គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែជាបញ្ហាចោទនៅឡើយដោយសារកត្តាជាច្រើនបើទោះជាច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានដាក់ឲ្យអនុវត្តទាំងពលរដ្ឋនិងសមត្ថកិច្ចហើយក្តី។ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក គង់ សុវណ្ណ ជាទីប្រឹក្សាជំនាញនិងជាអនុប្រធានក្រុមកម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទទាក់ទងនឹងការវិវត្តក្រោយការអនុវត្តច្បាប់ដែលមានខ្លឹមសារដូចខាងក្រោម ៖
តាមការអង្កេតរបស់លោកក្នុងនាមជាទីប្រឹក្សាការងារសុវត្ថិភាពចរាចរណ៍តើលោកយល់ឃើញថាការគោរព និងអនុវត្តច្បាប់ចរាចរណ៍បានយ៉ាងម៉េចដែរ ?
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជានៅតែបន្តក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈសេដ្ឋកិច្ច និងសង្គមជាតិទាំងមូលរបស់កម្ពុជា។រយៈពេលថ្មីៗកន្លងទៅនេះយើងសង្កេតឃើញថា បើទោះជាមានច្បាប់ចរាចរណ៍និងមានការគោរពនិងអនុវត្តច្បាប់ចរាចរណ៍បានល្អប្រសើរច្រើនជាងមុន រួមមាន ការផាកពិន័យ និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរជាងមុនលើអ្នកប្រព្រឹត្តខុសក្តី ប៉ុន្តែអ្នកបើកបរមួយចំនួនធំ ដូចជា ពុំទាន់ទទួលបានការយល់ដឹងជ្រួតជ្រាប និងគោរពប្រតិបត្តិតាមច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួននៅឡើយទេ។ ម្ល៉ោះហើយបានជាចំនួនគ្រោះថ្នាក់ចរាចរណ៍ចំនួនអ្នកស្លាប់ និងអ្នករបួសធ្ងន់ធ្ងរនៅពុំទាន់បានថយចុះឲ្យស្របតាមការរំពឹងទុករបស់ផែនការជាតិដែលបានកំណត់នៅឡើយទេ។
តើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះអាចមកពីមិនសូវមានការផ្សព្វផ្សាយច្បាប់ឱ្យបានទូលំទូលាយ ឬក៏មកពីកត្តាមនុស្សមិនគោរពច្បាប់?
ក្រសួងស្ថាប័នរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិលក៏ដូចជា វិស័យឯកជនបានរួមដៃគ្នាយ៉ាងសកម្មនិងស្វិតស្វាញបំផុតក្នុងការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ជូនពលរដ្ឋ។ទន្ទឹមនឹងនោះការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក៏បានអនុវត្តពីដើមឆ្នាំ ២០១៦ យ៉ាងសកម្មផងដែរ។
ជាលទ្ធផលយើងបានសង្កេតឃើញថាអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ១៧ ភាគរយរបួសធ្ងន់ថយចុះ ១៤ ភាគរយនិងរបួសស្រាលថយចុះ ១៣ ភាគរយ។
ដោយឡែកក្នុងឆ្នាំ ២០១៧ និងឆ្នាំ២០១៨ យន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពនិងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដូចជាពុំសូវផុសផុលដូចឆ្នាំ ២០១៦ កន្លងទៅទេ។ដូច្នេះហើយបានជាយោងទៅតាមប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកអត្រាអ្នកស្លាប់ក្នុងឆ្នាំ ២០១៧ មានការកើនឡើង ៧ ភាគរយនិងអ្នករបួសធ្ងន់ធ្ងរគឺកើនឡើង ៤ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦។
