ការរស់​នៅ​ក្នុង​សហ​គមន៍​របស់​ពលរដ្ឋ​​តែង​តែ​ជួប​ប្រទះ​​នូវ​ទំនាស់​​ឬ​​រឿង​រ៉ាវ​ផ្សេងៗ​ហើយ​​ដែល​ទំនាស់ខ្លះបាន​បង្កជា​ បញ្ហា​ហិង្សា​ឬ​ឃាត​កម្ម​កើត​ឡើង ​ប៉ុន្តែ​ពល​រដ្ឋ​ខ្លះ​មិន​បាន​គិត​អំពី​​ផល​វិបាក​នៃ​ទង្វើ​ដែល​​បាន​​ប្រ​ព្រឹត្ត​​នោះ​ឡើយ​។​

ពោល​គឺ​មាន​ពលរដ្ឋ​​ខ្លះ​មាន​ទាំង​ប្រើ​រូប​ភាព​ផ្សេងៗ​ប៉ុន​ប៉ង​ប្រ​ព្រឹត្ត​ឃាត​កម្ម​លើ​គូ​ទំនាស់​ក៏​មាន​ ដោយ​មិន​បាន​គិត​ពី​ច្បាប់​ឬ​យល់​ដឹង​ពី​ច្បាប់​ឡើយ។

ក្នុង​ទំព័រ​ច្បាប់​ពេល​នេះ​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សូម​លើក​យក​ជ្រុង​មួយ​នៃប​ទ​ល្មើស​ប៉ុន​ប៉​ងឃាតកម្ម​មួយ​តាម​រយៈ​​កិច្ចសម្ភាសន៍​​ជា​មួយ​លោក​មេធាវី​ ​យុង ​ផានិត ​អនុ​ប្រធាន​នាយក​ដ្ឋាន​ការ​ពារ​ក្តី​ជន​ក្រី​ក្រ​នៃ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

ឧបមា​ថាមាន​អ្នក​បើក​រថ​យន្ត​ម្នាក់​បាន​​បើក​​រថយន្ត​ដេញ​​បុក​អ្នក​បើក​ម៉ូតូ ហើ​យ​អ្នក​បើក​ម៉ូតូ​នោះ​ភ័យ​បើក​ទៅ​​បុក​បង្គោល​ភ្លើង​ស្លាប់​​​។ ​​បញ្ហា​នេះ​តើ​អ្នក​បើក​រថ​យន្ត​នោះ​ត្រូវ​មាន​ទោស​ដែរ​ទេ?

ករណី​​នេះ​ក្នុង​ទ្រឹស្តី​បទ​ល្មើស​យើង​មើល​ធាតុ​ផ្សំ​ដែល​ទី​​១ ​យើង​មើល​​ពី​​ចេតនា​អ្នក​បើក​រថយន្តនោះ​ដេញ​បុក​​ជនរង​គ្រោះ​​ក្នុង​គោល​បំណង​អី​ តើ​គាត់​មាន​ចេត​នា​ចង់​សម្លាប់​​គេ​ឬ​ក៏​យ៉ាង​ម៉េច?

អ៊ីចឹង​ជា​​បឋម​តុលា​ការ​​នឹង​ពិនិត្យ​មើល​បទ​ចោទ​ ដូច្នេះ​តុលា​ការ​នឹងត្រូវ​ចោទ​បទ​​ធំ​មុន​។ បទ​ធំ​​មាន​ន័យ​​ថា​​ ជន​នោះ​ដេញ​​បំបុក​​គេ​បែប​នេះ​គឺ​​ជន​នោះ​មាន​ចេត​នា​ទុច​រិត​ចង់​ឲ្យ​គេ​ស្លាប់​ហើយដែ​ល​ជន​នោះ​​បាន​គិត​ទុក​ជា​មុន​ក្នុង​អំពើ​សម្លាប់​មនុស្ស។

ខ្ញុំ​​ឧទាហ​រណ៍​ថា​ ឲ្យ​តែ​ឃើញ​​ជន​នោះ​ជិះ​​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គឺ​​ដេញ​បុក​ឲ្យ​​ស្លាប់​តែ​ម្តង​។ ​អា​ហ្នឹង​គេ​ហៅ​ថា​ បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ហើយ ​ហើយ​​បើជន​នោះ​មិន​គ្រោះថ្នាក់​​ដល់​ជីវិត​ទេ​គឺ​ជាប់​ពាក់​ព័ន្ធ​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​​។

