បណ្តឹង​សើរើ​ គឺជា​បណ្តឹង​មួយ​ដែល​មាន​នៅ​ក្នុង​នីតិវិធី​នៃ​ការ​អនុវត្ត​ក្នុង​ប្រព័ន្ធ​ច្បាប់​ ដែល​ជន​ជាប់​ចោទ​អាច​ប្តឹង​សើរើ​ឡើងវិញ​បាន​។​

ដើម្បី​ជ្រាបថា ​នីតិវិធី​នៃ​ការអនុវត្ត​បណ្តឹង​សើរើ​នេះ​យ៉ាងណា​នោះ ​ភ្នំពេញ ​ប៉ុស្តិ៍​ បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីម​ហ្គេ​ច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ផ្លូវ​ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ដែលមាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖

ដូច​ម្តេច​ដែល​ហៅថា​បណ្តឹង​សើរើ​?​តើ​បណ្តឹង​នេះ​ជន​ជាប់​ចោទ​ធ្វើបាន​នៅ​ពេល​ណា ?

បណ្តឹង​សើរើ​នេះ​បាន​ន័យ​ថា ជនជាប់ចោទ​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ហើយ​សាលក្រម​ឬ​សាលដីកា​របស់គាត់​ចូល​ជា​ស្ថាពរ​នៅ​ពេល​នោះ​ជន​ជាប់​ចោទ​នោះ​អាច​ប្តឹង​សើរើ​បាន​។

បើ​តាម​មាត្រា​ ៤៤៣​ បាន​ចែងថា បណ្តឹង​សើរើ​គឺជា​ផ្លូវ​តវ៉ា​មួយ​ប្រឆាំង​នឹង​សាលក្រម និង​សាលដីកា​ស្ថាពរ​ហើយ​ដែល​មាន​អាជ្ញា​អស់​ជំនុំ​។​សភា​ពេញ​អង្គ​នៃ​តុលាការ​កំពូល​មាន​សមត្ថ​កិច្ច​លើ​បណ្តឹង​សើរើ​។

តើ​បណ្តឹង​សើរើ​មាន​នៅ​ក្នុង​ក្រម​ណា​ខ្លះ​?

បណ្តឹង​សើរើ​មាន​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី​។​ ចំពោះ​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ បណ្តឹង​សើរើ​តាម​បញ្ញត្តិ​មាត្រា ​៤៤៤ ​ចែង​ថា ​បណ្តឹង​សើរើ​អាច​ត្រូវ​ធ្វើបាន​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ទោះបី​តុលា​ការ​ដែល​បាន​សម្រេច​នោះ​ជា​តុលាការ​ណា​ក៏​ដោយ និង​ទោះបី​ទោស​ដែល​បាន​ប្រកាស​នោះ​ជា​ទោស​អ្វី​ក៏​ដោយ​។

ដើម្បី​ឲ្យ​ជន​ជាប់​ចោទ​អាច​ប្តឹង​សើរើ​បាន តើ​ច្បាប់​ត្រូវ​កំណត់​ឲ្យ​អនុវត្ត​តាម​នីវិធី​បែប​ណា​ខ្លះ​?

ជន​ជាប់​ចោទ​អាច​អនុវត្ត​បណ្តឹង​សើរើ​នេះ​តាម​ផ្លូវ​ច្បាប់​បាន​លុះ​ណា​តែ​មាន​ភ័ស្តុតាង​ណា​ថ្មី​ដូច​ក្នុង​ មាត្រា ៤៤៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា បណ្តឹង​សើរើ​រឿងក្តី​អាច​ធ្វើ​បាន​តែ​នៅ​ក្នុង​ករណី​ដូច​តទៅ​ប៉ុណ្ណោះ​

១-​កាលណា​ក្រោយ​ពី​ការ​ផ្តន្ទា​ទោស​ពីបទ​មនុស្ស​ឃាត​មាន​លេច​តម្រុយ​យ៉ាង​គ្រប់​គ្រាន់​ដែល​អនុញ្ញាត​ឲ្យ​គិត​ថា​ជន​រងគ្រោះ​នោះ​នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ​។

២-​កាលណា​ជន​ជាប់​ចោទ​២​នាក់​ត្រូវបាន​ផ្តន្ទាទោស​ចំពោះ​បទ​ល្មើស​ដដែល​នោះ​ដោយ​ការ​ផ្តន្ទាទោស​ទាំង​២​នេះ​មិន​ចុះ​សម្រុង​គ្នា​ទេ​។

៣-​កាលណា​សាក្សី​ណា​មួយ​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ល្មើស​ធ្វើជា​សាក្សី​ដោយ​ក្លែង​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​។

៤-​កាល​ណា​មាន​អង្គហេតុ​ថ្មី​ឬ​លិខិត​ឬ​ភ័ស្តុតាង​ថ្មី​ដែល​នាំ​ឲ្យ​គេ​សង្ស័យ​លើ​ពិរុទ្ធភាព​នៃ​ទណ្ឌិត​។

មាត្រា​ ៤៤៦ បុគ្គល​ដែល​អាច​ប្តឹង​សើរើ​រឿងក្តី​សិទ្ធិ​ប្តឹង​សុំ​ឲ្យ​សើរើ​រឿងក្តី​ជា​សិទ្ធិ​របស់ ៖

