ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា។
បញ្ហានេះធ្វើឲ្យសហព័ន្ធសហជីពដែលធ្វើការជាមួយកម្មករសំណង់សាទរ ខណៈក្រុមហ៊ុនខ្លះមិនបានអនុវត្តតាមច្បាប់សម្រាប់ថ្ងៃឈប់សម្រាកពិសេស និងជួយដល់ស្ត្រីមានផ្ទៃពោះក៏ដូចជាការដោះស្រាយបញ្ហាដល់កម្មករដែលប្រឈមនឹងករណីគ្រោះថ្នាក់ផងដែរ។
ជុំវិញបញ្ហានេះលោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបានផ្ដល់បទសម្ភាសជាមួយភ្នំពេញ-ប៉ុស្ដិ៍ដោយបានបកស្រាយនូវបញ្ហាមួយចំនួនដូចខាងក្រោម៖
មិនជាញឹកញាប់ទេ ប៉ុន្តែមានការកត់សម្គាល់កន្លងមកឃើញថា ក្នុងវិស័យសំណង់នៅកម្ពុជាមានករណីកម្មករខ្លះ ជួបគ្រោះថ្នាក់ពេលបំពេញការងារ ដូចជាធ្លាក់ជណ្តើរយន្ត ឬក៏ធ្លាក់ពីលើអគារស្លាប់ជាដើម។ ក្នុងនាមលោកធ្វើការទាក់ទងនឹងវិស័យនេះ តើលោកគិតថាសុវត្ថិភាពការងារលើវិស័យនេះមានស្ថានភាពយ៉ាងម៉េចដែរ?
ខ្ញុំគិតថារហូតមកទល់ពេលនេះ បើគិតពីគ្រោះថ្នាក់របស់កម្មករសំណង់គឺវាមានបញ្ហាប្រឈមកាន់តែខ្លាំង។
ហេតុអីបានជាខ្ញុំនិយាយថា វាមានបញ្ហាប្រឈមខ្លាំង ព្រោះបើយើងមើលកន្លងមកគឺមានគ្រោះថ្នាក់រាល់ថ្ងៃ ទោះតិច ឬ ច្រើនបើយើងមើលតាមសារព័ត៌មាន ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកអីហ្នឹង យើងឃើញមានរាល់ថ្ងៃតែម្តង។ អ៊ីចឹងពេលគ្រោះថ្នាក់វាមិនមែនប៉ះពាល់តែកម្មករម្នាក់នោះទេ តែប៉ះពាល់ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះទៀតព្រោះគាត់ជាអ្នករកចំណូលប្រចាំគ្រួសារ។ ពេលគាត់ជួបគ្រោះថ្នាក់ទៅ អ៊ីចឹងវាអាចធ្វើឲ្យបាត់ចំណូលក្នុងគ្រួសាររបស់គាត់ហើយគ្រោះថ្នាក់នេះកន្លងមកភាគច្រើនគឺមិនដែលមានអ្នកណាគេយកចិត្តទុកដាក់ដល់ពួកគាត់ទេ (កម្មករសំណង់) ដែលខ្ញុំជួបប្រទះកន្លងមក។
ករណីនេះមានតែសហព័ន្ធសហជីពទេ ប្រសិនបើគាត់ប្តឹងមកពួកខ្ញុំគឺពួកខ្ញុំអន្តរាគមន៍ និងអាចប្តឹងផ្តល់ដើម្បីទារសំណងឲ្យបានសមរម្យសម្រាប់ពួកគាត់ទៅ ប៉ុន្តែមានអ្នកខ្លះក៏មិនដឹងថានឹងផ្តល់ព័ត៌មានទៅណា? ថ្មីៗនេះក៏កើតមានបញ្ហាគ្រោះថ្នាក់ការងារដែរដោយកម្មករសំណង់ជាជនរងគ្រោះបានបាក់ជើងហើយត្រូវខាងម្ចាស់អគារបង់សំណងតែ ៣០០ ដុល្លារទេ។
សួរថាទឹកប្រាក់ ៣០០ ដុល្លារនេះគាត់យកទៅព្យាបាលជើងបាក់របស់គាត់បានឬទេ? គឺមិនបានទេអ៊ីចឹងបានន័យថា ការងារទទួលខុសត្រូវពីគ្រោះថ្នាក់គឺវាមិនសូវមានសម្រាប់ការងារសំណង់នេះទេ។
លោកថា មានបញ្ហាប្រឈមកាន់តែខ្លាំងក្នុងការងារសំណង់តើបញ្ហាប្រឈមនោះលោកចង់សំដៅលើអ្វីខ្លះទៅ?