ជាការពិតណាស់មនុស្សតែងតែបង្កកំហុសឆ្គងនិងងាយស្រួលទទួលរងនូវឥទ្ធិពលដែលងាយគ្រោះថ្នាក់ និងអវិជ្ជមានរហូតក្លាយទៅជាទម្លាប់។ ដូចនេះហើយដើម្បីផ្លាស់ប្តូរឥរិយាបថជំនឿនិងការប្រព្រឹត្តរបស់អ្នកបើកបរគ្រប់រូបឱ្យឆ្ពោះទៅគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបានគឺចាំបាច់ណាស់រាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជនក៏ដូចជា វិស័យព័ត៌មាន មានទូរទស្សន៍កាសែត វិទ្យុ ទំព័របណ្តាញសង្គមត្រូវពង្រីកបន្ថែមនូវការចូលរួមអប់រំផ្សព្វផ្សាយឱ្យបានជាប់លាប់ ហើយបន្តទ្រទ្រង់សកម្មភាពអាទិភាពដែលមានដូចជា កម្មវិធីអប់រំផ្សព្វផ្សាយក្នុងសាលារៀន និងនៅតាមសហគមន៍ ការកែលម្អកម្រិតសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពង្រឹងនូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងធ្វើបច្ចុប្បន្នភាពបទដ្ឋានពាក់ព័ន្ធក្រោមច្បាប់ ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ផលិតខ្សែភាពយន្តអប់រំខ្លីនិងដាក់ចេញនូវកម្មវិធីប្រកួតប្រជែងការអនុវត្តកិច្ចការសុវត្ថិភាពចរាចរណ៍តាមក្រសួង មន្ទីរ ស្ថាប័ន សាលារៀន និងសហគមន៍។ល។
លោកបានបញ្ជាក់ ហើយថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាធ្ងន់ធ្ងរ បើទោះជាមានការអនុវត្តច្បាប់។ ក្នុងនាមលោកជាទីប្រឹក្សាសុវត្ថិភាពចរាចរណ៍នេះដែរ តើលោកសង្កេតឃើញបញ្ហាគ្រោះថ្នាក់នេះមានការវិវឌ្ឍដូចមេ្តចដែរនាពេលថ្មីៗនេះ?
ជាក់ស្តែងនាដើមឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ យើងក៏បានសង្កេតឃើញហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់តក់ស្លុតជាច្រើនករណីដែលបានបង្កឡើងដោយរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់,រថយន្តធ្វើអាជីវកម្មឬដឹកកម្មកររថយន្តក្រុង,យានយន្តូបករណ៍,រថយន្តលក្ខណៈគ្រួសារត្រីចក្រនិងទោចក្រយានយន្ត។
ទាំងអស់នោះភាគច្រើនអ្នកបើកបរពួកគេបានបើកហួសល្បឿនកំណត់មិនគោរពភ្លើងបញ្ជាចរាចរណ៍មិនគោរពស្លាកសញ្ញាចរាចរណ៍ និងមិនគោរពសិទ្ធិអាទិភាព និងបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។
បញ្ហាទាំងនេះហើយដែលយើងទាំងអស់គ្នាបានមើលឃើញជាក់ស្តែងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ សមាគមជាតិ សង្គមស៊ីវិលនិងវិស័យឯកជនបានពួតដៃគ្នាយ៉ាងសកម្មលើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនិងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ប៉ុន្តែអ្នកបើកបរមួយចំនួននៅតែបន្តប្រព្រឹត្តល្មើសច្បាប់ និងធ្វេសប្រហែសដដែលជាដដែល។
តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៨ និងដាក់ទិសដៅការងារឆ្នាំ ២០១៩ ប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ កិច្ចប្រឹងប្រែងរួមគ្នានេះបានកាត់បន្ថយនូវចំនួនអ្នកស្លាប់បាន ៧០៦ នាក់ និងអ្នករបួសបាន ៤៥៣១ នាក់ក្នុងអំឡុងពេល ៣ ឆ្នាំ (២០១៦-២០១៨) ស្របពេលដែលយានយន្តមានកំណើនចំនួន ៣០,៨២ ភាគរយ។
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងដដែលៗនេះ តើលោកគិតថា បណ្តាលមកពីកត្តាមនុស្សឬមកពីកត្តាអ្វីផ្សេងរួមផ្សំ?
