ការជំនុំជម្រះក្នុងសំណុំរឿងព្រហ្មទណ្ឌ ជាគោលការណ៍ច្បាប់ចាំបាច់ត្រូវតែមានវត្តមានរបស់ជនជាប់ចោទក្នុងសវនាការ។ ប៉ុន្តែបើជនជាប់ចោទអវត្តមានក្នុងថ្ងៃសវនាការ ហើយមិនបានសរសេរជាសារណាដាក់មកតុលាការទេនោះតើការជំនុំជម្រះអាចដំណើរការបានដែរឬយ៉ាងណា? ខណៈមានវត្តមានមេធាវីហើយដែរនោះ។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី យុង ផានិត អនុប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចតទៅ ៖
ក្នុងសវនាការសំណុំរឿងព្រហ្មទណ្ឌ ពេលខ្លះអវត្តមានជនជាប់ចោទប៉ុន្តែបានសរសេរសារណាជូនតុលាការ រីឯមេធាវីតំណាងរជនជាប់ចោទបានចូលរួមដែរ តើតុលាការអាចជំនុំជម្រះបានទេ?
ក្នុងសំណុំរឿងព្រហ្មទណ្ឌមានគោលការណ៍ជំនុំជម្រះចំពោះមុខជនជាប់ចោទឬជំនុំជម្រះជាសាធារណៈ។ អ៊ីចឹងការជំនុំជម្រះនៅចំពោះមុខគឺជាសិទ្ធិដែលច្បាប់ផ្តល់ឲ្យជនជាប់ចោទ។ បើជនជាប់ចោទបានសរសេរសារណាដាក់ជូនតុលាការហើយបានទទួលដីកាកោះពីតុលាការ តែគាត់មិនមកចូលរួមគឺជាសិទ្ធិរបស់ជនជាប់ចោទ តែបើគាត់មិនបានទទួលដីកាកោះទេហើយតុលាការជំនុំជម្រះដោយគ្មានវត្តមានរបស់ជនជាប់ចោទមានន័យថា តុលាការបានបំពានលើសិទ្ធិរបស់គាត់ហើយ ព្រោះសិទ្ធិរបស់ជនជាប់ចោទត្រូវតែមកឆ្លើយនៅចំពោះមុខតុលាការ។
ចុះបើជនជាប់ចោទ មិនបានសរសេរសារណាចូលតុលាការទេ ហើយគាត់អវត្តមានក្នុងថ្ងៃសវនាការទៀត ប៉ុន្តែជនជាប់ចោទមានមេធាវីរបស់គាត់មកការពារសិទ្ធិឲ្យ តើតុលាការដំណើរការជំនុំជម្រះបានទេ?
ចំពោះពាក្យថា សារណាគឺគ្រាន់តែជាការសរសេរការពារខ្លួនដែលសរសេរដោយប្រយោលរបស់ជនជាប់ចោទ តែជាគោលការណ៍ចម្បងគឺសវនាការ ត្រូវតែធ្វើឡើងនៅចំពោះមុខជនជាប់ចោទ ហើយជនជាប់ចោទមានសិទ្ធិឆ្លើយដោះសានៅចំពោះមុខតុលាការ នេះគឺជាគោលការណ៍។
ប៉ុន្តែប្រសិនបើជនជាប់ចោទគាត់បោះបង់សិទ្ធិមិនចូលរួមសវនាការហើយគាត់ថា គាត់សុំសរសេរសារណាហើយថ្ងៃបើកសវនាការគឺគាត់មិនបានចូលរួមទេនោះ ករណីនេះគឺជាសិទ្ធិរបស់គាត់ដែលគាត់ចង់ចូលរួមសវនាការក៏បាន មិនចូលក៏បានតែក៏គាត់បានទទួលដីកាកោះពីតុលាការហើយដែរ។
