សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​ការងារ​កំពុង​ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពិគ្រោះ​យោបល់​ដែល​ក្នុង​នោះ​ក៏​មាន​ខាង​សហជីព​ធ្វើ​សំណើ​ជា​យោបល់​ក្នុង​ការ​ពិគ្រោះ​ពិភាក្សា​ផង​ដែរ​។ ច្បាប់​នេះ​មាន​ ៦ ​ជំពូក និង​​ ៣១ ​មាត្រា​។ ​ដើម្បី​បាន​ជ្រាប​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​ការងារ​ដល់ក​ម្មករ-កម្មការិនី​កាត់ដេរ​យ៉ាង​ណា​នោះ​ភ្នំពេញ-ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោមៈ

តើ​ក្រសួង​ការងារ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ក្នុង​អត្ថប្រយោជន៍​អ្វី​ដែរ​ទៅ​?

តាម​ពិត​ទៅ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ដោយសារ​តែ​មាន​ការ​ស្នើ​ពី​ខាង​សហជីព​ និង​ពី​ខាង​អ្នក​បញ្ជា​ទិញ​ផ្សេងៗ​​ទើប​កើត​ឲ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ឡើង​។ ​ទោះ​យ៉ាង​ណា​សេចក្តី​ព្រាង​ច្បាប់​នេះ នៅ​មាន​ចំណុច​មួយ​ចំនួន​នៅ​មាន​បញ្ហា​ ឬ​ការ​លំបាក​ខ្លះ​ទើប​ក្រសួង​ការងារ​ឯកភាព​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​។ ​ក្នុង​ន័យ​នេះ​គំនិត​យោបល់​ដែល​បាន​ស្នើ​ឡើង​ពី​ភាគី​សហជីព​ត្រូវ​បាន​រៀបចំ​បញ្ជូន​ទៅ​ក្រសួង​ការងារ​ម្តង​ទៀត​ជា​លើក​ទី​ ២ ​។

មាន​មាត្រា​មួយ​ចំនួន​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ដក​ចេញ​។

តើ​មាត្រា​ដែល​ត្រូវ​បាន​ដក​ចេញ​នេះ​អាច​ជា​អត្ថប្រយោជន៍​ដល់​កម្មករ-កម្មការិនី​កាត់ដេរ​ ឬ​ក៏​មាន​ការ​លំបាក​ដល់​ក្រសួង​?

វា​អាច​ជា​ការ​លំបាក​ដែរ ឧទាហរណ៍​ថា សិទ្ធិ​របស់​តំណាង​កម្មករ-កម្មការិនី ត្រូវ​បាន​គេ​បញ្ចូល​នៅ​ក្នុង​ក្រុមប្រឹក្សា​ជាតិ​ដែល​និយាយ​ពី​ប្រាក់​ឈ្នួល​នេះ ហើយ​ប្រសិន​បើ​យើង​ចូលរួម​ពិភាក្សា​ពិគ្រោះយោបល់​ហើយ ហើយ​យើង​បែរ​ជា​តវ៉ា​ ឬ​មិន​ពេញ​ចិត្ត​នូវ​ត្រង់​ចំណុច​ណា​មួយ​ក្នុង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​នេះ​គឺ​ខាង​ក្រសួង​ការងារ​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ៊ីចឹង​ទេ ដោយ​អាច​នឹង​ត្រូវ​ពិន័យ​។ ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ​មាន​ពាក្យពេចន៍​មួយ​ចំនួន​ដែល​មាន​ការលំបាក​យល់​ន័យ​ត្រូវ​បាន​ដក​ចេញ​ហើយ​ប្តូរ​មក​ដាក់​ពាក្យ​សាមញ្ញ​វិញ​។

យើង​បាន​ឃើញ​ហើយ​ច្បាប់​ស្តីពី​ការងារ​ត្រង់​មាត្រា​ ១០៣,១០៤ ​រហូត​ដល់​មាត្រា​ ១០៩ ​គឺ​សុទ្ធ​តែ​និយាយ​ពី​សិទ្ធិ​កម្មករ​ក្នុង​​ការទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​នៅ​ក្នុង​លក្ខខណ្ឌ​ពិន័យ​ជាច្រើន​ដែល​ច្បាប់​បាន​ចែង​លម្អិត​នៅ​កន្លែង​ហ្នឹង​។

យើង​បាន​ចរចា​ប្រាក់​ឈ្នួល​នេះ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​ខាង​ក្រសួង​ការងារ​អាច​ចរចា​ ឬ​មិន​ចរចា​ក្នុង​ករណី​មិន​​ចាំបាច់​ណា​មួយ​។

ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​មាន​ការ​ដាក់ពិន័យ​ច្រើន​ដែរ និយាយ​ទៅ​វា​ស្រដៀង​នឹង​ច្បាប់​សហជីព​ដែរ​។ ​ឥឡូវ​នេះ​យើង​ក៏​កំពុង​ត្រៀម​រៀបចំ​ធ្វើ​សំណើ​ជា​លិខិត​ផ្លូវការ​មួយ​ទៀត​ដើម្បី​ដាក់​ទៅ​ក្រសួង​ការងារ​ដើម្បី​ឲ្យ​ក្រសួង​ហ្នឹង​យក​ទៅ​ពិចារណា​ក្នុង​ការ​តាក់តែង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​ហ្នឹង​។

នេះ​ជា​ការគិត​របស់​ខ្ញុំ​ទេ ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ខាង​ក្រសួង​ចង់​កម្រិត​ក្នុង​ក្របខ័ណ្ឌ​មួយ​​ដែល​មិន​ចង់​ឲ្យ​មាន​ការ​ស្នើ​ឡើង​ដោយ​សហជីព​ញឹកញាប់​ពេក​។

តើ​លោក​គិត​ថា​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករ​ខ្លះ​ទេ​?

ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​កុំ​ដាក់​ពិន័យ​ដល់​តំណាង​កម្មករ កុំ​ផ្តល់​សិទ្ធិ​ទៅ​ខាង​ក្រសួង​ច្រើន​ពេក ហើយ​យក​តាម​សំណើ​ដែល​សហជីព​ស្នើ​នោះ ខ្ញុំ​គិត​ថា​វា​មិន​អី​ទេ​ព្រោះ​ច្បាប់​បាន​ជួយ​ដល់​កម្មករ​ច្រើន​ដែរ​។ ​ពី​មុន​ច្បាប់​មាន​តែ​វិស័យ​កាត់ដេរ​ទេ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​ពេល​ចេញ​ទៅ​គឺ​អនុវត្ត​គ្រប់​វិស័យ​ការងារ​ដទៃៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែល​អាច​ជួយ​ដល់​គ្រប់​វិស័យ​៕