​ករណី​នេះ​ទី​ ១ ​គេ​ត្រូវ​ពិនិត្យ​មើល​ធាតុ​ផ្សំ​នៃ​បទល្មើស​ដែល​វា​ទាក់​​ទង​ទៅ​នឹង​ចេតនា​ហើយ​បន្ទាប់​មក​គេ​ពិនិត្យ​​ទៅ​លើ​អំពើ​​ព្រោះ​ថា​ចេត​នា​វា​នៅ​​ក្នុង​ចិត្ត​របស់​មនុស្ស​ទេ​ បន្ទាប់​មក​គេ​ពិចារណា​​​ទៅ​លើ​អំពើ​របស់​ជន​បង្ក​​ ​ព្រោះ​បើ​ជន​នោះ​មិន​ដេញ​បុក​ជនរ​ងគ្រោះ​ទេ​គឺ​​ជន​រងគ្រោះ​ក៏​មិន​បើក​ម៉ូតូ​គេច​ដែរ ​អ៊ីចឹង​​ជន​បង្ក​មាន​ចេតនា​​មនុស្ស​ឃាត​ហើយ។​

ពាក់​ព័ន្ធ​នឹង​ទង្វើ​​របស់​ជន​បង្ក​វិញ​ ប្រសិន​បើ​គាត់​មាន​ចេត​នា​បើក​រថ​យន្ត​ដេញ​បំបុក​ជន​រង​គ្រោះ​​ឲ្យ​ស្លាប់​ បើ​ក្នុង​ច្បាប់​ព្រហ្ម​ទណ្ឌ​គឺ​ចាត់​ចូល​ក្នុង​មាត្រា​ណា?

ករណី​នេះ​បើ​ជន​ណា​ម្នាក់​មាន​ចេតនា​ធ្វើ​ឲ្យ​មនុស្ស​​ម្នាក់​ទៀត​ស្លាប់​គឺ​ចាត់​ចូល​ក្នុង​មាត្រា​ ២​០​០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​​​តាម​បញ្ញត្តិ​មាត្រា​នេះ​​ថា​ ឃាត​កម្ម​គិត​ទុក​ជា​មុន​គឺ​អំពើ​សម្លាប់​មនុស្ស​ដោយ​គិត​ទុក​ជា​មុន​គឺ​ជា​គម្រោង​ដែល​បង្កើត​ឡើង​មុន​អំពើ​រូប​បុគ្គល​នៃ​ជន​រង​គ្រោះ។

ការ​ពួនស្ទាក់​គឺ​ជា​អំពើ​ឃ្លាំ​ចាំ​បុគ្គល​ណា​ម្នាក់​ក្នុង​រយៈ​ពេល​មួយ​រយៈ​ដើម្បី​ប្រ​ព្រឹត្ត​​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​នៃ​ជន​រង​គ្រោះ។

ឃាត​កម្ម​គិត​ទុក​ជា​មុន​ត្រូវ​ផ្តន្ទាទោស​​ដាក់​ពន្ធនា​គារ​អស់​មួយ​ជីវិត​។ ​ចំណែក​ឯ​អំពើ​ណា​មួយ​ដែល​បង្ក​ឡើង​ដោយ​បុគ្គល​ណា​ម្នាក់​តែ​ដោយ​អចេតនា​គឺ​ចាត់​ចូល​ក្នុង​មាត្រា​ ២​០​៧ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​​ដែល​បើ​​តាម​​មាត្រា​នេះ​ថា ​​បទ​មនុស្ស​ឃាត​ដោយ​អចេត​នា​គឺ​ជា​អំពើ​​បណ្តាល​ឲ្យ​អ្នក​ដទៃ​ដោយ ៖

១-​ការ​ធ្វេស​ប្រ​ហែស​​ការ​មិន​ប្រុង​ប្រយ័ត្ន​ ឬ​​ការ​ខ្ជីខ្ជា។​

២-​ការ​បំពា​ន​លើ​កាតព្វ​កិច្ច​សន្តិ​សុខ​ឬ​កាតព្វ​កិច្ច​ប្រុង​ប្រ​យ័ត្ន​ដែល​ច្បាប់​តម្រូវ។​

បទ​មនុស្ស​ឃាត​ដោយ​អចេត​នា​ត្រូវ​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគា​រ​ ១​ (មួយ​)​ ឆ្នាំ​ទៅ​ ២ ​(ពីរ)​​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ២​​ ០​០​០​ ០​០​០ ​(ពីរ​លាន​) ​រៀល​ទៅ ​៦ ​(ប្រាំ​មួយ​លាន​) រៀល៕​