ប៉ុន្តែបើគាត់និយាយថា គាត់ចង់ចូលរួមជំនុំជម្រះគឺតុលាការត្រូវតែកោះអញ្ជើញគាត់ឲ្យមកចូលរួមសវនាការហើយសមត្ថកិច្ចត្រូវតែដឹកគាត់ពីពន្ធនាគារមកជំនុំជម្រះនៅចំពោះមុខតុលាការ។ ទាក់ទងនឹងមេធាវី ការពារសិទ្ធិឲ្យជនជាប់ចោទវិញ គឺគាត់ (មេធាវី) ត្រូវនិយាយការពារសិទ្ធិឲ្យជនជាប់ចោទដែលជាគោលការណ៍ក្នុងរឿងព្រហ្មទណ្ឌ មេធាវី ការពារសិទ្ធិឲ្យជនជាប់ចោទ មិនអាចជាតំណាងឲ្យជនចាប់ចោទបានទេហើយក៏មិនអាចនិយាយជំនួសឲ្យជនជាប់ចោទបានដែរ។ តែមេធាវីគ្រាន់តែជាអ្នកទាមទារសិទ្ធិឲ្យជនជាប់ចោទហើយសិទ្ធិខ្លះមិនអាចយកទៅតំណាងឲ្យជនជាប់ចោទបានទេ។
ប៉ុន្តែបើរឿងរដ្ឋប្បវេណីដែលការទាមទារផលប្រយោជន៍ឲ្យជនជាប់ចោទមេធាវីអាចតំណាងឲ្យជនជាប់ចោទបានឬក៏មេធាវីការពារសិទ្ធិឲ្យជនរងគ្រោះអាចតំណាងបាន។
ប៉ុន្តែបើមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ គឺគាត់មិនអាចធ្វើជាតំណាងឲ្យជនជាប់ចោទបានទេ ព្រោះថាមេធាវីមិនអាចទៅអនុវត្តទោសជំនួសឲ្យជនជាប់ចោទបានទេ។អ៊ីចឹងហើយបានជាគោលការណ៍ព្រហ្មទណ្ឌ វាខុសពីគោលការណ៍រឿងរដ្ឋប្បវេណីដែលមេធាវីការពារបានតែសិទ្ធិទេមិនអាចតំណាងឲ្យជនជាប់ចោទបានឡើយ។ អ៊ីចឹងសិទ្ធិរបស់ជនជាប់ចោទ ច្បាប់ចែងថា ពេលសវនាការត្រូវតែធ្វើឡើងនៅចំពោះមុខជនជាប់ ចោទ អ៊ីចឹងហើយបានជារឿងខ្លះ គេត្រូវឃុំជនជាប់ចោទទុក ឃាត់ជនជាប់ចោទទុកដើម្បីពេលបើកសវនាការត្រូវតែមានមុខជនជាប់ចោទនៅចំពោះមុខតុលាការក្នុងសវនាការ។
ដោយសារតែគេបារម្ភថា ខ្លាចជនជាប់ចោទរត់ឬគេចខ្លួន។ អ៊ីចឹងហើយបានជាតុលាការឃាត់ជនជាប់ចោទទុកដើម្បីរង់ចាំបើកសវនាការយកមកជំនុំជម្រះចំពោះមុខដែលគេហៅថាឃុំខ្លួនបណ្តោះអាសន្ននោះ។
តែបើពេលបើកសវនាការហើយតុលាការ មិនបានកោះហៅឬយកជនជាប់ចោទមកជំនុំជម្រះនៅចំពោះមុខតុលាការនោះមានន័យថា ជនជាប់ចោទបានបាត់បង់សិទ្ធិហើយ។ លើកលែងតែជនជាប់ចោទថា សុំមិនចូលរួមសវនាការ អាហ្នឹងគឺជាសិទ្ធិរបស់គាត់។
ចំពោះសារណានេះដែរ ប្រសិនបើជនជាប់ចោទមិនចេះ សរសេរ ហើយឲ្យគេសរសេរឲ្យខុសពីមេធាវី តើតុលាការយកជាការបានទេ?
ទាក់ទងជនជាប់ចោទមិនចេះសរសេរសារណាហើយពឹងអ្នកផ្សេងខុសពីមេធាវីសរសេរឲ្យគឺតាមផ្លូវច្បាប់មិនអនុញ្ញាតបានទេ លុះណាតែមេធាវីដែលការពារសិទ្ធិឲ្យជនជាប់ចោទ៕