ជាការពិតណាស់មនុស្សតែងតែបង្កកំហុសឆ្គង និងងាយស្រួលទទួលរងនូវឥទ្ធិពលដែលងាយគ្រោះថ្នាក់ និងអវិជ្ជមានរហូតក្លាយទៅជាទម្លាប់។ ដូចនេះហើយដើម្បីផ្លាស់ប្តូរឥរិយាបថជំនឿនិងការប្រព្រឹត្តរបស់អ្នកបើកបរគ្រប់រូបឲ្យឆ្ពោះទៅគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានជាចាំបាច់ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ក៏ដូចជាវិស័យព័ត៌មាន មានទូរទស្សន៍ ការសែត វិទ្យុ ទំព័របណ្តាញសង្គម ត្រូវពង្រីកបន្ថែមការចូលរួមចំណែកអប់រំផ្សព្វផ្សាយឲ្យបានជាប់លាប់ ហើយបន្តទ្រទ្រង់ សកម្មភាពអាទិភាព ដែលមានដូចជា កម្មវិធីអប់រំផ្សព្វផ្សាយក្នុងសាលារៀន និងសហគមន៍ និងការកែលម្អកម្រិតសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្របតាមបច្ចេកវិទ្យាដែលមានគុណភាពក្នុងការវិភាគលក្ខណៈបែបវិទ្យាសាស្ត្រ និងសន្សំសំចៃសេដ្ឋកិច្ចខ្ពស់ហៅថា “StarRatingRoad Assessment Program”។
ពិតណាស់ ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការរឹតបន្តឹងការអនុវត្តច្បាប់ម៉ឺងម៉ាត់ទូលំទូលាយ (ទាំងផ្លូវជាតិផ្លូវខេត្ត និងផ្លូវជនបទ) ជាប់លាប់និងប្រកបដោយតម្លាភាពព្រោះថា ការរឹតបន្តឹងអនុវត្តច្បាប់ជាកាតាលីករមួយដែលជំរុញឲ្យអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូបឲ្យមានការផ្លាស់ប្តូរឥរិយាបថសុវត្ថិភាពបានលឿន។
ការបើកបរលើសល្បឿនកំណត់ ការបើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការល្មើសចំពោះភ្លើងបញ្ជាចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍បាននិងកំពុងនៅតែបន្តកា្លយជាមូលហេតុបង្កគ្រោះថ្នាក់ចម្បង។ ដូចនេះ ការដាក់ពង្រាយការមេរ៉ាអចល័ត «ដោយមានទាំងបំពាក់សាររំឭក ប្រាប់ជាមុនលើដងផ្លូវ” នៅតាមគ្រប់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្នុងទីក្រុង និងផ្លូវលំតភ្ជាប់សំខាន់ៗ អាចនឹងជំរុញឲ្យអ្នកបើកបរមានស្វ័យភ្ញាក់រឭកខ្ពស់។
ចំពោះរាល់ការបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកអំពីបញ្ហាយានយន្តរបស់រថយន្ត ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ រថយន្តក្រុងយានយន្តូបករណ៍។ល។
ជាចាំបាច់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តច្បាប់ និងមាត្រាពាក់ព័ន្ធនៃច្បាប់ចរាចរណ៍ក្នុងការដាក់ស្ថានទម្ងន់ និងពិន័យ ចំពោះម្ចាស់ក្រុមហ៊ុន ដោយម៉ឺងម៉ាត់ និងទុកជាគំរូ ជំរុញឲ្យគ្រប់ក្រុមហ៊ុនដទៃ ត្រូវតែយកចិត្តទុកដាក់ក៏ដូចជា ចាត់អាទិភាពក្នុងការធានាសុវត្ថិភាពយានយន្តពង្រឹងសមត្ថភាព ក្រមសីលធម៌និងលទ្ធភាពបើកបរ ចំពោះអ្នកបើកបររបស់ក្រុមហ៊ុនខ្លួននីមួយៗ៕