នៅក្នុងវិស័យសំណង់មានកត្តា ៣ សំខាន់ដែលទី ១ គឺបញ្ហាគ្រោះថ្នាក់ហ្នឹង។ ទី ២ គឺប្រាក់ឈ្នួលដែលប្រាក់ឈ្នួលនោះគ្មានការកំណត់ដែលបានន័យថាជាការបោកប្រាស់ និងកេងប្រវ័ញ្ចបន្តគ្នាដែលពេលខ្លះថៅកែបើកលុយឲ្យអ្នកម៉ៅការ ហើយអ្នកម៉ៅការនោះ រត់បាត់។
ឥឡូវនេះ ក្នុង ១ ខែមានពី ៤ ទៅ ៥ ករណីដែលពួកខ្ញុំកំពុងដោះស្រាយ។ ករណីមួយទៀតគឺម៉ៅការច្រើនតគ្នាដែលបញ្ហានេះវាធ្វើឲ្យប៉ះពាល់ទៅដល់កម្មករសំណង់។ ឧទាហរណ៍កម្មករសំណង់ម្នាក់ធ្វើការងារក្នុង ១ ថ្ងៃ គេឲ្យឈ្នួលគាត់ ១០ ដុល្លារ អ៊ីចឹងអ្នកម៉ៅការមួយកន្លែងចំណេញបន្តិចៗ ទម្រាំមកដល់កម្មករគឺតិចមែនទែន។
អ៊ីចឹងវាអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃពលកម្មរបស់គាត់ដែរ។ ខ្ញុំនិយាយមកវិញទាក់ទងទៅនឹងសុខភាពសុវត្ថិភាពរបស់កម្មករសំណង់នេះតាមពិតទៅកន្លងមកខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈក៏ដូចជាមន្ត្រីស្ថាប័នពាក់ព័ន្ធហ្នឹងមិនសូវយកចិត្តទុកដាក់ទេគឺដល់ពេលមានគ្រោះថ្នាក់ទើបបាននាំគ្នាចុះទៅមើល។ បញ្ហានេះយើងមើលឃើញមានប៉ុន្មានករណីមកហើយកន្លងមកគ្រោះថ្នាក់មានរហូតដល់បាត់បង់ជីវិត។
ការចុះទៅមើលជនរងគ្រោះនេះសួរថា គាត់បានអ្វីមកវិញ? តើជនរងគ្រោះនោះរស់មកវិញឬអត់? អ៊ីចឹងបើតាមគំនិតរបស់ខ្ញុំ ខ្ញុំចង់ស្នើឲ្យរដ្ឋាភិបាលកម្ពុជាចេញសេចក្តីប្រកាសមួយពាក់ព័ន្ធទៅនឹងសម្ភារការពារបុគ្គល តើមុនពេលធ្វើការ គាត់មានសម្ភារការពារសុខភាព សុវត្ថិភាពដែរឬអត់? គាត់បានបង្រៀនទៅដល់កម្មករសំណង់ដែរឬអត់? ស្តង់ដារមានឬអត់អ៊ីចឹងទៅ។
ការលើកឡើងបែបនេះគឺដើម្បីចៀសវាងពេលធ្វើការវាប្រថុយនឹងគ្រោះថ្នាក់ ហើយប្រសិនបើមានគ្រោះថ្នាក់ហើយទើបយើងចុះទៅមើល បានន័យថាពេលចោរលួចហើយបានទៅធ្វើរបងជាក្រោយ។
អ៊ីចឹងវាមិនបានលទ្ធផលហ្នឹងមកវិញទេ ខ្ញុំចង់និយាយអ៊ីចឹង។ បញ្ហា ១ ទៀតទាក់ទងនឹងប្រាក់ឈ្នួលដូចដែលខ្ញុំបានលើកឡើងអ៊ីចឹង។ ប្រាក់ឈ្នួលនេះបញ្ហាសំខាន់នៅក្នុងវិស័យសំណង់គឺមិនទាន់មានការកំណត់ប្រាក់ឈ្នួលគោលណាមួយឲ្យវាជាក់លាក់នៅឡើយទេ ហើយមានតែអនុម័តប្រកាសនូវច្បាប់ប្រាក់ឈ្នួល។
ប៉ុន្តែប្រាក់ឈ្នួលគ្រាន់គេផ្តោតតែទៅលើថ្នាក់ជាតិ ហើយប្រាក់ឈ្នួលខាងវិស័យកាត់ដេរជាអាទិភាព រីឯវិស័យផ្សេងៗក៏ដូចជាសំណង់មិនទាន់មាននៅឡើយទេ។ អ៊ីចឹងវិស័យមួយនេះនៅមានបញ្ហាប្រឈមខ្លាំង។
និយាយអំពីប្រាក់ឈ្នួលអប្បបរមា លោកគិតថាទាំងកម្មករ កម្មការិនីកាត់ដេរ ក៏ដូចជាកម្មករសំណង់ គឺសុទ្ធតែរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែហេតុអ្វីបានជាក្រសួងការងារមិនបានគិតគូរដល់កម្មករផ្នែកសំណង់នេះ?
