ​ទីផ្សារ​បច្ចុប្បន្ន​មាន​ការ​ឡើង​ថ្លៃ​ ខណៈ​ប្រាក់ខែ​កម្មករ​ក៏​ឡើង តែ​បើ​ប្រៀបធៀប​ទៅ នៅ​តែ​មិន​ខុស​គ្នា​ពី​មុន​ដដែល​។

ចំពោះ​ច្បាប់​តើ​បាន​ធានា​អ្វី​​ខ្លះ​ដល់​ពួកគាត់​ហើយ​ឬ​នៅ​?

បើ​និយាយ​ពី​ច្បាប់​ការងារ​វិញ ខ្ញុំ​គិត​ថា​ល្អ​សម្រាប់​អនុវត្ត​ទៅ​លើ​កម្មករ​មិន​ថា​វិស័យ​ណា​ទេ ព្រោះ​ច្បាប់​ចែង​ថា​ឲ្យ​តែ​ធ្វើការ​ស៊ី​ប្រាក់ខែ និង​មាន​ចាប់​​ពី​ម្នាក់​ឡើង​ទៅ​គឺ​ច្បាប់​គ្របដណ្តប់​មាន​ការ​ការពារ​បាន​ល្អ ក៏​ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ការធូររលុង​ដូច​ខ្ញុំ​បាន​ជម្រាប​ពី​ខាង​ដើម​អ៊ីចឹង​។ ខ្ញុំ​ឧទាហរណ៍​មួយ​ថា ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ក្នុង​ច្បាប់​គេ​ឲ្យ​ ១ ​ឆ្នាំ​ឈប់​ ១៨ ​ថ្ងៃ​ដោយ​មាន​ប្រាក់​ឈ្នួល អ៊ីចឹង​ក្នុង​វិស័យ​សំណង់​មិន​បាន​អនុវត្ត​ទេ​។

​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គេ​ឲ្យ​ឈប់​ ៩០ ​ថ្ងៃ​ដោយ​មាន​ប្រាក់​​ឈ្នួល​ ៥០ ​ភាគរយ​បាន​ន័យ​ថា​បើ​គាត់​ ១ ​ខែ​ ១៥០ ​ដុល្លារ​ត្រូវ​ទទួល​បាន​ ៧៥ ​ដុល្លារ​ក្នុង​ ១ ​ខែ​​តែ​មិន​បាន​អនុវត្ត​ទេ​ភាគច្រើន​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​គឺ​ក្រុមហ៊ុន​បញ្ឈប់​គាត់​ទៅវិញ​។

អាហ្នឹង​ដែល​ផ្ទុយ​ពី​ច្បាប់ ប៉ុន្តែ​អត់​មាន​ចាត់​វិធានការ​ចំណុច​នេះ​ទេ ប្រសិន​បើ​សហជីព​យើង​នៅ​កន្លែង​នោះ​វិញ​យើង​ចង់​ឲ្យ​ក្រុមហ៊ុន​នោះ​អនុវត្ត ប៉ុន្តែ​កម្មករ​​ដែល​មាន​ជាង ២៣ ​ម៉ឺន​នាក់​ភាគច្រើន​យើង​មិន​អាច​ទៅ​ជំរុញ​ឲ្យ​គាត់​អនុវត្ត​បាន​ទាំងអស់​គ្នា​ទេ​។ យើង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​បាន​លុះត្រាតែ​កន្លែង​​ណា​យើង​មាន​សហជីព​។ ​អ៊ីចឹង​នៅ​សល់​ច្រើន​ដែល​កម្មករ​មិន​បាន​ទទួល​ពី​ក្រុមហ៊ុន​ដែល​អនុវត្ត​តាម​ច្បាប់​ហ្នឹង​។

បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា​កម្មករ​សំណង់​មាន​ពី​ ១៩ ទៅ​ ២០ ​ម៉ឺន​នាក់​នៃ​កម្លាំង​ពលកម្ម​សរុប​។ ដោយឡែក​កម្មករ​ដែល​ជា​សមាជិក​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​នៅ​កម្ពុជា​មាន​ប្រមាណ​តែ​ជាង​ ៧ ​ពាន់​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ​ជា​ ៣០ ​ភាគរយ​៕