១-​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​

២-​ទណ្ឌិត​ ឬ​ អ្នក​តំណាង​ស្របច្បាប់​ប្រសិន​បើ​ទណ្ឌិត​នេះ​ជា​អ​សមត្ថ​ជន​

៣-​សហព័ន្ធ​ឪពុក​ម្តាយ​កូន​និង​ជាទូទៅ​ជន​ណា​ដែល​មាន​ប្រយោជន៍​ខាង​សម្ភារ​ ឬ​ ខាង​ផ្លូវចិត្ត​ក្នុងការ​លុប​បំបាត់​ទណ្ឌកម្ម​នេះ​ក្នុង​ករណី​ដែល​ទណ្ឌិត​បាន​ទទួល​មរណភាព​ឬ​បាត់​ខ្លួន​។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មុននឹង​ទៅប្តឹង​តុលាការ​កំពូល​អាច​សុំ​ដល់​អគ្គ​ព្រះ​រាជអាជ្ញា​ដែលមាន​សមត្ថកិច្ច​ខាង​ដែនដី​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​។

តើ​បណ្តឹង​សើរើ​នេះ​ជនជាប់​ចោទ​អាច​ប្ដឹង​បាន​នៅ​តុលាការ​ថ្នាក់​ណា​ខ្លះ ?

បណ្តឹង​សើរើ​នេះ​ជនជាប់​ចោទ​អាច​ប្ដឹង​បាន​នៅ​សាលាដំបូង​រាជធានី​ ខេត្ត​-​ក្រុង​ សាលា​ឧទ្ធរណ៍ និង​នៅ​តុលាការ​កំពូល​ពោល​គឺ​បើ​ជនជាប់​ចោទ​មាន​សាល​ក្រម​ស្ថាពរ​នៅ​តុលាការ​ណា​ គឺ​គាត់​អាច​ប្តឹង​សើរើ​ឡើង​វិញ​នៅ​តុលាការ​នោះ​។​

បើតាម​បញ្ញត្តិ​មាត្រា ៤៤៧​ បង្ហាញ​ថា ពាក្យ​ប្តឹង​សុំ​សើរើ​ត្រូវ​ចុះ​ក្នុង​បញ្ជី​ដោយ​ក្រឡា​បញ្ជី​នៃ​តុលាការ​កំពូល​។​

សំណុំ​រឿង​នៃ​បណ្តឹង​សើរើ​អាច​ពិនិត្យ​មើល​បាន​នៅ​ការិយាល័យ​ក្រឡាបញ្ជី​នៃ​តុលាការ​កំពូល​ដោយ​អ្នក​ប្តឹង​សុំ​សើ​រើ និង​មេធាវី​របស់​ខ្លួន​។​ មេធាវី​អាច​ចម្លង​សំណុំ​រឿង​នេះ​បាន​។

កាល​ណា​បណ្តឹង​សុំ​សើរើ​ បាន​ធ្វើ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ សំណុំ​រឿង​អាច​ពិនិត្យ​មើល​បាន​ដោយ​ទណ្ឌិត និង​មេធាវី​របស់​ខ្លួន​។​ ក្នុង​ករណី​ទណ្ឌិត​បាត់​ខ្លួន​សំណុំ​រឿង​អាច​ត្រូវ​ពិនិត្យ​មើល​បាន​ដោយ​សហព័ន្ធ​ឪពុក​ម្តាយ​ឬ​កូន​របស់​ខ្លួន​បាន​។

នៅ​ក្នុង​មាត្រា​ ៤៤៨​ ក៏មាន​ចែង​ដែរ​ថា រយៈពេល​ក្រឡា​បញ្ជី​ផ្តល់​ដំណឹង​ដល់​ដើម​បណ្តឹង​ថា ខ្លួន​មាន​រយៈពេល ​៣០ ​ថ្ងៃ ​(​សាមសិប​ថ្ងៃ​)​ថ្ងៃ​ដើម្បី​បំពេញ​ពាក្យ​ប្តឹង​របស់​ខ្លួន​។​ ជា​លក្ខណៈ​ពិសេស​រយៈពេល​នេះ​អាច​ពន្យារ​បាន​ដោយ​ប្រធាន​តុលាការ​កំពូល​។

ផុត​រយៈ​ពេល​នេះ​ប្រធាន​តុលាការ​កំពូល​ចាត់​តាំង​ចៅក្រម​របាយការណ៍​ម្នាក់​។ ​កាលណា​របាយការណ៍​ធ្វើ​រួច​ ហើយ​សំណុំ​រឿង​ត្រូវ​បញ្ជូន​ទៅ​អគ្គ​ព្រះរាជ​អាជ្ញា​អម​តុលាការ​កំពូល​។ អគ្គ​ព្រះរាជ​អាជ្ញា​ធ្វើ​ដីកា​សន្និដ្ឋាន​ជា​លាយ​លក្ខណ៍​អក្សរ​ក្នុង​រយៈពេល​ ៣០ (​សាមសិប​ថ្ងៃ​)​ថ្ងៃ​។

​ទោះ​យ៉ាង​ណា បើ​តាម​មាត្រា​ ៤៤៩ ​ចែងថា សភា​ព្រហ្មទណ្ឌ​នៃ​តុលាការ​កំពូល​ដែល​បាន​ទទួល​ពាក្យ​ប្តឹង​សើ​រើ​អាច​សម្រេច​ព្យួរ​ការអនុវត្ត​ទោស​បាន​ប្រសិន​បើ​មាន​មូល​ហេតុ​ច្បាស់លាស់ ៕