កន្លងមកខ្ញុំបានសួរទៅមន្ត្រីក្រសួងការងារខ្លះដែរ ហើយគាត់ប្រាប់ថា ដោយសារវិស័យកាត់ដេរជាវិស័យអាទិភាពដែលបានជួយជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងលំដាប់លេខ ១។ ដូច្នេះគេផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យវិស័យនេះរីកចម្រើនហើយធ្វើឲ្យថេរដើម្បីឲ្យសេដ្ឋកិច្ចហ្នឹងបានរីកលូតលាស់។ ក៏ប៉ុន្តែខ្ញុំមានការសោកស្តាយដែរ ព្រោះច្រើនឆ្នាំកន្លងមកនេះយើងឃើញមានការរីកចម្រើនមែនទែន ប៉ុន្តែក្នុងវិស័យសំណង់គឺនៅតែមិនសូវមានការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធដូចដែលលោកបានសួរខ្ញុំអ៊ីចឹង។
ខ្ញុំមិនដឹងថាមកពីមូលហេតុអីដែរ ព្រោះដោយសារថាវិស័យសំណង់ជាវិស័យមួយសំខាន់ដែរនៅកម្ពុជាដែលជួយជំរុញសេដ្ឋកិច្ចជាតិឲ្យមានការលូតលាស់លឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចាប់ពីឆ្នាំ ២០១០ រហូតមកទល់ពេលនេះគឺលឿនមែនទែន។
បកមកករណីគ្រោះថ្នាក់ការងាររបស់កម្មករសំណង់វិញ តើមានក្រុមហ៊ុនណាមានការចេញធានារ៉ាប់រងអីដែរទេ?
ករណីនេះខ្ញុំធ្លាប់ជួបបទពិសោធកាលពីខ្ញុំធ្លាប់ធ្វើសហជីពដែលនៅកម្ពុជានេះមានសហជីពជាង ៣០ គោលដៅហើយយើងមានសហជីពមួយចំនួនធំដែលយើងចរចាឲ្យក្រុមហ៊ុននោះទិញធានារ៉ាប់រងឲ្យកម្មកររបស់គាត់ និងឲ្យគាត់បង់ចូលក្នុងរបបសន្តិសុខសង្គម។ អាហ្នឹងលុះត្រាតែសហជីពយើងមានឥទ្ធិពលដែលមានន័យថា យើងអាចចរចា និងអាចពិភាក្សាគ្នាបាន តែប្រសិនបើសហជីពយើងមិនសូវមានក្នុងនោះទេ ក្រុមហ៊ុននោះមិនអនុវត្តឡើយ។
ព្រោះ ៣ ទៅ ៤ ខែដើមឆ្នាំនេះ ពួកខ្ញុំបានទទួលពាក្យបណ្តឹងច្រើនទាក់ទងទៅនឹងគ្រោះថ្នាក់ការងារពីការកេងប្រវ័ញ្ច និងការមិនបើកប្រាក់ខែឲ្យកម្មករបានន័យថា ក្រុមហ៊ុនគេបើកលុយឲ្យហើយ តែអ្នកម៉ៅការយកលុយរត់មិនបើកឲ្យកម្មករ អ៊ីចឹងខាងខ្ញុំទទួលពាក្យបណ្តឹងច្រើនមកទល់ពេលនេះ។
(សូមរង់ចាំតាមដាននៅសប្ដាហ៍ក្រោយ)